អានតួអត្ថបទ

នាយករដ្ឋមន្រ្តីបារាំង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ដោយ​ធ្វើ​ដំណើរទៅ​ឌៀនបៀនភូ

លោក​ អេឌ័រ ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្រ្តី​បារាំង បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​​ផ្លូវការ រយៈពេល ៣ថ្ងៃ នៅ​ក្នុង​ប្រទេស​វៀតណាម នៅថ្ងៃ​សុក្រ​នេះ។ ដំណើរទស្សនកិច្ច​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច ហើយ​ក៏​នឹង​មាន​ផងដែរ នូវ​ការ​រំឭក​អំពី​សង្រ្គាម​ឥណ្ឌូចិន តាមរយៈ​ការ​ធ្វើ​ដំណើរទៅ​ឌៀនបៀនភូ។

លោក អេឌ័រ ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្រ្តី​បារាំង
លោក អេឌ័រ ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្រ្តី​បារាំង Eric FEFERBERG / AFP
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ដំណើរទស្សនកិច្ច​ទៅកាន់​​ឌៀនបៀនភូ ទីតាំង​ដែល​បារាំង​ត្រូវ​ទទួល​បរាជ័យ​ក្នុង​សង្រ្គាម​ឥណ្ឌូចិន កាល​ពីឆ្នាំ១៩៥៤ លោក​អេឌ័រ ហ្វីលីព ចង់​បង្ហាញ​នូវ​កាយវិកា​ដ៏​សំខាន់​មួយ ក្នុងនាម​ជា​នាយករដ្ឋមន្រ្តី​បារាំង ដែល​កើតក្រោយ​សង្រ្គាម។ នេះ​បើ​យោងតាម​ការិយាល័យនាយករដ្ឋមន្រ្តី​បារាំង គឺ​វិមាន​ម៉ាទីញ៉ុង (Matignon)។

គួរបញ្ជាក់ថា លោក​អេឌ័រ ហ្វីលីព គឺ​ជា​ថ្នាក់ដឹកនាំ​បារាំង​ទីមួយ ដែល​ធ្វើ​ដំណើរ​ទៅ​ឌៀនបៀនភូ ក្នុងរយៈពេល ១៥ឆ្នាំ​ចុងក្រោយ​នេះ។ មុន​លោក​អេឌ័រ ហ្វីលីព គឺ​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ មីតេរ៉ង់ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឌៀនបៀន​ភូ កាល​ពី ឆ្នាំ១៩៩៣ កន្លងទៅ។

ដំណើរទស្សនកិច្ច​របស់​លោក​អេឌ័រ ហ្វីលីព ទៅកាន់​ឌៀនបៀនភូ នៅ​ពេលនេះ វាកាន់តែ​មាន​អត្ថន័យ​សំខាន់​ទៅទៀត ពីព្រោះ​ថា វាកើតឡើង​នៅ​ចំ​ឱកាស ដែល​បារាំង និង​វៀតណាម ប្រារព្ធខួប ៤៥ឆ្នាំ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹងគ្នា។

ក៏ប៉ុន្តែ ក្រៅពី​កាយវិកា​ជានិមិត្តរូប និង​ការ​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​ការទូត​នេះ ដំណើរទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​បារាំង ក៏​នឹង​ផ្តោត​ជា​សំខាន់​ផងដែរ ទៅលើ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច។ វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន ដោយ​មាន​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៧% ជា​រៀងរាល់​ឆ្នាំ ក៏ប៉ុន្តែ វៀតណាម​​​មិន​សូវ​ជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន​ប៉ុន្មានទេ​​ជាមួយ​បារាំង។

ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​ដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ នៅ​ពេលនេះ លោក​អេឌ័រ ហ្វីលីព ត្រូវ​អមដំណើរ​ដោយ​តំណាង​ក្រុមហ៊ុន​បារាំង​រហូត​ដល់​ទៅ​ប្រមាណ​ជា ៥០ក្រុមហ៊ុន នៅក្នុង​ស្ទើរតែ​គ្រប់​វិស័យ រាប់ចាប់តាំង​ពី​វិស័យ​កសិឧស្សាហកម្ម ហិរញ្ញវត្ថុ​និង​ធនាគារ ហេដ្ឋារចនាសម្ព័ន្ធ វេជ្ជសាស្រ្ត ថាមពល និង​បរិស្ថាន រហូត​ទៅដល់​វិស័យ​បច្ចេកវិទ្យា​សំខាន់ៗ រួមមាន បច្ចេកវិទ្យា​​ឌីជីថល យន្តហោះ និង​អវកាស ជាដើម។

យោងតាម​សហជីព​និយោជក​បារាំង កិច្ចសន្យា​សំខាន់ៗ​ជាច្រើន​នឹង​ត្រូវ​ចុះហត្ថលេខា​ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​បារាំង នៅ​វៀតណាម​នេះ ហើយ​លោក​អេឌ័រ ហ្វីលីព ក៏​នឹង​ចូលរួម​ផងដែរ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ជាមួយ​នឹង​​ក្រុមហ៊ុន​ប្រមាណ​ជា ២០០ នៅ​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ