ជំនួបកំពូលBrics៖ចិនគូសបញ្ជាក់ពីទំនាក់ទំនងចិន-ឥណ្ឌាដែលត្រូវតែមានស្ថិរភាពឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤០
នៅក្រុង Xiamen ប្រទេសចិន ជំនួបកំពូលក្រុមប្រទេសBrics ដែលមានចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ត្រូវបិទបញ្ចប់ ថ្ងៃអង្គារ៥កញ្ញានេះហើយ។ ប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងពីបំណងរបស់ចិនចង់ឃើញទំនាក់ទំនងរវាងឥណ្ឌានិងចិនត្រលប់រកភាពប្រក្រតីឡើងវិញ។ ប្រទេសទាំង២តានតឹងនឹងគ្នាដោយសារការប៉ះទង្គិចតាមព្រំដែនតំបន់ភ្នំហ៊ីម៉ាឡាយ៉ា មួយរយៈពេលចុងក្រោយនេះ ហើយបញ្ហាទើបនឹងបានដោះស្រាយ កាលពីសប្តាហ៍មុននេះប៉ុណ្ណោះ។ ក្នុងជំនួប Brics ថ្ងៃនេះដែរ លោកស៊ី ជីនពីង បានសំដែងការបារម្ភពីកំនើននយោបាយដែលផ្តោតតែលើប្រយោជន៍ជាតិជាធំ។ លោកស៊ី បានអំពាវនាវអោយក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ពង្រឹងកិច្ចសហប្រតិបត្តិការគ្នាថែមទៀត។
លោកស៊ី ជីនពីង៖ប្រជាជនចិននិងឥណ្ឌាត្រូវចេះគោរពគ្នាទៅវិញទៅមក
បញ្ហាប៉ះទង្គិចតាមព្រំដែនរវាងចិននិងឥណ្ឌា បានដោះស្រាយរួចរាល់ហើយនៅសប្តាហ៍មុននេះ។ ឥណ្ឌាបានព្រមព្រៀងដកទាហានចេញពីតំបន់ព្រំដែនដុក្លាម នៅហ៊ីម៉ាឡាយ៉ា ក៏ដើម្បីអាចអោយនាយកររដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី បានមកចូលរួមជំនួបកំពូល Brics នៅចិនដែរ។
ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងទៅលោកណារិនដ្រា ម៉ូឌី ថា ចិនចង់អោយទំនាក់ទំនងចិន-ឥណ្ឌា ស្ថិតលើមាគ៌ាដែលល្អ។ លោកស៊ី ជីនពីងចង់អោយទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឡប់ទៅរកភាពប្រក្រតី មានស្ថិរភាព ហើយចាំបាច់ទៅទៀតនោះ គឺស្ថិរភាព និងភាពមិនល្អក់កករនឹងគ្នា។ ប្រធានាធិបតីចិនលើកឡើងថា គឺដើម្បីផលប្រយោជន៍រវាងប្រទេសទាំង២ ហើយប្រជាជនទាំង២ប្រទេសត្រូវតែចេះគោរពគ្នាទៅវិញទៅមក និងត្រូវរក្សាសន្តិភាពតាមបណ្តោយព្រំដែនរួម។ ចិននិងឥណ្ឌា តានតឹងគ្នា មិនទាន់ចប់ស្រួលបួលទេ។ មួយរយៈចុងក្រោយនេះ មានការប៉ះទង្គិចរវាងទាហានចិននិងទាហានឥណ្ឌា នៅតាមព្រំដែនតំបន់ភ្នំហ៊ីម៉ាឡាយ៉ា។
សូមរំលឹកថា រឿងរ៉ាវមានតាំងពីពាក់កណ្តាលខែមិថុនាមក ដោយសារតែចិនសាងសង់ផ្លូវនៅតំបន់ខ្ពង់រាបដុក្លាម នៅហ៊ីម៉ាឡាយ៉ា ជាតំបន់យុទ្ធសាស្ត្រ៣ប្រទេស គឺមានចិន ឥណ្ឌា និងប៊ូតង់។ ប៊ូតង់ថាចិនចង់ឈ្លានពានទឹកដីប៊ូតង់ អញ្ចឹងឥណ្ឌាក្នុងនាមជាអាណាព្យាបាលជួយប៊ូតង់ ក៏បញ្ជូនទាហានទៅរាំងស្ទះការដ្ឋានផ្លូវចិននៅទីនោះទៅ។
ដូច្នេះ ក៏បង្កជាការប៉ះទង្គិចធ្វើអោយមនុស្សរបួសច្រើននាក់។ បើតាមចិន ការដ្ឋានផ្លូវចិនគឺធ្វើក្នុងដែនដីចិនទេ មិនហៀរចូលដែនដីប្រទេសណាមួយទេ។ បញ្ហានេះបានដោះស្រាយរួចរាល់ មានការដកកងទ័ពរួចរាល់ សប្តាហ៍មុននេះហើយ ដើម្បីកុំអោយជម្លោះនេះ កាន់តែធ្ងន់ ហើយវារឹតតែឥតប្រយោជន៍ទៅទៀត គឺអាចប៉ះពាល់មុខមាត់ចិន និងឥណ្ឌាក្នុងឆាកអន្តរជាតិទៀតផង ចំពេល មានជំនួបកំពូល Brics ប្រចាំឆ្នាំ២០១៧នេះផង។ ព្រំដែនរួមចិន-ឥណ្ឌា តាមជួរភ្នំហ៊ីម៉ាឡាយ៉ា មានប្រមាណ៣៥០០គីឡូម៉ែត្រ ប៉ុន្តែគ្មានគំនូសខណ្ឌច្បាស់លាស់ទេ ម្ល៉ោះហើយទើបចិននិងឥណ្ឌាតានតឹងគ្នារឿងនេះ។
នៅមានរឿងតានតឹងផ្សេងទៀតដែរ គឺចិនមិនពេញចិត្តឃើញឥណ្ឌាគាំទ្រសម្តេចសង្ឃដាឡៃ ឡាម៉ាប៉ុន្មានទេ។ ហើយឥណ្ឌាវិញ ក៏បារម្ភពីសកម្មភាពយោធាចិន ដែលកើនឡើង នៅតាមមហាសមុទ្រឥណ្ឌាដែរ។ ទោះយ៉ាងនេះក្តី ប្រទេសទាំង២មានប្រជាជនច្រើនជាងគេក្នុងពិភពលោក ហើយក៏ប្រជែងគ្នា ដាក់ឥទ្ធិពលក្នុងឆាកអន្តរជាតិដែរ ដូច្នេះ មិនអាចឈ្លោះគ្នាដូចកូនក្មេងទេ។ ភាគីនិមួយៗត្រូវខំធ្វើអោយ ស្ថានការណ៍តានតឹងស្ងប់ស្ងាត់ទៅវិញ ធ្វើអោយទំនាក់ទំនងទ្វេភាគី ត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ ប្រទេសទាំង២ជាសមាជិកក្រុមប្រទេស Brics និងជាក្បាល ម៉ាស៊ីនក្រុមនេះផងដែរ ដូច្នេះ មិនអាចឈ្លោះគ្នាហួសហេតុទេ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌារំលឹកចិនថា ទាល់តែមានភាពស្ងប់ស្ងាត់តាមព្រំដែនជាមុនសិន ទើបអាចអភិវឌ្ឈន៍ទំនាក់ទំនងជាមួយគ្នាទៀត។
ចិនខំដើរតួនាទីជាប្រទេសការពារផលប្រយោជន៍ពិភពលោក ប្រឈមនយោបាយជាតិនិយមរបស់អាមេរិក
ក្នុងជំនួបកំពូល Brics នៅចិន លោកស៊ី ជីនពីង ខំដើរតួជាអ្នកដឺកនាំដែលការពារប្រយោជន៍រួម ក្នុងពិភពលោក។ លោកបានសំដែងការបារម្ភពីកំណើននយោបាយអភិរក្សនិយម បែបយ៉ាងនយោបាយការពារប្រយោជន៍ជាតិរបស់លោកដូណាល់ ត្រាំ។
ប្រឈមនឹងនយោបាយជាតិនិយមអាមេរិក ចិនត្រូវខំបង្អួតខ្លួន ដើរតួនាទីជាប្រទេសត្រឹមត្រូវ ការពារផលប្រយោជន៍សេដ្ឋកិច្ចពិភពលោក។ លោកដូណាល់ ត្រាំ ស្អប់ចិន ធ្លាប់ចោទថា ចិនរកស៊ីមិនស្មោះត្រង់។ ឥឡូវ ក្នុងជំនួប Brics លោកស៊ី ជីនពីង ឆ្លៀតបង្ហាញទៅវិញថា គឺនយោបាយអាត្មានិយមគិតតែផលប្រយោជន៍ជាតិផ្ទាល់ខ្លួន នៅអាមេរិកឯណោះទេ ដែលជានយោបាយមិនស្មោះត្រង់។ ប្រធានាធិបតីចិនថែមទាំងបានប្រកាសចូលរួមជួយ៥០០លានដុល្លារ ដល់មូលនិធិរ៉ាប់រង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសក្រីក្រ ក្នុងទិសដៅជួយប្រទេសអភិវឌ្ឈន៍ផ្សេងៗ អោយដោះស្រាយគ្រោះអត់ឃ្លាន និងបញ្ហាសុខភាពសាធារណៈ ដោះស្រាយផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងបម្លាស់ទីប្រជាជនជាដើម។
ទាក់ទងនឹងបញ្ហាការប្រែប្រួលអាកាសធាតុនេះ អ្នកណាៗក៏ដឹងដែរថា លោកដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ ក្នុងជំនួបកំពូល Brics ថ្ងៃនេះ ប្រធានាធិបតីចិន ខំបង្ហាញថា ចិនការពារប្រយោជន៍ពិភពលោកខ្លាំងណាស់។ លោកបានអំពាវនាវអោយប្រទេសអភិវឌ្ឍពង្រឹងជំនួយដល់ប្រទេសកំពុងអភិវឌ្ឈ ហើយសុំអោយប្រទេស Brics និងដៃគូ ចូលរួមប្រឆាំងនឹងនយោបាយអាត្មានិយម ដែលគិតតែប្រយោជន៍ជាតិខ្លួនឯង។
សូមបញ្ជាក់ថា ក្រុម Brics មាន៥ប្រទេស គឺចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង មានប្រជាជន៤២ភាគរយ ក្នុងចំណោមប្រជាជនសរុបក្នុងពិភពលោក។ ១០ឆ្នាំចុងក្រោយនេះ ផលិតផលជាតិសរុបក្នុងស្រុករបស់ប្រទេសទាំងនេះ បានកើនឡើង១៧៩ភាគរយ ការផ្តោះប្តូរពាណិជ្ជកម្មកើន៩៤ភាគរយ ហើយប្រជាជនក្នុងក្រុងក៏កើន២៨ភាគរយដែរ។ កត្តាទាំងនេះជួយអោយសេដ្ឋកិច្ចពិភពលោកមានស្ថរិភាព ហើយកំណើនពិភពលោកវិញ មានក៏នឹងនរដែរ។ នេះបើតាមការលើកឡើងរបស់លោកស៊ី ជីនពីង។
ឆ្នាំ២០១៧នេះ មានប្រទេសផ្សេងៗ ដូចជាថៃ ម៉ិចស៊ិក អេហ្ស៊ីប ហ្គីណេ និងតាត់ជីគីស្ថាន បានមកចូលរួមកិច្ចប្រជុំ Bricsនេះដែរ គឺប្រជុំក្នុងនាមជាប្រទេសសង្កេតការណ៍។ តែពួកគេចូលរួមពិភាក្សាពីការបង្កើនសមាជិកបន្ថែមក្នុងក្រុមប្រទេស Brics នេះ។ ដូច្នេះ ពេលខាងមុខ ក្រុមប្រទេស Brics កាន់តែមានសមាជិកច្រើន ដើម្បីប្រជែងអានុភាពជាមួយខាងអាមេរិក និងក្រុមប្រទេសលោកខាងលិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ