អានតួអត្ថបទ
បារាំង

បារាំង​របូត​ជន​សង្ស័យ​ជីហាត​ពី​ដៃ ពេល​កំពុង​មាន​គ្រោះភ័យ​គំរាម​ភេរវកម្ម​ខ្លាំង

ក្នុង​ខណៈ​ដែល​​​ការ​គំរាម​កំហែង​​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម មាន​សន្ធឹក​គួរ​ឱ្យ​ព្រួយបារម្ភ​ ជោគវាសនា​ចំណាប់​ខ្មាំង​បារាំង​ចាប់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ក៏​មិនជាក់​លាក់ ព្រោះ​ផុត​កំណត់​ឱសានវាទ​មិន​ដឹង​មាន​ជោគ​វាសសនា​យ៉ាងណា​នេះ ស្រាប់​តែ​មាន​ដំណឹង​ធ្លាក់​មក ជន​សង្ស័យ​ជីហាត​បារាំង​បី​នាក់ ធ្វើ​ដំណើរ​​ត្រលប់​ពី​មក​ពី​ស៊ីរី ចូលមក​ដល់​ទឹក​ដី​បារាំង​ហើយ តែ​អាជ្ញាធរ​បារាំង​ចាប់​ខ្លួន​មិន​បាន។ ជនសង្ស័យ​បាន​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ទីស្នាក់​ការ​ប៉ូលិស​ក្នុង​ភូមិ​តួច​មួយ​ដោយ​ខ្លួន​ឯង ដើម្បី ឱ្យ​ភ្នាក់ងារ​សន្តិសុខ​ឃាត់​សួរ​ចម្លើយ។

ជន​សង្ស័យ​ជីហាត​បារាំង​បី​នាក់ ចុះ​នៅ​ក្រុង​ភាគ​ខាង​ត្បូង ឯ​ប៉ូលិស​ទៅ​ចាំ​ចាប់​ខុស​នៅ​ប៉ារីស
ជន​សង្ស័យ​ជីហាត​បារាំង​បី​នាក់ ចុះ​នៅ​ក្រុង​ភាគ​ខាង​ត្បូង ឯ​ប៉ូលិស​ទៅ​ចាំ​ចាប់​ខុស​នៅ​ប៉ារីស AFP PHOTO / STEPHANE DE SAKUTIN
ផ្សាយពាណិជ្ជកម្ម

មាន​ឈ្មោះ​ក្នុង​បញ្ជី​​ភ្នាក់ងារ​សម្ងាត់ ជនសង្ស័យ​​ជីហាត​បារាំង​ទាំង​បី បាន​ចុះ​ចត​ចូល​ទឹក​ដី​បារាំង​វិញ ដោយ​គ្មាន​ប៉ូលិស ឬ​ភ្នាក់ងារ​ប្រឆាំង​នឹង​ភេរវកម្ម​ណា​រង់​ចាំ​ទទួល​សោះ ! សម្រាប់​ភាសា​ប៉ូលិស នេះ​ជា​បរាជ័យ​​ដ៏​ធំ​មួយ​ ព្រោះ​បាន​បណ្តោយ​ឱ្យ​ជន​សង្ស័យ​របូត​ពី​ភ្នែក​បាន។ ​ហេតុ​អ្វី​បាន​ជា​ជន​សង្ស័យ​ជីហាត​ទាំង​បី​អាច​រួច​​របូត​ចេញ​ពី​ដៃ បាន​ក្នុង​ខណៈ​ដែល​ក្រុម ប្រទេស​បស្ចឹម​លោក រាប់​ទាំង​បារាំងផង កំពុង​រង​​ការ​គំរាម​កំហែង​ភេរវនិយម​ពី​សំណាក់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ដូច្នេះ? !

 

ជន​សង្ស័យ​ទាំង​បី ​មាន​ពាក់ព័ន្ធ​នឹង​ចលនា​​​អ្នក​​អ៊ីស្លាម​ជ្រុល​និយមដាច់ខាត ព្រមទាំង​មាន​ទំនាក់ទំនង​ចំណង​គ្រួសារ​​​ជាមួយ​ ម៉ូហាមេដ មេរ៉ា ដែលបាន​​បង្ក​ភេរវកម្ម​​បាញ់​ប្រហារ​សាលា​រៀន​​ជីហ្វ​នៅ​​ខេត្ត​ទូលូ កាលពី​ខែ​ឧសភា​ឆ្នាំ​២០១២ទៀត។ ធ្វើ​ដំណើរ​ត្រលប់​ពី​ស៊ីរី ទាំង​បី​នាក់​បាន​ត្រូវ​ប៉ូលិស​តួកគី​​ឃាត់​ខ្លួន រួច​បណ្តេញ​ចេញ​ពី​ទឹក​ដី​ នៅ​ថ្ងៃ​អង្គារ​ទី ២៣​កញ្ញា ម្សិលមិញ តាម​ជើង​យន្តហោះ​ អ៊ីស្តង់ប៊ូល-ប៉ារីស។ ប៉ុន្តែ​អ្នកបើកបរ​យន្តហោះ​បដិសេធ​មិន​ព្រម​ដឹក​ជនជីហាត ទើប​ភ្នាក់ងារ​តួកគី​បញ្ជូន​ជន​សង្ស័យ​ជីហាត​មក​ប្រទេស​បារាំង​ តាម​ជើងហោះហើរ​ផ្សេង​ដែល​ត្រូវ​ចុះ​​នៅ​ក្រុង​ម៉ាកសី ភាគ​ខាង​ត្បូង​ប្រទេស​វិញ ! ទើប​បង្ក​ជា​បញ្ហា​ធំ​ដូច្នេះ ! ព្រោះ​បើ​តាម​ក្រសួង​មហាផ្ទៃ​បារាំង បារាំង​បាន​ទទួល​ព័ត៌មាន​ប្តូរ​ផ្លាស់​យន្តហោះ​ ក្រោយ​ពេល​ជនជីហាត​បាន​ជាន់​ដី​បារាំង។

សម្រាប់​អ្នក​សង្កេត​ការណ៍​ នេះ​ជាបរាជ័យ​​ដ៏​​គួរ​ឱ្យ​ព្រួយបារម្ភ​ ឬអាច​​ជា​ការ​បិទ​បាំង​បន្លំ​ផង ព្រោះ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ការ​គំរាម​កំហែង​ភេរវនិយម​ កើន​ឡើង​​ខ្ពស់នៅ​ស្ទើរ​ពេញ​ពិភពលោក។ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​​អំពាវនាវ​ឱ្យ​​សម្លាប់​ពលរដ្ឋ​បស្ចឹមលោក ជាពិសេស​បារាំង​​ តាម​គ្រប់​វិធី។ ម្យ៉ាង​ទៀត ជន​ជាតិ​បារាំង​ម្នាក់ ដែល​​​ពួក​ចលនា​អ៊ីស្លាមចាប់​ជំរិត​ទៅ​ មិនដឹង​ស្លាប់​ឬ​រស់ ព្រោះ​ឱសានវាទ​កំណត់​ដោយ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ទុក​ពេល​ឱ្យ​បារាំង​៤៨​ម៉ោង​ សម្រេច​ឈប់​វាយប្រហារ​ផ្លូវ​អាកាស​នៅអ៊ីរ៉ាក់ ជា​ថ្នូរ​នឹង​ជីវិត​ចំណាប់​ខ្មាំង បាន​ផុត​នៅ​ល្ងាច​មិញ។ ជោគ​វាសនា​ចំណាប់​ខ្មាំងបារាំង​ Hervé Gourdel ​ស្ថិត​ក្នុង​ភាព​មិន​ជាក់​លាក់ ដោះស្រាយ​មិន​ទាន់​ចេញផង ការ​គំរាម​កំហែង​ប្រហារ​ជីវិត​បាន​ធ្លាយ​ចេញ​មួយ​ទៀត នៅ​ហ្វីលីពីន ! ពួក​អ៊ីស្លាម​ជ្រុល​និយម​ អាប៊ូសៃយាហ្វ បាន​គំរាម​​ដែរ​ប្រហារ​ជីវិត​ចំណាប់​ខ្មាំង​ជនជាតិ​អាល្លឺម៉ង់ ដែល​ចាប់​ខ្លួន​បាន​កាលពី​ខែ​មេសា ប្រសិន​បើ​អាល្លឺម៉ង់​បន្ត​គាំទ្រ​សម្ព័ន្ធ​អន្តរជាតិ​កម្ចាត់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ