ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

ទ្រឹស្ដី​របស់​កាល់ម៉ាក្ស៍​ និង​ បច្ចុប្បន្នភាព​សេដ្ឋកិច្ចសាកល​

ទ្រឹស្ដី​របស់​កាល់ម៉ាក្ស៍​ និង​ បច្ចុប្បន្នភាព​សេដ្ឋកិច្ចសាកល​
 
បុរសម្នាក់ធ្វើការក្នុងរោងចក្រមួយ ក្នុងប្រទេសចិន។ REUTERS/Stringer ATTENTION EDITORS

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន បើទោះបីជា​ ទ្រឹស្ដី​របស់កាល់ម៉ាក្ស៍​ មានអាយុកាលរាប់រយឆ្នាំ​មកហើយ​ ក៏ទ្រឹស្ដី​ទាំង​នោះ​នៅតែមានតម្លៃ​សម្រាប់ការ​ពន្យល់អំពី បច្ចុប្បន្នភាព​នៃសេដ្ឋកិច្ចសាកលលោក​។

មួយ​ក្នុងចំណោម​ផលលំបាក​ នៅពេល​ដែល​គេសិក្សាពី​ទ្រឹស្ដី​របស់​ កាល់ម៉ាក្ស៍​ គឺថា​ គាត់​មិនត្រឹមតែជា​សេដ្ឋវិទូនោះទេ​ ប៉ុន្តែខ្លឹមសារ​នៃសំណេរ​របស់គាត់​ សរសេរ​មានលក្ខណៈជា​ ទស្សនវិជ្ជា​ ប្រវត្តិសាស្រ្ដ​ ឬសង្គមវិទ្យា​ ជាដើម​។ ទោះ​យ៉ាងណា គោលគំនិតដ៏​ចម្ប​ងមួយ នៃទ្រឹស្ដីរបស់គាត់​ គឺការរិះគន់យ៉ាងខ្លាំង​ ទៅលើ​ប្រព័ន្ធសេដ្ឋកិច្ច​បែបមូលធននិយម​ ដែលវា​ផ្តល់លទ្ធផល​ ជាគំលាតរវាង​អ្នកឈ្នះ និង​អ្នក​​ចាញ់​ ឬ​រវាងអ្នកមាន និងអ្នកក្រ នៅ​ក្នុង​សង្គម​មួយ​ដែល​គ្មាន​ទីបញ្ចប់​។ ហើយ​ក្នុង​រយៈពេល​វែង អ្នក​មាន​នឹង​កាន់​តែ​មាន ខណៈ​អ្នក​ក្រ​នឹង​នៅ​តែក្រ ជាដរាប។

ដោយ​បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​ទៅលើ​ទ្រឹស្ដី​សេដ្ឋកិច្ច​បែប​ក្លាស៊ីក របស់​ អាដាម ស្មីត (Adam Smith) និង​ដាវីដ រីការដូ (David Ricardo) កាល់ម៉ាក្ស៍​បាន​ពន្យល់ទ្រឹស្ដី​របស់​គាត់​ ជារួម​ ដោយ​មាន​ការបកស្រាយតាម​រូបមន្ត​គណិតវិទ្យាផង ថា ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​មូល​ធន​ នាល​សម័យ​នោះ ជាប្រព័ន្ធនៃការជិះជាន់ និងកេងប្រវ័ញ្ចន៍។

ពិភព​លោក​បាន​​ពិពណ៌នា កាល់ម៉ាក្ស៍ ថា​ជា​បុគ្គល​​ម្នាក់ ក្នុងចំណោម​បុគ្គល​​​ដ៏អស្ចារ្យបំផុត នៅសតវត្សរ៍ទី១៩។ សំណេរ​របស់​គាត់​បាន​បំផុស ឱ្យ​មាន​ចលនា​បដិវត្តន៍​សាកល និង​​ ការ​ពិភាក្សា​វែក​ញែក​ដ៏​តឹង​តែង ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​បន្តរហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

កើត​នៅ​រដ្ឋ​ Prussia បច្ចុប្បន្ន​ប្រទេស​អាល្លឺម៉ង់ នៅ​ខែ​ឧសភា ឆ្នាំ​១៨១៨ កាល់ម៉ាក្ស៍​ជឿជាក់​ថា ប្រព័ន្ធ​មូលធននិយម មានគុណវិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ។ គាត់​បាន​អះអាង​ថា នាយ​ទុន ឬ​មូល​ធនិក ដែល​ខិត​ខំ​ស្វែង​រក​តែ​ប្រាក់​ចំណេញ នឹង​ព្យាយាម​បង្ហាញ​ថា ​ការខិត​ខំ​ធ្វើការ​ងារគឺ​ល្អ រីឯ​ការ​កម្សាន្ដ​គឺ​មិន​ល្អ ហើយ​ការ​អភិវឌ្ឍ​សម្ភារៈ​ទាំង​ឡាយ នឹង​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​រីករាយ និង​រុង​រឿង​ទៅ​ថ្ងៃ​អនាគត។ ក្រោយ​មក​ វា​អាចរុញ​ច្រាន​ឱ្យ​មាន​ចង្វាក់​ផលិត​កម្ម​ធំៗ នោះ​កម្មករនិយោជិត​ក៏​នឹង​ទទួល​បាននូវការ​ពេញចិត្តលើ​ការងាររបស់​ពួកគេ​ផង​ដែរ។ ទោះ​ជាយ៉ាង​ណា ​ក្នុង​ពេល​ជាមួយ​គ្នា​ ​ប្រព័ន្ធ​នេះ​នឹង​​ត្រូវ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ចន៍លើ​វណ្ណៈកម្មករ ឬ​វណ្ណៈ​ពលរដ្ឋ​នៅខាង​ក្រោម។

កាល់ម៉ាក្ស៍ ពន្យល់​ថា ការ​កេង​ប្រវ័ញ្ចន៍កើត​ឡើង​យ៉ាង​សម្ងាត់​ នៅ​ក្នុង​ប្រព័ន្ធ​មូល​ធននិយម ព្រោះ​ អ្នក​ដែល​នឹង​ទទួល​ប្រាក់​ចំណេញ (plus value) គឺ​ជា​ពួក​នាយ​ទុន។​ ជា​ឧទាហរណ៍​សាមញ្ញ កម្ម​ករម្នាក់​បាន​ប្រើប្រាស់​​កម្លាំងពលកម្មមួយ​ ដែល​អាច​ស្មើ​នឹងប្រាក់​ឈ្នួល ក្នុង​តម្លៃ​១០ម៉ោង តែ​ធាតុ​ពិត កម្មករនោះ​​ទទួល​បាន​ត្រឹម​តែ ៦ម៉ោង​ប៉ុណ្ណោះ ​​ខណៈ​តម្លៃ​ការងារ ៤​ម៉ោង​ផ្សេង​ទៀត​បាន​ធ្លាក់​លើ​ដៃ​ពួកនាយ​ទុន។ ត្រង់​នេះ​ហើយ​ វាជា​ការ​​កេងប្រវ័ញ្ចន៍លើវណ្ណៈកម្មករ ចេញ​ពី​ប្រព័ន្ធ​នេះ។

នៅ​ពេល​ក្រោយ​មក​ គាត់​បាន​ចូលរួម​ នៅ​ក្នុង​បក្ខសម្ព័ន្ធ​កុម្មុយនិស្ត។ វា​​ជា​ក្រុម​បញ្ញវន្ត​តូចមួយក្រុម​ ​ដែលមាន​បំណង​​ចង់​លុប​បំបាត់​ចោលនូវ​ប្រព័ន្ធវណ្ណៈសង្គម ហើយ​ចង់​ធ្វើ​ការ​បែង​ចែក​ ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ ឱ្យបាន​​ស្មើៗគ្នា។

កាល់ម៉ាក្ស៍ បាន​សរសេរ​សៀវ​ភៅ​រួម​គ្នា​មួយ ជា​មួយ​ ហ្វ្រ៊ីឌ្រិច អង់ហ្គែល (Friedrich Engel) ស្ដីអំ​ពី​ “គោលគំនិតនៃ​បក្សកុម្មុយនិស្ត” (Manifeste du parti communiste) ដែលបាន​​បង្ហាញ​ពី ចក្ខុវិស័យម៉ាក្ស៍ស៊ីស​និយម​ ចំពោះ​​សង្គម​មួយ​ដែលទ្រព្យសម្បត្តិ​​ប្រជាជាតិ​ត្រូវ​បាន​បែង​ចែក​ឡើង​វិញ ហើយ​ទ្រព្យ​សម្បត្តិ​ទំាង​នោះ ត្រូវ​​​គ្រប់គ្រង​ជា​ទ្រព្យ​​​សម្បត្តិ​សាធារណៈ ខណៈ​វិស័យ​អប់រំ​គឺ​មិន​គិត​ថ្លៃនោះ​​ទេ សម្រាប់​មនុស្ស​ទាំង​អស់​គ្នា។

នៅ​ពេល​ដែល​គាត់​នៅ​រស់ កាល់ម៉ាក្ស៍ មិន​សូវ​មាន​គេ​ស្គាល់នោះទេ​ ហើយ​សំណេរ​របស់​គាត់ទៀត​សោត ​ក៏​មិន​សូវ​មាន​អ្នក​អាន​ផងដែរ។ រហូត​ដល់​ពេល​គាត់​ស្លាប់ នៅ​ឆ្នាំ​១៨៨៣ មាន​មនុស្ស​ត្រឹម​តែ ១១នាក់​ប៉ុណ្ណោះ​ដែល​ចូលរួម​បុណ្យ​សព​របស់​គាត់។ ការពិត​ទៅ គំនិត​របស់​គាត់​បាន​ក្លាយ​ជា ទ្រឹស្ដី​ម៉ាក្ស៍ស៊ីស​និយម និង​ក្រោយ​មក​ ក្លាយ​ជា ទ្រឹស្ដី​កុម្មុយនិស្ត ដែល​ សំដៅ​ដល់ ​ការស្រមៃចង់​កសាង​​រដ្ឋ​មួយ​ដែល​មនុស្ស​ទាំង​អស់គឺ​ស្មើ​គ្នា។

ទោះ​ជាយ៉ាង​ណា ចលនាកុម្មុយនិស្ត​បាន​ក្លាយ​ជា ចលនា​សាកល​មួយ​ ប៉ុន្តែ​ឧត្តមគតិ​ដែល​ចង់​បាន​សង្គមមួយ​​ស្មើ​គ្នា បាន​បរាជ័យ​ក្នុង​ការ​បង្កើន​ភាព​មាន​បាន ឬ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជាតិ​មួយ​។ គោល​ការណ៍​នៃ​លទ្ធិ​កុម្មុយនិស្ត បាន​អនុវត្ត ប៉ុន្តែ​វា​បាន​​ធ្វើ​ឱ្យ​​មនុស្ស​ក្រីក្រ​កាន់​តែមាន​ចំនួន​​ច្រើន ហើយ​​ក្រោយ​មក​ វា​បាន​រុញ​ច្រាន​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​បាត់​បង់​ជីវិត។

សព្វ​ថ្ងៃ​នេះ ប្រព័ន្ធ​មូលធននិយម​កំពុង​គ្រប​ដណ្ដប់​ពិភពលោក ប៉ុន្តែ​គោល​គំនិត​របស់ កាល់ម៉ាក្ស៍ នៅ​តែ​ជា​បច្ចុប្បន្ន​ភាព។ គំលាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​បាននិង​កំពុង​កើន​ឡើង។ កាល់ម៉ាក្ស៍ បាន​ទាយ​ទុក​ជា​មុន​ថា ប្រព័ន្ធ​មូលធននិយម​នឹង​រុញច្រាន​ឱ្យ​ អ្នក​មាន​កាន់​តែ​មាន ហើយ​អ្នក​ក្រ​នៅ​តែ​បន្ត​ក្រីក្រ។ គាត់​ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា មូល​ធននិយម នឹង​រុញច្រាន​ឱ្យ​មាន​ កំណើន​សេដ្ឋកិច្ច​ខ្លាំង​ខ្លា និងការ​កើន​ឡើង​នៃ​​សាកលភាវូបនីយកម្ម ប៉ុន្តែ​នៅចុង​បញ្ចប់ ទ្រព្យ​សម្បត្តិ​នឹង​ធ្លាក់​ទៅលើ​ដៃ​​ម្ចាស់​ស្ថាប័ន​ធំៗ និង​ពួកនាយ​ទុន តែប៉ុណ្ណោះ។

ទោះ​ជាយ៉ាងណា កាល់ម៉ាក្ស៍ មិន​បានប្រមើលឃើញ​អំពី លទ្ធ​ភាព​​ដែល​ប្រព័ន្ធ​មូល​ធននិយម​បាន​​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា មាន​ភាព​មាន​បាន​លើស​មុន​នោះ​ទេ ព្រោះ​ដោយ​សារ​ ការ​ផលិត​ទំនិញ​ ឬ​សេវា​ដែល​មាន​តម្លៃ​ថោក​ជាង​មុន។ ជាក់ស្ដែង ចាប់​តាំង​ពីកំឡុង​ឆ្នាំ១៩៨០ ចំនួន​មនុស្ស​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​បាន​ធ្លាក់​ចុះ​សល់​តែ​ប្រមាណ ១​ពាន់​លាន​នាក់ ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​ពិភពលោក ទាំង ៧,៧​ពាន់លាននាក់ ឬសល់​ត្រឹម​តែ​ប្រហែល​ ១០ភាគរយ។ កាល់ម៉ាក្ស៍​ក៏​មិន​បាន​ព្យាករណ៍​ផង​ដែរ​ អំពី​លទ្ធភាព​ដែល​ប្រព័ន្ធ​មូលធន​និយម​អាច​ធ្វើ​កំណែ​ទម្រង់​ខ្លួន​ឯង ដោយ​បង្កើត​រដ្ឋ​សង្គម​កិច្ច ហើយ​​អាច​បែង​ចែក​ទ្រព្យ​សម្បត្តិនៃ​ប្រជាជាតិ​មួយ​ឡើង​វិញ ដោយយន្តការ​ពន្ធដារ និង​ចំណាយ​សាធារណៈ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ