អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ាក់

ទាហានថ្មើរជើង​អាមេរិក​ក្នុង​សមរភូមិ​ទល់នឹង​ជីហាត​នៅ​អ៊ីរ៉ាក់

អស់រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​ ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​បង្កើន​ការវាយប្រហារ​ទៅលើ​ទីតាំង​សំខាន់ៗ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ទាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ កងទ័ព​ថ្មើរជើង គឺ​ជា​កងកម្លាំង​ក្នុងស្រុក ចំណែក​ឯ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ផ្តល់​ការគាំទ្រ​តាមផ្លូវ​អាកាស។ ក៏ប៉ុន្តែ បើយោងតាម​អ្នក​ឆ្លើយឆ្លងព័ត៌មាន​របស់​រ៉យទ័រ គេឃើញ​មាន​វត្តមាន​ទាហាន​​​អាមេរិក​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទ័ព​ថ្មើរជើង​ជាមួយ​កងកម្លាំង​ក្នុងស្រុក។

កងកម្លាំង​គួឌីស្ថាន នៅ​ក្នុង​សមរភូមិ​ទល់​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ក្បែរ​ទីក្រុង​មូស៊ុល ប្រទេស​អ៊ីរ៉ាក់ ថ្ងៃ​អាទិត្យ ២៩ ឧសភា ២០១៦
កងកម្លាំង​គួឌីស្ថាន នៅ​ក្នុង​សមរភូមិ​ទល់​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ក្បែរ​ទីក្រុង​មូស៊ុល ប្រទេស​អ៊ីរ៉ាក់ ថ្ងៃ​អាទិត្យ ២៩ ឧសភា ២០១៦ REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​យោធា​​ទ្រង់ទ្រាយធំ​វាយប្រហារ​ទៅលើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​បែងចែក​ជា​មុខព្រួញ​ធំៗ​ចំនួន ៣ គឺ​ទីក្រុង​រ៉ាខា នៅ​ស៊ីរី ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​ជីហាត និង​មូលដ្ឋាន​ធំ​ពីរទៀត​នៅ​អ៊ីរ៉ាក់ គឺ​ហ្វាលូចា និង​មូស៊ុល។

 
នៅ​អ៊ីរ៉ាក់ ប្រតិបត្តិការ​នៅ​ហ្វាលូចា​ទទួល​បន្ទុក​ដោយ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ រួមជាមួយ​នឹង​កងកម្លាំង​ស្ហ៊ីអ៊ីត។ ចំណែក​ឯ​នៅ​មូស៊ុល​វិញ ទទួលបន្ទុក​ដោយ​កងកម្លាំង​គួឌីស្ថាន។ កងកម្លាំង​ថ្មើរជើង​អស់ទាំងនេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ទ័ព​អាកាស​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត។

ក៏ប៉ុន្តែ នៅថ្ងៃ​អាទិត្យ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែលកំពុង​យកការណ៍ នៅ​ឯ​សមរភូមិមុខ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​កត់សម្គាល់​ឃើញ​មាន​វត្តមាន​ទាហាន​អាមេរិក ស្ថិត​ក្នុង​ចំណោម​កងថ្មើរជើង​នៃ​កងកម្លាំង​គួឌីស្ថាន ដែល​កំពុង​ត្រៀម​បើក​ការវាយលុក​ទៅលើ​ទីក្រុង​មូស៊ុល។ នេះ​អាច​ជា​សញ្ញា​បង្ហាញ​ឲ្យឃើញ​ពី​ការ​ពាក់ព័ន្ធ​កាន់តែជ្រៅ​របស់​អាមេរិក ទៅ​ក្នុង​ប្រតិបត្តិការ​ជើងគោក​ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ក្រោយ​ពី​បាន​ធ្វើការ​វាយប្រហារ​តាមផ្លូវអាកាស​អស់រយៈពេល​ជាច្រើន​ខែ ច្រើន​ឆ្នាំ តែ​មិន​អាច​វាយបំបែក​ទីតាំង​ក្រុម​ជីហាត​បាន។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន អ្នក​នាំពាក្យ​កងទ័ព​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់ ​ ​បាន​ទទួលស្គាល់ថា ពិតជាមាន​ទាហាន​អាមេរិក និង​ទាហាន​មក​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ផ្សេងទៀត នៅ​ក្នុង​ចំណោម​កងកម្លាំង​គួឌីស្ថាន​មែន ប៉ុន្តែថា ពួកគេ​មាន​តួនាទី​ត្រឹមតែ​ផ្តល់​ប្រឹក្សា​តែ​ប៉ុណ្ណោះ ដោយ​មិន​ចូល​រួម​​ប្រយុទ្ធ​ក្នុង​សមរភូមិ​នោះទេ។

លើសពីនេះ​ទៅទៀត មន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​ក៏​មិនបាន​ទទួលស្គាល់ ហើយ​ក៏​មិន​បាន​បដិសេធ​ដែរ​ថា ទាហាន​បរទេស​ដែល​គេឃើញ​ក្នុង​ចំណោម​កងកម្លាំង​គួឌីស្ថាន​ នៅ​សមរភូមិ​ជួរមុខ​ក្បែរ​ទីក្រុង​មូស៊ុល កាលពីថ្ងៃ​អាទិត្យ​នោះ គឺ​ជា​ទាហាន​អាមេរិក​មែន​ឬ​មិនមែន ដោយ​គ្រាន់តែ​បាន​លើកឡើង​ថា ពួកគេ​អាច​ជា​ទាហាន​អាមេរិក ឬ​ក៏​អាច​ជា​ទាហាន​កាណាដា ឬ​ក៏​ទាហាន​មក​ពី​ប្រទេស​ផ្សេងទៀត ដែល​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​ក្រុម​ជីហាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ