ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

តើ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ គឺជា​កំហុស​របស់​ស្ត្រី​ជប៉ុនមែន​ឬទេ​?

តើ​វិបត្តិ​អត្រាកំណើត​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ គឺជា​កំហុស​របស់​ស្ត្រី​ជប៉ុនមែន​ឬទេ​?
 
ស្ត្រីជប៉ុនស្លៀកគីម៉ូណូ ចូលរួមពិធីចូលឆ្នាំថ្មីរបស់ពួកគេនៅសួនកម្សាន្ត Toshimaen ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ REUTERS/Issei Kato

នៅថ្ងៃអាទិត្យ​ ទី៣​ កុម្ភៈ​ ឆ្នាំ ២០១៩​ ឧប​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ថារ៉ូ អាសូ​ (Taro Aso) បាននិយាយថា​ វិបត្តិ​ប្រជាសាស្ត្រ​ ដែល​ប្រទេស​ជប៉ុន​បាននិងកំពុង​ពើបប្រទះ​ គឺជា​កំហុសរបស់ស្ត្រីជប៉ុន​។ អ្នក​នយោបាយ​អភិរក្សនិយម​វ័យ​ ៧៨​ឆ្នាំ​រូបនេះ​ សង្កត់ធ្ងន់ថា​ វា​មិនមែន​ជារឿង​ត្រឹមត្រូវទេ​ ដែល​មនុស្ស​ជាច្រើន​ នាំគ្នា​ទៅស្តីបន្ទោស​មនុស្សចាស់​ថា​ ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​អិភវឌ្ឍន៍​ របស់ប្រទេសជាតិនោះ​។ ក៏ប៉ុន្តែ​ អ្នក​ដែល​គួរ​ត្រូវ​ស្តីបន្ទោស​នោះ គឺស្រ្តី​ ដែលមិនព្រម​ផ្តល់កំណើត​ឲ្យក្មេងៗ​វិញ​ឯណេះទេ​។

ហេតុអ្វី​បានជា​ ឧប​នាយករដ្ឋមន្ត្រី​​លោក​អាសូ​ ស្តីបន្តោសថា​ ស្ត្រីគឺ​ជាអ្នក​ធ្វើឲ្យ​ប្រទេសជប៉ុន​មាន​វិបត្តិ​ប្រជាសាស្ត្រ? តើ​ការស្តីបន្ទោស​នេះ​ ជាការ​ត្រឹមត្រូវ​ដែរឬទេ​?

ប្រទេសជប៉ុន​ គឺជា​ប្រទេស​ជឿនលឿនខ្លាំង​ និងក៏ជា​ប្រទេស​មានសេដ្ឋកិច្ច​ធំជាង​ទី ៣​ ក្នុងពិភពលោក​ដែរ។ ក៏ប៉ុន្តែ​ ជប៉ុន​បានពើបប្រទះនឹង​បញ្ហា​សេដ្ឋកិច្ច​ ដោយសារតែ ចំនួន​មនុស្សចាស់​កើនច្រើន​លើសលុប​ ខណៈពេល​ដែល​អត្រាកំណើតវិញ​ធ្លាក់ចុះទាបខ្លាំង​។

ជាក់ស្តែង​ បើយោង​តាម​ស្ថិតិចេញដោយ​ ក្រសួងសុខាភិបាល​ជប៉ុន​ នាឆ្នាំ ២០១៧ កន្លងទៅ​ អត្រាកណើត​ នៅក្នុង​ប្រទេស​មានប្រមាណជា​ ៩ សែន​ ៥ ម៉ឺន​នាក់​ ខណៈពេល​ដែល​អត្រា​មនុស្សស្លាប់វិញ​មានចំនួនច្រើនរហូតដល់ប្រមាណជា​ ១ លាន ៣ សែននាក់​ឯណោះ។

បញ្ហាប្រជាសាស្ត្រ​ គឺជា​បញ្ហាប្រឈមខ្លាំង​ និងបានផ្ទុះឡើង​ក្នុងប្រទេសជប៉ុន​ ចាប់តាំងពី១៩៧០ មកម្ល៉ោះ។ ដោយសាតែ អត្រាកំណើត​ចេះតែបន្តធ្លាក់ចុះ​គួរឲ្យបារម្ភ​ ទើបលោកថារ៉ូ អាសូ ដែលមានតួនាទី​ជាឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​ បានថ្លែង​នៅក្នុង​កិច្ចប្រជុំមួយ​ កាលពីថ្ងៃទី៣​ កុម្ភៈឆ្នាំ២០១៩ ថា​ គូស្វាមី-ភរិយា​វ័យក្មេង ជាពិសេ​ស្ត្រី​ដែល​មិនចង់​បានកូន​ គឺជា​ចំណោទ​នៃបញ្ហា។ ពួកគេ​ ជាអ្នក​ធ្វើឲ្យ​អត្រាកំណើត​ធ្លាក់ទាប​ និងជា​ដើមចម​ ដែលធ្វើឲ្យ​កត្តាប្រជាសាស្ត្រ​របស់​ប្រទេស​មួយអាស៊ី​នេះ​ ធ្លាក់ចូលក្នុង​វិបត្តិ​ធ្ងន់ធ្ងរទៅៗ​ ពីមួយឆ្នាំ​ទៅមួយឆ្នាំ​។

គួរជម្រាបជូនថា នេះ​មិនមែ​នជាលើកទី១​ ទេ​ ដែល​ក្រុមអ្នកនយោបាយ​អភិរក្សនិយម​ជប៉ុន ស្តីបន្ទោស​លើប្តីប្រពន្ធក្មេងៗ​ ជាពិសេស​ស្ត្រីៗជប៉ុន​តែម្តង​ ជុំវិញ​ទំនោរ​ធ្លាក់ចុះខ្លាំងឡើង​ នៃ​អត្រាកំណើត​ នៅក្នុងប្រទេស​។

ជាក់ស្តែង កាលពីខែ​មិថុនា​ ឆ្នាំ២០១៨​ កន្លងទៅ​ លោកតូហ្សីហ៊ីរូ​ នីកៃ រដ្ឋលេខាធិការ​ របស់​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ ដែលមាន​លោកស្ហីនហ្សូ​ អាបេ ជាប្រមុខដឹកនាំ​ ក៏បាន​បញ្ចេញទស្សនៈ​វាយប្រហារ គ្រួសារ​ដែលមិនព្រម​យកកូនដែរ​។ លោកតូហ្សីហ៊ីរូ​ បាននិយាយថា​ ប្តីប្រពន្ធ​ ដែល​មិនព្រមយកកូន​ គឺជា​មនុស្សអាត្មានិយម។​ លោកថា​ ភាពលំបាក​មិនមែនជា​ឧបសគ្គ​អ្វី ក្នុងការ​ចិញ្ចឹមកូន​នោះទេ​។

មួយវិញទៀត​ សមាជិក​មួយចំនួនទៀត​ របស់​គណបក្សកាន់​អំណាចជប៉ុន​ ក៏​បានលើកឡើងដែរ​ថា​ ស្ត្រីជប៉ុន​គួរតែ​បង្កើតកូន​ យ៉ាងហោចណស់​ ក៏ឲ្យបានបីនាក់ដែរ​ ហើយថា​ស្ត្រី​ដែលនៅលីវ​ និង​មិនចង់បានគ្រួសារ​ ពួកគេ​អាចក្លាយជា​បន្ទុករបស់រដ្ឋ​ នៅពេលចាស់ទៅ​។

គួរជម្រាបជូនថា​ ក្រោយ​មានផ្ទុះ​ការស្តីបន្ទោស​ជាបន្តបន្ទាប់​ទៅលើស្ត្រី ​ពីសំណាក់ ក្រុមអ្នកនយោបាយ​អភិរក្សនិយម​ មកពី​បក្សកាន់​អំណាច​ ជាពិសេស​ ពីសំណាក់​លោកឧបនាយករដ្ឋមន្ត្រី​អាសូ រួចមក​ ក្រុម​សមាជិក​បក្សប្រឆាំង​ បាននាំគ្នាចេញមុខ​ រិះគន់​ជាខ្លាំង​។

ជាក់ស្តែង​ មួយថ្ងៃ​ក្រោយការ​ថ្លែង​របស់លោកអាសូ​ ពោល​នៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ ២០១៩​ លោក​ ត្រូវគេ​បង្ខំឲ្យ​ដកពាក្យសម្តី​ ដែលលោក​បានភ្ជាប់ស្ត្រី​ ដែលគ្មានកូន​ ទៅនឹង​វិបត្តិ​ប្រជាសាស្ត្រ​។ វិបត្តិប្រជាសាស្ត្រ​ ដែលមានន័យថា​ ខ្វះមនុស្សពេញវ័យ​ ធ្វើការ​ដើម្បីទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ និង​រួមចំណែក​ ផ្តល់ថវិកា​ ជួយដល់​មនុស្សចាស់​ ដែលចូលនិវត្តន៍​ និងសេវា​ថែទាំ​សុខភាព​សង្គម​។

សូមជ្រាបថា​ បន្ទាប់ពី​ រង​ការរិះគន់​យ៉ាងចាស់ដៃ​ ពីសំណាក់​ក្រុមបក្សប្រឆាំង​រួចមក លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាសូ​ ក៏បានចេញមុខ​សុំទោស​ជាសាធារណៈ​ ចំពោះ​ការលើកឡើង​របស់លោក​ ដែលថា​ស្ត្រី​គួរត្រូវ​ស្តីបន្ទោស​ ជុំវិញបញ្ហាប្រឈម​ ដែលធ្វើឲ្យ​អត្រាកំណើត​ របស់​ប្រទេសជប៉ុន​មានការធ្លាក់ចុះខ្លាំង​។ ជាពិសេស​ អត្រាកំណើត​ក្នុងឆ្នាំ​ ២០១៨​ ដែល​មានត្រឹមតែប្រមាណ​ជាង ៩២ ម៉ឺននាក់​ និងជាអត្រា​ ដែល​ទាបបំផុត​ក្នុង​ប្រវត្តិសាស្ត​របស់​ប្រទេសជប៉ុន​ ក្នុងរយៈពេល​ ជាងមួយ​សតវត្សរ៍​កន្លងមកនេះ​។

សរុបសេចក្តីមក​ តើនរណា​ដែល​គេគួរស្តីបន្ទោស​ពាក់ព័ន្ធនឹង​បញ្ហាប្រជាសាស្ត្រ​ ដែលបានញាំញី​សេដ្ឋកិច្ចរបស់​ប្រទេសជប៉ុន​អស់ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​?

តាមពិតទៅ​ និន្នាការ​ធ្លាក់ចុះ​អត្រាកំណើត​ មិនមែនមាននៅតែជប៉ុននោះទេ។ វាក៏កើតមានផងដែរ នៅក្នុងបណ្តា​ប្រទេស​ជឿនលឿន​ជាច្រើនទៀត​ដូចជា សិង្ហបុរី​ កូរ៉េខាងត្បូង កាណាដា​ និង​សហរដ្ឋអាមេរិក ជាដើម​។ ក៏ប៉ុន្តែ​ ខុសគ្នាត្រង់ថា​ ជប៉ុន​មានអត្រាកំណើត​ធ្លាក់ចុះខ្លាំង​ បើប្រៀបធៀប​ជាមួយនឹង​ ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​។

មួយវិញទៀត​ បើតាម​អ្នកជំនាញ​ផ្នែកប្រជាសាស្ត្រ​ជប៉ុន​ មាន​កត្តា​ចំបង​មួយចំនួន​ ដែលទាញ​សង្គមជប៉ុន​ ឲ្យធា្លក់​ទៅក្នុង​រណ្តៅ​នៃវិបត្តិ​បាត់បង់​កម្លាំងពលកម្ម​សកម្មនេះ​។ កត្តាទាំងនោះរួមមាន ទី១៖ បញ្ហាថវិកា​ ដែល​ឳពុកម្តាយ​ជប៉ុន​ចាំបាច់​ ត្រូវការយ៉ាងច្រើន​ ដើម្បីចំណាយក្នុងការ​ចិញ្ចឹម​បីបាច់​និងថែរក្សាកូន​។ ចំណែកឯ​ កត្តាបន្ទាប់នោះគឺ​៖ កង្វះ​សេវា​ថែទាំ​កុមារ​ និងទី៣​ គឺកត្តាវេលា​។ វេលា​ ដែល​ប្រជាជន​ជប៉ុន​ ភាគច្រើន​ ចំណាយ​តែនៅ​កន្លែង​ធ្វើការងារ​ និងគ្មា​នពេល​គ្រប់គ្រាន់​ដើម្បី​មើលថែកូន​។

ទាក់ទងនឹង​រឿងនេះ​ដែរ​ លោក​ Jeff Kingston​ សាស្រ្តាចារ្យ​ជំនាញផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជប៉ុន​ របស់​សាកលវិទ្យាល័យ​ The Temple​ មានទីតាំង​នៅសហរដ្ឋអាមេរិក​ បានលើកឡើងថា​ ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រជាសាស្ត្រ​ រដ្ឋាភិបាលជប៉ុន​ គួរគិតគូរ​ ជួយសម្រួល ​ ដល់​តុល្យភាព​ជីវិតការងារ​ និង​ជីវិតឯកជន​របស់ប្រជាជន​។ វិធីសាស្ត្រនេះ​ គួរត្រូវបាន​យកទៅ​អនុវត្ត​ក្នុងសង្គមជប៉ុន​បន្ថែមទៀត​ ប្រសើរ​ជាជាង​ ស្តីថាឲ្យស្ត្រី​ ដែល​គ្មានកំហុសអ្វី​ទៅវិញនោះ​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ