អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ចិន​ត្រូវ​ឈឺក្បាល​ខ្លាំង​ជាងគេ​ដោយសារ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​ ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើ​ឡើង​ផ្ទួនៗគ្នា កាល​ពីពេលថ្មីៗនេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងធ្ងន់ៗ​ពី​សំណាក់​សហគមន៍អន្តរជាតិ ហើយ​គេ​សង្កេតឃើញ​ថា អ្នក​ដែល​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​ដោយ​កំហឹង​ខ្លាំង​ៗ​ជាងគេ គឺ​បណ្តា​ប្រទេស​ជា​គូសត្រូវ​របស់​កូរ៉េ​ខាងជើង រួមមាន សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។ ក៏ប៉ុន្តែ តាមការពិត​ទៅ អ្នក​ដែល​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ឈឺក្បាល​ខ្លាំងជាងគេ​ ដោយសារ​​​ទង្វើ​របស់​កូរ៉េ​ខាងជើង​នេះ គឺ​ចិន​ឯណោះ​ទៅវិញ។ តើ​មក​ពី​ហេតុអ្វី?

មីស៊ីល​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីថ្ងៃ​អាទិត្យ ៧កុម្ភៈ
មីស៊ីល​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីថ្ងៃ​អាទិត្យ ៧កុម្ភៈ REUTERS/Yonhap
ផ្សាយពាណិជ្ជកម្ម

គេ​គួរតែ​អាច​និយាយ​បាន​ថា​ ចិន​មិនមាន​អ្វី​ត្រូវ​បារម្ភ​នឹង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក ដែល​កូរ៉េ​ខាងជើង​បាន​សាកល្បង​​នៅពេលនេះ​ទេ ពីព្រោះ ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ តាមការពិត​ទៅ គឺ​ទំនាក់ទំនង​ជា​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​កូរ៉េ​ខាងជើង​នេះ​ហើយ ដែល​កំពុងតែ​បង្ក​ជា​បញ្ហា​ឈឺក្បាល​ដល់​ចិន។

នៅ​ចំពោះ​សហគមន៍​អន្តរជាតិ ជាពិសេស ចំពោះ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ចិន​គឺ​ជា​ខ្នងបង្អែក​ដ៏ធំ​ជាងគេ​របស់​កូរ៉េ​ខាងជើង ដូច្នេះ ចិន​គួរ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ ហើយ​មាន​ការ​ទទួលខុសត្រូវ​ច្រើន​ជាងគេ ក្នុងការ​ណែនាំ​តម្រែតម្រង់​ផ្លូវ​កូរ៉េ​ខាងជើង គឺ​ប្រៀបដូចជា​ឪពុកម្តាយ ដែល​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​កូន។

លើសពីនេះ​ទៅទៀត ក្រៅពី​ការ​ទទួលខុសត្រូវ និង​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ ចិន​ក៏​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សន្តិសុខ និង​យុទ្ធសាស្រ្ត​យ៉ាងច្រើន​ផងដែរ ដោយសារ​តែ​ទង្វើ​របស់​កូរ៉េ​ខាងជើង ពីព្រោះ​ថា ទាំងការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​ការ​សាកល្បង​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េ​ខាងជើង ដែល​សុទ្ធសឹង​ជា​ទង្វើ​ហាមឃាត់​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប អាច​នឹង​ត្រូវ​គូប្រជែង​របស់​ចិន ជាពិសេស អាមេរិក និង​ជប៉ុន យក​មក​ធ្វើ​ជា​ហេតុផល ឬ​ជា​​លេស ដើម្បី​បង្កើន​កម្លាំង​ទ័ព​នៅ​ក្នុង​តំបន់ ជុំវិញ​ប្រទេស​ចិន។

ជាក់ស្តែង គេឃើញ​ថា កាល​ពីថ្ងៃ​អាទិត្យ​ ​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក កូរ៉េ​ខាង​ត្បូង និង​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ភ្លាមៗ អំពី​គម្រោង​​ចរចា​ឈាន​ទៅ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

សម្រាប់​ចិន ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការពារមីស៊ីល​របស់​អាមេរិក​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ក្បែរ​ប្រទេស​ចិន គឺ​ជា​ការប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​ទៅដល់​សន្តិសុខ​ជាតិ​របស់​ចិន ជាពិសេស ប៉ះពាល់​ទៅដល់​ប្រសិទ្ធភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​ ពីព្រោះ​ថា ប្រព័ន្ធ​ខែល​ការពារមីស៊ីល​ដ៏ទំនើប​នេះ មិនត្រឹមតែ​អាច​ស្ទាក់បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏​អាច​ស្ទាក់បាញ់​ទម្លាក់​មីស៊ីល​បាលីស្ទិក​របស់​ចិន​​បាន​ផងដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​តាំងពីដើម​រៀងមក ចិនតែងតែ​ជំទាស់​ដាច់ខាត​នឹង​ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការពារមីស៊ីល​របស់​អាមេរិក នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កាលពីថ្ងៃ​អាទិត្យ ក្រោ​យ​ពីកូរ៉េ​ខាង​ត្បូង និង​អាមេរិក ប្រកាស​ឲ្យដឹង​ពី​គម្រោង​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​នេះ ចិន​ក៏​បាន​ចេញមុខ​ប្រកាស​ជំទាស់ភ្លាមៗ​ដែរ ដោយលើកឡើង​ថា ការដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សន្តិសុខ​ជាតិ​របស់ចិន ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​កើនឡើង​កាន់តែ​ខ្លាំង​ថែម​ទៀត។

ក៏ប៉ុន្តែ គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា ទឡ្ហីករណ៍​របស់​ចិន​ក្នុងការ​ប្រឆាំង​នឹង​គម្រោង​ដាក់ពង្រាយ​ប្រព័ន្ធ​ខែល​ការពារមីស៊ីល​របស់​អាមេរិក​​មាន​កាន់តែ​តិច​ទៅ នៅ​ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​ផ្ទួនៗគ្នា​ទាំង​អាវុធ​នុយក្លេអ៊ែរ និង​ទាំង​មីស៊ីល​បាលីស្ទិក ដែល​ជា​ប្រភេទ​មីស៊ីល​​ចម្ងាយ​ឆ្ងាយ​អាច​បាញ់​រហូត​ទៅដល់​ទឹកដី​របស់​សហរដ្ឋ​អាមេរិក។

ជាការពិតណាស់​ថា ស្ទើរតែ​គ្រប់​អ្នក​ជំនាញ​ទាំងអស់ រាប់ទាំង​អ្នកជំនាញ​របស់​អាមេរិក​ផងដែរ សុទ្ធតែ​យល់ថា កូរ៉េ​ខាងជើង​នៅមិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ផលិត​មីស៊ីអន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដែល​អាច​ដំណើរការ​បាន​នៅឡើយទេ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គ្រាន់តែ​ការ​បាញ់​សាកល្បង​មីស៊ីល​នេះ​ក៏​អាច​ជា​ទឡ្ហីករណ៍​ដ៏​ធ្ងន់មួយ សម្រាប់​អាមេរិក ដើម្បី​ប្រាប់ទៅចិន​ថា ការដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល​នៅ​កូរ៉េ​ខាងត្បូង វា​គឺ​ជា​រឿងចាំបាច់ មិនត្រឹមតែ​ដើម្បី​ការពារ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​នោះទេ តែ​ចាំបាច់​ក្នុងការ​ការពារ​ទឹកដី​របស់​អាមេរិក​ផ្ទាល់ ពីមីស៊ីល​របស់​កូរ៉េ​ខាងជើង។

ក្រៅពី​វត្តមាន​ប្រព័ន្ធ​ខែលការពារ​មីស៊ីល​​របស់​អាមេរិក ចិន​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយទៀត គឺ​ជប៉ុន។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​ស្ហ៊ី​នហ្សូ អាបេ កំពុងតែ​ព្យាយាម​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​សន្តិភាព​​និយម​។ ទង្វើ​បង្កហេតុ​ម្តងហើយ​ម្តងទៀត​របស់​កូរ៉េ​ខាងជើង អាច​នឹង​ធ្វើ​ឲ្យ​លោកស្ហ៊ីនហ្សូ អាបេ មាន​ទឡ្ហីករណ៍​កាន់តែ​ល្អ ក្នុង​ការ​ជំរុញ​​ឲ្យ​មាន​កំណែទម្រង់​កងទ័ព​របស់​ជប៉ុន។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា ជប៉ុន​មាន​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ ក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​បើ​សិន​ជា​ជប៉ុន​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ អ្នក​ដែល​ត្រូវ​បាត់ប្រយោជន៍​ធំ គឺ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ