អានតួអត្ថបទ
ថៃ-សិទ្ធិមនុស្ស

កងទ័ពថៃ​រងការ​ចោទប្រកាន់​ពីបទ​ធ្វើទារុណកម្ម​នៅ​ខេត្ត​ប៉ែកខាងត្បូង​ដែល​មាន​ជម្លោះ​ផ្តាច់ទឹកដី

អង្គការ​សិទ្ធិមនុស្ស​បាន​ចោទកងទ័ព​ថៃ​ថា​បាន​ប្រព្រឹត្ត​ទារុណកម្ម​ជា​លក្ខណៈ​ប្រព័ន្ធ នៅ​តាម​បណ្តា​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់ទឹកដី។ សក​ម្មភាព​ធ្វើ​ទារុណកម្ម​នេះ​ត្រូវ​បាន​គេ​រកឃើញ នៅ​ក្នុង​ការស៊ើបអង្កេត ដែល​គេ​ចងក្រង​ជា​របាយការណ៍ ហើយ​ដែល​នឹង​ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ពុធ​ស្អែក។

​លោក​ប្រាយុទ្ធ ចាន់អូចា ប្រមុខដឹកនាំ​របបសឹកថៃ
​លោក​ប្រាយុទ្ធ ចាន់អូចា ប្រមុខដឹកនាំ​របបសឹកថៃ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ការស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស នៅ​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ គឺ​ជា​រឿង​ដ៏កម្រមួយ ចាប់តាំង​ពី​តំបន់​នេះ​ត្រូវប្រឈមមុខ​នឹង​ចលនា​បះបោរ​អ៊ីស្លាម​ទាមទារ​ផ្តាច់ទឹកដី ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុងបាងកក ប្រកាស​ដាក់​ឲ្យស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក។

ការស៊ើបអង្កេតនេះ​បាន​បង្ហាញ​ថា នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក ជនសង្ស័យ​ថាជាប់ពាក់ព័ន្ធ​នឹង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី អាច​ត្រូវ​ចាប់ឃុំខ្លួន​រយៈពេល ៦សប្តាហ៍ ដោយ​គ្មាន​ការចោទប្រកាន់​ ហើយ​ជាទូទៅ នៅ​ក្នុង​អំឡុង​ពេល​ជាប់ឃុំ​នេះ ជនសង្ស័យ​ត្រូវ​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ទាំង​ខាង​ផ្លូវកាយ ទាំង​ខាងផ្លូវចិត្ត ហើយ​ការធ្វើ​ទារុណកម្ម​ទាំងនេះ ភាគច្រើន​កើតឡើង នៅ​ក្នុង​បន្ទាយ​កងទ័ព។។

អង្គការ Cross Cultureal Foundation ដែល​ចូលរួម​ស៊ើបអង្កេត​នេះ​បាន​ឲ្យដឹងនៅថ្ងៃ​អង្គារ​នេះ​ថា គេ​បាន​រកឃើញ​ករណី​ធ្វើ​ទារុណកម្ម​នេះ ចំនួន ៥៤​ករណី នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ ហើយ​ថា នេះ​គ្រាន់តែ​ជា​ផ្នែក​តូចមួយ​ដែល​គេ​បាន​រកឃើញ​ប៉ុណ្ណោះ ដោយគេ​សង្កេតឃើញ​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​អស់ទាំងនេះ​បាន​កើនឡើង​ខ្លាំង ចាប់តាំង​ពី​​ប្រទេស​ថៃ​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​របបសឹក នៅ​ក្រោយ​រដ្ឋប្រហារឆ្នាំ​២០១៤។

ក៏ប៉ុន្តែ មន្រ្តី​អ្នក​នាំពាក្យ​កងទ័ព​ថៃ​​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ​ថា ការចោទប្រកាន់​អំពី​ការ​ធ្វើទារុណកម្មនេះ​មិន​ឆ្លុះបញ្ចាំង​ពី​ភាព​ពិតជាក់ស្តែង​នោះទេ ហើយ​ថា រាល់ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងអស់​តែងតែ​ត្រូវ​ធ្វើឡើង​​នៅ​ចំពោះ​មុខសាក្សី ហើយ​នៅ​ក្នុង​ពេល​ឃុំខ្លួន ជនសង្ស័យ​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​កា​រសួរសុខទុក្ខ​ពី​ក្រុមគ្រួសារ​របស់​គេ។

គួររំឭកឡើងវិញ​ថា អស់រយៈពេល​ប្រមាណ​ជា ១២ឆ្នាំ​មកហើយ ដែល​ចលនា​បះបោរ​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាម​បាន​កើតមាន​ឡើង នៅ​តាម​បណ្តា​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ ដែល​ជា ប្រជាជន​ភាគច្រើន​ជា​អ្នក​​កាន់​សាសនា​អ៊ីស្លាម ហើយ​ដែល​មាន​ព្រំដែន​ជាប់ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី។ គេ​បាន​ប៉ាន់​ស្មាន​ថា ​ជម្លោះផ្តាច់ទឹកដី​ក្នុងរយៈពេល ១២ឆ្នាំ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៦ពាន់៥រយនាក់​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ​ភាគច្រើន​ គឺ​ជា​ជនស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ