អានតួអត្ថបទ

ការបោះឆ្នោត​សភា​ថៃ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៤​ខែមីនា​ឆ្នាំ២០១៩

ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វជ្ជរាឡុងកន បាន​ឡាយព្រះហស្តលេខា នៅថ្ងៃ​ពុធ​នេះ លើ​ព្រះរាជក្រឹត្យ ដើម្បី​កំណត់​ជាផ្លូវការ ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោតសភា​​ជាលើកទីមួយ ចាប់តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ២០១៤មក។ ក៏ប៉ុន្តែ ការ​បោះឆ្នោត​នេះ នឹង​មិន​ត្រូវ​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ទី២៤​កុម្ភៈ ដូចការ​គ្រោង​ទុក​ពីមុន​នោះទេ ដោយ​ត្រូវ​លើកទៅ​ធ្វើ នៅថ្ងៃ​ទី២៤​ខែ​មីនា​វិញ។

លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹកថៃ នៅ​ក្នុង​ពេល​បោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញថ្មី កាលពីឆ្នាំ២០១៦ (រូបថតឯកសារ)
លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹកថៃ នៅ​ក្នុង​ពេល​បោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញថ្មី កាលពីឆ្នាំ២០១៦ (រូបថតឯកសារ) REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាមរដ្ឋធម្មនុញ្ញ​ថ្មី ការបោះឆ្នោត​សភាថៃត្រូវ​រៀបចំ​ធ្វើ​ក្នុងរយៈពេល​យ៉ាងយូរ​បំផុត ១៥០ថ្ងៃ ចាប់ពីថ្ងៃ​រដ្ឋធម្មនុញ្ញ​ចូល​ជា​ធរមាន​ ពោលគឺ យ៉ាងយូរ​បំផុត​ត្រឹមថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០១៩។

កាលពី​ពេល​កន្លងមក របបសឹកថៃ​ធ្លាប់​បាន​ប្រកាស​សន្យា​ថា​នឹង​រៀបចំ​ការ​បោះឆ្នោត​​ទៅតាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ ហើយ​គ្រោង​បោះឆ្នោត នៅថ្ងៃទី២៤ខែកុម្ភៈ​ឆ្នាំ២០១៩។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការ​សន្យា​ក្រៅផ្លូវការ​តែប៉ុណ្ណោះ។ ព្រះរាជក្រឹត្យ ដែល​ព្រះមហាក្សត្រ​ទើប​នឹង​ចុះ​ហត្ថលេខា នៅថ្ងៃ​ពុធ​នេះ ទើប​ជា​ការ​កំណត់ជាផ្លូវការ​​ឲ្យ​មាន​ការ​បោះឆ្នោត​ ដោយ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជា​អ្នក​ទទួលបន្ទុក​កំណត់​កាល​បរិច្ឆេទ និង​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​បោះឆ្នោត​នេះ។

ប៉ុន្មាន​ម៉ោង ក្រោយ​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​​ប្រកាសឲ្យដឹង​ថា ការបោះឆ្នោតសភា​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី២៤ខែមីនា​ឆ្នាំ២០១៩ ពោលគឺ ១ខែ​ក្រោយ​កាលបរិច្ឆេទ ដែល​គេ​គ្រោង​ទុក​ កាល​ពី​ពេល​កន្លងមក និង​ជាង១ខែ​មុន​ពិធី​ឡើងគ្រងរាជ្យ​ជាផ្លូវការ​របស់​ព្រះបាទ មហា វជ្ជរាឡុងកន ដែល​នឹងគ្រោងធ្វើ ពីថ្ងៃទី៤ ដល់​ថ្ងៃ​ទី៦ ខែឧសភា។

គួររំឭកឡើងវិញ​ថា ថៃ​បាន​ចាប់​ផ្តើម​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ កាល​ពីឆ្នាំ២០០៦ ក្រោយ​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី ​ថាក់ស៊ីន ស៊ីណាវ៉ាត់។ ចាប់តាំង​ពីពេលនោះ​មក ឆាកនយោបាយ​ថៃ​ត្រូវប្រឈមនឹង​បញ្ហា​ជាប់​ជា​ប្រចាំ ដោយ​​លាយឡំរវាង ​ការបោះឆ្នោត បាតុកម្មអាវលឿង និង​អាវក្រហម អំពើហិង្សា និង​ចុងក្រោយ រដ្ឋប្រហារ​សាជាថ្មី នៅ​ឆ្នាំ២០១៤ ដើម្បី​ទម្លាក់​លោកស្រី​យីងឡាក់​ចេញ​ពី​តំណែង។ ចាប់តាំង​ពីពេលនោះ ថៃ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រោង​ដោយ​របបសឹក ដោយ​មានអតីត​អគ្គមេបញ្ជាការ​កងទ័ព​ គឺ​លោក​ប្រាយុទ្ធ ចាន់អូចា ជា​នាយករដ្ឋមន្រ្តី។

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​គណបក្សនយោបាយ​​ជាច្រើន​ ក្នុងនោះ​រួមមាន​ទាំង​គណបក្សស្និទ្ធ​នឹង​ក្រុម​របស់​លោក​ថាក់ស៊ីន​ផង និង​គណបក្ស​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​យោធា​ផង ​បាននាំគ្នា​​​ធ្វើ​សកម្មភាព ដើម្បី​ឈាន​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ នៅ​ក្នុង​ការ​បោះឆ្នោតសភា​នាពេល​ខាងមុខ។ ក៏ប៉ុន្តែ ដំណើរការ​ចុះឈ្មោះ​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​នៅឡើយនោះទេ។ ​ប្រធាន​គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​បាន​ប្រកាស​ឲ្យដឹង​ថា ដំណើរការ​ចុះឈ្មោះ​បេក្ខជន​នឹង​ត្រូវ​បើក​ធ្វើ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨​ខែកុម្ភៈ ហើយ​ឈ្មោះ​បេក្ខជន​នឹង​ត្រូវ​ប្រកាស​ជាផ្លូវការ នៅថ្ងៃទី១៥កុម្ភៈ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ