អានតួអត្ថបទ

អឺរ៉ុប​​ចង់​​​ចាត់វិធានការ​​ដោះស្រាយ​​​​វិបត្តិ​​​​អ​ន្តោប្រវេសន៍​​ តាំងពី​​​​ទឹកដី​​អាហ្វ្រិក​ទៅ​​​

​មេដឺកនាំ​​អឺរ៉ុបនិង​អាហ្វ្រិក​​ចំនួន​៧ប្រទេស​មាន​​ ​​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ នីហ្សេ ឆាដ និង​លីប៊ី ​បាន​ពិភាក្សា​គ្នា​នៅទីក្រុង​ប៉ារីស​ ថ្ងៃចន្ទ​ម្សិលមិញ ស្វែងរក​ដំណោះស្រាយ​​​បញ្ហា​​អន្តោប្រវេសន៍។ ​អឺរ៉ុបបាន​ស្នើទៅ​អាហ្វ្រិក​អោយ​កំណត់អត្តសញ្ញាណ​ជនភៀសខ្លួន​តាំងតែ​ពី​ដំបូងទី​នៅ​អាហ្វ្រិក។ មេដឺកនាំ​អាហ្វ្រិ​ក​វិញទាមទារ​​អោយ​មាន​ជំនួយ​ហិរញ្ញវត្ថុ​​បន្ថែម​សម្រាប់​អាហ្វ្រិក។​​

មេដឹកនាំ​អឺរ៉ុប​និង​អាហ្វ្រិក ជួបគ្នា​នៅ​ក្រុងប៉ារីស​ ថ្ងៃចន្ទ​២៨សីហា ​២០១៧
មេដឹកនាំ​អឺរ៉ុប​និង​អាហ្វ្រិក ជួបគ្នា​នៅ​ក្រុងប៉ារីស​ ថ្ងៃចន្ទ​២៨សីហា ​២០១៧ REUTERS/Thibault Camus/Pool
ផ្សាយពាណិជ្ជកម្ម

មេដឺកនាំ​អឺរ៉ុប​និង​អាហ្វ្រិក​៧ប្រទេស​ មាន​ប្រធានាធិបតី​ឆាដ លោក​ដេប៊ី អ៊ីតណូ ប្រធានាធិបតី​នីហ្សេ លោក​ម៉ាាហាម៉ាឌូ ​អ៊ីស៊ូហ្វ៊ូ នាយករដ្ឋមន្ត្រី​បង្រួបបង្រួមជាតិ​លីប៊ី លោក​អាល់ សារ៉ា លោកស្រី​មែរគែល មេដឺកនាំ​អេស្ប៉ាញ​លោក​ហ្សង់ទីលីណូ ​និង​លោក​ម៉ារីយ៉ាណូ រ៉ាហយ ​ហើយ​ក៏​មាន​ទាំង​តំណាងការទូត​អឺរ៉ុប លោកស្រី​ម៉ុកហេរីនី​ផងដែរ បាន​នាំគ្នា​ពិភាក្សា​ដោះស្រា​យបញ្ហា​ជនភៀសខ្លួន នៅ​ទីក្រុង​ប៉ារីស។ ប្រទេស​អឺរ៉ុប​និង​អាហ្វ្រិក​ទាំងនេះ បាន​ចេញសេចក្តី​ប្រកាស​រួមមួយ បង្ហាញ​ទិសដៅ​​ពង្រឹង​ការគាំទ្រ​ដល់​ប្រទេស​ដែល​ជនភៀសខ្លួន​ឆ្លងកាត់ ​នៅ​អាហ្វ្រិក និង​ពង្រឹង​​យុទ្ធនាការ​​​ប្រឆាំងការ​​ជួញដូរ​ជនអន្តោប្រវេសន៍។

អឺរ៉ុប​បាន​ស្នើអោយ​ពិនិត្យ​អត្តសញ្ញាណ​ជនភៀសខ្លួន​តាំងតែ​ពី​ក្នុង​ដែនដី​អាហ្វ្រិកទៅ។ ការ​​ពិនិត្យ​អត្តសញ្ញាណតាំងតែ​ពី​ក្នុងដែនដី​អាហ្វ្រិក ពី​ដំបូងទី​ទៅនេះ​ ដើមឡើយ​ជា​គំនិតផ្តួចផ្តើម​​របស់​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល​ ម៉ាក្រុង​តាំងតែ​ពី​ខែកក្កដា​មក ដែលគេហៅថា Hot spots។ Hot spotsជា​ផែនការ​​បង្កើត​អោយ​មាន​មជ្ឈមណ្ឌល​កត់ត្រា​​អត្តសញ្ញាណ​ជនអន្តោប្រវេសន៍ ដើម្បីបែងចែក​អោយច្បាស់​រវាង​ជនភៀសខ្លួន​​នយោបាយ និង​ជនភៀសខ្លួន​​សេដ្ឋកិច្ច។ ​ដើមឡើយ លោក​ម៉ាក្រុង ​ចង់អោយHot spotsអនុវត្ត​​ធ្វើនៅ​លីប៊ី។ ប៉ុន្តែ អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​បានជំទាស់ ព្រោះថា លីប៊ី​គ្មានស្ថិរភាព​សន្តិសុខ ពិបាក​នឹង​សម្រេច​ផែនការ​Hot spotsមួយនេះ។

ឥឡូវនេះ ​បារាំង​ចង់អោយ​ប្រទេស​នីហ្សេ ​និង​ឆាដ អនុវត្ត​វិញ។ ប៉ុន្តែ ប្រទេស​ឆាដ និង​នីហ្សេ​ ជំទាស់​តាំងពី​ដំបូងទី កម្មវិធី​Hot spotsនេះ ព្រោះបារម្ភ​ថា ​ជនភៀសខ្លួន​អាច​សម្រុកទៅ​សុំសិទ្ធិជ្រកកោន​តាម​ព្រំដែន​ឆាដ​និង​លីប៊ី។ ពេលនេះ​ បារាំង​បាន​​​​ប្តូរឈ្មោះ​ផែនការ​នេះ ដោយប្រើ​ពាក្យ​ថា​ ​បេសកកម្ម​ការពារវិញ។ ​​ប៉ុន្តែ វា​មិនខុសគ្នា​​​​នឹង​Hot spotsទេ​ គឺ​ត្រូវតែ​​ចុះអត្តសញ្ញាណ​ជន​ភៀសខ្លួន ​ប៉ុន្តែ ក៏​មាន​​ការត្រួតពិនិត្យ​ពី​អង្គការ​UNHCRដែរ ថាតើ​ជនរូបណា​មានសិទ្ធិ​សុំសិទ្ធិជ្រកកោន។​

ប្រឈមនឹង​លំហូ​ជនភៀសខ្លួន​មក​អឺរ៉ុប អឺរ៉ុប​រកវិធី​​កាត់ផ្តាច់​ការភៀសខ្លួន​ខុសច្បាប់ តាមផ្លូវទឹក​នៅ​សមុទ្រ​មេឌីទែររ៉ាណេ។ កិច្ចព្រមព្រៀង​ជាមួយ​តួកគី​ឆ្នាំ២០១៦ បានជួយ​កាត់បន្ថយ​ជនភៀសខ្លួន​មួយចំណែក​ដែរ។ ប៉ុន្តែ ជនអន្តោប្រវេសន៍ច្រើនទៀត​បាន​ឆ្លងមក​អឺរ៉ុប​តាមឆ្នេរ​ម៉ារ៉ុក និង​អេស្ប៉ាញវិញ។ គិតតាំង​ពី​ឆ្នាំ២០១៤ ​មក​ ជនភៀសខ្លួន​១៤០០០នាក់​បានស្លាប់​ក្នុង​គ្រោះថ្នាក់​លិចទូក​ នៅ​សមុទ្រ​មេឌីទែររ៉ាណេ។

ក្នុងជំនួប​ម្សិលមិញ​​ មេដឺកនាំ​អាហ្វ្រិក​សុំអោយ​មានជំនួយហិរញ្ញវត្ថុ​​បន្ថែម​សម្រាប់​ការអភិវឌ្ឈ​អាហ្វ្រិក ដើម្បី​ចូលរួម​កាត់បន្ថយ​មិនអោយ​មាន​មនុស្ស​ភៀសខ្លួន​ទៅ​ក្រៅស្រុក៕ ​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ