អានតួអត្ថបទ
អាល្លឺម៉ង់-អ៊ុយក្រែន

ធ្លាក់​​យន្តហោះ​ម៉ាឡេស៊ី៖​​គ្រួសារ​​ជនរងគ្រោះ​​អាល្លឺម៉ង់​​ចង់​ប្តឹង​អ៊ុយក្រែន​ពី​បទ​​ធ្វេសប្រហែល

ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​អាល្លឺម៉ង់​ដែល​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH ១៧ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​គ្រោង​នឹង​ប្តឹង​ប្រទស​អ៊ុយក្រែន​ទៅ​តុលាការ​សិទ្ធិមនុស្ស​របស់​អឺរ៉ុប ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ស្រ្តាសប៊ួ ប្រទេស​បារាំង។ តាម​មេធាវី​របស់​ក្រុមគ្រួសារ​អាល្លឺម៉ង់​ទាំងនោះ អ៊ុយក្រែន​ត្រូវ​បាន​បន្ទោស​ដោយសារ​មិន​បាន​បិទ​ដែនអាកាស​របស់ខ្លួន និង​បណ្តោយ​ទុកឲ្យ​យន្តហោះ​ស៊ីវិល ហោះ​នៅ​ពីលើ​តំបន់​ដែល​កំពុង​មាន​ការប្រយុទ្ធ​គ្នា​ជាមួយ​ពួកឧទ្ទាម​អ៊ុយក្រែន។ 

សាច់ញាតិ​របស់​ជនរងគ្រោះ​នៅកន្លែង​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់ នៅ​ភាគខាងកើត​អ៊ុយក្រែន
សាច់ញាតិ​របស់​ជនរងគ្រោះ​នៅកន្លែង​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់ នៅ​ភាគខាងកើត​អ៊ុយក្រែន REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

តាំងពី​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ដែល​សម្លាប់​អ្នកដំណើរ និង​បុគ្គលិក​យន្តហោះ​ទាំង​២៩៨​នាក់ នេះ​ជា​លើក​ទីមួយ ដែល​គេ​លឺ​ការបន្ទោស​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ទៅលើ​រដ្ឋាភិបាល​អ៊ុយក្រែន។

 
លទ្ធផល​ស៊ើបអង្កេត​បឋម​របស់​អ្នកជំនាញ​ហូឡង់​បាន​បង្ហាញថា យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី MH ១៧ បាន​ធ្លាក់​នៅភាគខាងកើត​អ៊ុយក្រែន ដោយសារ​រង​វត្ថុ​បុក​មក​ពីខាងក្រៅ ប៉ុន្តែ គេ​នៅ​មិនទាន់​អះអាងថា វត្ថុនោះ​ជាមីស៊ីល ឬ​អ្វី​ផ្សេងនោះទេ។ នៅក្រោយ​ថ្ងៃ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី អាជ្ញាធរ​អ៊ុយក្រែន និង​ពួកឧទ្ទាម បំបែក​ទឹកដី​បាន​ទម្លាក់​កំហុស​គ្នា​ទៅវិញ ទៅមក ថា ជាអ្នក​បាញ់​គ្រាប់​​មីស៊ីល​បំផ្លាញ​យន្តហោះអាកាសចរណ៍​ម៉ាឡេស៊ី។

សម្រាប់​ក្រុមគ្រួសារ​របស់​អ្នកដំណើរ​អាល្លឺម៉ង់ ទាំង​បួននាក់ ដែល​ស្លាប់​នៅក្នុង​គ្រោះថា្នក់​ធ្លាក់​យន្តហោះ ប្រទេស​នីមួយៗ​ទទួល​ខុសត្រូវ​លើ​សន្តិសុខ​ក្នុង​ដែនអាកាស​របស់ខ្លួន។ នេះ បើតាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​តំណាង​ឲ្យ​ក្រុមគ្រួសារ​របស់​អ្នកធ្វើដំណើរ​អាល្លឺម៉ង់។ មេធាវី​ដដែល​បានអះអាង ថា ដោយ​បណ្តោយ​ទុក​ឲ្យ​យន្តហោះ​ស៊ីវិល​បើក​ចូល​ក្នុង​ដែន​អាកាស​របស់ខ្លួន ប្រទេស​ម្ចាស់ផ្ទះ​ត្រូវ​ទទួល​ខុសត្រូវ​ធានា​សន្តិសុខ​ឲ្យ​យន្តហោះ​ទាំងនោះ។ បើសិន​ជា​សន្តិសុខ​នៅក្នុង​ដែនអាកាស​មិន​សូវធានា នោះ គេ​គួរ​បិទ​វាតែម្តង។

ព្រឹត្តិការណ៍​យន្តហោះ​ម៉ាឡេស៊ី​ត្រូវគេ​​បាញ់​ធ្លាក់​នៅ​ភាគខាងកើត​អ៊ុយក្រែន បាន​បង្ក​ឲ្យ​មាន​ការចោទ​សួរ​យ៉ាងច្រើន​ទៅលើ​​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ហោះហើរ​ម៉ាឡេស៊ី និង​រដ្ឋាភិបាល​អ៊ុយក្រែន។ នៅពេល​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ក្រុមឧទ្ទាម​នៅភាគខាងកើត អាជ្ញាធរ​អ៊ុយក្រែន​បាន​ណែនាំ​កុំ​ឲ្យ​យន្តហោះ​អាកាសចរណ៍​ហោះហើរ​នៅក្រោម​កំពស់​៨០០០​ម៉ែត្រ។ ប៉ុន្តែ សម្រាប់អ្នកជំនាញ វិធានការ​រក្សា​សន្តិសុខ​ដែនអាកាស​របស់​អាជ្ញាធរ​អ៊ុយក្រែន​មិន គ្រប់គ្រាន់ ព្រោះ​យន្តហោះ​ម៉ាឡេស៊ី​ដែល​ធ្លាក់​នៅ​ថ្ងៃ​ទី ១៧​កក្កដា ត្រូវ​រង​ការវាយ​ប្រហារ នៅ​ក្នុង​រយៈ​កំពស់ ១ម៉ឺន​ម៉ែត្រ។

តាមមេធាវី​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ គេ​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​អ៊ុយក្រែន នៅដើម​ខែ​តុលា​ខាងមុខ ដោយ​ចោទពី​បទ​ធ្វេសប្រហែស និងទាមទារ​សំណង​ជម្ងឺចិត្ត​មួយ​លាន​អឺរ៉ូ សម្រាប់​គ្រួសារ​អ្នកធ្វើដំណើរ​ម្នាក់ៗ។ មេធាវី​របស់គ្រួសារ​អាល្លឺម៉ង់​ពន្លយ​ឲ្យ​ដឹង​ដែរ​ថា គេ​នឹង​រុស្ស៊ី​ ទៅថ្ងៃ​អនាគត ពោល​គឺ​នៅពេល​ណា​គេ​អាច​ស៊ើបអង្កេត​ប្រមូល​បានភស្តុតាង​ច្រើន​ជាងនេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ