អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិក​ថា​យន្តហោះ​ចម្បាំង​ចិន​ហោះស្ទាក់​យន្តហោះ​ឈ្លបយកការណ៍​អាមេរិក​ក្នុង​ដែន​អាកាស​អន្តរជាតិ

យន្តហោះចម្បាំង​ចិន​ពីរ​គ្រឿង​បាន​ហោះ​ស្ទាក់យន្តហោះ​ឈ្លបយកការណ៍​ដែនសមុទ្រ​របស់​អាមេរិក នៅ​ក្នុង​ដែន​អាកាសអន្តរជាតិ។ នេះ​បើ​តាមការ​អះអាង​របស់​ក្រសួង​ការពារជាតិ​អាមេរិក​អាមេរិក កាលពីថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​បញ្ជាក់ថា សកម្មភាព​ហោះស្ទាក់​នេះ​ធ្វើឡើង​ប្រកបដោយ​គ្រោះថ្នាក់។

នាវាចម្បាំង​ឈ្មោះ​ USS Curtis Wilbur ដែល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីពេល​កន្លងមក (រូបថតឯកសារ)
នាវាចម្បាំង​ឈ្មោះ​ USS Curtis Wilbur ដែល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីពេល​កន្លងមក (រូបថតឯកសារ) REUTERS/U.S. Navy/Mass Communication Specialist 3rd Class Declan
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក ហេតុការណ៍​បាន​កើតមានឡើង នៅថ្ងៃ​អង្គារ ទី១៧​ឧសភា​កន្លងទៅ នៅ​ក្នុងដែន​អាកាស ពីលើ​សមុទ្រ​ចិន​ខាង​ត្បូង។ យន្តហោះ​របស់​អាមេរិក គឺ​ជា​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​ដែន​សមុទ្រ​របស់​កងទ័ព​ជើងទឹក។

មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​លើកឡើង​ថា ការហោះស្ទាក់​យន្តហោះ​ឈ្លបយកការណ៍​នេះ​បាន​ធ្វើឡើង ដោយ​មិន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​សុវត្ថិភាព ក៏ប៉ុន្តែ មិនបាន​បញ្ជាក់​លម្អិត​ អំពី​សកម្មភាព​នេះ​ធ្វើឡើង ក្នុង​រូបភាព​បែបណា​នោះទេ ដោយ​គ្រាន់តែ​បាន​លើកឡើង​ថា អាមេរិក​កំពុងតែ​ទាក់ទង​ទៅ​ចិន ទាំង​តាម​ផ្លូវទូត និង​តាម​​មន្រ្តី​យោធា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។
 

ពី​ខាង​ចិន​វិញ ពីដំបូង ក្រសួង​ការពារជាតិ​ចិន​បាន​ឆ្លើយតប​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចិនបាន​ទទួល​របាយការណ៍​ស្តីពី​ហេតុការណ៍​ដែល​អាមេរិកលើកឡើង ហើយ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ប្រហែល​ជា​ដោយសារ​តែ​អាមេរិក​បញ្ជូន​យន្តហោះ​ឈ្លបយកការណ៍​ចូល​មក​ជិត​ចិន​ខ្លាំងពេក។

ក៏ប៉ុន្តែ ក្រោយ​មក​ ក្រសួង​ការបរទេស​ចិន​បាន​ធ្វើការ​បដិសេធ​ការ​ចោទប្រកាន់​របស់​អាមេរិក ដោយ​បាន​លើកឡើង​ថា អ្វីដែល​អាមេរិក​បាន​អះអាង​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ។ លោក​ហុង ឡី មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា យន្តហោះឈ្លបយកការណ៍​របស់​អាមេរិក បាន​ហោះ​មក​ក្បែរ​កោះហៃណាន​របស់​ចិន ហើយ​យន្តហោះ​ចម្បាំង​ពី​គ្រឿង​របស់​ចិន​ហោះតាម​ឃ្លាំមើល​សកម្មភាព​ ដោយ​រក្សា​ចម្ងាយ​សុវត្ថិភាព និង​ដោយ​មិនបាន​ធ្វើ​សកម្មភាព ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ណាមួយ​នោះទេ។

 

គួរបញ្ជាក់ថា នៅ​ក្នុងពេល​ដែល​ភាព​តានតឹង​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន កំពុងតែ​កើនឡើង​ខ្លាំង ភាពតានតឹង រវាង​ចិន និង​អាមេរិក ក៏​កំពុងតែ​កើតមាន​ខ្លាំងដែរ ជាពិសេស ចាប់តាំង​ពី​ពេល​ចិន​ធ្វើការ​សាងសង់​កោះសិប្បនិមិត្ត​ និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​តំបន់​ជាប់ជម្លោះ ចំណែក​ឯ​អាមេរិក​បញ្ជូន​យន្តហោះចម្បាំង និង​នាវាចម្បាំង ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្បែរ​កោះ​ទាំងអស់​ជាច្រើន​លើក​ច្រើន​សា។

របាយការណ៍​ស្តីពី​ការហោះស្ទាក់​យន្តហោះ​យោធា រវាង​ចិន និង​អាមេរិក​នេះ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ទៅដល់​ហេតុការណ៍ កាល​ពី​ឆ្នាំ​២០០១​កន្លងទៅ ដែល​នៅពេលនោះ យន្តហោះ​
ឈ្លបយកការណ៍​របស់​អាមេរិក និង​យន្តហោះ​ចម្បាំង​របស់​ចិន បាន​ប៉ះទង្គិចគ្នា​នៅលើ​អាកាស បណ្តាល​ឲ្យ​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​របស់​ចិន​ត្រូវ​ស្លាប់ ចំណែក​ឯ​យន្តហោះ​ឈ្លបយកការណ៍​របស់​អាមេរិក ត្រូវ​បាន​ចិន​បង្ខំ​ឲ្យ​ចុះចត​នៅ​កោះហៃណាន។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​យ៉ាងតានតឹង​អស់រយៈពេល​ជាច្រើន​ខែ ទាំង​ខាង​ផ្លូវទូត និង​យោធា  នៅ​ក្នុង​អំឡុង​ពេល​ដែល​​​អាកាសយានិក​ចំនួន ២៤នាក់ ត្រូវ​ជាប់ឃុំ​ និង​សួរចម្លើយ​នៅ​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ