ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

តើ​កម្ពុជា​អាច​ធ្វើអ្វីបានខ្លះ​ដើម្បី​អភិវឌ្ឍ​មូលធនមនុស្ស​របស់ខ្លួន?

តើ​កម្ពុជា​អាច​ធ្វើអ្វីបានខ្លះ​ដើម្បី​អភិវឌ្ឍ​មូលធនមនុស្ស​របស់ខ្លួន?
 
យោងតាម​ការ​សិក្សាថ្មីៗ​បាន​បង្ហាញថា មូលធន​មនុស្ស​ (Human Capital) រួមចំណែក​លើស​ពី២ភាគ៣​នៃ​ការបង្កើន​ទ្រព្យសម្បត្តិ​របស់​ពិភពលោកទាំងមូល @RFI

កុមារ​ម្នាក់​ដែល​​កើត​នៅថ្ងៃនេះ ក្នុង​ប្រទេស​កម្ពុជា ​អាចនឹង​ចូលរួមចំណែក​ក្នុង​ទីផ្សារ​កម្លាំងពលកម្ម នៅ​ប្រមាណជាឆ្នាំ​២០៤០។ នេះ​ជា​ពេល​វេលា​ដ៏សមរម្យមួយ ភ្ជាប់​ទៅនឹង​អ្វី​ដែល​ជា​គោលបំណង​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការក្លាយ​ខ្លួនជាប្រទេស​ដែល​​មាន​ចំណូល​ខ្ពស់។ តើ​កម្ពុជា​អាច​ធ្វើ​អ្វីបាន​ខ្លះ​ដើម្បី​អភិវឌ្ឍមូលធន​មនុស្សរបស់​ខ្លួន​នៅថ្ងៃ​អនាគត?

លទ្ធផល​នៃ​ការសិក្សាស្រាវជ្រាវ​យ៉ាង​ច្រើន​បាន​បង្ហាញថា ការ​វិនិយោគលើ​ធនធាន​មនុស្ស​គឺ​ពិត​ជាកត្តា​​​ដ៏ចម្បងមួយ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និង​ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅ​ពេល​ដែល​ការកសាង​មូលធនមនុស្ស ឬ​ជាភាសាបរទេស​ “Human capital” អាច​ផ្តល់​​ជា​អត្ថប្រយោជន៍​អរូបិយ និងសម្រាប់​បុគ្គល​ឯកជន​ផ្ទាល់ក៏ដោយ ក៏ជារួម ​វា​បាន​ផ្តល់​ផល​វិជ្ជមានដល់​សេដ្ឋកិច្ច​ទាំង​មូល​ផងដែរ។ យោងតាម​ការ​សិក្សាថ្មីៗ​បាន​បង្ហាញថា មូលធន​មនុស្ស​រួមចំណែក​ប្រមាណលើស​ពីរភាគបី​នៃ​ការបង្កើន​ទ្រព្យសម្បត្តិ​របស់​ពិភពលោកទាំងមូល។

លើសពីការអភិវឌ្ឍមូលធន (ពាក់ព័ន្ធ​ទៅនឹង​ អគារ គ្រឿងយន្ត និងហេដ្ឋារចនាសម្ព័ន្ធ) ឬការ​អភិវឌ្ឍ មូលធនធម្មជាតិ (ពាក់ព័ន្ធ​ទៅនឹង ដីកសិកម្ម ព្រៃឈើ តំបន់​អភិរក្ស រ៉ែ ប្រេង ធ្យូង ឬ​ធនធាន​ផ្សេងៗ)​ ការ​អភិវឌ្ឍមូលធនមនុស្ស ពាក់ព័ន្ធទៅនឹងជំនាញ សុខភាព និងចំណេះដឹង របស់ប្រជាជនក្នុង​ប្រទេស​មួយ។

យោង​តាម​របាយការណ៍ចេញផ្សាយក្នុង​ពេលថ្មីៗនេះ របស់​ធនាគារពិភពលោក​ស្ដីអំពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៩” ការបង្កើនគុណភាពនៃមូលធន​មនុស្ស នៅក្នុង​ប្រទេស​កម្ពុជា គឺជាកត្តាស្នូល ដើម្បី​សម្រេច​ឱ្យ​បាន​គោលបំណង ក្នុងការឈានទៅក្លាយ​ខ្លួន​ជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ យ៉ាងណាមិញ បើ​ប្រៀបធៀបនៅក្នុងតំបន់ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នៅមាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។

លទ្ធផលនៃការទទួល​បាន​អាហាររូបត្ថម្ភរបស់កុមារ មានការរីកចម្រើនជាលំដាប់ ចាប់តាំងពីឆ្នាំ១៩៩០ ក៏ប៉ុន្តែ កម្រិតនៃភាពក្រិន និង​ការ​រីកលូតលាស់ទាប ក្នុងចំណោមកុមារក្រោមអាយុ៥ឆ្នាំ នៅតែមានកម្រិតខ្ពស់នៅឡើយ ដោយ​កម្ពុជា​មាន​គម្លាតខុសគ្នា​ខ្ពស់​នៃ​ការទទួល​បាន​អាហារូបត្ថម្ភរបស់កុមារ​ តាមល័ក្ខខ័ណ្ឌ​​សេដ្ឋកិច្ចស​ង្គម និង​ទីតាំង​ភូមិសាស្រ្ត។

កត្តាសំខាន់ៗនៃកង្វះអាហារូបត្ថម្ភ នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធ​ទៅនឹង​ ឳពុកម្ដាយក្រីក្រ ទារក និង​ឥរិយាបថនៃការទទួលបានអាហារូបត្ថម្ភរបស់កុមារ។ ក៏មាន​ផងដែរ លទ្ធភាពតិចតួច និងគុណភាពទាប ​ក្នុង​ការ​ទទួលបានចំណីអាហារមានជីវជាតិ និងមានតម្លៃសមរម្យ ការទទួលបានសេវាអាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត ហើយមានអនាម័យ ជាដើម។

ការទទួល​បាន​ថវិកាក្នុង​ប្រទេសកម្ពុជា សម្រាប់អាហារូបត្ថម្ភកំពុងដំណើរការរួចហើយ ក៏ប៉ុន្តែបរិមាណចំណាយលើអាហារូបត្ថម្ភនៅមានមិនគ្រប់គ្រាន់ទេ បើប្រៀបធៀប​ទៅនឹង​តម្រូវការចំណាយជាក់ស្ដែង សម្រាប់វិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធផ្សេងៗ។ ទោះជាយ៉ាងណា កម្ពុជានៅមានឱកាសដើម្បីធ្វើឱ្យប្រសើរឡើងចំពោះបញ្ហា​នេះ សម្រាប់​កញ្ចប់ថវិកាដែលមានស្រាប់។ ការដាក់ចេញ​នូវយុទ្ធសាស្រ្តនៃការអភិវឌ្ឍមូលធនមនុស្សដ៏ទូលំទូលាយមួយ គឺជារឿងចាំបាច់ រួមមានការវិនិយោគយូរអង្វែងលើ​សុខភាពកុមារ និងការទទួលបានអាហារូបត្ថម្ភ រួមជាមួយនឹងវិធានការរយៈពេលខ្លី ក្នុងការកសាងជំនាញ និងការអប់រំជាន់ខ្ពស់។

ជាចុងក្រោយ របាយការណ៍ក៏បានបង្ហាញផងដែរថា ការយកចិត្តទុកដាក់ជាពិសេសដែល​គួរតែត្រូវធ្វើជាចាំបាច់ ពាក់ព័ន្ធទៅ​នឹង​ ការទទួលបានអាហារូបត្ថម្ភ ការថែទាំសុខភាព កិច្ចគាំពារសង្គម និង​កិច្ចគាំពារកម្លាំងពលកម្មសម្រាប់​មាតាដែលកំពុងធ្វើការ និង​គ្រួសាររបស់​ពួកគេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ