ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
អាហ្វ្រិក

បាតុកម្ម​ហិង្សា​នៅ​បួគីណាហ្វាសូ​ប្រឆាំង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ

media  
ក្រុម​​បាតុករ​​ដែល​ជា​ប្រជាជន​មកតវ៉ា​នៅមុខ​រដ្ឋសភា បួគីណាហ្វាសូ ថ្ងៃទី​៣០ តុលា​​ ២០១៤ AFP PHOTO / ISSOUF SANOGO

មាន​អំពើ​ហិង្សា​បាន​កើតឡើង​យ៉ាង​ក្តៅ​គគុក​ នៅ​ប្រទេស​បួគីណាហ្វាសូ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​តុលា។ ប្រជាជន​បាន​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​កំពុង​តែ​ធ្វើ​វិសោធនកម្ម​ កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។ ការ​កែប្រែ​នេះ មាន​ចេតនា​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ ដែល​កាន់​តំណែង​២៧ឆ្នាំ​មក​ហើយ​នោះ បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ ជា​ថ្មី​ទៀត​នៅ​អាណត្តិ​ក្រោយ។

អស់​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ ដែល​នៅ​ទីក្រុង អ៊ូអាហ្គាឌូហ៊្គូ មាន​ផ្ទុះ​ការ​តវ៉ា​របស់​ប្រជាជន​បួគីណាហ្វាសូ ប្រឆាំង​នឹង​គម្រោង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ របស់​រដ្ឋាភិបាល និង​រដ្ឋសភា។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០ តុលា អំពើ​ហិង្សា​បាន​កើនឡើង​ដល់​កំរិត​ធ្ងន់ធ្ងរ ដោយ​ប្រជាជន​បាន​ប្រមូល​គ្នា ទៅ​តវា​នៅ​ខាងមុខ​មន្ទី​រដ្ឋសភា ហើយ​បាន​ចូល​ទៅ​វាយ​កំទេច​សម្ភារៈ​នៅ​ក្នុង​អាគារ​រដ្ឋសភា ហើយ​បាន​ដុត​បំផ្លាញ​អាគារ​នេះ​ អស់​មួយ​ភាគ​ធំ។ ប្រជាជន​អ្នក​តវ៉ា​មួយ​ក្រុម​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​កាន់ អាគារ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។ នៅ​ទី​នោះ ប្អូន​ប្រុស​របស់​ប្រធានាធិបតី បាន​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ម្នាក់ និង​រង​របួស​ជា​ច្រើន​នាក់។

 
សូម​បញ្ជាក់​ថា ដើម​ហេតុ​នៃ​ការ​តវ៉ា​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​សភា បោះឆ្នោត​ធ្វើ​វិសោធនកម្ម​ កែប្រែ​មាត្រ​៣៧ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស បួគីណាហ្វាសូ។ ការ​កែប្រែ​នេះ​ នឹង​អាច​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក ប្លេស កុមប៉ាអូរ៉េ បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ម្តង​ទៀត។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន រដ្ឋាភិបាល បួគីណាហ្វាសូ​បាន​ឲ្យ​ដឹង​ថា គម្រោង​វិសោធនកម្ម​ នឹង​ដាក់​ស្នើ​ឲ្យ​ប្រជាជន​សម្រេច​ចិត្ត​ តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ។ ប៉ុន្តែ​ទី​បំផុត​ទៅ រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ជា​អ្នក​បោះឆ្នោត​សម្រេច​ទៅ​វិញ។ ហេតុនេះ បាន​ជា​ប្រជាជន មាន​ការ​កើតទុក្ខ​មិន​សុខចិត្ត ហើយ​បាន​នាំ​គ្នា​តវ៉ា វាយ​បំផ្លាញ​រដ្ឋសភា ក្នុង​ពេល​ដែល​តំណាងរាស្រ្ត​ កំពុង​តែ​ប្រជុំ​គ្នា​ បោះឆ្នោត​លើ​គម្រោង​នេះ។ បន្ទាប់​ពី​ហេតុការណ៍​នេះ រដ្ឋាភិបាល​បាន​ផ្តល់​ដំណឹង​ថា ការ​បោះឆ្នោត​សម្រេច​លើ​វិសោធនកម្ម​មាត្រា​៣៧ នៃ​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​បាន​ព្យួរ​ទុក​មួយ​អន្លើ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សា​ភាព​ស្ងប់ស្ងាត់។

សូម​រំលឹក​ថា លោក កុមប៉ាអូរ៉េ ដែល​មាន​វ័យ​៦៣ឆ្នាំ​ បាន​កាន់កាប់​កៅអី​ជា​ប្រធានាធិបតី​ប្រទេស បួគីណាហ្វាសូ អស់​រយៈ​ពេល​២៧ឆ្នាំ​មក​ហើយ។ លោក​បាន​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ពីរ​លើក​រួច​មក​ហើយ ដើម្បី​អាច​ឈរ​ឈ្មោះ​បោះឆ្នោត។ ក្រោយ​ពី​ការ​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ២០០០ មាត្រា​៣៧ ត្រូវ​បាន​កែប្រែ​ថា បេក្ខជន​ប្រធានាធិបតី​អាច​ឈរឈ្មោះ​បាន​ពីរ​ដង ហើយ​មួយ​អាណត្តិ​មាន​រយៈ​ពេល​៥ឆ្នាំ។ ក្នុង​ឆ្នាំ​២០០៥ លោក​បាន​ចាប់ផ្តើម​អាណត្តិ​៥ឆ្នាំ​ ទីមួយ​របស់​លោក ហើយ​នៅ​ឆ្នាំ​២០១៥​នេះ គឺ​លោក​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​ទីពីរ។ ដោយសា​តែ​នៅ​ស្តាយ​អំណាច លោក​បាន​អូសទាញ​រដ្ឋាភិបាល​ និង​រដ្ឋសភា ឲ្យ​បោះឆ្នោត​កែប្រែ​មាត្រា៣៧ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​លប់​ការ​កំណត់​ពីរ​អាណត្តិ​ចោល។

ប្រទេស​បួគីណាហ្វាសូ ដែល​មាន​ប្រជាជន​ប្រមាណ​ជា ១៧លាន​អ្នក មាន​ប្រជាជន​វ័យក្មេង​អាយុ​ក្រោម​២៥ឆ្នាំ រហូត​ដល់​ជាង​៦០​ភាគរយ។ យុវជន​វ័យក្មេង​ទាំង​នោះ​ តាំង​ពី​ដឹង​ក្តី​មក មិន​ដែល​បាន​ស្គាល់​មេ​ដឹក​នាំ​ណា​ ផ្សេង​ក្រៅ​ពី​លោក កុមប៉ាអូរ៉េ​ ឡើយ។ ដូច្នេះ​ហើយ បាន​ជា​យុវជន​ក្មេង​ធ្វើ​ការ​ប្រឆាំង​ជា​ដាច់ខាត មិន​ព្រម​ឲ្យ​លោក កុមប៉ាអូរ៉េ ធ្វើ​ជា​ប្រធានាធិបតី​អស់​មួយ​ជីវិត​បាន​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ