ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT

ហេតុអ្វី​ទំនាក់ទំនង​អ៊ីស្រាអែល-ឥណ្ឌា​មាន​ភាព​ស្មុគស្មាញ?

ហេតុអ្វី​ទំនាក់ទំនង​អ៊ីស្រាអែល-ឥណ្ឌា​មាន​ភាព​ស្មុគស្មាញ?
 
លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ (ឆ្វេង) នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ថ្ងៃ​ចន្ទ ១៥ មករា ២០១៨ REUTERS/Adnan Abid

លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា កាល​ពីថ្ងៃ​ចន្ទ ហើយ​នៅ​ថ្ងៃ​ទី១​នៃ​ដំណើរទស្សនកិច្ច​រយៈពេល ៦ថ្ងៃនេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​លើកឡើង អំពី​ការ​បើក “ទំព័រសករាជថ្មី” នៅ​ក្នុង​ទំនាក់ទំនង​​ទ្វេភាគី រវាង​អ៊ីស្រាអែល និង​ឥណ្ឌា។ ទំនាក់ទំនង​ដែល​តាំងពីដើម​មក តែងតែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។

នៅថ្ងៃនេះ យើង​បង្ហាញ​ពី​ការ​បើក​ទំព័រ​សករាជថ្មី នៅ​ក្នុង​ទំនាក់ទំនង រវាង​ប្រទេស​យើងទាំងពីរ” នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ នៅ​ពេល​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា កាល​ពីថ្ងៃ​ចន្ទ និង​ក្រោយ​ពី​បាន​​ជួប​ជជែក​ជាមួយ​នឹង​សមភាគី​របស់​លោក គឺ​លោក​ណារិនដ្រា ម៉ូឌី។ ក៏ប៉ុន្តែ បើ​គេ​ត្រូវ​បើក​ទំព័រ​សករាជថ្មី គឺ​មានន័យថា វា​មាន​ទំព័រ​ចាស់​ដែល​ត្រូវ​បិទ​បញ្ចប់ ហើយ​ទំព័រ​ចាស់​នេះ គឺ​ពិត​​មាន​ពោរពេញ​ទៅដោយ​ភាពស្មុគស្មាញ​ច្រើន។

តាមការពិត នៅ​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​ឥណ្ឌា និង​អ៊ីស្រាអែល លោក​បេនយ៉ាមីន ​នេតាន់យ៉ាហ៊ូ ទើបនឹង​​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ទី២​ប៉ុណ្ណោះ ដែល​បាន​ទៅបំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា បន្ទាប់​ពី​ដំណើរទស្សនកិច្ច​របស់​លោក​អារីយែល ស្ហារ៉ូន កាល​ពី​ ១៥ឆ្នាំមុន។ ចំណែក​ពី​ខាង​ឥណ្ឌា​វិញ លោក​ណារិនដ្រា ម៉ូឌី គឺ​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ដំបូង​បង្អស់ ដែល​បាន​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល កាល​ពី​ ៦ខែ​មុន។

ជាងនេះ​ទៅទៀត គេ​សង្កេតឃើញ​ថា ក្រៅពី​ប្រទេស​អារ៉ាប់ ឥណ្ឌា​ គឺ​ជា​ប្រទេស​​ដែល​មាន​កា​រយឺតយ៉ាវ​ជាងគេ ក្នុងការ​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល និង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល។ នៅ​ពេល​ដែល​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋ នៅ​ឆ្នាំ១៩៤៨ ឥណ្ឌា​បាន​បដិសេធ​​មិន​ទទួលស្គាល់​ ហើយ​ក្រោយ​មក​ទៀត ឥណ្ឌា​បាន​បោះឆ្នោត​នៅ​អ.ស.ប ជំទាស់​នឹង​សេចក្តីសម្រេ​ច​កំណត់​ព្រំដែន​ពុះចែក​រដ្ឋ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ រហូត​ទាល់តែ​ដល់​ឆ្នាំ​១៩៩២ ពោលគឺ ទើប​នឹង​កាល​ពី​ជាង ២៥ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ ដែល​ឥណ្ឌា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​អ៊ីស្រាអែល។

ឥណ្ឌា​ប្រកាន់​នូវ​ជំហរ​បែបនេះ​ចំពោះ​អ៊ីស្រាអែល គឺ​ដោយសារ​តែ​កត្តា​ធំៗ​មួយ​ចំនួន។

ម្យ៉ាង គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ឥណ្ឌា​ចង់​ប្រកាន់​យក​នូវ​នយោបាយ​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន​ តម្រូវ​ទៅតាម​ចិត្ត​ប្រជាជន​ឥណ្ឌា​ដែល​កាន់​សាសនា​អ៊ីស្លាម។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា ឥណ្ឌា ថ្វីដ្បិត​តែ​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​ហិណ្ឌូ ក៏ប៉ុន្តែ សាសនា​ទី២ គឺ​សាសនា​អ៊ីស្លាម ហើយ​ប្រជាជន​ឥណ្ឌា ដែល​កាន់​សាសនា​អ៊ីស្លាម គឺ​មាន​រហូត​ដល់​ទៅ​ជាង ១៧០លាននាក់។ ចំណែក​ឯ​ជនជាតិ​ជ្វីហ្វ​នៅ​ឥណ្ឌា​វិញ គឺ​មាន​ប្រមាណ​តែ ៥ពាន់នាក់​តែ​ប៉ុណ្ណោះ។

ម្យ៉ាងទៀត ឥណ្ឌា​យល់​ឃើញ​ថា ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល គឺ​ធ្វើឡើង​ដោយ​មាន​មូលដ្ឋាន​លើ​សាសនា​សុទ្ធសាធ ហើយ​ការ​ពុះចែក​ទឹកដី​បង្កើត​ជា​រដ្ឋ​ផ្សេងគ្នា ដោយ​ឈរលើ​មូលដ្ឋាន​សាសនា​បែបនេះ ឥណ្ឌា​ខ្លួន​ឯង​​ធ្លាប់​ឆ្លងកាន់​នូវ​ប្រវត្តិ​ដ៏សែន​ជូរចត់ គឺ​ការ​ពុះចែក​ឥណ្ឌា បង្កើត​ជា​រដ្ឋពីរ គឺ​ឥណ្ឌា​ហិណ្ឌូ និង​ប៉ាគីស្ថាន​អ៊ីស្លាម កាល​ពី​ឆ្នាំ​១៩៤៧ ពោលគឺ តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ មុនការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល។

កត្តា​ដ៏ចម្បង​មួយ​ទៀត ដែល​​ធ្វើ​ឲ្យ​ឥណ្ឌា និង​អ៊ីស្រាអែល​មើល​មុខគ្នា​មិនចំ កាល​ពី​ពេល​កន្លងមក គឺ​កត្តា​ភូមិសាស្រ្ត​នយោបាយ។ គេ​នៅចាំបានថា នៅ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ឥណ្ឌា និង​អ៊ីស្រាអែល ស្ថិត​នៅ​ក្នុង​ប្លុក​ពីរផ្សេងគ្នា ហើយ​ជា​គូសត្រូវ​នឹងគ្នា គឺ​ឥណ្ឌា​ជា​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ចំណែក​អ៊ីស្រាអែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។

លើសពីនេះ​ទៅទៀត ចាប់តាំង​ពី​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ហើយ​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា​​ភាគច្រើន​បាន​រក្សា​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ដែល​ជា​គូសត្រូវ​ដ៏ធំ​របស់​អ៊ីស្រាអែល គឺ​អ៊ីរ៉ង់ ដែល​ជា​អ្នក​ផ្គត់ផ្គង់ប្រេង​ដ៏ធំ​មួយ​ដល់​ឥណ្ឌា។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​អាច​សង្កេតឃើញ​យ៉ាង​ច្បាស់​ថា មេដឹកនាំ​ឥណ្ឌា និង​អ៊ីស្រាអែល សុទ្ធតែ​បង្ហាញ​ពី​ឆន្ទៈ​ចង់​បិទទំព័រ​ចាស់ ហើយ​ឈាន​ទៅ​ចាប់ផ្តើម​សករាជថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ គឺ​ទំនាក់ទំនង​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ឈរលើ​​តម្រូវការ​ជាក់ស្តែង​នៃ​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។ ក៏ប៉ុន្តែ នៅ​ក្នុង​ទំព័រ​សករាជ​ថ្មី​នេះ ឥណ្ឌា​​ប្រាកដ​ជា​នឹង​ត្រូវ​ស្វែង​រក​នូវ​តុល្យភាព​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន តុល្យភាព រវាង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​អ៊ីស្រាអែល និង​​ការគាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន ដែល​ជា​នយោបាយ​ឥណ្ឌា​ប្រកាន់​យក​តាំងពី​ដើម​មក និង​នៅតែ​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ដូចដែល​បាន​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ តាមរយៈ​ការ​បោះឆ្នោតនៅ​អ.ស.ប ប្រឆាំង​នឹង​ការ​ទទួលស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋ​ធានី​អ៊ីស្រាអែល កាល​ពី​ពេល​ថ្មីៗនេះ។

នៅ​ក្នុង​ទំនាក់នង​ត្រីកោណ​ជាមួយ​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ក៏​ឥណ្ឌា​ត្រូវ​ស្វែង​រក​នូវ​តុល្យភាព​មួយ​ដែរ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ៊ីស្រាអែល​ គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​ដ៏ចម្បង​មួយ​ទៅ​ឲ្យ​ឥណ្ឌា ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ឥណ្ឌា​ក៏​នៅតែ​មាន​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ដែរ លើ​ការ​នាំប្រេង​ពី​អ៊ីរ៉ង់​​មក​ផ្គត់ផ្គង់​​តម្រូវការ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ បច្ចុប្បន្ន​នេះ អ៊ីរ៉ង់​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស៣ (រួមជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ាក់) ដែល​ផ្គត់ផ្គង់​ប្រេង​ទៅ​ឲ្យ​ឥណ្ឌា​ច្រើន​ជាង​គេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ