អានតួអត្ថបទ

ស្លាប់១៩នាក់​និង​របួស​ជាង​៥០នាក់​ក្នុង​ការវាយប្រហារ​នៅ​សាលារៀន​នៅ​តំបន់​គ្រីមេ

ថ្ងៃ ១៧ តុលា ក្នុងអនុវិទ្យាល័យពហុបច្ចេកទេស នៅក្រុង Kertch ទឹកដីគ្រីមេ យុវជន​ម្នាក់ អាយុ ១៨ ឆ្នាំ ដែលជា​សិស្ស​សាលាវិជ្ជាជីវៈ​នេះ ប្រដាប់ដោយកាំភ្លើង​វែង និង​គ្រាប់បែក បាន​ធ្វើការ​​បាញ់រះផង និង​បំផ្ទុះ​គ្រាប់​ផង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៩នាក់ និង​របួស​ ៥២នាក់​ផ្សេងទៀត។ អាជ្ញាធរគ្រីមេ ប្រកាសកាន់ទុក្ខ រយៈពេលដល់ទៅ ៣ ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ។ ចំណែក​លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្រៅពី​បាន​ សំដែងការរួមមរណទុក្ខ ក៏​បានសន្យាផងដែរ​ថា លទ្ធផលអង្កេត​អំពី មូលហេតុ​សោកនាដកម្ម នឹងត្រូវ ប្រកាសឲ្យសាធារណជន​បានយល់ដឹង គ្រប់ជ្រុងជ្រោយ។

ទិដ្ឋភាព​នៅ​មុខ​សាលារៀន នៅ Kertch តំបន់គ្រីមេ ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ ថ្ងៃទី១៧ តុលា ២០១៨
ទិដ្ឋភាព​នៅ​មុខ​សាលារៀន នៅ Kertch តំបន់គ្រីមេ ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ ថ្ងៃទី១៧ តុលា ២០១៨ RFI/Capture d'écran
ផ្សាយពាណិជ្ជកម្ម

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅ​គ្រីមេ យុវជនឃាតករ មាន​ឈ្មោះ Vladislav Rosliakov ទើប​នឹង​​ទទួល​បណ្ណ​កាន់កាប់​អាវុធ​ស្របច្បាប់ នៅ​ក្នុង​ខែតុលា​នេះ ក្រោយពីពេញវ័យអាយុបាន១៨ ឆ្នាំ។ បន្ទាប់ ពីបាន​បាញ់​ប្រហារ​ទៅលើ​សិស្សានុសិស្ស គ្រូបង្រៀន និង​បុគ្គលិក​សិក្សា នៅ​ក្នុង​សាលា ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯង។ ក្នុងស្បោងជាប់នឹង​ខ្លួនឃាតករ សមត្ថកិច្ចបានរកឃើញ គ្រឿងផ្ទុះច្នៃខ្លួនឯងមួយទៀតដែលមិនទាន់ផ្ទុះ។ បុរសនេះ បានយកតាមខ្លួន ទៅប្រតិបត្តិការ គឺគ្រាប់កាំភ្លើងដល់ទៅ ១៥០ គ្រាប់។

នៅ​តាម​បណ្តាញ​សារព័ត៌មាន អ្នក​វិភាគ​បាន​នាំគ្នា​លើកឡើង​​ថា ការបាញ់​ប្រហារ​នេះ​អាច​កើតឡើង​ដោយសារ​​​មូលហេតុបី៖ ឬមួយ​ខ្មាន់កាំភ្លើង​​ចងគំនុំនឹងគ្រូ និងសិស្សឯទៀត ដ្បិតអ្នកដែលត្រូវបាញ់សម្លាប់មុនគេ គឺលោកគ្រូ ក្នុង ថ្នាក់ ឬមួយ​ខ្មាន់កាំភ្លើង​ចង់ឲ្យ​មាន​ឈ្មោះល្បី​រន្ទឺតាមប្រព័ន្ធផ្សព្វផ្សាយ ដោយ​ធ្វើត្រាប់តាមសាលារៀនខ្លះនៅអាមេរិក ជាទី ដែលពីមួយពេលទៅមួយពេល តែងមាន​សោកនាដកម្ម​បែបនេះ​កើតឡើង ឬមួយ ខ្មាន់កាំភ្លើង​មាន​ជំងឺផ្លូវចិត្ត។

អនុវិទ្យាល័យពហុបច្ចេកទេស ក្រុង Kertch ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ ដោយសព្វថ្ងៃសិក្សា មានសិស្សចំនួន ១ ០៦១ នាក់ អាយុពី ១៦ ទៅ ២០ ឆ្នាំ និង​គ្រូបង្រៀន​ ៧៣នាក់ ។

ក្រោយពីការវាយប្រហារ​កើតឡើង ដែនដីសាលានោះ​ត្រូវបានឡោមព័ទ្ធ​ដោយ រថពាសដែក និង ឡានទ័ព ហើយគ្រប់​សាលារៀន និងសួនកុមារ ក្នុងក្រុង Kertch ត្រូវបានជម្លៀសចេញ។ លោករដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី Serguei Shoigou បានប្រកាសថា កងកម្លាំងបន្ថែម​ត្រូវបានបញ្ជូន​ទៅកាន់ទីកន្លែងផ្ទាល់ ព្រមទាំង សម្ភារៈ​សម្រាប់ជួយដល់​ពួកអ្នករងគ្រោះ។

អាជ្ញាធរគ្រីមេ បានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភទំហំ ១ លាន រូប្ល ឬជាង ១ម៉ឺន ៥ពាន់ដុល្លារ ដល់ រាល់គ្រួសារណា ដែលមានអ្នករងគ្រោះ​ធ្លាក់ខ្លួនស្លាប់ទៅ ដោយមកពី​ការវាយប្រហារនោះ។

ក្រុង Kertch ស្ថិតនៅខាងកើតឧបទ្វីបគ្រីមេ ហើយភ្ជាប់ទៅនឹង​ដែនដីរុស្ស៊ី ដោយស្ពានប្រវែង ១៩ គម ដែលត្រូវបាន​សម្ពោធ ៥ ខែមុន ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។ សហព័ន្ធរុស្ស៊ី បានកាត់យក​​ទឹកដីគ្រីមេ ពី​ប្រទេស​អ៊ុយក្រែន កាលពីខែមីនាឆ្នាំ២០១៤។ ការកាត់យក​ទឹកដី​គ្រីមេពី​អ៊ុយក្រែន​នេះហើយ ដែល​បង្កើត​ឲ្យ​មាន​ភាព​តានតឹង រវាង​រុស្ស៊ី និង​បណ្តា​ប្រទេស​លោកខាងលិច ដែល​ចាត់ទុក​ថា​ជា​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ ព្រមទាំង​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ