អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោក Donald Trump អាច​លប់​ចោល​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​អាកាសធាតុ​បាន​ដែរ​ឬ​ទេ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ព្រហ្បត្តិ៍​ ទី​២៦ ឧសភា​កន្លង​ទៅ​នេះ ​នា​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ Bismarck នៃ​រដ្ឋ​ Dakota ខាង​ជើង លោក​ Donald Trump បាន​ប្រកាស​អោយ​ដឹង​ថា​ ប្រសិន​បើ​​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ លោក​នឹង​លប់​ចោល​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាស​ធាតុ។​ បេក្ខជន​តំណាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​និយាយបញ្ជាក់​​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​អនុញ្ញាត​ឲ្យ​ពួក​ការិយាល័យ​ធិបតេយ្យ​បរទេស​មាន​អំណាច​ត្រួត​ពិនិត្យ​លើ​បរិមាណ​ថាមពល​ ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រើប្រាស់។​ ហើយ​ការ​ដាក់​កំរិត​ការ​ប្រើប្រាស់ថាមពល​បែប​នេះ​នឹង​គំរាម​កំហែង​ដល់​ការងារ​ពលរដ្ឋ​អាមេរិក​ ជា​ពិសេស​ពាណិជ្ជកម្ម។​ តើ​ជា​ការ​ងាយ​ស្រួល​ទេ​ដែល​សហរដ្ឋ​អាមេរិក​អាច​លប់​ចោល​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ស្តី​ពី​អាកាស​ធាតុ?​

O empresário Donald Trump atingiu hoje (26) o número de delegados necessários para ser o candidato republicano.
O empresário Donald Trump atingiu hoje (26) o número de delegados necessários para ser o candidato republicano. REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​របស់​លោក​ ​ Donald Trump គឺ​ជួន​ពេល​ដែល​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃការ​ចរចា​របស់​ អ.​ស.​ប​ ស្តី​ពី​ការ​អាកាស​ធាតុ​បាន​បិទ​បញ្ចប់​នាទី​ក្រុង​ Bonn ប្រទេស​អាល្លឺម៉ង់។​ គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ហាក់​ពុំ​មាន​ក្តី​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​ពាក្យ​សំដី​ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​របស់​លោក​ Trump ​។​ លោកស្រី​ Laurence Tubiana ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ទទួល​បន្ទុក​ចរចា​សំណុំ​រឿង​អាកាស​ធាតុ​បាន​ថ្លែង​ថា​ នេះ​​មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ​ ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​ថ្មីណា​មួយ​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​នេះ។ ប៉ុន្តែ​ ការ​ប្រឆាំង​ជំទាស់​របស់​លោក​ Donald Trump នឹង​មិន​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​នេះ​ដួល​រលំ​ងាយៗ​ឡើយ។

ជា​បឋម​ យើង​ត្រូវ​យល់​ថា​​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ស្តីពី​អាកាស​ធាតុ​នេះ​ គឺ​មាន​គោលបំណង​ទប់​ស្កាត់​ការ​កើន​កំដៅ​ភព​ផែនដី​ ដោយ​កំណត់​ការ​កើន​កំដៅ​ក្នុង​កំរិត​ក្រោម​ ២ អង្សារ​។​ កិច្ច​ព្រម​ព្រៀងនេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ពី​សំណាក់​ប្រទេស​ចំនួន​១៩៥ ​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០១៥កន្លង​ទៅ​នេះ។​ ​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​កិច្ច​ព្រម​ព្រៀង​នេះ​អាច​បន្ត​ស្ថិតស្ថេរ​យូរ​អង្វែង​ទៀត?​ កត្តា​ទី​មួយ​ គឺ​ភាព​ស្វាហាប់​ចិន​-អាមេរិក​ក្នុង​សំណុំ​រឿង​អាកាស​ធាតុ។​ ពិភព​លោក​ទាំង​មូល​កំពុង​តាមដាន​ការ​វិវត្តន៍​នៃ​បច្ចុប្បន្ន​ភាព​ នយោបាយ​អាមេរិក។

ការ​ចាប់​អារម្មណ៍​បែប​នេះ​ក៏​ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​ និង​ចិន​ គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថាន​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក។​ សំរាប់​ក្រុម​គណៈប្រតិភូ​តំណាង​ប្រទេស​នានា​នៃ​ការចរចារ​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ ចិន​ និង​សហរដ្ឋ​អាមេរិក​អាច​មាន​លទ្ធភាព​បញ្ចុះ​បញ្ចូល​ឲ្យ​បណ្តា​ប្រទេស​ដទៃ​ទៀត​ដើរ​តាម​គន្លង​របស់​ខ្លួន។​ និយាយ​ងាយ​យល់​ គឺ​ក្នុង​ចំណោម​ប្រទេស​ទាំង​ពីរ​ ​បើ​ប្រទេស​មួយ​ណា​ដក​ខ្លួន​ ឬ​មិន​មាន​ឆន្ទៈ​កាត់​បន្ថយ​ការ​កើន​កំដៅ​ផែនដី​ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​ទៀត។​

ប៉ុន្តែ​ បច្ចុប្បន្ន​នេះ​ កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​អាកាស​ធាតុ​នេះ​នៅ​មិន​ទាន់​ចូល​ជាធរមាន​នៅ​ឡើយ​ទេ។ ​កិច្ច​ព្រម​ព្រៀម​នេះ​អាច​ចូល​ជា​ធរមាន​ទៅ​បាន​ ក្នុង​ករណី​ទទួលបាន​ការ​ផ្តល់​សច្ចាប័ន​យ៉ាង​ហោច​ណាស់​ពី​សំណាក់​ប្រទេស​ចំនួន​ ៥៥ ដែល​វា​ស្មើ​នឹង​ ៥៥%​ នៃ​ការ​បញ្ចេញ​ផ្សែង​ពុល​សរុប​លើ​ភព​ផែនដី។​ កាលពី​ថ្ងៃ​ទី​២២ មេសា​កន្លង​ទៅ​នេះ​នា​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិកក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ និង​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​ ២០១៦ ​នេះ។
 
កត្តាទី​ពីរ​ គឺ​និតិ​វិធី​ច្បាប់។​ ឧបមា​ថា​​លោក​ Donald Trump ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ តើ​គាត់​អាច​លប់​ចោល​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ស្តី​ពី​អាកាស​ធាតុ​នេះ​ងាយៗ​ដូច​ការ​និយាយ​បាន​ដែរ​ឬទេ?​ ចម្លើយ​ គឺ​សហរដ្ឋ​អាមេរិក​មិន​អាច​លប់​បាន​​ ឬ​ចាក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ភ្លាមៗ​បាន​ឡើយ។ ប្រការ​ទី​២៨​ នៃ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ចែង​ច្បាស់​ហើយ​ថា​ ប្រទេស​ហត្ថលេខី​មាន​សិទ្ធិ​អាច​បោះបង់​ ឬ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​បាន​។​ ប៉ុន្តែ​ ប្រទេស​នោះ​អាច​ដាក់​ពាក្យ​សុំ​ដក​ខ្លួន​ចេញ​បាន​ ដោយ​ត្រូវ​រង់​ចាំ​​រយៈកាល​កំណត់​ ៣ ឆ្នាំ ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ។​​ ហើយ​បែប​បទ​រដ្ឋបាល​អនុញ្ញាត​ឲ្យ​ការ​ស្នើ​សុំ​ដក​ខ្លួន​នេះ​ត្រូវ​ការ​រយៈ​ពេល​ ១ ឆ្នាំ។​ ជា​សរុប​ គេ​ត្រូវ​ការ​រយៈ​ពេល​ ៤ ឆ្នាំ​ទើប​ប្រទេស​មួយ​អាច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​នេះបាន។

ដោយ​សារ​តែ​អភិក្រម​សុំ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​ការ​ពេល​សរុប​បួន​ឆ្នាំ​ ការ​សន្យា​របស់​លោក​ ​Donald Trump មើល​ទៅ​ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ។​ លោកស្រី​ Kyle Ash អ្នក​ជំនាញ​ផែ្នក​អាកាស​ធាតុ​ប្រចាំ​អង្គការ​ Greenpeace សហរដ្ឋ​អាមេរិក​បាន​ពន្យល់​ថា​ ការ​សន្យា​របស់លោក​ Donald Trump គ្រាន់​តែ​ជា​ប្រជាភិថុត​តែ​ប៉ុណ្ណោះ​។​ លោក​ Trump ថ្លែង​បែប​នេះ​ ព្រោះ​ចង់​ផ្គាប់​ចិត្ត​ក្រុមហ៊ុន​ឧស្សាហកម្ម​ប្រេង​ និង​ក្រុម​អ្នក​បោះឆ្នោត​ស្តាំ​និយម​ក្នុង​បក្ស​សាធារណរដ្ឋ​ ដែល​ប្រឆាំង​នឹង​ការកាត់​បន្ថយ​ឧស្ម័ន​ផ្សែង​ពុល។

ប្រសិន​បើ​លោក​ Trump ដឹកនាំ​សហរដ្ឋ​​អាមេរិកមែន​នោះ​ និតិ​វិធី​សុំ​ដក​ខ្លួន​នេះ​មិន​អាច​សំរេច​បាន​នា​​ចុង​អាណត្តិ​​ទី​មួយប្រធានាធិបតី​​របស់​ខ្លួន​ឡើយ។ ​ក្នុង​ករណី​ដែល​កិច្ច​ព្រម​ព្រៀង​ទទួល​បាន​សច្ចាប័ន​ក្រោម​រដ្ឋាភិបាល​លោក​ អូបាម៉ា​ ហើយ​រដ្ឋាភិបាល​បន្ទាប់​របស់​លោក​ Trump ​សុំ​ដក​ខ្លួន​ចេញ គឺ​មាន​ន័យ​ថា​សហរដ្ឋ​អាមេរិក​នឹង​រំលោភ​ច្បាប់​អន្តរជាតិ​ ដូច​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។ នៅ​ក្នុង​លក្ខខ័ណ្ឌ​បែប​នេះ​ លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា​ ត្រូវ​តែ​ប្រឆាប់​ប្រញាល់​ធ្វើ​យ៉ាង​ណា​ឲ្យ​កិច្ច​ព្រម​ព្រៀង​​អន្តរជាតិ​ស្តីពី​អាកាស​ធាតុ​នេះ​ទទួល​បាន​សុពល​ភាព​ មុន​ពេល​លោក​ចាក​ចេញ​ពី​តំណែង។​

សំរាប់​អាណត្តិ​ប្រធានាធិបតី​ទីពីរ​របស់​ខ្លួន​ លោក អូបាម៉ា​ បាន​ចាត់​ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​អាទិភាព​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន។​ ប៉ុន្តែ លោក​ អូបាម៉ា​ ក៏​ចាំ​បាច់​ត្រូវ​ស្វែង​រក​វិធី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​សភា​ Congress ពោល​គឺ​សភា​ទាំង​ពីរ​ថ្នាក់​ ដែល​រួម​មាន​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា។​ មូល​ហេតុ​ គឺ​សភា​ទាំង​ពីរ​នេះ​កំពុង​តែ​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​ ដែល​មាន​សម្លេង​ភាគ​ច្រើន។​

ជា​ការ​ពិត​ណាស់​ ពួក​សាធារណរដ្ឋ​មុខ​ជា​នឹង​បិទ​ខ្ទាស់​បោះឆ្នោត​ប្រឆាំង​មិន​ផ្តល់​សច្ចាប័ន​ដល់​កិច្ច​ព្រម​ព្រៀង​នេះ​ពុំ​ខាន​ឡើយ។ ​លោក​ Mathieu Wemaëre មេធាវី​ជំនាញ​ផ្នែក​ច្បាប់​អាកាស​ធាតុ​បាន​បញ្ជាក់​ថា​ ច្រក​ចេញ​​តែ​មួយ​គត់ដែល​លោក​ អូបាម៉ា​ អាច​ចាប់យក​បាន​ គឺ​រដ្ឋាភិបាល​អាមេរិក​​ត្រូវ​តាក់​តែង​កិច្ច​ព្រម​ព្រៀង​ប្រតិបត្តិ​មួយ​ (executive agreement)។​ កិច្ច​ព្រម​ព្រៀង​នេះ​ជា​ឯកសារ​គតិយុត្តិ​មួយ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ ដែល​មាន​អំណាច​និតិ​ប្រតិបត្តិ​អាច​ផ្តល់​សច្ចាប័ន​លើ​ឯកសារ​អន្តរជាតិ​ណា​មួយ​ ដោយ​ពុំ​ចាំ​បាច់​ការ​អនុម័ត​ពី​សភា​ឡើយ។ ការ​អនុញ្ញាត​នេះ​ គឺ​ក្នុងសមត្ថកិច្ច​​រដ្ឋាភិបាល​សហព័ន្ធ​ទាក់​ទង​នឹង​នយោបាយ​ការ​បរទេស។​ ឯកសារ​នេះ​ក៏​ជា​មូលដ្ឋាន​ច្បាប់​ដ៏​រឹង​មាំ​មួយ​ ដើម្បី​ការពារ​កុំ​កិច្ច​ព្រម​ព្រៀង​ស្តីពី​អាកាស​ធាតុ​ត្រូវ​បាន​លប់​ចោល​ដោយ​ងាយៗ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ថ្មី។

បើ​តាម​អ្នក​ជំនាញ​ច្បាប់​នេះ​ដដែល​ បញ្ហា​តែ​មួយ​គត់​ដែល​លោក​ អូបាម៉ា​ អាច​ប្រឈម​ គឺ​តុលាការ​កំពូល​អាមេរិក​ ដែល​មាន​សិទ្ធិ​អាច​លូក​ដៃ​ព្យួរ​កិច្ច​ព្រម​ព្រៀង​ប្រតិបត្តិ​នេះ។​ បច្ចុប្បន្ន​នេះ​ តុលាការ​កំពូល​អាមេរិក​ក៏​កំពុង​ព្យួរ​ច្បាប់​ស្តីពី​បរិស្ថាន​របស់​លោក​ អូបាម៉ា​ ដែល​មាន​ឈ្មោះ​ថា​ ផែនការថាមពលស្អាតស្អំ​ (Clean Power Act)។​ ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ ៦ ខែ​មុន​សន្និសីទ​ស្តីពី​អាកាស​ធាតុ​នៅ​ទីក្រុង​ប៉ារីស។​ ផែនការ​បរិស្ថាន​នេះ​ គឺ​ជា​កូន​សោ​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​កាត់​បន្ថយ​ការ​កើន​ឡើង​កំដៅ​ផែនដី។​ ហើយ​ច្បាប់​នេះ​ក៏​គ្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ដោយ​សារ​ការ​ផលិត​អគ្គិសនី​​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ ៣២%​ ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣០ ដោយ​ផ្អែក​លើ​មូលដ្ឋាន​តួលេខ​ឆ្នាំ​២០០៥។

តុលា​ការ​កំពូល​អាមេរិក​សំរេច​ព្យួរ​ច្បាប់​នេះ​ក៏​ដោយសារ​តែ​មាន​ការ​ប្តឹង​ផ្តល់​ពី​សំណាក់​រដ្ឋ​ចំនួន​ ២៧។​ រដ្ឋ​ទាំង​នេះ​សុទ្ធ​តែ​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ និង​ជា​រដ្ឋ​ឧស្សាហកម្ម​ពឹង​ពាក់​លើ​អគ្គិសនី។​ បណ្តា​រដ្ឋ​ទាំង​នោះ​បាន​លើក​អំណះ​អំណាង​ថា​ ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (Environmental​ Protection Agency) បាន​រំលោភ​បំពាន​សិទ្ធិ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ការ​បរិស្ថាន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ