អានតួអត្ថបទ

ជប៉ុន​ នឹងមាន​នាវាផ្ទុកយន្តហោះ​ដំបូង

ប្រទេសជប៉ុន​នឹងមាន​នាវាផ្ទុកយន្តហោះ​ដំបូង​ ក្នុងពេលឆាប់ៗ។ នៅមួយរយៈចុងក្រោយនេះ​ រដ្ឋាភិបាលជប៉ុន​ ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ស្ហីនហ្សូ​ អាបេ​ បានខិតខំ​យ៉ាងខ្លាំង​ ក្នុងការ​បង្កើន​សមត្ថភាព​យោធា​របស់ប្រទេស​ តាមរយៈ​ការអភិវឌ្ឍន៍សម្ភារៈយោធា​ និង​ការទិញ​គ្រឿងសញ្វវុធ​ទំនើបៗ​ពីសហរដ្ឋអាមេរិក​។ ទិន្នាការ​របស់​លោកអាបេ​ បែបនេះ​ ត្រូវបាន​គេដឹងថា​ធ្វើឡើង​គឺដើម្បីរាំងខ្ទប់​ឥទ្ធិពល​ប្រទេស​ជិតខាង​ដែល​ជា​គូសត្រូវ​គឺប្រទេសចិន​ ដែលបាននិងកំពុង​ពង្រីក​ឥទ្ធិពលយោធា​ គួរឲ្យកត់សម្គាល់​។

កងម៉ារីនរៀបចំចុះចត នៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Wasp នៅក្នុងដែនទឹកនៃកោះអូគីណាវ៉ា ភាគខាងត្បូងនៃប្រទេសជប៉ុនកាលពីថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០១៨។
កងម៉ារីនរៀបចំចុះចត នៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Wasp នៅក្នុងដែនទឹកនៃកោះអូគីណាវ៉ា ភាគខាងត្បូងនៃប្រទេសជប៉ុនកាលពីថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០១៨។ REUTERS/Issei Kato/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រទេសជប៉ុន​ នឹងមាន​នាវាផ្ទុកយន្តហោះ​ដ៏ទំនើបដំបូង​ក្នុងដៃ​ក្នុងពេលឆាប់ៗនេះ​ បើគិត​ចាប់តាំងពី​សម័យសង្គ្រាម​លោកលើកទី២​បញ្ចប់​ នាឆ្នាំ​១៩៤៥មក​។ ក្រៅពីនេះ​ ជប៉ុន​ក៏បាន​បញ្ជាទិញ​ផងដែរ​នូវ​យន្ដហោះចម្បាំង​រាប់សិបគ្រឿង​ ដោយ​ជប៉ុនអះអាងថា​ វា​គឺស្ថិតក្រោម​ផែនការ​ការពារជាតិ​ថ្មីមួយតែប៉ុណ្ណោះ​។

សូមជ្រាបថា​ ផែនការ​ការពារជាតិថ្មី​មានរយៈពេល៥ឆ្នាំ​របស់ជប៉ុននេះ​ ចំណាយ​ថវិកាប្រមាណជា​ ២៤៤​ ពាន់លានដុល្លារ​សហរដ្ឋអាមេរិក​ នឹង​ត្រូវប្រើប្រាស់​រហូតដល់​ឆ្នាំ២០២៤​។ ផែនការថ្មីនេះ​ ក៏​តម្រូវ​ឱ្យមាន​ការអភិវឌ្ឍន៍​នូវនាវា​ផ្ទុកឧទ្ធម្ភាគចក្រ​ចំនួនពីរ​ដែលមានស្រាប់​ដើម្បីក្លាយទៅជា​នាវា​ដែលអាច​ផ្ទុកយន្តហោះបាន​។

ខណៈពេល​ដែលរដ្ឋាភិបាលជប៉ុ​ន កំពុង​អភិវឌ្ឍ​វិស័យយោធា​ការពាររបស់ខ្លួន​ ឲ្យកាន់តែ​ខ្លាំង​ ភាពចម្រូងចម្រាស​ក៏ចាប់ផ្តើមកើតមាន​ផងដែរ​។ មានមតិខ្លះ​អះអាងថា​ ការខិតខំ​បង្កើន​សមត្ថភាព​យោធាខ្លាំង​របស់​រដ្ឋការ​លោកអាបេ​ គឺ​ប្រាសចាកពី​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់ជប៉ុន​ក្រោយចាញ់​សង្គ្រាមលោកលើកទី២​ ដែល​កំណត់ឲ្យ​ជប៉ុន​អាចបង្កើតបានតែយោធា​ដើម្បីការពារខ្លួន​តែប៉ុណ្ណោះ​។

ឆ្លើយតប​នឹងការរិះគន់​ដែលកំពុងកើតមាន​ នាយករដ្ឋមន្ត្រី​ជប៉ុន​ដែល​មាននិន្នាការជាតិ​និយម​គឺលោក​អាបេ​  បានអះអាងថា​ កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​ក្នុងការ​ពង្រឹងវិស័យយោធា​នៅប៉ុន្មានឆ្នាំថ្មីៗនេះ​ គឺដើម្បី​ទប់ទល់នឹង​ការគំរាមកំហែង​នានា​នៅក្នុងតំបន់​ ដែលក្នុងនោះ​មានជាអាទិ៍​ ប្រទេសកូរ៉េខាងជើង​ និង​ប្រទេសគូសត្រូវ​ដូចជាចិន​ ដែល​កំពុង​ពង្រីក​ដែនអំណាច​យោធាខ្លាំងឡើង​ៗគួរឲ្យបារម្ភ​។

គួរជម្រាបជូនថា​ ផែនការការពារជាតិថ្មី​របស់ជប៉ុន​ដែលទើប​អនុម័ត​នាថ្ងៃនេះ​ ក៏ត្រូវ​គេជឿថាធ្វើឡើង​ ដោយសារ​មានសម្ពាធពី​ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​ ដែលបាន​ត្អូញត្អែរ​ជាច្រើនលើកច្រើនសារ​ អំពី​បញ្ហាឱនភាពពាណិជ្ជកម្ម​រវាង​ទីក្រុងវ៉ាស៊ីនតោន​ ជាមួយ​ទីក្រុងតូក្យូ​។ លោកត្រាំ​ បានជំរុញឱ្យ​លោកអាបេ​ ទិញសព្វាវុធ​យោធា​របស់អាមេរិក​ និងបង្កើន​សមត្ថភាព​ការពារប្រទេស​របស់ជប៉ុន​ទៀតផង​ ដើម្បី​ទប់ទល់នឹង​ចិន​ដែលបាននិងកំពុង​ពង្រីក​ដែនអំណាច​របស់ខ្លួនកាន់តែធំឡើងៗ​ ទាំង​នៅក្នុងតំបន់​ និង​ក្នុងពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ