អានតួអត្ថបទ
ជប៉ុន

ជប៉ុន​រងគ្រោះរញ្ជួយដី​ជា​លើកទី២​សម្លាប់​មនុស្ស​២៣នាក់

បន្ទាប់​ពី​រញ្ជួយដី​ដ៏ធំមួយ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ជប៉ុន​ត្រូវ​រងគ្រោះរញ្ជួយដី​ដ៏ធំមួយ​ទៀត នៅថ្ងៃ​សៅរ៍​នេះ ដោយ​បណ្តាល​ឲ្យ​បាត់បង់ជីវិត​មនុស្ស​យ៉ាងតិច ២៣នាក់។ នេះ​គឺ​ជា​គ្រោះរញ្ជួយ​ដ៏​លើកទី២ ក្នុងរយៈពេល​តែ​២ថ្ងៃ ក្រោយ​ពី​រញ្ជួយដី​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដែល​កាលណោះ​បាន​សម្លាប់​មនុស្ស​​ចំនួន ៩នាក់។ កងកម្លាំង​ប្រដាប់អាវុធ​ប្រមាណ​ជា ២ម៉ឺននាក់​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ដាក់ពង្រាយ​ទៅកាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​សង្រ្គោះ។

ផ្លូវថ្នល់​ដែល​​ត្រូវ​ខូចខាត​ដោយ​ការ​រញ្ជួយដី
ផ្លូវថ្នល់​ដែល​​ត្រូវ​ខូចខាត​ដោយ​ការ​រញ្ជួយដី Mandatory credit REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ការរញ្ជួយដី​នៅថ្ងៃ​សៅរ៍ និង​ការរញ្ជួយដី​កាលពីថ្ងៃ​ព្រហស្បតិ៍​ ​កើតឡើង​នៅ​ក្នុង​តំបន់​តែមួយ គឺ​នៅ​ប៉ែក​ខាង​ត្បូង​ឆៀងខាង​លិច​នៃ​ប្រទេស​ជប៉ុន ចម្ងាយ​ប្រមាណ​ជា ៩០០គីឡូម៉ែត្រ​ពី​ទីក្រុង​តូក្យូ។

បើ​យោងតាម​ក្រសួង​ឧតុនិយម​ជប៉ុន ការ​រញ្ជួយដី​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​នឹងគ្នា ដោយ​វា​កើតឡើង​នៅ​តាម​បណ្តោយ​ខ្សែ​ប្រសព្វ​នៃ​ផ្លាកតិចតូនិក​តែមួយ ហើយ​ការរញ្ជួយដី​នៅថ្ងៃសៅរ៍​នេះ​មាន​កម្លាំង​រហូតដល់​ទៅ ៧,៣​រ៉ិចទ័រ ពោលគឺ​ខ្លាំងជាង​ការរញ្ជួយដី​កាលពីថ្ងៃ​ព្រហស្បតិ៍ ដែល​មាន​កម្លាំង​ត្រឹមតែ ៦,៥​រ៉ិចទ័រ។ ហេតុដូច្នេះហើយ​បាន​ជា​ការរញ្ជួយដី​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ច្រើនជាង ហើយ​​ចំនួន​អ្នក​ស្លាប់​ក៏​មាន​យ៉ាងច្រើន​ផងដែរ។

ការរញ្ជួយដី​លើកទី២​នេះ បាន​បណ្តាល​ឲ្យ​អគារ​ជាច្រើន​ត្រូវ​រលំ ក្នុងនោះ​ក៏​មាន​មន្ទីរពេទ្យ​មួយ​ផងដែរ ចំណែក​ឯ​ស្ពាន ផ្លូវថ្នល់ និង​​ផ្ទះសម្បែង​របស់​ប្រជាជន​ត្រូវ​រងការខូចខាត ដោយសារ​ការ​រលំបាក់ដីភ្នំ​បង្កឡើង​ដោយ​កម្លាំង​រញ្ជួយ។

អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​បារម្ភ​ខ្លាំង​ទៅទៀត​នោះ គឺ​ការ​រញ្ជួយដីលើកទី២​នេះ បាន​ធ្វើ​ឲ្យ​កម្រើកឡើង​នូវ​ភ្នំភ្លើង​មួយ ដែល​នៅលើ​កោះ​ជាមួយគ្នា។ ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ចំនួន ២គ្រឿង​ ដែល​កំពុង​ដំណើរការ​ផលិត​អគ្គិសនី ក៏​ស្ថិត​នៅ​ក្នុង​តំបន់​ក្បែរ​ចំណុច​រញ្ជួយផងដែរ ក៏ប៉ុន្តែ ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​បាន​អះអាង​ថា រហូតមកទល់​នឹង​ពេលនេះ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទាំងពីរ​នៅ​តែ​មាន​ដំណើរការ​ធម្មតា ដោយ​មិនឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ ដែល​គួរ​ឲ្យ​បារម្ភ​នោះទេ។

គួរបញ្ជាក់ថា ជប៉ុន​ ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លាកតិចតូនិក​ធំៗ​ចំនួន ៤ គឺ​ជា​ប្រទេស​ដែល​ទទួលរង​នូវ​គ្រោះរញ្ជួយ​ដី​ច្រើន​ជាងគេ។ គិតជា​មធ្យម ក្នុងមួយឆ្នាំៗ ក្នុង​ចំណោម​គ្រោះរញ្ជួយដីធំៗ ដែល​កើតឡើង​នៅលើ​ភពផែនដី មាន​ប្រមាណ​ជា ២០% កើតឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ