អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួនាទី​សារព័ត៌មាន​នៅក្នុង​ប្រល័យពូជសាសន៍​រវ៉ាន់ដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​២៥ឆ្នាំមុន អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​បាន​សម្លាប់​រង្គាល​ជនជាតិ​ភាគតិច​ទុតស៊ី (Tutsi) រហូត​ដល់​ទៅ​ប្រមាណ​ជា ៨០ម៉ឺននាក់ ក្នុងរយៈពេល​ត្រឹមតែ ១០០ថ្ងៃ​ប៉ុណ្ណោះ។ ២៥ឆ្នាំក្រោយ​មក នៅ​ពេល​ដែល​​ប្រជាជន​រវ៉ាន់ដា​កំពុងតែ​រំឭកខួប​នៃ​ការ​សម្លាប់​រង្គាល​នេះ គេ​មិន​អាច​មិន​រំឭកបានទេ អំពី​តួនាទី​នៃ​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នេះ។

Radio Mille Collines ជាស្ថានីយ៍​វិទ្យុ​ដែល​ឃោសនា​ញុះញង់​ឲ្យ​ស្អប់​ជាតិសាសន៍ និង​ជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​ប្រល័យ​ពូជសាសន៍​រវ៉ាន់ ឆ្នាំ១៩៩៤
Radio Mille Collines ជាស្ថានីយ៍​វិទ្យុ​ដែល​ឃោសនា​ញុះញង់​ឲ្យ​ស្អប់​ជាតិសាសន៍ និង​ជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​ប្រល័យ​ពូជសាសន៍​រវ៉ាន់ ឆ្នាំ១៩៩៤ © Daniel Seiffert
ផ្សាយពាណិជ្ជកម្ម

គេ​មិន​អាច​មិន​និយាយ​អំពី​តួនាទី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ប្រល័យពូជសាសន៍​រវ៉ាន់ដា ពីព្រោះ​ថា ប្រព័ន្ធផ្សព្វផ្សាយ និយាយ​ដោយ​ចំ​ពោះ គឺ​ស្ថានីយ៍វិទ្យុ​ដែល​មាន​ឈ្មោះ​ជា​ភាសាបារាំង​ថា “Radio Mille Collines” គឺ​ជា​តួអង្គ​ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់ នៅ​ក្នុង​ហេតុការណ៍​សម្លាប់​រង្គាល​ជនជាតិ​ទុតស៊ី ហើយ​ក្រោយ​មក​ថ្នាក់ដឹកនាំ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​នេះ ត្រូវ​បាន​តុលាការ​អន្តរជាតិ​ទទួល​បន្ទុក​ជំនុំជម្រះ​​ឧក្រិដ្ឋកម្ម​នៅ​រវ៉ាន់ដា ​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

Radio Mille Collines គឺ​ជា​ប្រព័ន្ធផ្សព្វផ្សាយ ដែល​បង្កើត​ឡើង នៅ​​ខែកក្កដា​ឆ្នាំ១៩៩៣ ​ដោយ​គណបក្ស​នយោបាយ​របស់​ក្រុមហ៊ូទូ ដែល​ជា​បក្ស​កាន់អំណាច​នៅ​រវ៉ាន់ដា ហើយ​ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុមឧទ្ទាម​ទុតស៊ី។ ចាប់តាំង​ពី​បាន​បង្កើតឡើង​មក វិទ្យុនេះ​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ការ​ឃោសនា​មនោគមវិជ្ជា​ជ្រុលនិយម​របស់​ពួក​ហ៊ូទូ ​ជាពិសេស គឺ​ធ្វើការ​ឃោសនា​ដុតបញ្ឆេះ​កំហឹង​ប្រជាជន​ហ៊ូទូ​ឲ្យ​ស្អប់​ពួក​ទុតស៊ី។

យោងតាម​មនោគមន៍​វិជ្ជាជ្រុលនិយម​របស់​ពួក​ហ៊ូទូ ដែល​ផ្សព្វផ្សាយ​តាម​ Radio Mille Collines នេះ ជនជាតិ​ហ៊ូទូ (ដែល​មាន​ប្រមាណ​ជា ៨៥% នៃ​ប្រជាជន​សរុប​) គឺ​ជា​ម្ចាស់ប្រទេស​រវ៉ាន់ដា ចំណែក​ឯ​ពួក​ទុតស៊ី​វិញ ដែល​ជា​ជនជាតិ​ភាគតិច ត្រូវ​បាន​គេចាត់ទុក​ថា​ជា​​ពួក​អ្នក​ឈ្លានពាន ដែល​មក​ពី​ស្រុកក្រៅ គឺ​មក​ពី​អេត្យូពី។

បន្តិចម្តងៗ ការឃោសនា​ញុះញង់​ឲ្យ​ស្អប់​ជាតិសាសន៍ ដែល​ធ្វើឡើង​ដោយ​ Radio Mille Collines ​នេះ​បាន​កើតមាន​កាន់តែ​ខ្លាំងឡើងៗ ហើយ​​ប្រើ​ពាក្យសម្តី​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ រហូត​​ឈាន​ទៅដល់​ការ​ញុះញង់​ដោយ​ចំហ​​ឲ្យ​​ពួក​ហ៊ូទូ ដែល​គេហៅ​ថា​ជា "ជនជាតិ​រវ៉ាន់ដាពិតប្រាកដ" ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ពួក​ទុតស៊ី ដែល​ពួកគេ​ចាត់ទុក​ដូចជា​សត្វធាតុ គឺ​ “សត្វកន្លាត”។

​នៅតែ​ប៉ុន្មាន​ថ្ងៃ​​មុន​​ការ​ចាប់ផ្តើម​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ខែ​មេសា ឆ្នាំ១៩៩៤ Radio Mille Collines ថែម​ទាំង​បាន​ប្រកាស​ដោយ​ចំហ នូវ​ឈ្មោះ​របស់​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ ដែល​ជា​ជនជាតិ​ទុតស៊ី ឬ​ជា​ជនជាតិ​ហ៊ូទូ​កណ្តាល​និយម ហើយ​ដែល​គេ​ត្រូវ​​សម្លាប់ចោល។

បន្ទាប់​មក​ទៀត ចាប់ពី​ពេល​ដែល​អំពើ​ប្រល័យ​ពូជសាសន៍​បាន​ចាប់ផ្តើម​ឡើង នៅថ្ងៃ​ទី៧មេសា Radio Mille Collines ក្រៅពី​បាន​ផ្សព្វផ្សាយ​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួក​ហ៊ូទូ​សម្លាប់​ពួក​ទុតស៊ី ក៏​បាន​ដើរតួនាទី​ដ៏​សំខាន់​មួយ​ទៀត គឺ​ផ្សព្វផ្សាយ​អំពី​​ទីកន្លែង​ដែល​ពួក​ទុតស៊ី​លាក់​ខ្លួន។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ប្រវត្តិវិទូ​ជាច្រើន​ ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា សុទ្ធតែ​បាន​នាំគ្នា​ធ្វើការ​កត់សម្គាល់​​អំពី​​តួនាទី និង​​ឥទ្ធិពល​ដ៏​សំខាន់​របស់​ Radio Mille Collines នៅ​ក្នុង​​ការ​ជំរុញ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ពួក​ទុតស៊ី។ សាក្សី​ជាច្រើន​បាន​ធ្វើការ​រៀបរាប់​ថា នៅ​ក្នុង​អំឡុង​​ប្រល័យ​ពូជសាសន៍​រយៈពេល ១០០ថ្ងៃនោះ គេតែងតែ​សង្កេតឃើញ​ជារឿយៗ ពួកសកម្មជន​ហ៊ូទូ ដៃ​ម្ខាង​កាន់កាំបិត ហើយ​ដៃម្ខាងទៀត​កាន់​កូនវិទ្យុ​បើកស្តាប់ Radio Mille Collines ដើរស្វែងរក​​សម្លាប់​ពួក​ទុតស៊ី។

តួនាទី​របស់​ប្រព័ន្ធផ្សព្វផ្សាយ​នេះ ក៏​ជា​សំណុំរឿង​ដ៏​សំខាន់​មួយ​ផងដែរ នៅ​ក្នុង​ដំណើរការ​ជំនុំជម្រះ​​នៃ​តុលាការ​អន្តរជាតិ ដែល​បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ដើម្បី​កាត់ទោស​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត នៅ​​ក្នុងអំពើ​ប្រល័យ​ពូជសាសន៍​​រវ៉ាន់ដា។

នៅ​ឆ្នាំ២០០៣ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពីររូប​​របស់​ស្ថានីយ៍​វិទ្យុ Radio Mille Collines ព្រមទាំង​ថ្នាក់ដឹកនាំ​ម្នាក់ទៀត​នៃ​ទស្សនវដ្តី​ហ៊ូទូជ្រុលនិយម ត្រូវ​បាន​តុលាការ​អន្តរជាតិ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​​ពី ៣០ឆ្នាំ ទៅ​មួយ​ជីវិត ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ព្រមទាំង​សកម្មភាព​ផ្សេងទៀត ដែល​គេ​រាប់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ ដែល​កំណត់​​ពិរុទ្ធភាព​នៃ​ថ្នាក់​ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ ពីបទ​ញុះញង់​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​យុត្តិសាស្រ្ត​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​អន្តរជាតិ។ ហើយ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់​ដា​នេះ នៅតែ​ជា​មេរៀន​ដ៏​សំខាន់​មួយ សម្រាប់​សហគមន៍​អន្តរជាតិ ក៏​ដូចជា​ប្រជាជន​​ទូទៅ​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​ ឲ្យ​មាន​ការ​​យល់ដឹង ​អំពី​ឥទ្ធិពល​នៃ​ប្រព័ន្ធផ្សព្វផ្សាយ នៅ​ក្នុងករណី​ឧក្រិដ្ឋកម្ម​សម្លាប់​រង្គាល ហើយ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទប់ស្កាត់​ នូវ​ការ​ផ្សព្វផ្សាយ​ទាំងឡាយណា ដែល​មាន​លក្ខណៈ​​ញុះញង់​ឲ្យ​ស្អប់​ជាតិសាសន៍ ទោះជា​ក្នុង​រូបភាព​បែបណា​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ