អានតួអត្ថបទ

បាត់ខ្លួន​រាប់រយ​នាក់​ក្នុង​ហេតុការណ៍​បាក់ទំនប់​វារីអគ្គិសនី​នៅ​ខាងត្បូង​ប្រទេសឡាវ

ក្នុងហេតុការណ៍​បាក់​ទំនប់​វារីអគ្គិសនី​ដែល​កើតឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ក្រៅពី​មាន​អ្នក​បាត់ខ្លួន​រាប់រយនាក់ ក៏​មានអ្នក​ស្លាប់ផងដែរ គ្រាន់តែ​គេ​នៅមិនទាន់​អាច​កំណត់​បាន​ច្បាស់លាស់​អំពី​ចំនួន​ពិត​ប្រាកដ។ នេះ​បើ​យោងតាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ (Laos News Agency) ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ឡាវ។

រូបភាព​ពី​ឃ្លីបវីដេអូ​របស់ ABC Laos News ដែល​បង្ហាញ​ពី​ការជនលិចផ្ទះសម្បែង ក្រោយ​ការ​បាក់ទំនប់​វារីអគ្គិសនី​ នៅ​អាតាពឺ ខាង​ត្បូង​ប្រទេស​ឡាវ
រូបភាព​ពី​ឃ្លីបវីដេអូ​របស់ ABC Laos News ដែល​បង្ហាញ​ពី​ការជនលិចផ្ទះសម្បែង ក្រោយ​ការ​បាក់ទំនប់​វារីអគ្គិសនី​ នៅ​អាតាពឺ ខាង​ត្បូង​ប្រទេស​ឡាវ ABC LAOS/AFP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ​បាន​ឲ្យដឹង​ថា ទំនប់វារីអគ្គិសនី​​ដែល​បាក់ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​សាណាមសៃ (Sanamxay) ខេត្ត​អាតាពឺ (Attapeu) ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ឡាវ ជាប់​នឹង​ព្រំដែន​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​នៃ​ប្រទេស​កម្ពុជា។ ទំនប់វារីអគ្គិសនី​នេះ​​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​​នៅឡើយ ហើយ​វា​ជាគម្រោង​របស់​ក្រុមហ៊ុន​អគ្គិសនី​ឡាវ ដែល​មាន​ឈ្មោះ​ថា Xe Pian Xe Namnoy Power Company ហើយ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ថៃ (Ratchaburi Electricity Generating) និងក្រុមហ៊ុន​​កូរ៉េ​ខាង​ត្បូង (Korea Western Power)។

ហេតុការណ៍​បាក់​ទំនប់​វារីអគ្គិសនី​នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ប្រមាណ​ជា ៥ពាន់លាន​ម៉ែត្រ​គូប ហូរ​ជន់​លិចផ្ទះសម្បែង​របស់​អ្នក​ស្រុក​ដែល​នៅ​ក្បែរនោះ ហើយ​មន្រ្តី​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​អាតាពឺ បាន​ធ្វើការ​អំពាវនាវ​សុំ​ជំនួយ​សង្រ្គោះ​បន្ទាន់ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់នេះ។

ឃ្លីបវីដេអូ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ព័ត៌មាន​ក្នុង​ស្រុក​ឡាវ ឈ្មោះ ABC News បង្ហាញ​ឲ្យឃើញ​ពី​រូបភាព​ថតពីលើ​អាកាសនៃ​ទិដ្ឋភាពទឹកលិច​ផ្ទះសម្បែង និង​​ព្រៃឈើ​ លាតសន្ធឹង​ក្នុង​ទំហំ​ដ៏ធំល្វឹងល្វើយ។ ចំណែក​ឯ​ឃ្លីបវីដេអូមួយទៀត បង្ហាញ​ពី​អ្នកភូមិ​កំពុងនាំគ្នា​រង់ចាំ​ការសង្រ្គោះ​នៅលើ​ដំបូល​ផ្ទះ ក្នុងពេល​ដែល​ផ្ទះសម្បែង និង​វត្ត​អារាម ដែល​នៅ​ក្បែរនោះ ត្រូវ​ទឹកលិច​ស្ទើរតែ​ដល់​ដំបូល។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កម្ពុជា​បាន​ឲ្យដឹង​​នៅថ្ងៃ​អង្គារ​នេះថា ទីតាំង​ទំនប់វារី​អគ្គិសនី​នេះ​ស្ថិត​នៅ​ប្រមាណ​ជា ៧០គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា ហើយថា ទឹក​ដែល​ហូរ​ចេញ​ពីការ​បាក់​ទំនប់នេះ​នឹង​ត្រូវ​ហូរចូល​ទៅ​ក្នុង​ទន្លេសេកុង។ ហេតុដូច្នេះហើយ​បាន​ជា​ក្រសួង​ជូនដំណឹងឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ដងទន្លេសេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​ការ​ប្រុងប្រយ័ត្ន ព្រមទាំង​​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត ព្រមទាំង​ស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត ​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​សុវត្ថិភាព។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ