អានតួអត្ថបទ
ជប៉ុន-ស៊ីមបាវ៉េ

លោក​ស្ហ៊ីនហ្សូ​អាបេ​ទទួល​ស្វាគមន៍​មេដឹកនាំ​ផ្តាច់ការ​អាហ្វ្រិក​រ៉ូប៊ែរមូហ្កាបេ

លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ រ៉ូប៊ែរ មូហ្កាបេ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេរិះគន់​​​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​ដ៏​យូរលង់​មួយរូប​នៅ​អាហ្វ្រិក ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ កាល​ពីថ្ងៃ​ចន្ទ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជាផ្លូវការ នៅ​ក្នុង​ប្រទេស​ជប៉ុន។ ទំនាក់ទំនង​ដ៏ស្អិតល្មួត​ជាមួយ​នឹង​លោក​រ៉ូប៊ែរ​ មូហ្កាបេ​នេះ កើតមាន​ឡើង នៅ​ក្នុង​បរិបទ នៃ​ការ​ប្រជែង​គ្នា រវាង​ជប៉ុន និង​ចិន ដើម្បី​បង្កើន​ឥទ្ធិពល​រៀងៗ​ខ្លួន នៅ​ក្នុង​តំបន់​អាហ្វ្រិក។

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន​ ពេល​ទទួល​ជួប​លោក​​រ៉ូប៊ែរ មូហ្កាបេ ប្រធានាធិបតី​ស៊ីមបាវ៉េ នៅ​ទីក្រុង​តូក្យូ ថ្ងៃ​ចន្ទ ២៨ មីនា ២០១៦
លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន​ ពេល​ទទួល​ជួប​លោក​​រ៉ូប៊ែរ មូហ្កាបេ ប្រធានាធិបតី​ស៊ីមបាវ៉េ នៅ​ទីក្រុង​តូក្យូ ថ្ងៃ​ចន្ទ ២៨ មីនា ២០១៦ REUTERS/Kimimasa Mayama
ផ្សាយពាណិជ្ជកម្ម

សម្រាប់​បណ្តា​ប្រទេស​លោកខាងលិច ជាពិសេស សហរដ្ឋ​អាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប លោក​រ៉ូប៊ែរ មូហ្កាបេ គឺ​ជា​មេដឹកនាំ​ផ្តាច់ការ ដែល​មិនគួរ​នឹង​រាប់រក ហើយ​ស៊ីមបាវ៉េ​ក៏​កំពុងតែ​ទទួលរង​នូវ​ទណ្ឌកម្ម​យ៉ាងច្រើន​ផងដែរ ដោយសារ​តែ​ទទួល​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ជប៉ុនវិញ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អាមេរិក​ដែរ​នោះ មាន​ជំហរ​ផ្ទុយ​ស្រឡះ​ពីនេះ។

គិតចាប់តាំង​ពី​បាន​ឡើងកាន់​អំណាច​នៅ​ស៊ីមបាវ៉េ កាល​ពី​ឆ្នាំ​១៩៨០​មក លោក​រ៉ូប៊ែរ មូហ្កាបេ បាន​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចំនួន ៣លើក​រួចមកហើយ។ ដំណើរ​ទស្សនកិច្ច​នៅ​ពេលនេះ គឺ​ជា​លើកទី៤។ ជំនួប​ទ្វេភាគី​ រវាង​លោក​រ៉ូប៊ែរ មូហ្កាបេ និង​លោក​ស្ហ៊ីនហ្សូ អាបេ ក៏​ធ្លាប់​កើតមាន​ដល់​ទៅ ៣លើក​ផងដែរ។

ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន កាល​ពីថ្ងៃ​ចន្ទ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ចាត់ទុក​លោក​រ៉ូប៊ែរ មូហ្កាបេ ថា​ជាមេដឹកនាំ​ចាស់ទុំ​ម្នាក់​នៅ​អាហ្វ្រិក ហើយ​ថា លោក​មាន​បំណង​ចង់​សហការ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ដែល​ជប៉ុន​ទាមទារ​ចង់​បាន​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍ ដូចជា​ប្រទេស​ចិន ដែល​ជា​គូប្រជែង។

គេ​នៅចាំបាន​ថា លោក​រ៉ូប៊ែរ មូហ្កាបេ ក៏ធ្លាប់​​ត្រូវ​បាន​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ផងដែរ នៅ​ក្នុង​ដំណើរទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន កាល​ពីឆ្នាំ​២០១៤​កន្លងទៅនេះ ហើយ​នៅ​ខែ​សីហា​ខាងមុខនេះ ជប៉ុន​នឹង​បើក​ធ្វើ​សន្និសីទ​អន្តរជាតិ​ខ្នាតធំ​មួយ ស្តីពី​ការ​អភិវឌ្ឍ​នៅ​អាហ្វ្រិក។

គេ​សង្កេតឃើញ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស ចាប់តាំង​ពី​ពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ឡើងកាន់​អំណាច ជប៉ុន​បាន​ខិតខំ​ស្វះស្វែង​យ៉ាងខ្លាំង ក្នុងការ​ប្រជែង​ជាមួយ​ចិន ដើម្បី​បង្កើន​ឥទ្ធិពល​នៅ​អាហ្វ្រិក ដែលជា​តំបន់​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ ព្រមទាំង​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ អាច​ជា​ទីផ្សារ​ប្រកប​ដោយ​​សក្តានុពល​ទៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ