ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/03 12h00 GMT
អាស៊ី

ស្ថាបនិក​ក្រុមហ៊ុន​ Huawei ថា​ពិភពលោក​មិនអាច​ចៀស​មិនប្រើ​បច្ចេកវិទ្យា​របស់​ Huawei​ បាន​ឡើយ​

media ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei។ REUTERS/Bobby Yip

បន្ទាប់ពី​សហរដ្ឋអាមេរិក​ព្យាយាម​ដាក់​ក្រុមហ៊ុន​ Huawei ចូលក្នុង​បញ្ជីខ្មៅ​ ស្ថាបនិក​ក្រុមហ៊ុន​ទូរគមនាគមន៍ដ៏ធំ​របស់​ចិន​មួយនេះ​ បាន​ចេញមុខ​អះអាងថា​ពិភពលោក​ចៀសមិ​នប្រើ​បច្ចេកវិទ្យា​ដ៏​ទំនើប​ និង​ឈានមុនគេ​របស់ Huawei បានឡើយ​។ លោក​បន្ត​ទៀតថា​ សហរដ្ឋអាមេរិក​ មិនមែនជា​ពិភពលោក​ទាំងមូលនោះទេ​ ហើយ​ក៏​គ្មានអ្វី​មក​រារាំង​ដំណើរ​ឆ្ពោះទៅមុខ​របស់​ Huawei បានឡើយ​។

“គ្មានផ្លូវឡើយ​ ដែល​អាមេរិក​អាច​ផ្តួល​រំលំ​ Huawei បាន​”។ នេះ​ គឺជា​ការលើកឡើង​របស់​ស្ថាបនិក​ក្រុមហ៊ុន​ Huawei លោក​យិន ចឹងហ្វី (Ren Zhengfei)​ នៅក្នុ​ងបទសម្ភាសន៍​មួយ​ ជាមួយ​បណ្តាញ​ព័តមាន​អង់គ្លេស​ BBC​ ដោយ​បញ្ជាក់ទៀតថា​ ពិភពលោក​ក្នុង​វិស័យ​បច្ចេកវិទ្យាមិនអាច​ខ្វះ​ Huawei​ បានឡើយ​ ពីព្រោះថា​ Huawei មាន​បច្ចេកវិទ្យា​ឈានមុនគេ​។

ទន្ទឹមគ្នានេះ​ លោកយិន​ ក៏បាន​បរិហារផងដែរ​ចំពោះ​ការចាប់ខ្លួន​កូនស្រី​របស់លោក​ គឺ​អ្នកស្រី​ម៉េង វ៉ាន់ចូវ​ នៅក្នុង​ប្រទេស​កាណាដា​កាលពីខែធ្នូ​ ឆ្នាំ២០១៨ ​កន្លងទៅ​ថ្មីៗនេះ​។ អ្នកស្រីម៉េង វ៉ាន់ចូវ​ ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Huawei ដែល​កាលណោះ​ត្រូវបាន​ចាប់ខ្លួន​ ដោយ​អាជ្ញាធរ​កាដាណា​ទៅតាម​សំណើ​របស់​អាមេរិក​ពាក់ព័ន្ធនឹង​ការប្រឆាំង​ទៅនឹង​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​។

ទាក់ទង​រឿងនេះ​ដែរ​ ស្ថានិក​ក្រុមហ៊ុន​ Huawei វ័យ ៧៤​ គឺលោកយិន​ បាន​បដិសេធ​ទាំងស្រុង​ ចំពោះ​រាល់​ការចោទប្រកាន់​។ លោក​ក៏បាន​អះអាង​ទៀតថា​ ដោយសារ​តែ​ពេលនេះ​ គេទាញ​ឲ្យលោក​ដើរ​ដល់ផ្លូវនេះ​ដូច្នេះហើយ​លោក​នឹង​តតាំង​វិញ​តាមផ្លូវច្បាប់-តុលាការ​។

សូមជ្រាបថា​ លោក​យិន ជា​មនុស្ស​មិនចូលចិត្ត​ ចេញមុខ​តាម​សារព័ត៌មាន​នោះទេ​ ក៏ប៉ុន្តែ​គេ​ឃើញ​រូបលោក​ ចេញមុខ​នៅក្នុង​បទសម្ភាសន៍​ដ៏កម្រ​មួយ​ ជាមួយនឹង​បណ្តាញព័ត៌មាន​ BBC​ ដោយសារតែ​នៅប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ក្រុមហ៊ុន​ Huawei ជួប​បញ្ហា​ជាច្រើន​។ ជាបញ្ហា​ ដែល​រង​ការចោទប្រកាន់​ពី​សំណាក់​អាមេរិក​ និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ លើ​ករណី​ចារកម្ម​ និង​យុទ្ធនា​ការ​របស់​អាមេរិក​ក្នុងការ​បញ្ចុះបញ្ចូល​ប្រទេស​ដទៃទៀត​ឲ្យឈប់​ប្រើ​បច្ចេកវិទ្យា​របស់​ Huawei​។

ជាក់ស្តែង​ នាពេលថ្មីៗនេះ​ រដ្ឋអាជ្ញា​អាមេរិក​ បាន​ធ្វើការ​ចោទប្រកាន់​ក្រុមហ៊ុន​ Huawei ពីបទ​មិនគោរព​កម្មសិទ្ធិបញ្ញា​ដោយបាន​លួចបច្ចេកវិទ្យា​ពីអាមេរិក។ រដ្ឋអាជ្ញាអាមេរិក​ និយាយថា​ Huawei បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ ដល់​បុគ្គលិក​របស់ខ្លួន ​នៅពេល​ដែល​លួចព័ត៌មានបច្ចេកវិទ្យា​សម្ងាត់បាន​ ពី​ក្រុមហ៊ុន​ដែលជា​គូប្រជែង​ណាមួយ​។

តែទោះបីជា​មានការដាក់​សំពាធ​ពី​អាមេរិក​ កាន់តែ​ច្រើន​យ៉ាងណាក្តី​ ស្ថាបនិក​ក្រុមហ៊ុន​ Huawei​ ហាក់​មិនខ្លាច​រអាអ្វី​នោះឡើយ​។ មួយវិញទៀត​ លោក​បាននិយាយថា​ ប្រសិនបើ​គ្មាន​ពន្លឺ​នៅ​ទិស​ខាងលិច​ លោក​នឹង​ធ្វើឲ្យ​ពន្លឺ​ភ្លឺ​ចែងចាំង​នៅទិស​ខាងកើត​វិញ​ក៏បាន​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ