អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Huawei ៖ ​ជម្រើស​ដ៏ស្មុគស្មាញ​សម្រាប់​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​របស់​ចិន កំពុងតែ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពីសំណាក់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ពីបទ​លួច​ការណ៍សម្ងាត់ និង​កម្មសិទ្ធិបញ្ញា ក៏ដូចជា​ការ​បំពាន​លើ​ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេរិក។ ការចោទប្រកាន់​និង​មន្ទិលសង្ស័យ​អស់ទាំងនេះ​កំពុងតែ​បង្ក​ជា​បញ្ហា​ចោទ​ដ៏​ធំមួយ ដល់​កិច្ចការ​ជំនួញ​របស់ Huawei ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​កំពុងតែ​បង្ក​នូវ​បញ្ហា​ស្មុគស្មាញ​យ៉ាង​ច្រើន​ផងដែរ​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

ការពង្រីក​ឥទ្ធិពល​របស់​ Huawei កំពុងតែ​ធ្វើ​ឲ្យ​​អាមេរិក ក៏ដូចជា​អឺរ៉ុប​មាន​ការ​ព្រួយបារម្ភ
ការពង្រីក​ឥទ្ធិពល​របស់​ Huawei កំពុងតែ​ធ្វើ​ឲ្យ​​អាមេរិក ក៏ដូចជា​អឺរ៉ុប​មាន​ការ​ព្រួយបារម្ភ REUTERS/Dado Ruvic/Illustration
ផ្សាយពាណិជ្ជកម្ម

សម្រាប់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មន្ទិលសង្ស័យ និង​ការចោទប្រកាន់​របស់​អាមេរិក ទៅលើ​ក្រុមហ៊ុន Huawei គឺ​ពិត​ជា​មាន​ចំណុច​ដែល​សមហេតុផល​ច្រើន ជាពិសេស ទាក់ទង​នឹង​ក្តីបារម្ភ​ខ្លាច​ Huawei ធ្វើ​ខ្លួន​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ចិន ដើម្បី​លួចយកការណ៍​សម្ងាត់ ឬ​ធ្វើ​សកម្មភាព ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ដទៃ។

មូលហេតុចម្បង ដែល​បង្ក​នូវ​ក្តីបារម្ភ​នេះ គឺ​ទំនាក់ទំនង រវាង​ក្រុមហ៊ុន Huawei និងរដ្ឋាភិបាល​​ក្រុងប៉េកាំង។ គេ​ដឹង​ថា Huwei ថ្វីដ្បិត​តែ​មានឈ្មោះ​ថា​ជា​ក្រុមហ៊ុន​ឯកជន ក៏ប៉ុន្តែ ស្ថាបនិក​របស់​ក្រុមហ៊ុន គឺ​ជា​អតីត​​វិស្វករ​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​កងទ័ព​ប្រជាជន​ចិន ហើយ​រដ្ឋាភិបាល ក៏ដូចជា​បណ្តា​អ្នកជំនាញ​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាងលិចសុទ្ធតែ​នាំគ្នា​គិត​ថា ការពង្រីក​មុខជំនួញ​ដ៏លឿន​ដូចផ្លេកបន្ទោរ​របស់​ក្រុមហ៊ុន Huawei ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​លើ​ឆាក​អន្តរជាតិ គឺ​មិន​អាច​នឹង​​កើតមាន​ឡើង​បានទេ ប្រសិនបើ​គ្មាន​រដ្ឋាភិបាល​ចិន​នៅ​ពីក្រោយ។

ម្យ៉ាងទៀត បើ​មើល​ទៅលើ​របបដឹកនាំ​តាមបែប​កុម្មុយនិស្ត​នៅ​ចិន បើ​ទោះបីជា​ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​ឯកជន ដាច់​ស្រឡះ​ពី​រដ្ឋាភិបាល​មែន​ក៏ដោយ ក៏​ពិបាក​នឹង​អាច​ចៀសផុត​ពី​សម្ពាធ ឥទ្ធិពល ឬ​ការ​លូកដៃ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​បាន​នោះ​ដែរ។

ក៏ប៉ុន្តែ ក្តីមន្ទិលសង្ស័យ និង​ការព្រួយបារម្ភ គឺ​ជា​រឿងមួយ រីឯ​ការចាត់វិធានការ​តប គឺ​ជា​រឿង​មួយផ្សេង។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​យល់ស្រប​ជាមួយ​អាមេរិក​អំពី​ហានិភ័យ​ដែល​អាច​បង្ក​ឡើង​ដោយ​ ក្រុមហ៊ុន Huawei ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា អឺរ៉ុប​ក៏​មាន​ការ​រារែក​យ៉ាងខ្លាំង​ផងដែរ មិនចង់​ដើរតាម​អាមេរិក ដែល​ចង់​ឲ្យ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ធ្វើការ​ហាមឃាត់​ទាំងស្រុង លែង​ឲ្យ​ Huawei ចូល​ក្នុង​ទីផ្សារ​របស់​ខ្លួន។

អឺរ៉ុប​រារែក​មិន​ចង់​ដើរតាម​គន្លង​របស់​អាមេរិក​ដោយសារ​តែ​បញ្ហាចោទ​ចម្បង​ពីរ។

ទីមួយ ខុសពី​អាមេរិក ​អឺរ៉ុប​មាន​ទំនាក់ទំនង​រកស៊ី​​ច្រើន​ជាមួយ​ក្រុមហ៊ុន Huawei ហើយ​ការ​ហាមឃាត់​បច្ចេកវិទ្យា​​របស់ Huawei អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​ក្នុង​ស្រុក​របស់​ខ្លួនឯង។ បច្ចេកវិទ្យា​ដ៏​ចម្បង ដែល​អឺរ៉ុប​មាន​ការ​ពឹងផ្អែក​ខ្លាំង​លើ​ក្រុមហ៊ុន Huawei គឺ​បច្ចេកវិទ្យា​​អ៊ីនធ័រនែតចល័ត​ជំនាន់ទី៥ “5G”។

តាមការពិត ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ 5G នេះ គេ​ត្រូវ​ការ​បច្ចេកវិទ្យា​​ពីរ គឺ​បច្ចេកវិទ្យា​​សម្រាប់​ទទួល​សញ្ញា 5G (Receivers) ​ដែល​ត្រូវ​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទដៃ និង​​បច្ចកវិទ្យា​សម្រាប់​ចែកចាយ​បណ្តាញ 5G (Transmitter) ដែល​ត្រូវ​ដំឡើង​ដោយ​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​។ ក្រុមហ៊ុន Huawei ​ជា​ក្រុមហ៊ុន ដែល​មាន​ជំនាញ​ទាំងពីរ ពោលគឺ ជំនាញខាង​​បច្ចេកវិទ្យា​​​​ទូរស័ព្ទដៃ​ផង ហើយ​​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ផងដែរ​​ថា​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​នៅលើ​ពិភពលោក​ខាង​បច្ចេកវិទ្យា​ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ចែកចាយ​បណ្តាញ 5G។

នៅ​អឺរ៉ុប ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ជាច្រើន​បាន​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​រៀបចំ​រាយ​បណ្តាញ 5G ហើយ​គម្រោង​នេះ​មាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាងច្រើន​ទៅហើយ។ ដូច្នេះ ប្រសិនបើ​អឺរ៉ុប​ហាមឃាត់​បច្ចេកវិទ្យា​របស់ Huawei គម្រោង​រាយ​បណ្តាញ 5G នេះ​នឹង​ត្រូវ​មាន​ការ​យឺតយ៉ាវ​រហូត​ដល់​ទៅ​រាប់ឆ្នាំ ហើយ​ជាងនេះ​ទៅទៀត បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទចល័ត ដែល​បាន​ចាប់ដៃ​គូ​ជាមួយ​នឹង​ក្រុមហ៊ុន Huawei រួចទៅហើយ​នោះ អាច​នឹង​ត្រូវ​ខាត​បង់​លុយ​រហូត​ដល់​ទៅ​រាប់ពាន់​លាន​អឺរ៉ូ។

ចំណុច​សំខាន់​ទីពីរ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​រារែក​មិន​ចង់​ដើរតាម​​អាមេរិក ក្នុងសំណុំរឿង​ Huawei នេះ គឺ​ដោយសារតែ​អឺរ៉ុប​មិន​ទុកចិត្ត​លើ​រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ។ អឺរ៉ុប​សង្ស័យ​ថា ការណ៍​ដែល​អាមេរិក​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន Huawei នៅ​ពេលនេះ គឺ​ដោយសារ​តែ​លោក​ដូណាល់ ត្រាំ ចង់​យក​​សំណុំរឿង Huawei នេះ​មក​ធ្វើ​ជា​មធ្យោបាយ​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​ចិន ក្នុងការ​ចរចា​លើ​សង្រ្គាម​ពាណិជ្ជកម្ម។ លោក​ដូណាល់ ត្រាំ អាច​នឹង​ធ្វើ​ការផ្លាស់ប្តូរ​ជំហរ​ចំពោះ​សំណុំរឿង Huawei នេះ​វិញ ដើម្បី​ធ្វើ​ជា​សម្បទាន នៅ​ក្នុងការ​ចរចា​ជាមួយ​ចិន ហើយ​នៅ​ពេលនោះ ចិន និង​អាមេរិក​ត្រូវរ៉ូវគ្នា​វិញ ចំណែក​ឯ​សហភាព​អឺរ៉ុប​អាច​នឹង​ត្រូវ​ជ្រុលដំណើរ ហើយ​ជា​អ្នក​ដែល​​ត្រូវ​ខាតបង់។

ដោយ​មូលហេតុ​ទាំងនេះហើយ​បាន​ជា​រហូត​មក​ទល់​នឹង​ពេលនេះ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មិនចង់​​ដើរតាម​គន្លង​របស់​អាមេរិក ក្នុងការ​រាំងខ្ទប់ Huawei មិន​ឲ្យ​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប​ទាំងស្រុង​នោះទេ។ ផ្ទុយ​ទៅវិញ អឺរ៉ុប នាំមុខ​ដោយ​បារាំង និង​អាល្លឺម៉ង់ បានត្រឹម​តែ​នាំគ្នា​អំពាវនាវ​ឲ្យ​ចាត់វិធានការ​រឹតបន្តឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​យ៉ាងណា​​កាត់បន្ថយ​ហានិភ័យ ដែល​អាច​​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ Huawei៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ