អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​តួកគី​​ហ៊ាន​បិទ​សន្ទះ​បំពង់​ប្រេង​ ផ្តាច់​​ចំណូល​​សេដ្ឋកិច្ច​​តំបន់​ស្វ័យត​​គួឌីស្ថាន​អ៊ីរ៉ាក់​​​ដែរ​រឺទេ?​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​២៥កញ្ញា ប្រជាជន​តំបន់​ស្វ័យត​គួឌីស្ថាន​​អ៊ីរ៉ាក់ បាន​នាំគ្នា​បោះឆ្នោត​ប្រជាមតិ គាំទ្រ​អោយ​តំបន់​គួឌីស្ថាន​ឯករាជ្យពី​អ៊ីរ៉ាក់។ តួកគី​ដែល​មាន​ជនជាតិ​គួឌីស្ថាន​រស់នៅ​ក្នុងស្រុក​ដែរនោះ ​បាន​គំរាម​សងសឹកជនជាតិ​​គួឌីស្ថាននៅ​​អ៊ីរ៉ាក់។ ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន បាន​​ព្រមាន​កាត់ផ្តាច់​ព្រំដែន​ដីគោក​ជាមួ​យតំបន់​គួឌីស្ថាន​អ៊ីរ៉ាក់ គំរាម​ឈប់​អោយ​​គួឌីស្ថាន​នាំចេញ​ប្រេង កាត់​តាម​ទឹកដីតួកគី​ផងដែរ។

ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន ថ្លែង​សន្ទករថា នៅ​ក្រុងអ៊ីស្តង់ប៊ូល លើកឡើង​ពី​បញ្ហា​​​គួឌីស្ថាន​អ៊ីរ៉ាក់​
ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន ថ្លែង​សន្ទករថា នៅ​ក្រុងអ៊ីស្តង់ប៊ូល លើកឡើង​ពី​បញ្ហា​​​គួឌីស្ថាន​អ៊ីរ៉ាក់​ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

តួកគី​ខឹងសម្បារ​នឹង​រដ្ឋអំណាចតំបន់​ស្វ័យត​​​គួឌីស្ថានអ៊ីរ៉ាក់​ ​​ដែល​ហ៊ាន​រៀបចំប្រជាមតិ​ទាមទារ​ឯករាជ្យ​ពី​អ៊ីរ៉ាក់ ទាំងដឹងថា រឿង​ទាមទារ​ឯករាជ្យ​នេះ ជា​បញ្ហា​ក្តៅគគុក​ក្នុង​តំបន់។ ក្តៅគគុក​ព្រោះថា វាអាច​ជំរុញ​អោយ​ជនជាតិគួឌីស្ថាន​ដែលរស់នៅប្រទេស​ផ្សេងទៀត អាច​បះបោរ ទាមទារ​រៀបចំប្រជាមតិ​ដូចគ្នាដែរ។ ​នៅ​​តាមប្រទេស​ជិតខាង​អ៊ីរ៉ាក់ ដូចជា​នៅតួកគី រឺ​ក៏អ៊ីរ៉ង់ ក៏មាន​ជនជាតិគួឌីស្ថានរស់នៅដែរ ហេតុនេះហើយ​កុំថាឡើយ រដ្ឋអំណាច​កណ្តាល​អ៊ីរ៉ាក់ ​​​ ​តួកគី និង​អ៊ីរ៉ង់​មិនសប្បាយចិត្ត​នឹងប្រជាមតិ​គួឌីស្ថា​នអ៊ីរ៉ាក់ដែរ។ សូម្បី​តែ​សហគមន៍​អន្តរជាតិ​ក៏​មិន​ចង់អោយ​មានប្រជាមតិ​នេះដែរ។

តួកគី​បានគំរាម​សងសឹក​ជនជាតិគួឌីស្ថាន នៅ​អ៊ីរ៉ាក់ ប្រសិន​បើ​ហ៊ាន​បោះឆ្នោត​ប្រជាមតិ​នេះ។ ប៉ុន្តែ គួឌីស្ថាន​នៅតែ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃចន្ទ​២៥កញ្ញា​ម្សិលមិញ​ទាល់តែ​បាន។ ម្សិលមិញនេះ ប្រធានាធិបតី​តួកគី​ លោក​អ៊ែរដូហ្កាន ខឹងឆេវ​តែម្តង ក៏​ប្រកាស​ក្តែងៗគំរាម​បិទព្រំដែន​ដីគោក​​ជាមួយ​តំបន់​គួឌីស្ថាន​អ៊ីរ៉ាក់។ ​ហើយថែមទាំង​ព្រមាន​បិទមិនអោយ​គួឌីស្ថាន​នាំចូលប្រេង កាត់តាម​ទឹកដី​​​​តួកគី​ទៀតផង។ លោក​អ៊ែរដូហ្កាន​លើកឡើងថា៖ ចាំមើល តើ​គួឌីស្ថាន​អ៊ីរ៉ាក់ លក់ប្រេង​តាម​បំពង់បង្ហូរ​មួយណាទៅ? សន្ទះបិទបើកប្រេង​នៅក្នុង​ទឹកដីយើង បើ​យើង​បិទ​សន្ទះនេះ គឺចប់ការងារ​ហើយ។ ​

គួរបញ្ជាក់ថា​ ​គួឌីស្ថាន​នាំប្រេងចេញ ​កាត់តាមទឹកដី​តួកគី តាមរយៈ​បំពង់​ប្រេង​មួយ ភ្ជាប់ពី​​អ៊ីរ៉ាក់ ទៅ​កំពង់ផែ​សីហង់​ Ceyhan នៅសមុទ្រ​មេឌីទែររ៉ាណេ​​ នៅ​ភាគ​ខាងត្បូង​តួកគី។ នៅទីនោះ មាន​ទីតាំង​ឃ្លាំង​ផ្ទុកប្រេងឆៅ ដែល​សាងសង់ឡើង​ក្នុង​ទសវត្ស​ឆ្នាំ១៩៨០ ជាកម្មសិទ្ធិ​របស់​រដ្ឋអំណាច​អ៊ីរ៉ាក់។ ​ប៉ុន្តែឆ្នាំ២០១៤ រដ្ឋអំណាច​ស្វ័យត​គួឌីស្ថាន​បាន​កាន់កាប់​យកវិញ។ ​ប្រធានាធិបតី​តួកគី​អះអាង​បិទ​ចំណូល​ប្រេង​គួឌីស្ថាន​អ៊ីរ៉ាក់ ក៏ដោយសារ​សំអាង​ថា បំពង់ប្រេងភ្ជាប់​ពីអ៊ីរ៉ាក់ ទៅតួកគី​ ​​មាន​សន្ទះ​បិទបើក​នៅ​តួកគីដែរ។ មួយថ្ងៃៗ អាជ្ញាធរ​គួឌីស្ថាន​អ៊ីរ៉ាក់នាំចេញ​ប្រេង​​ពី​៥៥ម៉ឺនបារីល ទៅ​៦០ម៉ឺនបារីល កាត់តា​មបំពង់ប្រេង​មួយនេះ។ បើ​តួកគី​បិទសន្ទះបំពង់​ប្រេងនេះ លែង​អោយ​គួឌីស្ថាន​នាំប្រេងចេញ​ទៀត នោះ​សេដ្ឋកិច្ច​គួឌីស្ថាន​ច្បាស់ជា​ថប់ដង្ហើម​មិនខាន ព្រោះថា ​យោងតាម​ធនាគារពិភពលោក គួឌីស្ថាន​រកចំណូល​បាន​ពីប្រេងជាចំបង គួឌីស្ថាន​មិនចេះរកចំណូលតាម​វិស័យអ្វី​ផ្សេងទៀតទេ។ ​

​ក្រុមអ្នកវិភាគ​យល់ថា ​​តួកគី​ប្រហែល​ជាពិបាក​នឹង​អនុវត្ត​ទណ្ឌកម្ម ​បិទសន្ទះបំពង់ប្រេង​ កាត់ផ្តាច់ចំណូល​​គួឌីស្ថាន​អ៊ីរ៉ាក់។ ​​តើតួកគី​ពិតជាត្រៀមខ្លួន រហូត​សម្រេច​ទណ្ឌកម្ម ​តាម​ដែល​ខ្លួនបាន​គំរាម​ដែររឺទេ?​​​​ ព្រោះថា បើផ្តាច់​ចំណូល​ប្រេង​របស់គួឌីស្ថាន​អ៊ីរ៉ាក់ គឺ​ប៉ះពាល់​​ទាំង​ផលប្រយោជន៍រកស៊ី​​​​​របស់​តួកគី​ផងដែរ។ ទី១ គឺថា ​តាមរយៈបំពង់​ប្រេងភ្ជាប់ពី​អ៊ីរ៉ាក់ទៅគួឌីស្ថាន​មួយនេះ ​តួកគី​និង​អ៊ីរ៉ាក់​បាន​ចុះកិច្ចព្រមព្រៀង​​​ពីមុនមក អនុញ្ញាត​អោយ​ក្រុមហ៊ុនប្រេងBotas របស់​រដ្ឋ​តួកគី អាច​មាន​​ប្រេងឆៅ​អ៊ីរ៉ាក់ក្នុង​ស្តុកបំរុង​បាន។

ទី២ទៀត ​គឺថា តួកគី​ក៏មាន​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋអំណាច​គួឌីស្ថាន​អ៊ីរ៉ាក់​ដែរ គឺ​ថា ​​ចំណូលប្រេង​របស់​គួឌីស្ថាន​អ៊ីរ៉ាក់ មុននឹង​ផ្ទេរទៅ​អោយ​​​គួឌីស្ថាន គឺត្រូវទុកនៅក្នុង​ធនាគារតួកគី​ជាមុនសិន។ នៅមាន​ផលប្រយោជន៍ពាណិជ្ជកម្ម​ផ្សេងទៀត​ដែរ គឺថា កន្លងមក ​តួកគីថែម​ទាំង​​បានផ្តល់កំចី​អោយ​រដ្ឋអំណាច​គួឌីស្ថាន​អ៊ីរ៉ាក់ទៀតផង។ តួកគីថែមទាំង​បាន​បង្កើត​ក្រុមហ៊ុន​ខ្លួន​មួយ ដើម្បី​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត ក្នុង​សកម្មភាព​ចំរាញ់ប្រេងឆៅ​នៅ​ទីតាំង​សីហង់​ ក្នុងទឹកដី​តួកគីនេះ។ ទីតាំង​សីហង់​ដែល​មាន​បំពង់ប្រេង​ នាំប្រេងមក​ពីគួឌីស្ថានអ៊ីរ៉ាក់​​​​នោះ​ឯង។ ​

ផ្អែក​តាម​ផល​​ប្រយោជន៍​ទាំងអស់រៀបរាប់ខាងដើម​នេះ គេចោទជាសំណួរថា តើ​តួកគី​​ហ៊ាន​បិទសន្ទះបំពង់ប្រេង​ផ្តាច់​ចំណូល​គួឌីស្ថាន​ទេ? ​​តួកគី​ហ៊ាន​លេងគួឌីស្ថាន​ដល់ទីបំផុត​ទេ ពេលគួឌីស្ថាន​មានរដ្ឋមួយ​ឯករាជ្យ​ពី​អ៊ីរ៉ាក់? អ្វីៗគឺស៊ីសង​លើតួកគី​ទាំងស្រុង​! ​​​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ