ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
មជ្ឈិមបូព៌ា

ជំនួប​នៅ​ក្រុង​អាស្តាណា ​ស្តីអំពី​​៤​តំបន់​សន្តិសុខ​នៅ​ស៊ីរី​ នឹង​ប្រព្រឹត្ត​ទៅ​​ជាថ្មី​នៅ​ចុង​ខែ​សីហា

media  
កងកម្លាំង​គួដឌីស្ថាន​កំពុង​រត់​តាមផ្លូវ​មួយ នៅ​ក្រុង​រ៉ាក់កា ភាគ​កណ្តាល​ស៊ីរី Reuters

ថ្ងៃ៤និង៥កក្កដា នៅក្រុង​អាស្តាណា រដ្ឋធានី​កាហ្សាក់ស្ថាន មាន​ប្រព្រឹត្តទៅ​ ជំនួប​លើកទី៥​ ស្តីអំពីការ​ដាក់ឲ្យដំណើរការ​អនាគត”៤ តំបន់សន្តិសុខ”​ នៅស៊ីរី។​ បានចូលរួម គឺភាគី​ប្រឆាំងស៊ីរី, គណៈ​ប្រតិភូរដ្ឋាភិបាលក្រុងដាម៉ាស,​ បណ្តាតំណាង​របស់រុស្ស៊ី​ និង​ អ៊ីរ៉ង់​ សុទ្ធតែ​ជាសម្ព័ន្ធមិត្ត​លោក បាស្ហា អាល់ អាសាដ,​ តំណាង​របស់តួកគី​-ប្រទេស​ជាបង្អែក​ពួកឧទ្ទាម។ ថ្លែងជា​តុល្យាការ ក្នុងសម័យ​ប្រជុំពេញអង្គ ​ប្រមុខការទូត​ កាហ្សាក់ស្ថាន-ប្រទេសម្ចាស់ផ្ទះ​ទទួលជំនួបនេះ​ បានឲ្យដឹងថា​ ៣​ប្រទេស ​ខាង​ធានា​ដល់​ការឈប់បាញ់ នៅ​ស៊ីរី ពោលគឺ រុស្ស៊ី អ៊ីរ៉ង តួកគី បាន​ផ្ទុកផ្តាក់​ឲ្យក្រុមការងារ​ចម្រុះ​ លំអិតឲ្យ​បាន​ដាច់ស្រេច អំពីគ្រប់តែ​ល័ក្ខខ័ណ្ឌ​បច្ចេកទេស​នៃ​៤​តំបន់សន្តិសុខ​នោះ។

បានស្ថិតក្នុងរង្វង់​នៃការពិភាក្សា​ថ្ងៃទី១ គឺបញ្ហា​ព្រំប្រទល់នៃតំបន់​ទាំងនោះ ដែលបង្កើត​ឡើង​ តាម​សំណើជាលើកដំបូង របស់ លោកប្រធានាធិបតីរុស្ស៊ីពូទីន កាលពីខែឧសភា និង​របៀបគ្រប់គ្រងវា។ ហើយ​ក្នុងថ្ងៃទី២ នៃកិច្ចចរចា គឺមានប្រព្រឹត្ត​ទៅជំនួប​ដាច់​ដោយឡែក​​ពីគ្នា ក្នុងលក្ខណៈបិទទ្វារ មួយចំណែកគឺ រវាង តំណាងនៃ ៣ប្រទេសធានា និង គណៈប្រតិភូភាគីឧទ្ទាមស៊ីរី និង មួយចំណែកទៀត គឺរវាងតំណាង ៣ប្រទេសនោះ និង គណៈប្រតិភូរដ្ឋាភិបាលលោក បាស្ហា អាល់ អាសាដ​-ជំនួបទាំងនេះ ចាត់ចែងឡើង មុន​ដល់ពេល​បើកសម័យប្រជុំពេញអង្គ។ បានវត្តមាន ក៏ទាំងប្រេសិត​វិសាមញ្ញ​របស់​អសប ​ខាងបញ្ហាស៊ីរី​ លោកStaffan de Mistura ។

រុស្ស៊ី អ៊ីរ៉ង់ តួកគី កាលពីខែឧសភា បាន​អនុម័ត​គោលការណ៍​នៃការបង្កើត​ តំបន់​សន្តិសុខ​ចំនួន៤​នៅស៊ីរី ដើម្បីចាក់គ្រឹះ​របបឈប់បាញ់​ ឲ្យបានយឺនយូរ​ នៅតាម​ខេត្តជាច្រើន​នៃ​ប្រទេសនេះ។

“តំបន់សន្តិសុខ”នោះ​ នឹងបង្កើតឡើង​លើដែនដី​ពួកឧទ្ទាម​ក្នុងខេត្តIdleb​ ប៉ែកពាយ័ព្យ, ក្នុង​ខេត្តHoms ភូមិភាគកណ្តាល, នៅសង្កាត់ខាងកើតជាយក្រុងដាម៉ាស ឈ្មោះ Ghouta ក្រោម​អំណាចពួកឧទ្ទាម និង​នៅភាគខាងត្បូងប្រទេស។

បេសកជនពិសេស ​របស់វិមានក្រេមឡាំង ខាងបញ្ហាស៊ីរី លោក Alexandre Lavrentiev បានប្រកាសថា ព្រំប្រទល់នៃតំបន់សន្តិសុខពីរ គឺ នៅខេត្ត Homs និងសង្កាត់ Ghouta ”សន្មត់​ថាអនុម័តទៅហើយ”។

ប៉ុន្តែ នៅចោទជ្រងោងដដែល គឺ” តំបន់សន្តិសុខ” ដែលត្រូវរួមក្តោប ខេត្ត Idleb ជាប់នឹង​ព្រំដែនតួកគី និង ”ទីបម្រុងខ្លះ” ដែលស្ថិតនៅតំបន់ខាងត្បូង។

មកពីមូលហេតុនេះ បានជា ៣ ប្រទេសធានា បានផ្ទុកផ្តាក់ ក្រុមការងារ​ចម្រុះរបស់ខ្លួន​ខាង​​បន្ធូរបន្ថយ ភាព តានតឹងនៅស៊ីរី ឲ្យរួមប្រជុំនៅប្រទេសអ៊ីរ៉ង់ ថ្ងៃទី១និង ទី២សីហា​ខាងមុខ ដើម្បីបន្ទាប់មក រាយការណ៍ លទ្ធផល នៃ ការលំអិតឲ្យបានដាច់ស្រេច អំពីគ្រប់​តែល័ក្ខខ័ណ្ឌបច្ចេទេស នៃ”តំបន់សន្តិសុខទាំង៤”នៅស៊ីរី ក្នុង ជំនួបលើកក្រោយ ស្តីអំពី​សន្តិភាពសម្រាប់ស៊ីរី ដែលនឹងប្រព្រឹត្តទៅ នៅក្រុង អាស្តាណាជាថ្មី ក្នុង សប្តាហ៏​ចុងក្រោយ​នៃខែសីហា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ