ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
អាស៊ី

អាមេរិក​ត្រលប់​ទៅ​ជួបចរចា​ជាមួយ​ចិន​ដើម្បី​សម្រេចឲ្យបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

media តំណាងអ្នកចរចាពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer (ខាងឆ្វេង) និងលោកឧបនាយករដ្ឋមន្ត្រីចិន Liu នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩។ Mark Schiefelbein/Pool via REUTERS

គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងត្រលប់ទៅជួបពិភាក្សាជាមួយសមភាគីចិន ក្នុងទីក្រុងប៉េកាំង ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរួមគ្នាមួយ នៅចន្លោះថ្ងៃទី ២៨-២៩ ខែមីនាខាងមុននេះ។ នេះបើតាមការប្រកាសឲ្យដឹងពីក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍ ទី ២១ មីនានេះ។

បន្ទាប់ពីការចរចាបន្តបន្ទាប់ប្រព្រឹត្តទៅនៅតែមិនអាចសម្រេចបានលទ្ធផលល្អ ភាគីអាមេរិក និងចិននៅតែបន្តការចរចាជាមួយគ្នាដើម្បីឆ្ពោះទៅទម្លុះទម្លាយភាពទាល់ច្រកពាណិជ្ជកម្មរវាងគ្នា។ ជាក់ស្តែង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានឲ្យដឹងថា តំណាងគណៈប្រតិភូពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងលេខាធិការក្រសួងរតនាគារលោក Steven Mnuchin នឹងវិលត្រឡប់មកកាន់ទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ។ ។ លោក Gao បានឲ្យដឹងទៀតថា ក្រុមអ្នកចរចាចិននៅខែមេសាខាងមុខនេះ ក៏នឹងត្រលប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនសាជាថ្មីទៀតដើម្បីបន្តកិច្ចពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មជាមួយភាគីអាមេរិកវិញដែរ។

គួរជម្រាបជូនថា ក្នុងរយៈពេល៨ខែ ចុងក្រោយនេះ សហរដ្ឋអាមេរិក និងចិន បានយកពន្ធលើមុខទំនិញនាំចូល រវាងគ្នាទៅវិញទៅមក ក្នុងតម្លៃទឹកប្រាក់ប្រមាណជា ៣៦០ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ និន្នាការនេះ បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនសហគ្រាសក្នុងប្រទេសទាំងពីរមិនតិចនោះទេ។

ទោះបីជាកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិនមានភាពជឿនលឿនខ្លះយ៉ាងណាក្តី ក៏ប៉ុន្តែភាគីទាំងពីរមិនងាយនឹងសម្រេចបាននូវកិច្ចព្រមព្រៀងនោះទេ។ អាមេរិកតែងតែទាមទារឲ្យចិនធ្វើពាណិជ្ជកម្មដោយស្មើភាព ប៉ុន្តែក្រុមអ្នកវិភាគនិយាយហើយថា ចិនមានការស្ទាក់ស្ទើរក្នុងការធ្វើសម្បទានណាមួយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់បក្សកុម្មុយនីស្តចិន។

ជាក់ស្តែង ចិនប្រហែលជាពិបាកឆ្លើយតបទៅនឹងការចង់បានរបស់អាមេរិក ដែលចង់ឲ្យក្រុមហ៊ុន និង​សហគ្រាស​បរទេស​ រកស៊ីនៅក្នុងប្រទេសចិនបាន ដោយមិន​​បាច់ត្រូវ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ដៃគូ​ចិន ឬ​មួយ​ក៏​មាន​សិទ្ធិ​​ទទួលបាន​ផល​ដូច​ក្រុមហ៊ុន​ក្នុងស្រុក​ដែរ។

គួរកត់សម្គាល់ថា នៅគ្រាកន្លងមក លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ រំពឹងថាអាចសម្រេចបានកិច្ចព្រមព្រៀង និងបិទបញ្ចប់កិច្ចរចរចា នៅឯកិច្ចប្រជុំកំពូលមួយជាមួយលោកស៊ី ជីនពីងប្រធានាធិបតីចិន នៅចុងខែមីនានេះ។ ក៏ប៉ុន្តែ កាលផុតកំណត់ ត្រូវបានពន្យារដោយសារលទ្ធផលនៃកិច្ចពិភាក្សាមិនសូវរីកចម្រើនទៅមុខដូចការរំពឹងទុក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ