អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជំនួបកំពូល​រវាង​កូរ៉េទាំងពីរ​ជា​ក្តីសង្ឃឹមថ្មី​ឬ​ក៏ជាការ​ដើរ​ជាន់​ដានចាស់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រ ទី២៧​​មេសា​កន្លងទៅនេះ ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​មួយ​ត្រូវ​បាន​បើក​ធ្វើ រវាង​ប្រមុខដឹកនាំ​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង។ ជំនួបកំពូល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កាយវិកា​ស្និទ្ធស្នាល​រវាង​គូសត្រូវ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្រ្គាម​នឹង​គ្នា​នៅឡើយ ហើយ​លើស​ពីនេះ​ទៅទៀត​ ក៏​មាន​ដែរ​នូវ​ការ​សន្យា និង​ការ​ប្តេជ្ញាចិត្ត ក្នុងការ​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​សង្រ្គាម​នឹង​គ្នា។ ក៏ប៉ុន្តែ ក្នុង​ពេលជាមួយគ្នា​នេះ សំណួរ​ដ៏​សំខាន់​មួយ​កំពុងតែ​ចោទឡើង៖ តើ​កាយ​វិកា​ស្និទ្ធស្នាល និង​ពាក្យសន្យា​អស់ទាំងនេះ​អាច​នឹង​ទៅ​រក​លទ្ធផល​វិជ្ជមាន​ជាក់ស្តែង ឬ​ក៏​គ្រាន់តែ​ជា​ការ​ដើរជាន់ដាន​ប្រវត្តិសាស្រ្ត​ចាស់ ដែល​ជារឿយៗ ក្តីសង្ឃឹម​ត្រូវ​ជំនួស​មកវិញ​ដោយ​ការ​ខកចិត្ត?

លោក​មូន ចែអ៊ីន និង​លោក​គីម ជុងអ៊ុន នៅ​ក្នុង​ជំនួបកំពូល នៅ​តំបន់​គ្មាន​កងទ័ព​ ថ្ងៃ​ទី២៧ មេសា ២០១៨
លោក​មូន ចែអ៊ីន និង​លោក​គីម ជុងអ៊ុន នៅ​ក្នុង​ជំនួបកំពូល នៅ​តំបន់​គ្មាន​កងទ័ព​ ថ្ងៃ​ទី២៧ មេសា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត រវាង​លោក​មូន ចែអ៊ីន និង​លោក​គីម ជុងអ៊ុន កាលពីថ្ងៃទី២៧មេសា ដែល​មាន​ទាំង​រូបភាព​ស្និទ្ធស្នាល ញញឹមញញែម ឱបរឹតគ្នា និង​ទាំង​ការ​សន្យា​បញ្ចប់​សង្រ្គាមនឹងគ្នា បាន​ធ្វើ​ឲ្យ​​បណ្តាជន​ទូទៅ​នាំគ្នា​ដាក់ក្តីសង្ឃឹម​ថា បងប្អូន​គូសត្រូវ​ទាំងពីរ​នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​សន្តិភាពនឹងគ្នា ឬ​ក៏​រហូត​អាច​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែមួយ​វិញ។

ជាការពិតណាស់​ថា បើគេ​ពិនិត្យ​មើល​ទៅលើ​ស្ថានភាព​តានតឹង​ដ៏​ក្តៅគគុក​នៅ​ឧបទ្វីបកូរ៉េ​​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ ដែលមានទាំង​ការ​សាកល្បង​មីស៊ីល និង​អាវុធនុយក្លេអ៊ែរ និង​ទាំងការ​គំរាម​ធ្វើ​សង្រ្គាម រហូត​ដល់​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ គេ​អាច​យល់បាន​ពី​ក្តី​សង្ឃឹម និង​​សុទិដ្ឋិនិយម​ នៅ​ពេល​ឃើញ​​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត រវាង​ប្រមុខដឹកនាំ​កូរ៉េ​ទាំងពីរ។

ក៏ប៉ុន្តែ គេ​ក៏​មិន​ត្រូវ​ភ្លេចដែរ​ថា អ្វីៗ​ដែល​កើតឡើង​នៅ​ពេលនេះ គឺ​ធ្លាប់​បាន​កើតមាន​រួចមកហើយ​នាពេល​កន្លងមក ហើយ​​រូបភាព​ស្និទ្ធស្នាល រវាង​លោក​មូន ចែអ៊ីន និង​លោក​គីម ជុងអ៊ុន កាលពីថ្ងៃទី២៧មេសា​​​កន្លងទៅនេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​នឹកចាំ​ពី​បរិយាកាស​ស្រដៀងគ្នា កាល​ពី​១៨ឆ្នាំមុន នៅ​ពេល​ដែល​ប្រមុខដឹកនាំ​កូរ៉េ​ទាំងពីរ​បើក​ធ្វើ​ជំនួបកំពូល​ជាលើក​ដំបូង​បង្អស់ គឺ​ជំនួបកំពូល រវាង​លោក​គីម ដែជុង និង​លោក​គីម ជុងអ៊ីល នៅ​ទីក្រុង​ព្យុងយ៉ាង កាលពីខែ​មិថុនា​ឆ្នាំ២០០០។ ជំនួបកំពូល ដែល​កាលណោះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ក្តីសង្ឃឹម និង​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​មិនខុស​ពីពេលនេះ​ប៉ុន្មា​ននោះទេ តែ​នៅ​ទី​ចុងបំផុត​ទៅ ក្តីសង្ឃឹម​បាន​ត្រឹមតែ​ជា​ការ​ខកចិត្ត។

ដូច្នេះ សំណួរ​ដែល​ចោទឡើង​នៅ​ពេលនេះ គឺ​នៅត្រង់​ថា តើ​ហេតុអ្វី​បាន​ជា​ជំនួបកំពូល​នៅ​ពេលនេះ​អាច​នាំ​ទៅរក​លទ្ធផល​ខុស​ពី​ពេលមុន? តើ​បរិបទនយោបាយ​នៅ​ក្នុង​​វិបត្តិ​កូរ៉េ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​អ្វី​ខុសប្លែក​កាល​ពី​ពេលមុន?

ជាទូទៅ មេដឹកនាំ​កូរ៉េ​ខាងជើង មិនថា លោក​គីម ជុងអ៊ុន ឬ​ក៏​លោក​គីម ជុងអ៊ីល ដែល​ជា​ឪពុក តែងតែ​ចង់​ឆ្លៀតយក​ឱកាស​ចរចា ឬ​ជំនួបកំពូល​ជាមួយ​កូរ៉េ​ខាងត្បូង ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ កាត់បន្ថយ​ភាពឯកោ​ខាងការទូត និង​ជាពិសេស បន្ធូរបន្ថយ​សម្ពាធ​ពី​ទណ្ឌកម្ម​អន្តរជាតិ។

ក៏ប៉ុន្តែ នៅ​ក្នុងករណី​លោក​គីម ជុងអ៊ុន គេ​គួរ​ចាប់អារម្មណ៍​ទៅលើ​ខ្លឹមសារ​មួយ​ចំនួន នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក ក្នុង​អំឡុង​ជំនួបកំពូល​ជាមួយ​លោក​មូន ចែអ៊ីន។ នៅ​ពេលនោះ លោក​គីម ជុងអ៊ុន បាន​ធ្វើការ​សង្កត់ធ្ងន់ មិនមែន​ទៅលើ​ការ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​​​ឲ្យ​ទៅ​ជា​ប្រទេស​តែមួយទេ តែ​ជា​ការ​រួបរួមគ្នា ក្នុងនាម​ជា​ជាតិសាសន៍​តែមួយ ដែល​មាន​ឈាមជ័រ ភាសា និង​វប្បធម៌​តែមួយ។ ចំណុច​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​លោក​គីម ជុងអ៊ុន បាន​ទទួលស្គាល់​ពី​ភាពយឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងជើង ដែល​មិន​ស្រប​ទៅតាម​អាទិភាព​នៃ​នយោបាយ​របស់លោក។

ទាំងនេះ​អាច​ជា​សញ្ញា​ដែល​បង្ហាញ​ថា លោក​គីម ជុងអ៊ុន អាច​នឹង​មាន​ទស្សនៈ​ប្រាកដ​និយម​ច្រើន​ជាង​ឪពុក​របស់​លោក​កាល​ពីមុន ហើយ​ទំនង​ជា​មាន​ឆន្ទៈ​ចង់​បញ្ចប់​ជម្លោះ​នៅ​កូរ៉េ ដើម្បី​ជាថ្នូរ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កូរ៉េ​ខាងជើង។

បើ​គេ​ពិនិត្យ​មើ​លទៅ​ខាង​កូរ៉េ​ខាង​ត្បូងវិញ គេ​អាច​មើល​ឃើញ​ថា លោក​មូន ចែអ៊ីន ក៏​មិនខុស​ពី​លោក​គីម ដែជុង​ដែរ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​ឆន្ទៈដ៏មោះមុត ក្នុងការ​ស្វែងរក​សន្តិភាព រវាង​​កូរ៉េ​ទាំងពីរ។ លោក​មូន ចែអ៊ីន​ផ្ទាល់ ដែល​កើត​នៅ​ក្នុង​ឆ្នាំ១៩៥៣ ចំ​ក្នុង​សម័យ​សង្រ្គាម​កូរ៉េ គឺ​ជា​កូនចៅ​ជនភៀសខ្លួន​មក​ពី​កូរ៉េ​ខាងជើង ហើយ​ធ្លាប់​ធ្វើ​ជា​ទាហាន​ឈរជើង​នៅ​តំបន់​គ្មានកងទ័ព។

ជំហរ​ចង់​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ជាមួយ​កូរ៉េ​ខាងជើង​នេះ លោក​មូន ចែអ៊ីន មិនមែន​ទើប​នឹង​មាន នៅ​ពេល​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នោះទេ តែ​ធ្លាប់​មាន​តាំង​ពី​យូរណាស់មកហើយ។ ហើយ​លោក​ក៏​ធ្លាប់​មាន​ជាប់ពាក់ព័ន្ធ​យ៉ាង​ច្រើន​ផងដែរ នៅ​ក្នុង​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង​នាពេល​កន្លងមក ជាពិសេស ការចរចា ដែល​ឈាន​ទៅដល់​ការ​បើក​ធ្វើ​ជំនួបកំពូល រវាង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង រ៉ុះ មូយ៉ុន និង​លោក គីម ជុងអ៊ីល នៅ​ឆ្នាំ២០០៧ ដែល​នៅ​ពេលនោះ លោក​មូន ចែអ៊ីន គឺ​ជា​នាយកខុទ្ទកាល័យ និង​ជា​មនុស្ស​ដ៏ជំនិត​របស់​លោក រ៉ុះ មូយ៉ុន។

ក៏ប៉ុន្តែ ដំណោះស្រាយ​វិបត្តិ​កូរ៉េ​នេះ វា​មិន​អាស្រ័យ​តែ​ទៅលើ​កូរ៉េ​​ខាង​ត្បូង និង​កូរ៉េ​ខាងជើង​នោះទេ តែ​វា​អាស្រ័យ​ផងដែរ​ទៅលើ​ជំហរ​របស់​សហរដ្ឋ​អាមេរិក។ គេ​នៅចាំបាន​ថា រាត្រីទឹកឃ្មុំ រវាង​កូរ៉េ​ទាំងពីរ នៅ​ក្រោយ​ជំនួបកំពូល រវាង​លោក​គីម ដែជុង និង​លោក​គីម ជុងអ៊ីល កាល​ពី​ឆ្នាំ២០០០ ត្រូវ​បាន​ប្រែក្លាយ​ទៅជា​រាត្រីទឹកខ្មេះ គឺ​មួយផ្នែកធំ ដោយសារ​តែ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​អាមេរិក ក្រោយ​ការ​ផ្លាស់ប្តូរ​ប្រធានាធិបតី នៅ​ដើម​ឆ្នាំ២០០១ គឺ​ផ្លាស់ប្តូរ ពី​លោក​ប៊ីល គ្លីនតុន ទៅ​លោក​ចច ដាបិលយូ ប៊ូស ដែល​ជា​អ្នក​ប្រកាន់​នយោបាយ​តឹងរ៉ឹងទៅលើ​កូរ៉េ​ខាងជើង។

ហេតុដូច្នេះហើយ​បាន​ជា​នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​នៅ​ទន្ទឹង​រង់ចាំមើល​ពី​ជំនួបកំពូល រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ ដែល​ជា​កត្តា​ដ៏​ចម្បងមួយ ក្នុងការ​កំណត់​ពី​ជោគវាសនា នៃ​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីបកូរ៉េ។ ហើយ​រហូតមកទល់​នឹង​ពេលនេះ គេ​ទំនង​ជា​នឹង​អាច​សង្កេតមើល​បានហើយ​ថា និយាយ​ពី​លោក​ដូណាល់ ត្រាំ គេ​ពិបាក​នឹង​ប្រមើល​មើល​ទុក​ជាមុន​ណាស់​​ថា តើ​លោក​នឹង​ដើរ ឬ​បត់បែន​ទៅតាម​ផ្លូវណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ