ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/05 12h00 GMT

ករណី​លែងលះ​កើនឡើង​ធ្វើឲ្យ​គូស្នេហ៍​ជប៉ុន​គិតគូរពីការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍

ករណី​លែងលះ​កើនឡើង​ធ្វើឲ្យ​គូស្នេហ៍​ជប៉ុន​គិតគូរពីការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍
 
ស្ត្រីម្នាក់ស្លៀកគីម៉ូណូឈរនៅពីមុខផ្លូវដើរឆ្លងកាត់នៅផ្សារទំនើបមួយ នៅតូក្យូប្រទេសជប៉ុនថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៦។ REUTERS/Kim Kyung-Hoon

គ្មាន​នរណាម្នាក់​គិត​អំពី​ការលែងលះ​ឡើយ​ នៅពេល​ដែល​ពួកគេ​កំពុង​ស្រលាញ់​ និង​រៀបការ​រស់នៅ​ជាមួយគ្នា​។ ក៏ប៉ុន្តែ​ ជីវិត​គូស្នេហ៍​ ឬ​ប្តីប្រពន្ធ​មិនមែន​សុទ្ធតែ​ជោគជ័យ​គ្រប់គ្នា​នោះទេ​ ហើយ​ក៏​មាន​គូស្វាមី​ភរិយា​ជប៉ុន​មិនតិចទេ​ ដែល​ឈាន​ដល់​ការបែកបាក់ ​លែងលះ​គ្នា​នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​។

ដោយសារតែឃើញ​ករណី​លែងលះ​ចេះតែ​កើនឡើង​បែបនេះហើយ​ ទើប​ជនជាតិ​ជប៉ុន​ដែល​នៅលីវ​កាន់តែ​ច្រើនឡើង​ ជាពិសេស​ស្ត្រីជប៉ុន​តែម្តង​ ងាក​មក​ចាប់អារម្មណណ៍​ពីការ​រៀបចំ​ចុះ​កិច្ចសន្យា​ មុនពេល​រៀប​អាពាហ៍ពិពាហ៍​។

បច្ចប្បន្ននេះ​ អត្រា​លែងលះ​នៅក្នុង​ប្រទេសជប៉ុន​ បាន​កើនឡើងខ្លាំង​គួរឲ្យ​កត់សម្គាល់​ គឺ​កើនរហូតដល់​ប្រមាណជា​ ២០ ម៉ឺន​ករណី​ក្នុង​រយៈពេល​មួយឆ្នាំៗ​។ គ្មាន​អ្នកណា​រៀបការ​ហើយ​ចង់​បែកបាក់គ្នា​ឡើយ​ ហើយក៏​រឹតតែ​គ្មាន​អ្នកណាម្នាក់​ ចង់​បែកបាក់ទៅ​ដោយ​ការឈ្លោះ​ប្រកែកគ្នា​ទៅទៀត​។

ជាក់ស្តែង​ ដោយសារតែ​បានយល់​ និងចង់​ការពារខ្លួនពី​បញ្ហានៃ​ជីវិតគ្រួសារ​ពេលបែកបាក់គ្នា​ គូស្នេហ៍ជប៉ុន​ បាន​ចាប់ផ្តើម​គិតគូរ​ធ្វើ​កិច្ចសន្យា​អាពាហ៍ពិពាហ៍​ ដើម្បី​កុំឲ្យ​ពិបាកឈ្លោះប្រកែក​ដណ្តើម​ទ្រព្យសម្បត្តិគ្នា​ ក្នុងករណី​ចែកផ្លូវ​គ្នា​ដើរ​។

សូម​ជម្រាបជូនថា​ កិច្ចសន្យា​អាពាហ៍ពិពាហ៍​ គឺជា​កិច្ចព្រមព្រៀង​ ធ្វើឡើង​ដោយ​គូស្នេហ៍​មុនពេល​រៀបការជា​ប្តីប្រពន្ធ​នឹងគ្នា​។ នៅក្នុង​កិច្ចសន្យានេះ​ អនាគត​គូស្វាមីភរិយា​ បានសម្រេច​ព្រមព្រៀងគ្នា​យ៉ាងច្បាស់​អំពី​លក្ខខណ្ឌ​ និង​ទំនួលខុសត្រូវ​ នៅពេល​រួមរស់​ជាមួយគ្នា​ បូករួម​ទាំង​ចំណាត់ការ​បែងចែក​លុយកាក់​ និង​ទ្រព្យសម្បត្តិ​ ប្រសិនបើ​ពួកគេ​លែងលះ​គ្នា​។ ការចុះ​កិច្ចសន្យា​បែបនេះ​ គេឃើញ​នៅមាន​អនុវត្ត​ជាច្រើន​នៅក្នុង​ប្រទេសអាមេរិក​ ហើយ​ឥឡូវនេះ​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​នៅក្នុងសង្គម​ជប៉ុន​ផងដែរ​។

អ្នកចម្រៀង​ស្រី​ជប៉ុនម្នាក់​ឈ្មោះ​ស៊ីលវ៉ា​ មានវ័យ​ ៤៣ ឆ្នាំ​ ធ្លាប់​បរាជ័យ​ក្នុងជីវិត​អាពាហ៍ពិពាហ៍​ បាន​សម្រេចចិត្ត​ចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​ មុនពេល​រៀបការ​ជាមួយនឹង​ស្វាមីក្រោយ​របស់​អ្នកស្រី​។ អ្នកស្រី​បានពន្យល់​ថា​ អ្វីៗ​មិនបាន​គូសព្រាង​រៀបចំ​ទុកជាមុន​ ក្នុងជីវិត​រៀបការ​លើកទី១​ របស់​អ្នកស្រី​ ដូច្នោះហើយ​ អ្នកស្រី​ និង​អតីតស្វាមី​បានបញ្ចប់ជីវិតគូ​ដោយការ​ឈ្លោះប្រកែកទាស់ទែង​គ្នាជាខ្លាំង។​

បើ​តាម​សារព័ត៌មាន​ជប៉ុន Japan Times ការ​ដែល​អ្នកចម្រៀងស្រី​ ស៊ីលវ៉ា ​មានគំនិត​គិតដល់​ការចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​ ក៏ព្រោះតែ​អ្នកស្រី​ធ្លាប់ទៅ​រស់នៅ​ក្នុងប្រទេស​អាមេរិក​រយៈពេល​ប្រមាណជា​ ៣ ឆ្នាំ​ កាលពីជាង​ ១០ ឆ្នាំមុន​។ បទពិសោធន៍​រស់នៅទីនោះ​ ធ្វើឲ្យ​អ្នកស្រី​ដឹងថា​ គូស្វាមីភរិយា​ ដែល​បានចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​មិនត្រឹមតែអាចជួយ​ឲ្យពួកគេ​រក្សា​នូវ​ទំនាក់ទំនង​ស្នេហា​បានល្អ​នោះទេ​ តែ​ថែមទាំង​ជួយ​កុំឲ្យមាន​ជម្លោះនឹងគ្នា​ពេល​លែងលះ​ទៀតផង​។

បើតាម​ប្រភពពី​ Japan Times ដដែលនេះ​ អ្នកស្រី​ ស៊ីលវ៉ា​ បាន​បញ្ចុះបញ្ចូល​ស្វាមីទី២​ ឲ្យចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​អាពាហ៍ពិពាហ៍​ ដែលមានរួមបញ្ចូលនូវ​លក្ខខណ្ខ​ចំនួន​ ៣៤​ ចំណុច​ ដែល​ក្នុងនោះ​ក៏មាន​ផងដែរ​ លក្ខខណ្ឌ​ដែល​មិនអនុញ្ញាតឲ្យ​ប្តីអ្នកស្រី​ ចេញក្រៅ​ផឹក​ស្រា​ លើសពី​ពីរដង​ឡើយ​ក្នុងមួយសប្តាហ៍​។ ក្រៅពីនេះ​ ក៏មាន​ចំណុចសំខាន់ៗ​មួយចំនួន​ទៀត​ដែលរួមមាន​ គូស្វាមីភរិយា​ ត្រូវតែ​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​ជារៀងរាល់ឆ្នាំ​ ត្រូវជួយ​គ្នាធ្វើការងារផ្ទះ​ មើលថែទាំកូន​ ហើយក្នុង​ករណី​លែងលះគ្នា​ ស្វាមី​ត្រូវ​ផ្តល់​ប្រាក់​ចំនួន​ប្រមាណជា​៩ ០០០​ ដុល្លារ​ឲ្យទៅ​អ្នកស្រី​ជាដើម​។

អ្នកស្រីស៊ីលវ៉ា​ បាននិយាយថា​ វា​មិនមែនជា​រឿងងាយស្រួលទេ​ ក្នុងការ​មិនគោរព​កិច្ចសន្យានេះ​ ពីព្រោះថា​គ្រប់​លក្ខខណ្ឌ​ គ្រប់​ចំណុច​ទាំងអស់​ ដែល​មាន​នៅក្នុង​កិច្ចសន្យា​សុទ្ធតែ​បានយល់ព្រម​រួចអស់ហើយ​ ពី​សំណាក់​ភាគីប្តីប្រពន្ធ​ ហើយ​ក្នុង​ករណីលែងលះគ្នា​ ភាគីទាំងពីរ​ក៏​មិនចាំបាច់​ត្រូវ​ឈ្លោះប្រកែក​តវ៉ាគ្នា​ លើរឿង​ទាំងនោះ​ដែរ។

ទាក់ទងរឿងនេះដែរ​ គួរជ្រាបថា​មានគូស្នេហ៍​ជប៉ុនចំនួន​ ៧០​ គូរ​មកហើយ​ បាន​ចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​ តាមរយៈ​ក្រុមហ៊ុន​ជំនាញ​ឈ្មោះKyokai ចាប់តាំងពី​ឆ្នាំ​២០១៤ មក​។

បើតាម​អ្នកស្រី​ Yuriko Tada សមាជិក​ក្រុមប្រឹក្សាភិបាល​ និង​សាការី​សាធារណៈ​របស់​ក្រុមហ៊ុន​ Kyokai ប្រជាជនជប៉ុន​ ជាពិសេស​ស្ត្រី​ៗដែល​មានវ័យចន្លោះ​ពី​ ២០ ទៅ ៥០ ឆ្នាំ​ចាប់ផ្តើម​គិតគូរ​អំពី​កិច្ចសន្យាអាពាហ៍ពិពាហ៍​។

ស្ត្រីជប៉ុន​ ចាប់ផ្តើ​មគិតគូរ​ពីរឿងនេះ​ ពីព្រោះ​ពួកគេ​បារម្ភ​អំពី​ភាពស្មោះត្រង់​របស់​ដៃគូ​ស្នេហា​ ឬ​ខ្វល់ខ្វាយ​អំពី​ការបែងចែក​លុយកាក់​ ទ្រព្យសម្បត្តិ​មិនត្រឹមត្រូវ​ ឬក៏ការឈ្លោះប្រកែកគ្នា​ក្នុងពេល​លែងលះ​។ នេះ​បើ​តាមសារព័ត៌មាន​ឥណ្ឌូណេស៊ី​ The Jakarta Post ចុះផ្សាយ​កាលពីថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ២០១៩​កន្លងទៅ​។

ទាក់ទងរឿងនេះដែរ​ ស្ត្រីជប៉ុនម្នាក់ទៀត​ រស់នៅ​ក្នុង​ទីក្រុងតូក្យូ​ និងជា​អ្នកបាន​ចុះកិច្ចសន្យា​អាពាហ៍ពិពាហ៍​ តាមរយៈ​ការផ្តល់ប្រឹក្សា​ និង​រៀបចំ​ដោយ​អ្នកជំនាញ និយាយថា​ អ្នកស្រី​ មិនប្រាកដ​ក្នុងចិត្ត​ទេថា​ កិច្ចសន្យា​អាច​ ឬមិនអាច​ការពារ​មិនឲ្យ​ប្តី​អ្នកស្រី​ប្រែ​ក្រឡាស់​បាន​។ ប៉ុន្តែ​ យ៉ាងហោចណាស់​ អ្នកស្រី​មាន​អារម្មណ៍ថា​មាន​សុវត្ថិភាព​ ជាជាង​មិន​បានត្រៀមបង្ការ​ ឬ​ធ្វើអ្វីមួយ​ទាល់តែសោះ​ដែរ​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ