អានតួអត្ថបទ

ចំណុចសំខាន់ៗ​ដែល​គួរ​ដឹង​ជុំវិញ​ការ​បោះឆ្នោត​កណ្តាលអាណត្តិ​នៅ​អាមេរិក

នៅថ្ងៃអង្គារ ៦ វិច្ឆិកា​នេះ អាមេរិក​នឹង​រៀបចំ​ការ​បោះឆ្នោត​​កណ្តាល​អាណត្តិ ដែល​ជា​ការ​បោះឆ្នោត​ដ៏សំខាន់មួយ ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ បានឡើងកាន់តំណែង​ជា​ប្រធានាធិបតី កាល​ពីឆ្នាំ២០១៦​កន្លងទៅ។ តើ​អ្វីទៅ​ជា​ការ​បោះឆ្នោត​កណ្តាលអាណត្តិ? តើ​វាមាន​សារៈសំខាន់​យ៉ាងណាខ្លះ ចំពោះ​​លោក​ដូណាល់ ត្រាំ?

អាមេរិក​បោះឆ្នោត​កណ្តាល​អាណត្តិ នៅថ្ងៃអង្គារ ទី៦ វិច្ឆិកា ២០១៨ ដែល​ជា​ការ​បោះឆ្នោត​ដ៏សំខាន់ ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី
អាមេរិក​បោះឆ្នោត​កណ្តាល​អាណត្តិ នៅថ្ងៃអង្គារ ទី៦ វិច្ឆិកា ២០១៨ ដែល​ជា​ការ​បោះឆ្នោត​ដ៏សំខាន់ ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី rfi
ផ្សាយពាណិជ្ជកម្ម

បើ​គិតមួយភ្លែតទៅ អាមេរិក​ដូចជា​បោះឆ្នោត​មិនចេះចប់! ជាការពិត នៅ​អាមេរិក ការបោះឆ្នោត​សំខាន់ៗ តែងតែ​រៀបចំ​ធ្វើទៅ នៅ​រៀងរាល់​ ២ឆ្នាំម្តង គឺ​ការបោះឆ្នោត​ប្រធានាធិបតី (អាណត្តិ ៤ឆ្នាំ) ដែល​នៅ​ក្នុងនោះ ក៏​មាន​ការ​បោះឆ្នោត​សភា និង​អភិបាលរដ្ឋ​មួយ​ផ្នែក​ផងដែរ និង​ការ​បោះឆ្នោត​ នៅ​ពេល​ដែលប្រធានាធិបតី​កាន់តំណែង​បាន​ពាក់កណ្តាល​អាណត្តិ ដែល​គេ​ហៅ​ថា ការ​បោះឆ្នោត​កណ្តាលអាណត្តិ (Midterm Elections)។

តើ​គេ​បោះឆ្នោត​ជ្រើសរើស​អ្វី នៅ​ក្នុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ?

នៅថ្ងៃ​អង្គារ ទី៦ វិច្ឆិកា ២០១៨​នេះ ពលរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា (ឬ​សភា​តំណាង) ព្រឹទ្ធសភា និង​អភិបាល​រដ្ឋ ព្រមទាំង​អភិបាលក្រុង និង​​សមាជិក​សភា​នៅ​តាម​រដ្ឋ​នីមួយៗ។

-រដ្ឋសភា៖ សមាជិក​រដ្ឋសភា​ទាំង ៤៣៥ នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី។ នៅ​អាមេរិក សមាជិក​រដ្ឋសភា​មាន​អាណត្តិ​តែ​ពីរឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី ត្រូវ​ធ្វើឡើង នៅរៀងរាល់​ពីរឆ្នាំ​ម្តង គឺ​ម្តង​ស្រប​ពេល​ជាមួយ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅ​ក្នុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ។

-ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភា​អាមេរិក​មាន​​ចំនួន​សរុប ១០០រូប ហើយ​មាន​អាណត្តិ ៦ឆ្នាំ ដោយ​នៅ​ក្នុង​នោះ គេ​រៀបចំ​ឲ្យ​មាន​សមាជិក​ ១ភាគ៣ (៣៣រូប ឬ ៣៤រូប) ត្រូវ​ផុត​អាណត្តិ​ជា​បន្តបន្ទាប់គ្នា ហើយ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី​នៅ​រៀងរាល់​​ពីរឆ្នាំ​ម្តង គឺ​ម្តង​ស្របពេល​ជាមួយ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅ​ក្នុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ។ នៅ​ថ្ងៃទី៦​វិច្ឆិកា​នេះ សមាជិក​ព្រឹទ្ធសភា​ដល់​ទៅ ៣៥រូប ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជាថ្មី ដោយសារ​តែ​មាន​ សមាជិក​ ៣៣រូប​ ​ត្រូវ​ផុតអាណត្តិ ចំណែក​ឯ​ ២រូប​ទៀត​បាន​លាឈប់​មុន​ចប់​អាណត្តិ។

-អភិបាលរដ្ឋ៖ សហរដ្ឋ​អាមេរិក មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៥០ ហើយ​រដ្ឋនីមួយៗ​ត្រូវ​ដឹកនាំ​ដោយ​អភិបាលរដ្ឋ។ អភិបាលរដ្ឋ​មាន​អាណត្តិ ៤ឆ្នាំ លើកលែង​តែ​នៅ​រដ្ឋ​ពីរ (Vermont និង New Hampshire) ដែល​អភិបាល​រដ្ឋ​មាន​អាណត្តិ​តែ​ពីរឆ្នាំ។ អភិបាលរដ្ឋ​ទាំង ៥០​នេះ មិន​ត្រូវ​បាន​បោះឆ្នោត និង​ចប់​អាណត្តិ​នៅ​ក្នុង​ឆ្នាំតែមួយ​ដូចគ្នា​ទាំងអស់​នោះទេ គឺ​អាស្រ័យ​ទៅ​តាម​ច្បាប់​កំណត់​នៅ​ក្នុង​រដ្ឋ​នីមួយៗ ក៏ប៉ុន្តែ រដ្ឋ​ភាគច្រើន (៣៤រដ្ឋ) បោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​របស់​ខ្លួន នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ។

តើ​ការបោះឆ្នោត​កណ្តាលអាណត្តិនេះ​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​លោក​ដូណាល់ ត្រាំ?

សភា​អាមេរិក គឺ​ជា​ស្ថាប័ន​ដែល​កាន់កាប់​អំណាច​នីតិបញ្ញត្តិ ពោលគឺ ជា​អ្នក​ធ្វើ​ច្បាប់ និង​អនុម័ត​ថវិកា ដែល​ជា​ធនធាន​ចាំបាច់ ក្នុងការ​ដាក់ចេញ និង​អនុវត្ត​គោលនយោបាយ​របស់​ប្រធានាធិបតី។ លើសពីនេះ​ទៅទៀត រាល់​ការ​តែងតាំង​ចៅក្រម និង​សមាជិក​រដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ការអនុម័ត​យល់ព្រម​ពី​ព្រឹទ្ធសភា។

បច្ចុប្បន្ន​នេះ សភា​ទាំងពីរ ពោលគឺ ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​គណបក្ស​សាធារណរដ្ឋ។ ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​អាច​នៅ​បន្ត​កាន់កាប់​សភា​ទាំងពីរ​នេះ​តទៅទៀត វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដាក់ចេញ និង​អនុវត្ត​នូវ​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ​​​ជា​បន្ត​ទៅទៀត។ ផ្ទុយ​ទៅវិញ លោក​ដូណាល់ ត្រាំ​នឹង​ត្រូវប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ ប្រសិនបើ​សំឡេង​ភាគច្រើន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ។

បើទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​អាច​ដណ្តើម​កាន់កាប់​តែ​រដ្ឋសភា​មួយ​ក៏ដោយ ក៏​ពួកគេ​អាច​នឹង​​រារាំង​នូវ​នយោបាយ​មួយផ្នែក​របស់​លោក​ដូណាល់ ត្រាំ​បាន​ ហើយ​អាច​បើក​ការ​ស៊ើបអង្កេត ដោយ​មាន​ការ​បើក​សវនាការ​សាធារណៈ និង​ធ្វើ​របាយការណ៍​ស៊ើបអង្កេត ទៅលើ​រឿងអាស្រូវ​ជាច្រើន ដែល​ជាប់ពាក់ព័ន្ធ​នឹង​លោក​ដូណាល់ ត្រាំ ជាពិសេស ទាក់ទង​នឹង​រឿង​រុស្ស៊ី​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត ដែល​គេ​សង្ស័យ​ថា ដើម្បី​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​ឈ្នះ កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ។

ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ដណ្តើម​កាន់កាប់​បាន​សភា​ទាំងពីរ លោក​ដូណាល់ ត្រាំ អាច​នឹង​​ត្រូវ​ប្រឈម​នឹង​បញ្ហា​កាន់តែ​ស្មុគស្មាញ​ទៅទៀត ដោយសារ​តែ​ព្រឹទ្ធសភា​មាន​អំណាច​រាំងខ្ទប់​នូវ​ការតែងតាំង​ចៅក្រម និង​រដ្ឋមន្រ្តី។ លើសពីនេះ​ទៅទៀត សភា​ទាំងពីរ​ក៏​មាន​អំណាច​ក្នុងការ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​មុខតំណែងបាន​ផងដែរ។

តើ​គណបក្ស​ប្រជាធិបតេយ្យ​មានសង្ឃឹម​ថា​នឹង​អាច​ដណ្តើម​កាន់កាប់​សំឡេង​ភាគច្រើន​នៅ​សភា​បានដែរ​ឬទេ?

បច្ចុប្បន្ន នៅ​ព្រឹទ្ធសភា​ គណបក្ស​សាធារណរដ្ឋ​កាន់កាប់​ ៥១អាសនៈ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មាន ៤៩​អាសនៈ។ ដូច្នេះ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវការ​យក​ឈ្នះ​លើ​គណបក្ស​សាធារណរដ្ឋ​តែ ២អាសនៈ​ប៉ុណ្ណោះ នឹង​អាច​មាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​បាន។

មើលមួយភ្លែត​ដូចជា​ស្រួល ក៏ប៉ុន្តែ ជាក់ស្តែង គឺ​ស្មុគស្មាញ។ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ទាំង ៣៥ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី មាន ២៦ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ស្រាប់ ហើយ​ក្នុង​ចំណោម​នោះ មាន​ ១០ ជា​សមាជិកព្រឹទ្ធសភា​​មក​ពី​រដ្ឋ ដែល​មាន​ប្រជាជន​ភាគច្រើន​បោះឆ្នោត​ឲ្យ​លោក​ដូណាល់ ត្រាំ កាល​ពី​ឆ្នាំ២០១៦។ ចំណែក​គណបក្ស​សាធារណរដ្ឋ​វិញ មាន​សមាជិក​ព្រឹទ្ធសភា​តែ ៩​ប៉ុណ្ណោះ ដែល​ត្រូវ​ផ្លាស់ប្តូរ​ថ្មី ហើយ​ក្នុង​ចំណោម​នោះ មានតែ​ ១ប៉ុណ្ណោះ ស្ថិត​ក្នុងរដ្ឋ​ ដែល​ធ្លាប់​បោះឆ្នោត​ឲ្យ​លោកស្រី​ហ៊ីឡារី គ្លីនតុន។ ដូច្នេះ ការ​ដណ្តើម​កាន់កាប់​ព្រឹទ្ធសភា វា​គឺ​ជា​រឿង​ដ៏ស្មុគស្មាញ​ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។

ចំពោះ​រដ្ឋសភាវិញ គឺ​ជា​រឿងផ្សេង។ សមាជិក​រដ្ឋសភា​ទាំងអស់​ត្រូវ​បោះឆ្នោត​សាជាថ្មី ហើយ​បើ​យោងតាម​ការ​ស្ទាបស្ទង់មតិ​ជា​បន្តបន្ទាប់​រហូត​មក​ទល់​នឹង​ថ្ងៃ​បោះឆ្នោត គណបក្ស​ប្រជាធិបតេយ្យ គឺ​ជា​អ្នក​មាន​ប្រៀប ក្នុងការ​យក​ឈ្នះ​សំឡេងភាគច្រើន (២១៨អាសនៈ)។

ទោះជាយ៉ាងណា គេ​មិន​ត្រូវ​ភ្លេចទេ​ថា លទ្ធផលចុងក្រោយ គឺ​អាច​ផ្ទុយ​ពី​ការស្ទាបស្ទង់មតិ​មុន​ការ​បោះឆ្នោត។ ដូចជា ការបោះឆ្នោត​ប្រធានាធិបតី កាល​ពីឆ្នាំ២០១៦ ជា​ភស្តុតាង​ស្រាប់ ដែល​កាលណោះ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា លោកស្រី​ហ៊ីឡារី គ្លីនតុន នឹង​ឈ្នះ​ តែលទ្ធផល​ចុងក្រោយ គឺ​លោក​ដូណាល់ ត្រាំ​ ជា​អ្នក​ឈ្នះ។

តើ​នៅពេលណា​ទើប​គេ​អាច​ដឹង​លទ្ធផល​នៃ​ការ​បោះឆ្នោតនេះ ?

ការបោះឆ្នោត​ត្រូវ​ធ្វើឡើង នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ចាប់តាំង​ពី​រដ្ឋ​នៅ​ឆ្នេរ​ប៉ែក​ខាង​កើត រហូត​ដល់​ឆ្នេរ​ប៉ែក​ខាងលិច ដែល​ស្ថិត​នៅ​ក្នុង​ល្វែងម៉ោងខុសគ្នា រហូត​ដល់​ទៅ​៣ម៉ោង។ ការិយាល័យ​បោះឆ្នោត​នៅ​តាម​រដ្ឋនីមួយៗ​ក៏​នឹង​ត្រូវ​បិទទ្វារ​នៅ​ម៉ោងខុសៗគ្នា​ដែរ។

លទ្ធផលបោះឆ្នោតកណ្តាលអាណត្តិ​អាមេរិក២០១៨
លទ្ធផលបោះឆ្នោតកណ្តាលអាណត្តិ​អាមេរិក២០១៨ RFI

នៅ​តាម​បណ្តា​រដ្ឋ​នៅ​ឆ្នេរប៉ែក​ខាង​កើត (ប៉ែក​ខាង​មហាសមុទ្រ​អាត្លង់ទិច) ការិយាល័យ​បោះឆ្នោត​នឹង​ត្រូវ​បិទទ្វារ​នៅ​អំឡុង​ម៉ោង ១២អធ្រាត​ម៉ោងសកល (ត្រូវនឹង​ម៉ោង ៧ព្រឹក ថ្ងៃ​ពុធ ៧វិច្ឆិកា នៅ​កម្ពុជា)។ ចាប់ពីពេលនោះទៅ លទ្ធផល​នៃ​ការ​បោះឆ្នោត​នឹង​ត្រូវ​ចេញ​ជា​បណ្តើរៗ នៅ​តាម​បណ្តា​រដ្ឋ​ដែល​បាន​បញ្ចប់​ការ​បោះឆ្នោត រហូត​ដល់​រដ្ឋ​ចុងក្រោយ​គេ គឺ​រដ្ឋ​អាឡាស្កា និង​ហាវ៉ៃ ដែល​ការិយាល័យ​បោះឆ្នោត​នឹង​ត្រូវ​បិទទ្វារ នៅ​ចន្លោះ​ពី​ម៉ោង ៥ ដល់​ម៉ោង ៦ព្រឹកថ្ងៃ​ពុធ​ម៉ោងសកល (ត្រូវ​នឹង​ម៉ោង ១២ ទៅ​ម៉ោង ១រសៀល​ថ្ងៃ​ពុធ នៅ​ក្នុង​ប្រទេស​កម្ពុជា)។ លទ្ធផល​បោះឆ្នោត​នឹង​ត្រូវ​បង្ហាញ​ជូន​ជា​បន្តបន្ទាប់ នៅលើ​វេបសាយ​របស់​វិទ្យុបារាំង​អន្តរជាតិ​ ដែល​លោក​អ្នក​អាច​មើ​លបាន​​ដោយ​ចុច​នៅត្រង់នេះ (ជាភាសាអង់គ្លេស)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ