ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT
អឺរ៉ុប

តួកគី​ថានឹង​វាយប្រហារ​កងកម្លាំងកួដ​ប្រសិន​អាមេរិក​ពន្យារពេល​ដកកងទ័ពពី​ស៊ីរី​

media  
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ពេលជួបពិភាក្សាគ្នាជាមួយសមភាគីតួកគី នៅវិមានប្រធានាធិបតីក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី៨ មករា ឆ្នាំ២០១៩។ Presidential Press Office/Handout via REUTERS

តួកគី​នឹងចាប់ផ្តើមវាយលុក​ ភាគខាងជើងប្រទេសស៊ីរី ជាទីតាំងយុទ្ធសាស្ត្ររបស់ ​កងកម្លាំងកួដ​ ប្រសិនណាបើ​ សហរដ្ឋអាមេរិក​ពន្យារពេល​ដក​កងទ័ពរបស់ខ្លួន​ ចេញពី​ប្រទេសស៊ីរី​មែននោះ​។ នេះ​ បើតាម​ការរៀបរាប់​របស់​រដ្ឋមន្ត្រីការបរទេស​តួកគី​ នៅថ្ងៃ​ព្រហស្បតិ៍​ ទី១០​ មករា​ នេះ​។

ថ្លែងប្រាប់​ទៅកាន់ទូរទស្សន៍​ក្នុងស្រុកមួយ​ រដ្ឋមន្ត្រីការបរទេស​តួកគី​ ហាក់បង្ហាញ​ជំហរម៉ឺងម៉ាត់​ដាក់សហរដ្ឋអាមេរិក​ជាខ្លាំង​ ពាក់ព័ន្ធនឹង​គម្រោងដកកងទ័ព​អាមេរិក​ពីប្រទេសស៊ីរី​ ដែល​លោក ​ដូលណាល់​ ត្រំា​ បានប្រកាស​ កាលពីខែធ្នូ​ ឆ្នាំ២០១៨​ កន្លងទៅថ្មីៗនេះ​។ លោករដ្ឋមន្ត្រីការបរទេសតួកគី​រូបនេះ​ អះអាងថា​ "ប្រសិនបើ​ការដកចេញត្រូវបានផ្អាក​ ដោយសារ​លេស​មិនសមហេតុផលនោះ​ តួកគី​ប្រាកដណាស់​នឹងបើក​ការវាយប្រហារ​ទៅលើ​ ក្រុមកួដស៊ីរី​ ដែលជា​សម្ព័នមិត្ត​របស់អាមេរិក​ជាមិនខាន​។

សូមជម្រាបជូនថា​ តួកគី ធ្លាប់បានប្រកាស ពីផែនការវាយប្រហារ ទៅលើកងកម្លាំងកួដ រួចទៅហើយ គឺចាប់តាំងពីមុនពេលដែល លោកត្រាំប្រកាសពីផែនការដកទ័ពអាមេរិកពីស៊ីរីទៅទៀត គ្រាន់តែមិនទាន់បានអនុវត្តន៍។ ប៉ុន្តែ នាខណៈនេះ តួកគីព្រលយថា អាចនឹងបើកការវាយប្រហារក្នុងប្រទេសស៊ីរីពិតប្រាកដមែន គឺបន្ទាប់ពី មន្ត្រីរដ្ឋាភិបាលតួកគី​ បានជួបពិភាក្សា​ជាមួយនឹង​ទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ គឺលោក ​John Bolton នៅក្រុងអង់ការ៉ា​ រួចមក​។

ភាគីទាំងពីរ​ មានជួបពិភាក្សាគ្នា​នៅសប្តាហ៍នេះ​ ក្នុងគោលបំណង​សម្របសម្រួល​ ដំណើរការ​ដកចេញ​ នូវ​កងទ័ពអាមេរិកចំនួន​ ២ ០០០​ នាក់​ ពី​ប្រទេសស៊ីរី​។ ក្នុងពេលចរចា​ ជាមួយគ្នា​ លោក​ John Bolton បានទាមទារឲ្យ​ទីក្រុងអង់ការ៉ា​ ទទួលខុសត្រូវ​លើការ​ធានាឲ្យបាន​ នូវសុវត្ថិភាព​របស់​ក្រុមយុទ្ធជនកួដ​ មុនពេល​ដែល​ក្រុងវ៉ាស៊ីនតោន​ ដកកងទ័ពរបស់ខ្លួនចេញពីស៊ីរី​។

ក្រៅពីនេះ​ កាលពីថ្ងៃពុធ​ ម្សិលមិញនេះ​ រដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក​ Mike Pompeo ដែល​កំពុងធ្វើដំណើរទស្សនកិច្ច​ក្នុងតំបន់ដើមបូព៌ា​ ក៏បាននិយាយដែរថា​ ប្រទេសតួកគី​បានប្តេជ្ញាចិត្តរួចរាល់ហើយ​ ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន​ គឺ​កងម្លាំងកួដ ​ដើម្បីប្រយុទ្ធប្រឆាំងទៅនឹ​ងក្រុមអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី​។

ភ្លាមៗនោះ​ ប្រធានាធិបតីតួកគី​គឺលោក​អ៊ែរដូហ្កាន បានសម្តែង​នូវការមិនពេញចិត្ត​ជាខ្លាំង​។ ជាក់ស្តែង​ លោក​បានចាត់ទុក​ ការលើកឡើង​របស់​អាមេរិកថា​គឺជា​កំហុសដ៏​ធ្ងន់ធ្ងរបំផុតមួយ​។

ទន្ទឹមគ្នានេះដែរ​ រដ្ឋមន្ត្រីការបរទេសតួកគី​ ថែមទាំង​បានសង្កត់ធ្ងន់ទៀតថា​ តួកគីនិយាយយ៉ាងមិចគឺធ្វើអីចឹង​... ហើយតួកគីនឹងសម្រេចចិត្ត បើកការវាយលុកនៅក្នុងប្រទេសស៊ីរី ដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ។

តែទោះជាយ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសតួកគី ក៏បានប្រាប់ផងដែរថា លោកមានគម្រោងពិភាក្សាជាមួយ លោក Mike Pompeoរដ្ឋមន្ត្រីការបរទេសអាមេរិក តាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ