ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT

ព្រះចៅអាគីហ៊ីតូ បញ្ចប់រជ្ជកាលជាអធិរាជជប៉ុននៅថ្ងៃទី ៣០ មេសានេះ

ព្រះចៅអាគីហ៊ីតូ បញ្ចប់រជ្ជកាលជាអធិរាជជប៉ុននៅថ្ងៃទី ៣០ មេសានេះ ព្រះចៅអធិរាជអាគីហ៊ីតូក្នុងពិធីលាលែងពីរាជបល្ល័ង្ក តាមបែបសាសនាក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣០ មេសា ឆ្នាំ២០១៩។ Japan Pool/Pool via REUTERS

    ថ្ងៃអង្គារទី ៣០ មេសានេះ គឺជាថ្ងៃចុងក្រោយនៃទំព័រសករាជរបស់ព្រះចៅអធិរាជអាគីហ៊ីតូរបស់ជប៉ុន។ ការដាក់រាជ្យជាផ្លូវការរបស់ព្រះចៅអាគីហ៊ីតូនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ នៅក្នុងប្រវិត្តិសាស្ត្ររបស់ប្រទេសជប៉ុន ហើយព្រះអង្គក៏នឹងក្លាយជាអធិរាជជប៉ុនដំបូងគេបង្អស់ដែរ ដែលបានដាក់រាជ្យក្នុងរយៈពេល ២០០ ឆ្នាំចុងក្រោយនេះ។

    ក្នុងថ្ងៃនេះដែរ ខាងព្រះបរមរាជវាំងជប៉ុន ក៏បានរៀបចំពិធីដាក់រាជសម្បត្តិជាផ្លូវការផងដែរដើម្បីបញ្ចប់សករាជរបស់ព្រះចៅអធិរាជអាគីហ៊ីតូដែលមានវ័យ ៨៥ វស្សា ហើយព្រះរាជបុត្រណារ៉ុហ៊ីតូ ដែលជាព្រះរាជបុត្រច្បងរបស់ព្រះអង្គ នឹងឡើងគ្រងរាជ្យបន្ត។

    ពិធីចុះចេញពីរាជបល័ង្ករបស់ព្រះចៅអធិរាជអាគីហ៊ីតូ

    ដំណឹងនៃការដាក់រាជរបស់អធិរាជជប៉ុនដ៏មានប្រជាប្រិយភាពគឺព្រះចៅអាគីហ៊ីតូ បានក្លាយទៅជារឿងជាទីចាប់អារម្មណ៍បំផុតមួយក្នុងប្រទេសជប៉ុននៅមួយរយៈពេលចុងក្រោយនេះ។ កាលពីឆ្នាំ២០១៦ ព្រះចៅអាគីហ៊ីតូ បានស្នើដាក់រាជបល្ល័ង្កដោយសារបញ្ហាសុខភាព និងក្រោយសំណើដាក់រាជសម្បត្តិរបស់ព្រះអង្គត្រូវបានទទួលយល់ព្រមដោយរដ្ឋាភិបាល នៅថ្ងៃអង្គារនេះ ពិធីចុះចេញពីព្រះរាជបល្ល័ង្កត្រូវបានរៀបចំជាផ្លូវការផងដែរនៅឯព្រះរាជវាំងនាកណ្តាលទីក្រុងតូក្យូនៃប្រទេសជប៉ុន។

    ពិធីដាក់រាជ្យសម្បត្តិត្រូវបានប្រារព្ធធ្វើឡើង មិនមែនជាលក្ខណៈសាធារណៈនោះទេ ក៏ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះដែរ គេឃើញមានប្រជាពលរដ្ឋជាច្រើន នាំគ្នាទៅជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង។ តែទោះជាយ៉ាងក្តី នៅព្រឹកថ្ងៃនេះមិនមានព្រឹត្តិការណ៍សំខាន់អ្វីត្រូវបានរៀបចំឡើងនោះទេ គេគ្រាន់តែដឹងថា ព្រះចៅអធិរាជអាគីហ៊ីតូបានធ្វើពិធីលាលែងពីរាជបល្ល័ង្ក តាមបែបសាសនា ដើម្បីទូលប្រាប់ដល់បុព្វបុរសជប៉ុន អធិរាជសម័យមុន និងព្រះអាទិទេពជាដើម។

    បើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ពិធីដាក់រាជ្យសំខាន់មួយ ត្រូវបានកំណត់ធ្វើនៅវេលាម៉ោង ៥ ល្ងាច ម៉ោងនៅក្នុងប្រទេសជប៉ុន។ សករាជរបស់ព្រះចៅអធិរាជអាគីហ៊ីតូដែលជាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋជប៉ុន នឹងត្រូវបិទបញ្ចប់ជាផ្លូវការហើយ នៅយប់អធ្រាត្រថ្ងៃអង្គារ ទី៣០ មេសានេះ ហើយព្រះអង្គណារ៉ុហ៊ីតូ ដែលជារាជបុត្រច្បងរបស់អធិរាជអាគីហ៊ីតូ នឹងឡើងគ្រងតំណែងជាអធិរាជថ្មីរបស់ជប៉ុនចាប់ពីថ្ងៃពុធស្អែកនេះតទៅ។ នៅថ្ងៃព្រឹកថ្ងៃពុធស្អែកនេះដែរ ព្រះចៅអធិរាជអាគីហ៊ីតូ ព្រះអង្គទ្រង់នឹងថ្លែងសារជាផ្លូវការមួយទៅកាន់សាធារណជនផងដែរ អំពីការចាកចេញរបស់ព្រះអង្គ។

    ព្រះចៅអាគីហ៊ីតូ ជាអធិរាជរបស់ជប៉ុនដែលមានប្រជាប្រិយភាពជាខ្លាំង

    នេះមិនមែនជាការចៃដន្យ ឬក៏អាចនិយាយបានថាមិនមែននៅសុខៗ ក្សត្យ ឬក៏បុគ្គលម្នាក់ស្រាប់ទទួលការគាំទ្រការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋឡើយ។ ដូចគ្នាអីចឹងដែរ ព្រះចៅអធិរាជអាគីហ៊ីតូ បានក្លាយទៅជាក្សត្រក៏មានប្រជាប្រិយភាពខ្លាំង ដោយសារទ្រង់ ជាក្សត្រដែលស្រលាញ់សន្តិភាព មានទឹកចិត្តសណ្តោសប្រណីដល់ប្រជាពលរដ្ឋជប៉ុន និងជាក្សត្រដែលមានចូលចិត្តភាពសាមញ្ញជាទីបំផុត។

    នៅក្នុងសង្គមជប៉ុន​បច្ចុប្បន្ន ទោះបីព្រះមហាក្សត្រគ្មានសិទ្ធិដឹកនាំប្រទេស ឬចូលប្រឡូកក្នុងឆាកនយោបាយ និងគ្រាន់តែដើរតួជា​​និមិត្តរូប​ជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអធិរាជត្រូវគេចាត់ទុកដូចជាព្រះដូច្នោះដែរនៅជប៉ុន។ តែព្រះចៅអធិរាជអាគីហ៊ីតូវិញ ទ្រង់តែងចាត់ទុកខ្លួនព្រះអង្គជាមនុស្សធម្មតា ប្រៀបដូចប្រជារាស្ត្រសាមញ្ញអីចឹងដែរ។

    ជាក់ស្តែង ព្រះចៅអធិរាជអាគីហ៊ីតូ និងព្រះមហេសី បានបានអង្គុយលុតជង្គង់យ៉ាងសាមញ្ញដើម្បីសួរសុខទុក្ខ ក្រុមគ្រួសារជប៉ុនជាច្រើនគ្រួសារ កាលពីឆ្នាំ ២០១១ ក្រោយគ្រោះធម្មជាតិរញ្ជួយដី និងស៊ូណាមី។ នេះគឺជាព្រឹត្តិការណ៍ ដែលប្រជាជនជប៉ុនមិនធ្លាប់បានឃើញ ឬជួបប្រទះឡើយពីមុនមក ហើយកាយវិការបែបនេះបានធ្វើឲ្យប្រជាពលរដ្ឋជប៉ុនរំភើបចិត្តជាខ្លាំងចំពោះព្រះចៅអាគីហ៊ីតូ។

    អ្វីដែលជាការណ៍គួរឲ្យកត់សម្គាល់ផងដែរ ព្រះចៅអធិរាជអាគីហ៊ីតូ ជាក្សត្រដែលឲ្យតម្លៃខ្លាំងសម្បើមណាស់ លើសន្តិភាព ហើយនៅគ្រាកន្លងមកទ្រង់ធ្លាប់បានទាំងបន្ទន់ជំហរនៅចំពោះមុខប្រទសចិន និងប្រទេសកូរ៉េ។ ទ្រង់ធ្លាប់ទាំងបានសម្តែងនូវការសោកស្តាយ ចំពោះអំពើរបស់ទាហ៊ានជប៉ុន ដែលបានប្រព្រឹត្តចំពោះប្រជាជនចិន​ និងកូរ៉េក្នុងសម័យសង្គ្រាមទៀតផង ហើយនេះជាសម្តីដែលគេ កម្រនឹងបានឮខ្លាំងណាស់ ចេញពីមាត់របស់មេដឹកនាំ ឬអធិរាជជប៉ុនដទៃផ្សេងទៀត។

    ព្រះចៅអធិរាជថ្មីរបស់ជប៉ុនណារ៉ុហ៊ីតូ

    ប្រសូតនៅក្នុងថ្ងៃទី២៣ កុម្ភៈ ឆ្នាំ ១៩៦០ ព្រះអង្គណារ៉ុហ៊ីតូ គឺជាអធិរាជដំបូង ដែលត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយព្រះបិតានិងព្រះមាតាផ្ទាល់។ គេដឹងថា អធិរាជជប៉ុនថ្មីនេះមានបុគ្គលិកលក្ខណៈដូចព្រះបិតារបស់ព្រះអង្គច្រើន ត្រង់ថាទ្រង់គឺជាក្សត្រដែលស្រលាញ់ និងលើកតម្កើងសន្តិភាពជាធំ។

    ក៏ប៉ុន្តែសំណួរត្រង់ថាតើ ព្រះអង្គអាចក្លាយទៅជាក្សត្រដែលទទួលបានការគោរពស្រលាញ់ពីសំណាក់ប្រជារាស្ត្រដូចព្រះបិតានោះ គឺជាសំណួរដែលពិបាកឆ្លើយក្នុងពេលនេះ។ ដូច្នោះយើងមានតែរងចាំមើលព្រះអង្គបញ្ចេញស្នាដៃ យ៉ាងណាខ្លះក្រោយឡើងគ្រងរាជសម្បត្តិ។

    តែទោះជាយ៉ាងណាក៏ដោយ គេដឹងថាព្រះអង្គណារ៉ុហ៊ីតូ ឡើងគ្រងរាជខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន មិនសូវជាល្អប្រសើរខ្លាំង ដូចសម័យមុនឡើយ ដោយសារតែបញ្ហាប្រជាសាស្ត្រ។ បញ្ហាមួយទៀតនោះគឺថា ព្រះអង្គណារ៉ុហ៊ីតូ មិនមែនបុត្រាដើម្បីឡើងស្នងរាជ្យបល្ល័ង្កនោះទេ ដូច្នោះហើយ ក្នុងករណីដែលព្រះអង្គនៅតែមិនមានបុត្រាក្នុងពេលដាក់រាជ្យ នោះវិបត្តិនឹងអាចកើតមានឡើង។ ក្នុងករណីនេះ រដ្ឋាភិបាលជប៉ុនអាចនឹងត្រូវសើរើផ្លាស់ប្តូរច្បាប់ថ្មី ដែលបើកផ្លូវឲ្យមានអធិរាជជាស្ត្រី ឬក៏ព្រះញាត្តិវង្សានុវង្សផ្សេងទៀត អាចឡើងសោយរាជ្យបន្តពីអធិរាជចាស់បាន។

    គួរជម្រាបជូនថា តាមរយៈព្រឹត្តិការណ៏ដាក់រាជបល្ល័ង្កជាប្រវិត្តសាស្ត្រនេះដែរ រដ្ឋាភិបាលជប៉ុនបានសម្រេចអនុញាតឲ្យប្រជាជនជប៉ុនឈប់សម្រាករយៈពេល ១០ ថ្ងៃ ដោយបូករួមទាំងថ្ងៃប្រារព្ធបុណ្យ Golden Week ដែលនឹងប្រព្រឹត្តទៅក្នុងខែឧសភាខាងមុខនេះ។

    មួយវិញទៀត ពិធីឡើងគ្រងរាជសម្បត្តិតាមបែបសាសនាដ៏ធំឱឡារិក​មួយទៀត នឹងត្រូវប្រារព្ធធ្វើជាសាធារណៈនៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ ដោយមានការចូលរួមអបអរសាទរពីសំណាក់មេដឹកនាំ និងព្រះមហាក្សត្រមកពីច្រើនប្រទេសនៅទូទាំងពិភពលោកទៀតផង៕

     

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ