ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT

តើ​ចិន​នៅ​មាន​អាវុធអ្វីទៀត​សម្រាប់​ប្រើ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក?

តើ​ចិន​នៅ​មាន​អាវុធអ្វីទៀត​សម្រាប់​ប្រើ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក?
 
ចិន ​ដែល​នាំ​ចូល​ទំនិញ​ពី​អាមេរិក​ត្រឹមតែ​ប្រមាណ​ជា ១២០ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ស្ទើរតែ​លែង​មាន​មុខទំនិញ​​ដែល​អាច​ដំឡើង​ពន្ធ​ទៀត​បាន​ហើយ REUTERS/Damir Sagolj/File Photo

គិត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​កន្លងទៅនេះ នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ជិតមួយឆ្នាំ​កន្លងទៅនេះ អាមេរិក​បាន​ដំឡើងពន្ធ​លើ​ទំនិញ​ចិន​គិតជាសរុប​​ចំនួន ២៥០ពាន់លាន​ដុល្លារ​រួចមកហើយ ចំណែក​ចិនវិញ​បាន​ដំឡើងពន្ធ​លើ​ទំនិញ​អាមេរិក​ចំនួន ១១០ពាន់លានដុល្លារ។ បន្ទាប់​ពី​នេះ​ទៅ អាមេរិក​នៅ​មាន​​លទ្ធភាព​ដំឡើងពន្ធ​លើ​​​​ទំនិញ​ចិន​ប្រមាណ​ជា ៣០០ពាន់លាន​ដុល្លារ​ទៀត​ដែល​នៅ​សេសសល់ ហើយ​​ដែល​លោក​ដូណាល់ ត្រាំ បាន​លើកយក​មក​គំរាម​ចិន​រួចទៅហើយ កាល​ពីថ្ងៃ​សុក្រ​កន្លងទៅ។ ចំណែក​ឯចិនវិញ ​ដែល​នាំ​ចូល​ទំនិញ​ពី​អាមេរិក​ត្រឹមតែ​ប្រមាណ​ជា ១២០ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ គឺ​ស្ទើរតែ​លែង​មាន​មុខទំនិញ​​ដែល​អាច​ដំឡើង​ពន្ធ​ទៀត​បាន​ហើយ។

ក៏ប៉ុន្តែ ចិន​នៅ​មាន​អាវុធ​ផ្សេងទៀត ដើម្បី​យក​មក​តទល់​ជាមួយ​នឹង​អាមេរិក​។

នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក បើ​និយាយ​ពី​ការ​ដំឡើងពន្ធ​នាំចូល​លើ​គ្នា​ទៅវិញ​ទៅមក ចិន​ពិត​ជា​មិន​អាច​ធ្វើការ​ឆ្លើយតប​ដោយ​សមមូល​គ្នា​ទៅនឹង​វិធានការ​របស់​អាមេរិក​បាន​នោះទេ ដោយសារ​តែ​ចិន​នាំចូល​ទំនិញ​ពី​អាមេរិក​តិច​ជាង​អាមេរិក​នាំទំនិញ​​ពី​ចិន គឺ​តិច​ជាង​រហូត​ដល់​ទៅ​ជាង៤ដង​ឯណោះ។ ក៏ប៉ុន្តែ ចិន​នៅ​មាន​ជម្រើសផ្សេង​ក្រៅពី​ការ​ដំឡើងពន្ធ ដើម្បី​យក​មក​ធ្វើ​ជា​អាវុធ​​​តទល់ជាមួយ​អាមេរិក។

បញ្ចុះតម្លៃ​លុយ​យ័ន

ការ​បញ្ចុះ​តម្លៃ​លុយ​យ័ន​អាច​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទប់ទល់​នឹង​ពន្ធ​នាំចូល​របស់​អាមេរិក។

តាមការពិត​ទៅ ខុសពី​ការ​អះអាង​របស់​លោក​ដូណាល់ ត្រាំ ពន្ធនាំចូល​ដែល​អាមេរិក​ដំឡើង​នៅ​ពេលនេះ មិនមែន​ចិនទេ​ជា​អ្នក​ត្រូវ​បង់​ទៅ​អាមេរិក ផ្ទុយ​ទៅវិញ គឺ​ក្រុមហ៊ុន​ដែល​នាំចូល​ទំនិញ​ចិន​ដែល​ជា​អ្នក​ត្រូវ​បង់ ហើយ​ចុងក្រោយ នៅ​ពេល​ដែល​ក្រុមហ៊ុន​ទាំងនេះ​ដំឡើង​ថ្លៃ​ទំនិញ​ដែល​ជាប់​ពន្ធ​ គឺ​ប្រជាជន​អាមេរិក​ ដែល​ជា​អ្នក​ទិញ​ទំនិញ​ដែល​ជា​អ្នក​ត្រូវ​បង់​ថ្លៃ។

សម្រាប់​ចិន ផលប៉ះពាល់​ដ៏​ចម្បង​បំផុត​​នៃ​ការ​ដំឡើងពន្ធ​នាំចូល​នេះ គឺ​ការបាត់បង់​ទីផ្សារ​សម្រាប់​នាំចេញ​ទៅ​អាមេរិក ដោយសារ​តែ​ទំនិញ​ចិន​ដែល​ជាប់​ពន្ធ​ត្រូវ​មាន​តម្លៃ​ថ្លៃ​ ពិបាក​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​ផលិត​នៅ​ប្រទេស​ផ្សេង។ ក៏ប៉ុន្តែ ដោយសារ​តែ​ថ្លៃ​ដើម​នៃ​កា​រផលិត​ទំនិញ​ចិន​ត្រូវ​គិត​ជា​យ័ន ហើយ​យក​ទៅលក់​នៅ​អាមេរិក​គិត​ជា​ដុល្លារ ចិន​អាច​បញ្ចុះ​តម្លៃ​លុយយ័ន​របស់​ខ្លួន ដើម្បី​យក​មក​ស៊ីសង​គ្នា​ជាមួយ​ពន្ធ​នាំចូល ដែល​អាមេរិក​ដំឡើង ហើយ​ទប់​តម្លៃ​ទំនិញ​កុំ​ឲ្យ​ឡើងថ្លៃ។

រំខាន​ការ​រកស៊ី​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​ចិន

គេ​មិន​ត្រូវ​ភ្លេចទេ​ថា ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​របបកុម្មុយនិស្ត។ គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់​ រាប់​ទាំង​ស្ថាប័ន​តុលាការ និង​ប្រព័ន្ធ​ឃោសនា​មហាជន​ផង គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត។ ដូច្នេះ បើ​សិន​ជា​ចិន​ចង់​រំខាន​ការរកស៊ី​របស់​ក្រុមហ៊ុន​អាមេរិក​នោះ វា​មិនមែន​ជា​ការ​ពិបាក​នោះទេ។ ចិន​អាច​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អស់​ទាំងនេះ​ឈឺក្បាល តាមរយៈ​ការ​រឹតបន្តឹង​លក្ខខណ្ឌ​ក្នុងការ​វិនិយោគ, ការ​បង្កើត​ ឬ​អនុវត្ត​នូវ​បទដ្ឋាន​តឹងរ៉ឹង ឬ​នីតិវិធី​​គយ​ស្មុគស្មាញ​ ដែល​នាំ​ឲ្យការ​ឆ្លងកាត់​ទំនិញ​អាមេរិក​តាម​ច្រក​ព្រំដែន​ត្រូវ​​ជួប​នឹង​បញ្ហា​ ហើយ​​ចំណាយ​ពេល​យូរ។

បន្ថែម​ពីលើ​នេះ​ទៅទៀត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ប្រើ​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ឈប់​ទិញ​ផលិតផល​អាមេរិក ដូច​អ្វី​ដែល​ចិន​ធ្លាប់​ធ្វើ នៅ​ក្នុង​ពេល​មាន​ជម្លោះ​ជាមួយ​ជប៉ុន​កាល​ពី​ឆ្នាំ២០១២ និង​ជាមួយ​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ។

ចិន​ក៏​អាច​ជំរុញ​ផងដែរ​ឲ្យ​ប្រជាជន​ធ្វើ​ពហិការ​ឈប់​ធ្វើ​ដំណើរ​ទៅលេង​អាមេរិក។ គួរបញ្ជាក់ថា យោងតាម​ទិន្នន័យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅលេង​អាមេរិក មាន​ចំនួន​ប្រមាណ​ជា ៣លាន​នាក់ ហើយ​ផ្តល់​ចំណូល​ដល់​អាមេរិក​រហូតដល់​ទៅ​ជាង ៣០ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ។ ដូច្នេះ បើ​សិន​ជា​ចិន​ធ្វើ​ពហិការ​ឈប់​ទៅលេង​អាមេរិក វា​អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​បាត់បង់​ចំណូល​ដ៏​ចម្បង​មួយ​​ក្នុង​វិស័យ​ទេសចរណ៍។

លក់​មូលបត្រ​បំណុល​រដ្ឋ​អាមេរិក​

ចិន​គឺ​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ជាងគេ​របស់​អាមេរិក។ បច្ចុប្បន្ន​នេះ ចិន​មាន​បំណុល​អាមេរិក​ក្នុង​ដៃ ក្នុង​ទម្រង់​ជា​មូលបត្រ​បំណុល ដែល​គិត​ជា​ទឹកប្រាក់​រហូតដល់​ទៅ ១២០០ពាន់លានដុល្លារ​អាមេរិក។ បើសិន​ជា​ចិន​បញ្ចេញ​មូលបត្របំណុល​ទាំងនេះ​មក​លក់​នៅលើ​ទីផ្សារ វា​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​មូលបត្រ​បំណុល​នេះ​ត្រូវ​ធ្លាក់ចុះ ធ្វើ​ឲ្យ​អត្រាការប្រាក់​បំណុល​រដ្ឋ​អាមេរិក​ត្រូវ​កើនឡើង ហើយ​អាច​បង្ក​នូវ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅដល់​សេដ្ឋកិច្ច​អាមេរិក។

ឈប់ទិញ​យន្តហោះ​ប៊ូអ៊ីង

បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​អតិថិជន​ដ៏​ធំមួយ​របស់​ក្រុមហ៊ុន​ផលិតយន្តហោះ​ប៊ូអ៊ីង​របស់​អាមេរិក។ នៅ​ក្នុង​ចំណោម​យន្តហោះ​ដែល​ក្រុមហ៊ុន​ប៊ូអ៊ីង​ផលិត​លក់​នៅលើ​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក មាន​ប្រមាណ​ជា ២៥% គឺ​លក់​ទៅ​ឲ្យ​ចិន។ ជាមួយ​នឹង​ទីផ្សារ​អាកាសចរណ៍​កំពុងតែ​កើនឡើង​ខ្លាំង​ផងនោះ គេ​ព្យាករ​ថា ចិន​អាច​នឹង​ត្រូវ​ការ​ទិញ​យន្តហោះ​ថ្មីៗ​ចំនួន​ប្រមាណ​ជា ៧៤០០គ្រឿង​បន្ថែម​ទៀត​ ចាប់​ពីពេលនេះ​ទៅដល់​២០ឆ្នាំ​ខាងមុខ ហើយ​តម្រូវការ​ខាង​យន្តហោះ​នៅ​ចិន​អាច​នឹង​កើនឡើង​រហូតដល់​ទៅ​ស្មើ​នឹង ២០% នៃ​តម្រូវការ​ទីផ្សារសរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។

ដូច្នេះ បើ​សិន​ជា​ចិន​ចង់​សងសឹក​អាមេរិក​វិញ ដោយ​ឈប់​ទិញ ឬ​កាត់បន្ថយ​ការ​ទិញ​យន្តហោះ​ប៊ូអ៊ីង ហើយ​ងាក​ទៅ​ទិញ​ពី​ក្រុមហ៊ុនផ្សេង​ ដូចជា​ក្រុមហ៊ុនអ៊ែរប៊ូស​របស់​អឺរ៉ុប​ ជាដើម​នោះ ក្រុមហ៊ុន​អាមេរិក​នឹង​​ត្រូវ​បាត់បង់​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​​ពី​ការ​លក់​យន្តហោះ​នេះ។

អាវុធមុខពីរ

ទាំងនេះ​សុទ្ធសឹង​ជា​អាវុធ​ដែល​ចិន​អាច​ប្រើ នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ក៏ប៉ុន្តែ ភាគច្រើន​វា​ជា​អាវុធ​មុខពីរ។ ​វិធានការ​ទាំងអស់​នេះ​​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅដល់​សេដ្ឋកិច្ច​អាមេរិក ក្នុងពេល​ជាមួយគ្នា វា​ក៏​​មាន​ផល​អវិជ្ជមាន​ច្រើន​ផងដែរ​ទៅដល់​សេដ្ឋកិច្ច​​ចិន​ខ្លួនឯង។

​ការ​លក់​មូលបត្រ​បំណុល​អាមេរិក​​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​មូលបត្រ​បំណុល​អាមេរិក​ទាំងអស់​ រួមទាំង​មូលបត្រ​ដែល​ចិន​នៅ​មាន​ក្នុងដៃ​ផង​ត្រូវ​ធ្លាក់ចុះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចិន​ខ្លួនឯង​ក៏​ត្រូវ​ខាតលុយ។ ​ម្យ៉ាងទៀត ការ​ឈប់​វិនិយោគ​​លើ​មូលបត្រ​បំណុល​អាមេរិក វា​នឹង​ធ្វើ​ឲ្យ​​ចិន​ត្រូវ​​បាត់បង់​ប្រភព​វិនិយោគ​ដ៏​សំខាន់​មួយ​ដែល​មាន​ការប្រាក់​​និង​មាន​សុវត្ថិភាព​ខ្ពស់​ សម្រាប់​រក្សា​ទុក​សាច់ប្រាក់​ដុល្លារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ចិន​​សល់​ពី​ការ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស។

សូមអាន៖ តើចិន​អាច​ប្រើលុយបំណុលអាមេរិកជា​អាវុធ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ដោយ​ប្រសិទ្ធភាព​បាន​ដែរ​ឬទេ?

ចំពោះ​វិធានការ​ផ្សេង​ទៀត ដូចជា ការ​បញ្ចុះ​តម្លៃ​លុយ​យ័ន​ គឺ​អាច​នឹង​ធ្វើ​ឲ្យ​ចិន​ត្រូវ​ប្រឈម​នឹង​លំហូរ​ចេញ​នៃ​មូលធន​ទៅ​ក្រៅ​ប្រទេស។ ការ​រំខាន​កិច្ចការ​រកស៊ី​របស់​ក្រុមហ៊ុន​អាមេរិក​អាច​នឹង​ធ្វើឲ្យ​ចិន​ត្រូវ​បាត់បង់​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​បរទេស​ផ្សេងទៀត។ ចំណែក​ឯការ​ធ្វើ​ពហិការ​ឈប់​ទិញ​ផលិតផល​អាមេរិក គឺ​​អាច​នាំ​ឲ្យ​បាត់បង់​ការងារ​ដល់​ប្រជាជន​ចិន​ខ្លួនឯង ដោយសារ​តែ​ផលិតផល​អាមេរិក​ភាគច្រើន​ដែល​លក់​នៅ​ក្នុង​ទីផ្សារ​ចិន គឺ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ខ្លួនឯង​ផ្ទាល់។

ក៏ប៉ុន្តែ ជាទូទៅ នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម គូប្រជែង​នីមួយៗ​ច្រើន​តែ​នាំគ្នា​គិតគូរ​អំពី​ការ​យក​ឈ្នះ​លើ​គូប្រជែង ដើម្បី​ពង្រឹង​ជំហរ​ក្នុងការ​ចរចា ច្រើន​ជាង​គិត​ពី​ផលអវិជ្ជមាន​ខាង​ផ្នែក​សេដ្ឋកិច្ច​ដល់​ខ្លួនឯង។ មែនទែនទៅ ការ​ដំឡើងពន្ធ​នាំចូល ដែល​អាមេរិក និង​ចិន​ បាន​ធ្វើ​កន្លងទៅនេះ ក៏​សុទ្ធតែ​ជា​អាវុធ​មុខពីរ​នោះដែរ​។ វា​​​បង្ក​ការ​ខូចខាត​ដល់​សេដ្ឋកិច្ច​របស់​​គូប្រជែង​​ផង ចំណែក​សេដ្ឋកិច្ច​របស់​ខ្លួន​ឯង​ក៏​ត្រូវ​ទទួល​រង​នូវ​ផល​ប៉ះពាល់​នោះដែរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ