អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វី​ជា​មូលហេតុ​ចម្បង​នៅពីក្រោយ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ចចិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាច​មាន​ហេតុផលចម្បង​ច្រើន នៅពីក្រោយ​កំណើនសេដ្ឋកិច្ចធ្លាក់ចុះមិនធ្លាប់មាន ក្នុ​ងប្រទេស​ចិន ក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយ។ ប្រជាជនចិនមានវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស អត្រាកំណើតធ្លាក់ចុះ ការកើន​ឡើង​បំណុល​ ការត្បិតត្បៀតធនបម្រុង និងកំណើនថមថយរបស់សេដ្ឋកិច្ចសាកល សុទ្ធតែបានរួមចំណែកដាក់សម្ពាធដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។

កាល​ពី​ឆ្នាំមុន ប្រទេស​ចិន​បាន​ជួបប្រទះ​កំណើនសេដ្ឋកិច្ច​ទាបបំផុត​​មិន​ធ្លាប់​មាន​ ក្នុងរយៈពេល​បីទសវត្សរ៍ចុងក្រោយ
កាល​ពី​ឆ្នាំមុន ប្រទេស​ចិន​បាន​ជួបប្រទះ​កំណើនសេដ្ឋកិច្ច​ទាបបំផុត​​មិន​ធ្លាប់​មាន​ ក្នុងរយៈពេល​បីទសវត្សរ៍ចុងក្រោយ REUTERS/Aly Song/File Photo
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ឆ្នាំមុន ប្រទេស​ចិន​បាន​ជួបប្រទះ​កំណើនសេដ្ឋកិច្ច​ទាបបំផុត​​មិន​ធ្លាប់​មាន​ កំឡុងរយៈពេល​បីទសវត្សរ៍ចុងក្រោយ។ បញ្ហា​នេះទំនង​ជា​អាច​បន្តទៅមុខតទៅ​ទៀត។ បន្ថែម​ពីលើ​បញ្ហាដែល​កំណើនប្រាក់ឈ្នួល​ក្នុង​ប្រទេស​ចិន​នៅ​ជាប់គាំង លទ្ធ​ផល​នៃ​ការ​ស្ទង់មតិថ្មីៗ​បាន​បង្ហាញថា ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​ចាប់ផ្តើម​បាត់បង់ការងាររបស់​ខ្លួន។ ហើយ​ការ​នាំចូល​ក៏​បាន​ធ្លាក់​ចុះ​ ដែល​វា​បាន​រុញច្រាន​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការនាំចេញទំនិញ​ផងដែរ។

នៅក្នុងពេល​អតីតកាល សេដ្ឋកិច្ច​ចិនអាចទាញផល​វិជ្ជមាន​បាន​យ៉ាងច្រើន​ពី​ កំណើន​កម្លាំងពលកម្ម ដោយសារ​ម្យ៉ាងចំនួន​​ប្រជាជន​ចិនកើន​ឡើង ហើយ​កម្លាំងពលកម្ម​នៃពលរដ្ឋ​វ័យក្មេង​មាន​ផលិតភាពច្រើនជាង​កម្លាំងពលកម្ម​នៃពលរដ្ឋវ័យចំណាស់​។ ក៏ប៉ុន្តែ ចាប់​ពីឆ្នាំ​២០១២ ចំនួនប្រជាជន​ចិន​ក្នុង​វ័យធ្វើការ​ បានបន្តធ្លាក់ចុះ។​ នេះ​ជា​លទ្ធផលដែល​មិន​អាច​ជៀសរួច​ពី នយោបាយ​កូន​មួយ ឬ​ជាភាសាអង់គ្លេស​ “One Child Policy” ដែល​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ១៩៧៩។ តាម​ទ្រឹស្ដីសេដ្ឋកិច្ច ការធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​អាស្រ័យ​យ៉ាងជិតស្និតទៅនឹង​កា​រធ្លាក់​ចុះ​ចំនួន​ប្រជាសាស្រ្ដ។

កំណើន​ប្រាក់ឈ្នួល​ក៏បង្កើត​ជាបញ្ហា​ផ្សេង​ទៀតផងដែរ។ ប្រាក់ឈ្នួល​ក្នុង​ប្រទេស​ចិន​សព្វថ្ងៃ ស្មើ ឬ​ក៏លើស​ ប្រទេសភាគច្រើន ដែល​មាន​សេដ្ឋកិច្ច​កំពុងរីកលូតលាស់។​ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​មួយ​​មិន​សូវទាក់ទាញ សម្រាប់ការវិនិយោគរបស់​ក្រុមហ៊ុន​បរទេស​ ដូចនៅពីអតីតកាល។ លើស​ពីនេះ​ទៅទៀត បញ្ហា​ពាក់ព័ន្ធ​ទៅនឹងរនាំង​រដ្ឋបាល និង​ការ​កើន​ឡើងស្តង់ដារ​ជីវភាពរស់នៅ បាន​កាត់បន្ថយ​លំហូរ​​ប្រជាជន​ពីតំបន់ជនបទដាច់ស្រយាល​ដែល​ធ្វើ​ដំណើរមក​រស់នៅទីក្រុង។

នៅពីអតីតកាល​ សេដ្ឋកិច្ច​ប្រទេស​ចិន​ពឹង​ផ្អែក​លើ​ ផលលើសផ្នែកពាណិជ្ជកម្ម ឬជាភាសាអង់គ្លេស “Trade Surplus” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ក៏​ប៉ុន្តែ​ រហូត​មក​ដល់​សព្វថ្ងៃនេះ ជញ្ជីងពាណិជ្ជកម្ម​ហាក់មានភាពសមតុល្យ ឬ​មាន​ន័យថា ការ​នាំចេញ និង​នាំ​ចូល​មិន​សូវខុសគ្នា។ ការ​វិនិយោគលើ វិស័យអចលនទ្រព្យ ដូចជា ការសាងសង់រោងចក្រ ម៉ាស៊ីន ការិយាល័យ និងការសាងសង់អគារ ជាទូទៅ តែង​តែជា ប្រភពយ៉ាង​ចម្បងនៃ​កំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ការវិនិយោគរបៀបនេះ​បាន​ធ្លាក់​ចុះ គិត​ជាភាគរយនៃ​ចំណូលជាតិសរុប ពី៨២ភាគរយនៅឆ្នាំ​២០១៦ មកត្រឹម​ ៧១ភាគរយនៅឆ្នាំ​២០១៨។ ទៅថ្ងៃអនាគត​ គេរំពឹង​ថា ការធ្លាក់​ចុះ​នឹង​មាន​បន្តទៀត ហើយទិន្នន័យស្ថិតិ​ចុងក្រោយ បង្ហាញថា មួយក្នុង​ចំណោមផ្ទះល្វែងចំនួន​បួន ក្នុង​ប្រទេស​ចិន​ មិន​មាន​មនុស្សរស់​នៅ។

បន្ថែមពីលើនេះ ចាប់តាំងពីឆ្នាំ​២០០៨ ទំហំ​បំណុល​របស់ប្រទេស​ចិន​មាន​ការកើន​ឡើង​យ៉ាង​ខ្លាំង។ បំណុល​ជាតិ និង​បំណុល​គ្រួសារ​ បាន​កើន​ឡើង​ដល់​កម្រិតមួយ​ដូចទៅនឹងបណ្តា​ប្រទេស​អភិវឌ្ឍភាគច្រើន ហើយ​កំណើន​បំណុល​នេះមាន​កម្រិត​លើស​ពីកំណើន​ចំណូល​ជាតិ​ ដែល​វាបាន​និង​កំពុង​បង្កជាផល​ប៉ះពាល់​ដល់ការត្បិតត្បៀតប្រព័ន្ធធនបម្រុង។

ជាចុងក្រោយ បញ្ហាចម្បង​ផ្សេងៗ​គឺបណ្តាល​មក​ពីកត្តា​ខាងក្រៅផងដែរ ដែល​ពាក់ព័ន្ធយ៉ាង​ជិត​ស្និត​ទៅ​នឹង​ជម្លោះពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច​ថមថយ​របស់បណ្តាប្រទេស​នៅសហភាពអឺរ៉ុប ឬ​ក៏ពិភពលោក​ទាំងមូល ដែល​ជាប្រភព​ទីផ្សារ​នាំចេញទំនិញ​របស់ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ