អានតួអត្ថបទ

ស៊ីមបាវ៉េ៖ ​ជោគវាសនា​លោក​មូហ្កាបេ​នៅតែ​មិនច្បាស់លាស់​ក្រោយ​រដ្ឋប្រហារ​យោធា

គិត​មកទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍ ស្ថានភាព​នយោបាយ​នៅតែ​មាន​លក្ខណៈ​ស្រពិចស្រពិល ជាពិសេស ទាក់ទង​នឹង​ជោគវាសនា​របស់​លោក​ប្រធានាធិបតី រ៉ូប៊ែរ មូហ្កាបេ ក្រោយ​ពី​កងទ័ព​ដែល​ធ្លាប់​តែ​ស្មោះស្ម័គ្រ​នឹង​លោក​អស់រយៈពេល​ជិត ៤០ឆ្នាំមកហើយ​នោះ នាំគ្នា​ធ្វើ​រដ្ឋប្រហារ ហើយ​ចាប់ឃុំ​រូបលោក​ឲ្យ​នៅ​ក្នុងផ្ទះ។ នៅ​ក្នុងពេល​ជាមួយគ្នា បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​កំពុងតែ​ព្យាយាម​ស្វះស្វែង ធ្វើការ​​​សម្របសម្រួល​ឲ្យ​មាន​ការ​ចរចាគ្នា ដើម្បី​រក​ដំណោះស្រាយ​ចេញ​ពីវិបត្តិ​ដោយ​គ្មាន​ការ​បង្ហូរឈាមគ្នា។

លោក​​រ៉ូប៊ែរ មូហ្កាបេ (Robert Mugabe) ប្រធានាធិបតី​ស៊ីមបាវ៉េ កាល​ពីថ្ងៃ​ទី១២ មេសា ឆ្នាំ២០១៧
លោក​​រ៉ូប៊ែរ មូហ្កាបេ (Robert Mugabe) ប្រធានាធិបតី​ស៊ីមបាវ៉េ កាល​ពីថ្ងៃ​ទី១២ មេសា ឆ្នាំ២០១៧ Jekesai NJIKIZANA / AFP
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​ទៅនឹង​រដ្ឋប្រហារ​នៅ​ស៊ីមបាវ៉េ ប្រធានាធិបតី​ហ្គីណេ និង​ជា​ប្រធាន​ផ្លាស់វេន​នៃ​សហភាព​អាហ្វ្រិក បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អាហ្វ្រិក​នឹង​មិន​ទទួល​ស្គាល់​ជាដាច់ខាត​នូវ​របបដឹកនាំ​ដែល​​កើតចេញ​ពី​រដ្ឋប្រហារ​យោធា ហើយ​ទាមទារ​ឲ្យ​ស៊ីមបាវ៉េ​វិលត្រឡប់​ទៅ​រក​រចនាសម្ព័ន្ធ​នយោបាយ​ដែល​ស្រប​នឹង​រដ្ឋធម្មនុញ្ញវិញ។

មេដឹកនាំ​យោធា​ស៊ីមបាវ៉េ​វិញ បើទោះបីជា​បាន​ពង្រាយ​ទ័ព​ពេញ​ទីក្រុង ព្រមទាំង​បាន​ចាប់ឃុំខ្លួន​លោក​ប្រធានាធិបតី​រ៉ូប៊ែរ មូហ្កាបេ ឲ្យ​នៅ​ក្នុងផ្ទះ តែបាន​អះអាង​ថា ពួកគេ​មិន​បាន​ធ្វើ​រដ្ឋប្រហារ​ ដើម្បី​ច្បាម​យក​អំណាច​មក​កាន់កាប់​ដោយ​ខ្លួនឯង​នោះទេ។ ទោះជាយ៉ាងណា តម្រ៉ុយ​ជាច្រើន​សុទ្ធតែ​បង្ហាញ​ថា មេដឹកនាំ​រដ្ឋប្រហារ​កំពុងតែ​រៀបចំ​បង្កើតរដ្ឋាភិបាល​អន្តរកាល​មួយ ដោយ​គ្មាន​លោក​រ៉ូប៊ែរ មូហ្កាបេ។

យោងតាម​ឯកសារ​សម្ងាត់​ដែល​លេចធ្លាយ​ទៅដល់​ដៃ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ការ​ប្រុងប្រៀប​រៀបចំ​រដ្ឋាភិបាល​អន្តរកាល​នេះ​ត្រូវ​បាន​គេ​គ្រោង​ឡើង​​តាំង​ពី​ប្រមាណ​ជា​មួយ​ឆ្នាំ​មុន​មកម៉្លេះ ដោយ​​អតីត​អនុប្រធានាធិបតី ដែល​ត្រូវ​បាន​លោក​មូហ្កាបេ​​ដកហូត​តំណែង កាល​ពីថ្ងៃទី៦​វិច្ឆិកា និង​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​ក្រុមប្រឆាំង។

ជាក់ស្តែង លោក ​Morgan Tsvangirai មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​បាន​ចេញ​ទៅ​ក្រៅប្រទេស ក្នុងហេតុផល​ទៅ​ព្យាបាល​ជំងឺ​មហារីក​នោះ បាន​វិលត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​ស៊ីមបាវ៉េវិញ​ភ្លាមៗ​ក្រោយ​ពី​មាន​រដ្ឋប្រហារ កាល​ពីថ្ងៃ​ពុធ ហើយ​ថែមទាំង​បាន​អះអាង​ថា លោក​ត្រៀមខ្លួន​ចូល​រួម​ក្នុង​រដ្ឋាភិបាល​រួបរួម​ជាតិមួយ ដែល​គ្មាន​វត្តមាន​លោក​រ៉ូប៊ែរ មូហ្កាបេ។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទឡើង​នៅពេលនេះ គឺ​នៅត្រង់​ថា បើទោះបីជា​ត្រូវ​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ តែ​លោក​រ៉ូប៊ែរ មូហ្កាបេ នៅតែ​មិនទាន់​សុខចិត្ត​ចុះចេញ​ពី​អំណាច ដោយទទូច​ថា លោក​នៅតែ​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ស៊ីមបាវ៉េ។

នៅ​ក្នុង​បរិបទ​នេះហើយ​ដែល​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ដែល​បច្ចុប្បន្ន​ជា​ប្រធានផ្លាស់វេន​នៃ​សហគមន៍​អាហ្វ្រិក​ខាងត្បូង (SADC) បាន​បញ្ជូន​រដ្ឋមន្រ្តី​ចំនួន​ពីររូប គឺ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ ​ឲ្យ​ដឹកនាំ​គណៈប្រតិភូ ធ្វើ​ដំណើរទៅកាន់​ប្រទេស​ស៊ីមបាវ៉េ ដើម្បី​សម្របសម្រួល​ ក្នុងការ​ចរចា រវាង​មេដឹកនាំ​រដ្ឋប្រហារ និង​លោក​រ៉ូប៊ែរ មូហ្កាបេ។ រដ្ឋមន្រ្តី​ទាំងពីរ​រូបនេះ​បាន​ចូល​ជួប​ជជែក​ជាមួយ​នឹង​លោក​មូហ្កាបេ នៅថ្ងៃ​ព្រហស្បតិ៍ នៅ​ឯ​វិមាន​ប្រធានាធិបតី ហើយ​នឹង​ត្រូវ​ជួប​ជាមួយ​នឹង​មេដឹកនាំ​យោធា​ផងដែរ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ដែល​បាន​ដកស្រង់​ប្រភព​ចេញ​ពី​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង។ គោលដៅ គឺ​ធ្វើ​យ៉ាងណា​ស្វែងរក​ច្រកចេញពី​វិបត្តិ​នយោបាយ ដោយ​បញ្ចៀស​ការ​បង្ហូរ​ឈាមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ