អានតួអត្ថបទ
អង់គ្លេស-ជប៉ុន

នាយករដ្ឋមន្ត្រី​​អង់គ្លេស​​ទៅ​​លួងលោម​ជប៉ុន​​កុំអោយ​​បារម្ភ​ពី​​​​ផលវិបាក​​​​Brexit​

នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​លោកស្រី Theresa May បាន​ទៅដល់​​ជប៉ុន ថ្ងៃពុធ​នេះ ជួបពិភាក្សា​ជាមួយ​​លោក​ស្ហ៊ីនហ្សូ អាបេ។ លោកស្រី Theresa May ​​ចង់​លួងលោម​​​​កុំអោយ​ជប៉ុន​បារម្ភ​ពីផលវិបាក​ក្រោយ​អង់គ្លេស​លែង​ជា​សមាជិក​សហភាព​អឺរ៉ុបទៀត។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​ព្យាយាម​​បង្ហាញ​ការគាំទ្រ​អោយ​មានកិច្ចព្រមព្រៀងផ្តោះប្តូរ​ទ្វេភាគី​ជាមួយ​ជប៉ុនដែរ។

លោកស្រី​តេរេសា មេ ជួប​លោក​អាបេ នៅ​តូក្យូ ថ្ងៃពុធ​នេះ ​
លោកស្រី​តេរេសា មេ ជួប​លោក​អាបេ នៅ​តូក្យូ ថ្ងៃពុធ​នេះ ​ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​សហគ្រាស​ជប៉ុន​រាប់ពាន់​​មានវត្តមាន​ក្នុង​ទឹកដី​អង់គ្លេស កំពុង​បារម្ភ​ពីផលប៉ះពាល់​នៃប្រិចស៊ីត ចំពោះ​សកម្មភាព​រកស៊ី​របស់​ពួកគេ។ ទស្សនកិច្ច​លោកស្រី​តេរេសា មេ​ នៅ​ជប៉ុន​ថ្ងៃនេះ គឺដើម្បី​ធានាលួងលោម​ជប៉ុន​កុំអោយ​បារម្ភ​ពី​បញ្ហានេះ។ ​

លោកស្រី​មេ បាន​បង្ហាញ​ទៅ​ជប៉ុន​​ថា​​ អង់គ្លេស​គ្រោង​នឹងកត់ចម្លង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​សហភាពអឺរ៉ុប ​បានធ្វើជាមួយ​ប្រទេស​ផ្សេងៗ​កន្លងមក យក​គំរូ​នៃ​កិច្ចព្រមព្រៀង​ទាំងនោះ ទៅអនុវត្ត​ក្រោយ​ពេល​អង់គ្លេសលែងមា​នឈ្មោះ​ជា​សមាជិកអឺរ៉ុប​ នៅ​ខែមិនា​ ឆ្នាំ​២០១៩​។ កន្លងមក ​សហភាព​អឺរ៉ុប​បាន​​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ​ប្រទេស​ដូចជា​ស្វ៊ីស កូរ៉េខាងត្បូង ​ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើយ៉ាងណា​សម្រេច​​អោយចេញ​​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជប៉ុន។ កន្លងមក អឺរ៉ុប​និង​ជប៉ុនបានសម្រេច​បាន​កិច្ចព្រមព្រៀង​ជាគោល​លើពាណិជ្ជកម្ម​​ទ្វេភាគី​រួចហើយ។ ​អង់គ្លេស​​ចង់​យក​គំរូ​បែបនេះ មកអនុវត្ត​ជាមួយ​ជប៉ុន បែប​ទ្វេភាគី​អង់គ្លេស-ជប៉ុន​ដែរ ក្នុងដំណាក់កាល​ដំបូង ក្រោយ​អង់គ្លេស​លែងជា​សមាជិក​អឺរ៉ុបទៀត។

ប៉ុន្តែ ក្រុមហ៊ុន​ជប៉ុន​​មិនបាន​ចាប់អារម្មណ៍​ផែនការ​នេះទេ។ ក្រុមហ៊ុនសហគ្រាស​ជប៉ុន​កំពុង​សួរពី​ផលប៉ះពាល់​​​ជាក់ស្តែង​ ​​ក្រោយពេល​អង់គ្លេស​ដើរចេញ​ពីអឺរ៉ុបទៅវិញទេ។ ម្យ៉ាងទៀត ដរាបណា​អង់គ្លេស​មិនទាន់​សម្រេច​និតិវិធី​ប្រិចស៊ីត​ អង់គ្លេស​គ្មានសិទ្ធិ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​ជាមួយ​ប្រទេស​ណាមួយ​ទេ។ ដូច្នេះ ពេលនេះ ​នាយករដ្ឋមន្ត្រី​​អង់គ្លេស​តេរេសា មេ​ ​ក៏ប្រហែល​ជា​ពិបាក​និយាយ​ពី​កិច្ចព្រមព្រៀង​ទ្វេភាគី​អង់គ្លេស-ជប៉ុន ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ដែរ ព្រោះអង់គ្លេស​កំពុង​ចរចា​និតិវិធី​ប្រិចស៊ីត​ជាមួ​យអឺរ៉ុប​ជុំទី៣ អង់គ្លេស​នៅ​មិនទាន់​ផ្តាច់ខ្លួន​ពី​អឺរ៉ុប​ទេ។​

ដោយឡែក ក្រុមនយោបាយ​ប្រឆាំង​នៅ​អង់គ្លេស​បាន​រិះគន់​នយោបាយ​កត់ចម្លង​កិច្ចព្រមព្រៀង​របស់​លោកស្រី​មេ និង​​​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​អង់គ្លេស​ ស្មោះត្រង់​ជាមួយ​អឺរ៉ុប ក្រោយពេល​អង់គ្លេស​លែងជា​សមាជិកអឺរ៉ុបទៀត៕ ​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ