ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT
អាមេរិក

ចិន​ស្នើ​ចូលខ្លួន​ជួយ​ដោះស្រាយ​រឿង​ដាច់ភ្លើង​នៅ​វេណេស៊ុយអេឡា

media លោក​នីកូឡា ម៉ាឌូរ៉ូ នៅឯវិមាន​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ ១១មីនា ២០១៩ Miraflores Palace/via REUTERS

​កាល​ពីថ្ងៃ​ពុធ ចិន​បាន​ស្នើខ្លួន​ចូល​មក​ជួយ​វ៉េណេស៊ុយអេឡា ដើម្បី​ដោះស្រាយ​បញ្ហា​ដាច់ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ ដែល​ធ្វើ​ឲ្យ​វ៉េណេស៊ុយអេឡា​ត្រូវ​ជាប់គាំង​​អស់រយៈពេល​ជិតមួយសប្តាហ៍​មកហើយ។ រហូត​មក​ទល់​នឹងពេលនេះ គេ​នៅតែ​មិន​ទាន់​ដឹង​ច្បាស់នៅឡើយទេ អំពី​ហេតុផល​នៃ​ការ​ដាច់ភ្លើង​នេះ ក៏ប៉ុន្តែ ​វា​កំពុងតែ​បង្ក​ជា​​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាជន ​ទាំង​ខាងផ្នែក​សុខាភិបាល និង​ខាង​ស្បៀងអាហារ។

ចិន​សង្ឃឹម​ថា វ៉េណេស៊ុយអេឡា​នឹង​អាច​ស្វែងរក​ឃើញ​នូវ​មូលហេតុ ដែល​នាំ​ឲ្យ​ដាច់ចរន្ត​អគ្គិសនី ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ចរន្តអគ្គិសនី​អាច​មាន​ដំណើរការ​ជា​ធម្មតា​ឡើងវិញ នៅ​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​តាម​ការ​អះអាង​របស់​​លោក លូ កាង មន្រ្តី​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន ដោយ​បាន​បញ្ជាក់​បន្ថែម​ថា ចិន​ត្រៀមខ្លួន​នឹង​ផ្តល់​នូវ​ជំនួយ​ខាង​ផ្នែក​បច្ចេកទេស ដើម្បី​ជួយ​វ៉េណេស៊ុយអេឡា ក្នុងការ​ដោះស្រាយ​បញ្ហា​ដាច់ចរន្ត​អគ្គិសនី​នេះ។

គួររំឭកឡើងវិញ​ថា ចរន្តអគ្គិសនី​នៅ​វ៉េណេស៊ុយអេឡា​ត្រូវ​ដាច់​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស ចាប់តាំង​ពីថ្ងៃ​សុក្រ ហើយ​គិតមក​ទល់​នឹង​ថ្ងៃ​ពុធ ថ្វីដ្បិត​តែ​ចរន្តអគ្គិសនី​ចាប់​មាន​មកវិញ​ នៅ​តាម​សង្កាត់ខ្លះ នៅ​ក្នុង​រដ្ឋធានី​ការ៉ាកាស់ ក៏ប៉ុន្តែ ស្ថានភាព​ទូទៅ​នៅ​ទូទាំង​ប្រទេស នៅតែ​បន្ត​ជាប់គាំង​ដដែល ដោយ​​សូម្បីតែ​ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​ចំណីអាហារ​ដល់​ប្រជាជន​ទូទៅ​ក៏​ជា​រឿង​ដ៏​សែនលំបាក​មួយ​ផងដែរ។

ការដាច់ចរន្តអគ្គិសនី​នេះកំពុងតែ​ក្លាយ​ទៅជា​ប្រធានបទ​នៃ​ការ​វាយប្រហារ​គ្នា​យ៉ាងក្តៅគគុក រវាង​រដ្ឋាភិបាល​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ និង​ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​ហ័ន ហ្កាយដូ ដោយ​​លោក​ម៉ាឌូរ៉ូ​​បានអះអាង​ថា ការដាច់ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​នេះ គឺ​បណ្តាល​មក​ពី​ការ​វាយប្រហារ​តាមប្រព័ន្ធ​អ៊ីនធ័រនែត ហើយ​ចោទប្រកាន់​​ថា សហរដ្ឋ​អាមេរិក​​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ហ្កាយដូ​ គឺ​​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ។

លោក​ម៉ាឌូរ៉ូ​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ អំពី​ការ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស៊ើបអង្កេត​ករណី​ដាច់ចរន្ត​អគ្គិសនី ដោយ​គ្រោង​នឹង​ស្នើសុំ​ជំនួយ​ពី​​អ.ស.ប ក៏​ដូចជា​ពី​បណ្តា​ប្រទេស​មួយ​ចំនួន រួមមាន ចិន រុស្ស៊ី អ៊ីរ៉ង់ និង​គុយបា ដែល​ជា​សម្ព័ន្ធមិត្ត និង​ជា​ប្រទេស​ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​ខាង​ប្រព័ន្ធ​អ៊ីនធ័រនែត។

ទាក់ទង​នឹង​រឿង​នេះ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​លើកឡើង កាល​ពីថ្ងៃ​ពុធ​​ថា ចិន​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ព័ត៌មាន​ ស្តីពី​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ទៅលើ​បណ្តាញចែកចាយ​ចរន្តអគ្គិសនី​នៅ​វ៉េណេស៊ុយអេឡា។ ក៏ប៉ុន្តែ លោក​ លូ កាង បាន​បដិសេធ​មិន​និយាយ​ចំឈ្មោះ​សហរដ្ឋ​អាមេរិក​នោះទេ ដោយ​គ្រាន់តែ​បាន​លើកឡើង​ថា ចិន​ទុក​ឲ្យ​ប្រទេស​ដែល​រង​ការចោទប្រកាន់​ពី​សំណាក់​លោក​ម៉ាឌូរ៉ូ ជា​អ្នក​ឆ្លើយ​បំភ្លឺ​ដោយ​ខ្លួនឯង។

លោក​ហ័ន ហ្កាយដូ​ឯណោះវិញ បាន​​​លើកឡើង​ថា លោក​មិន​ជឿ​ថា ការ​ដាច់ចរន្ត​អគ្គិសនី​បណ្តាល​មក​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ណាមួយ​នោះទេ ហើយ​ថា គឺ​ដោយសារ​តែ​​​​​អំពើពុករលួយ និង​ការធ្វេសប្រហែស ក្នុងការ​ថែទាំ​បណ្តាញចែកចាយ​អគ្គិសនី​ទៅវិញទេ ដែល​បណ្តាល​ឲ្យ​ដាច់ចរន្ត​អគ្គិសនី​នៅ​ពេលនេះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ