អានតួអត្ថបទ

លោកដូណាល់ត្រាំ​ចង់ឲ្យ​គ្រូបង្រៀន​កាន់កាំភ្លើង​ដើម្បី​ទប់ស្កាត់​ការបាញ់ប្រហារ​នៅ​សាលារៀន

ក្រោយ​ពីមាន​ហេតុការណ៍​បាញ់​ប្រហារ​ជា​បន្តបន្ទាប់​នៅ​អាមេរិក ជាពិសេស ហេតុការណ៍​បាញ់​ប្រហារ​លើក​ចុងក្រោយ នៅ​សាលារៀន ក្នុង​រដ្ឋ Florida សម្ពាធ​ពី​សំណាក់​សាធារណជន​អាមេរិក​មាន​កាន់តែ​ខ្លាំង​ឲ្យ​លោក​ដូណាល់ត្រាំ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​រឹតបន្តឹង​សិទ្ធិ​កាន់​កាប់​អាវុធ។ ក៏ប៉ុន្តែ លោក​ប្រធានាធិបតី​អាមេរិក​លើកឡើង​នូវ​ដំណោះស្រាយ​ផ្សេងមួយទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​បាញ់​ប្រហារ​នៅ​សាលារៀន គឺ​លោក​ចង់​បំពាក់អាវុធ​ដល់​គ្រូបង្រៀន​។

លោក​ដូណាល់ត្រាំ នៅ​ពេល​ជួប​ជាមួយ​សិស្ស​មក​ពី​សាលា​រៀន​ដែល​​រង​ការ​បាញ់​ប្រហារ កាល​ពីថ្ងៃទី១៤ កុម្ភៈ ២០១៨
លោក​ដូណាល់ត្រាំ នៅ​ពេល​ជួប​ជាមួយ​សិស្ស​មក​ពី​សាលា​រៀន​ដែល​​រង​ការ​បាញ់​ប្រហារ កាល​ពីថ្ងៃទី១៤ កុម្ភៈ ២០១៨ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

“ប្រសិនបើ​គ្រូបង្រៀន​មាន​ និង​ចេះប្រើកាំភ្លើង​ស្ទាត់​ ពួកគេ​អាច​នឹង​ទប់ស្កាត់​ហេតុការណ៍​បាញ់​ប្រហារ​បាន​ភ្លាមៗ” នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក​ដូណាល់ត្រាំ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ទទួល​ជួប​សិស្ស និង​មាតាបិតា​សិស្ស ដែល​រងគ្រោះ ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ Florida បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៧នាក់ កាលពីថ្ងៃ​ទី១៤កុម្ភៈ​កន្លងទៅ។

សំណើ​នេះរបស់​លោក​ដូណាល់ត្រាំ គឺ​ស្របទៅនឹង​អ្វីដែល​សមាគម​ការពារសិទ្ធិ​កាន់កាំភ្លើង​របស់​អាមេរិក (NRA) ធ្លាប់​បាន​ស្នើឡើង ហើយ​វា​ស្របទៅនឹង​មនោគមវិជ្ជា​ទូទៅ​របស់​ក្រុម​អ្នក​និយម​កាំភ្លើង​របស់​អាមេរិក ដែលតែងតែនាំគ្នា​លើកឡើង​ថា ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​មាន​សិទ្ធិ​កាន់កាំភ្លើង ដើម្បី​អាច​ការពារខ្លួន​ទល់​នឹង​កាំភ្លើង​របស់​អ្ន​កដទៃ។

គ្រូបង្រៀន​មួយ​ចំនួន​​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅនឹង​សំណើ​របស់​លោក​ដូណាល់ត្រាំ​នេះ ​ថា គ្រូបង្រៀន​មាន​មុខងារ​បង្រៀន​សិស្ស មិនមាន​មុខងារ​ការពារសន្តិសុខ​នោះទេ ហើយ​បាន​ទាំងចោទ​សំណួរ​បន្ថែម​ទៀត​ថា តើ​គ្រូបង្រៀន ក្រៅពី​ត្រូវ​រៀន​មុខវិជ្ជា​ ដើម្បី​បង្រៀន​សិស្សហើយ ត្រូវ​ទទួល​ការ​ហ្វឹកហ្វឺន​ពី​ការ​ប្រើ​កាំភ្លើង​ថែម​ទៀត​ឬ​ក៏​យ៉ាងណា ?

ទោះជាយ៉ាងណា លោក​ដូណាល់ត្រាំ​បាន​បញ្ជាក់​ថា សំណើ​របស់​លោក មិនមែន​ឲ្យ​គ្រូបង្រៀន​កាន់កាំភ្លើង​គ្រប់ដៃនោះទេ គឺ​ឲ្យ​តែ​គ្រូបង្រៀន ឬ​បុគ្គលិក​សិក្សា​ណា ដែល​ចេះប្រើ​កាំភ្លើង​ស្ទាត់ជំនាញ​ហើយ​តែ​ប៉ុណ្ណោះ ហើយ​លោក​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា គិតជាសរុប​ទៅ នឹង​មាន​គ្រូបង្រៀន ឬ​បុគ្គលិក​សិក្សា​តែប្រមាណ​ជា ២០%​ប៉ុណ្ណោះ ក្នុង​គ្រឹះស្ថានសិក្សា​នីមួយៗ ដែល​ត្រូវ​កាន់កាំភ្លើង។

គួរបញ្ជាក់ថា មក​ទល់​នឹង​ពេលនេះ នៅ​តាម​រដ្ឋខ្លះ​នៅ​សហរដ្ឋ​អាមេរិក មាន​ច្បាប់​​អនុញ្ញាតរួចទៅហើយ​ឲ្យ​​គ្រូបង្រៀន​មាន​សិទ្ធិ​កាន់កាំភ្លើង​ទៅ​ក្នុង​សាលារៀន​។ ក៏ប៉ុន្តែ ច្បាប់​បែបនេះ​​គ្មានទេ​នៅរដ្ឋ Florida ទី​ដែល​មាន​ហេតុការណ៍​បាញ់​ប្រហារ​នៅ​សាលារៀន កាល​ពី​សប្តាហ៍មុន ហើយ​អ្វីដែល​ជនរងគ្រោះ​​ក្នុងហេតុការណ៍​បាញ់​ប្រហារ​នេះ​កំពុងទាមទារ​​ចង់​បាន​នៅពេលនេះ គឺ​មិនមែន​ឲ្យ​បង្កើតច្បាប់​អនុញ្ញាត​ឲ្យ​គ្រូកាន់កាំភ្លើង​ទៅ​សាលា​រៀន​នោះទេ ផ្ទុយទៅវិញ ពួកគេ​ចង់​ឲ្យ​មាន​ការ​​បង្កើត​ច្បាប់ ដើម្បី​គ្រប់គ្រង​សិទ្ធិ​កាន់កាំភ្លើង​ឲ្យ​បាន​តឹងរ៉ឹង​ជាង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ