អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​បារាំង​​​ចេញ​មុខ​ចេញ​មាត់​ខ្លាំង​ក្នុង​វិបត្តិ​អ៊ីរ៉ាក់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិស្តី​អំពី​សន្តិភាព​និង​សន្តិសុខ​អ៊ីរ៉ាក់ កំពុង​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​ប៉ារីស ក្រោម​អធិបតីភាព​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ និង​សមភាគីអ៊ីរ៉ាក់ លោក លោក ហ្វូអាត ម៉ាស៊ូម។ សន្និសីទ​ដែល​អាច​នឹង​មាន​សន្ទុះ​ខ្លាំង តែ​​ក៏អាច​​​អួរអាប់​បន្តិច​ ដោយ​ហេតុ​តែ​ប្រធានាធិបតី​អាមេរិក បារ៉ាក់​អូបាម៉ា បាន​ចោទ​ដោយ​ចំៗប្រទេស​បារាំង​ ថា​បាន​លួច​បង់​លុយទៅ​ឲ្យ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ដើម្បី​រំដោះ​ចំណាប់​ខ្មាំង​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ នៅ​លើ​សមរភូមិ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង បានប្រកាស​ នៅ​ ព្រឹក​ថ្ងៃ​ចន្ទ​ទី ១៥ កញ្ញាដដែល​​នេះថា យន្តហោះចម្បាំង​បារាំង​​ប្រភេទរ៉ាហ្វាល់ (Rafale) អម​ដោយ​យន្តហោះ​ស៊ើបការណ៍​ផង បាន​ទទួល​បញ្ជា​ចេញ​ធ្វើ​បេសកកម្ម​ហោះហើរ​​សម្គាល់​ទីតាំង និង​ប្រមូល​ព័ត៌មាន មុន​នឹង​ផ្តើម​ធ្វើ​ការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។

ប្រធានាធិបតី​អ៊ីរ៉ាក់ លោក Fouad Massoum និង​ប្រធានាធិបតី​បារាំង​​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ថ្ងៃទី ១៥ កញ្ញា ២០១៤
ប្រធានាធិបតី​អ៊ីរ៉ាក់ លោក Fouad Massoum និង​ប្រធានាធិបតី​បារាំង​​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ថ្ងៃទី ១៥ កញ្ញា ២០១៤ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

សន្និសីទអន្តរជាតិ​​ក្រុង​ប៉ារីស​ ដើម្បី​កម្ទេច​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម

 
​២៦​ប្រទេស មាន​ជាអាទិ៍​​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង​៥ ក្រុមប្រទេស​ក្នុង​តំបន់​ដើម​បូព៌ា មជ្ឈឹមបូព៌ា​ ក្រុមប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែរ្ស និង​ប្រទេស​ជិតខាង​ជាប់​របង​អ៊ីរ៉ាក់​ លីបង់​និង​អេហ្ស៊ីប​ អាល្លឺម៉ង់​ ជប៉ុន​ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប​និង​សម្ព័ន្ធអារ៉ាប់​ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​សន្និសីទ​អន្តរជាតិ​​ស្តីពី​សន្តិភាព​និង​​សន្តិសុខ​អ៊ីរ៉ាក់ នៅ​ទីក្រុង​ប៉ារីស។

ប្រទេស​ដែល​អវត្តមាន ​គឺ​ស៊ីរី និង​អ៊ីរ៉ង់។ ស៊ីរី​ ត្រូវ​បាន​គេ​ដាក់​ម្តុំ​មិន​រាប់​រក ប៉ុន្តែ​ឈ្មោះ​ប្រធានាធិបតី​ លោក បាស្ហាអាល់អាសាដ ត្រូវ​បាន​គេ​លើក​យក​និយាយ​កាន់​តែ​ច្រើន​ឡើងៗ។ ចំណែក​អ៊ីរ៉ង់​វិញ បារាំង​ចង់​ហៅ​មកក្រុង​ប៉ារីស​ថ្ងៃ​នេះ​ដែរ​ ប៉ុន្តែ​អាមេរិក​ និង​អារ៉ាប៊ីសាអ៊ូឌីត​ប្រឆាំង​។ សន្និសីទ​មិន​ទាន់​ទាំង​ចប់​ផង អ៊ីរ៉ង់បាន​រិះគន់​រួចជា​ស្រេច​​ថា​ អន្តរាគមន៍​យោធា​មិន​អាច​យក​ឈ្នះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ទេ គឺ​មានតែ​​ការ​ពង្រឹង​រដ្ឋាភិបាល​របស់​អ៊ីរ៉ាក់ និង​ស៊ីរី​ ទើប​ជា​មធ្យោបាយ​ល្អ។

កម្មវត្ថុ​នៃ​សន្និសីទថ្ងៃ​នេះ គឺ​ដើម្បី​កំណត់​​អំពីមធ្យោបាយ​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ប្រភព​ផ្តល់​ហិរញ្ញវត្ថុ​ដល់​​ក្រុម​អ៊ីស្លាម​ជីហាត ការ​ជ្រើសរើស​យុវជន​ឱ្យ​ចូល​ជា​ជីហាត និង​ពិសេស​អំពី​ការ​កំណត់​តួនាទី​ប្រទេស​ជា​សមាជិក​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម។

ជា​លទ្ធផល​ សន្និសីទ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍ជា​សាធារណៈ ចំនួន​​​១០​ចំណុច​ ទាក់ទង​នឹង​ ផែនការ​ធ្វើយុទ្ធនាការ ផែនទី​ចង្អុល​ផ្លូវ​​នាំ​ទៅ​ដល់​ការ​កម្ទេច​រដ្ឋ​អ៊ីស្លាម ប៉ុន្តែ​គ្មាន​ទេ​ខ្លឹមសារ​លម្អិត​នៃ​ការ​បញ្ចេញ​សកម្មភាព ឬ​កាល​បរិច្ឆេទ នៃ​អន្តរាគមន៍​យោធា​ផ្លូវ​អាកាស។  អ្វី​ដែល​លំបាក​បំផុត និង​ត្រូវ​ការ​ការ​សម្រេច​​ក្នុង​សន្និសីទ គឺ​ការ​ពន្លាត​យុទ្ធនាការ​ផ្លូវអាកាស​ពី​អ៊ីរ៉ាក់​ទៅ​ស៊ីរី ព្រោះ​ក្រុង​ដាម៉ាស​របស់​លោក បាស្ហារ អាល់អាសាដ​ ប្រឆាំង​ជា​និច្ច​នឹង​ប្រតិបត្តិការ​បរទេស​លើ​ទឹកដីខ្លួន។

ហេតុ​អ្វី​បាន​ជា​បារាំង​ហាក់​ដូច​ប្រឹង​ប្រែង​ខ្លាំង​​? ​បារាំង​នឹង​មាន​តួនាទី​យ៉ាងណា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម​ ?
 
គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង តែ​ម្តង​ ដែល​កំពុង​ស្ថិត​នៅ​ក្នុងមូលដ្ឋាន​ទ័ព​បារាំង​ប្រចាំ​ក្រុង​ អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ជា​អ្នក​ប្រកាស​ដំណឹង​ថា យន្តហោះ​ចម្បាំង Rafale​ និង​យន្តហោះ​ស៊ើបការណ៍ (គ្មាន​ទេ​យន្តហោះដ្រូន) បាន​ហោះ​ចេញ​ទៅ​ប្រមូល​ព័ត៌មាន​​និង​ដៅ​ទីតាំង​ផ្សេងៗ​មុន​នឹង​ឈាន​ដល់​ដំណាក់កាល​វាយប្រហារ​។ ការ​វាយប្រហារ​ផ្លូវ​អាកាសនេះ​ ដែលស្ថិត​ក្នុងក្របខ័ណ្ឌ​នៃ​អន្តរាគមន៍​យោធា​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

បារាំង​ថ្វី​បើព្រម​​ចូល​ដៃ​ជាមួយ​អាមេរិក​មែន ប៉ុន្តែ​បារាំង​ត្រូវ​ការ​រក្សា​ស្វយ័តភាព​របស់​ខ្លួន​ ក្នុង​ផ្នែក​ស៊ើប​ការណ៍ និង​រក្សា​សិទ្ធិ​សេរីភាព​នៃ​ការ​ជ្រើស​ចំណុច​វាយ​ប្រហារ​។ មាន​ន័យ​ថា​បារាំងព្រម​​កៀក​ស្មា​ជាមួយ​អាមេរិក​ក្នុង​សំណុំ​រឿង​អ៊ីរ៉ាក់​នេះ មាន​សិទ្ធ​សម្រេចចិត្ត​ខ្លះ ​ មិន​មែន​រង់ចាំ​ឱ្យ​អាមេរិក​ដឹកមុខ​រហូត​ទេ ព្រោះ​បារាំង​មិន​ទាន់​ភ្លេច​ទង្វើ​អាមេរិក​ដែល​ក្រឡាស់​ដៃ​ក្នុង​សំណុំ​រឿង​អន្តរាគមន៍​យោធា​នៅ​ស៊ិរី​នៅ​ឡើយ​ទេ។

បារាំង​ត្រូវ​តែ​ខិត​ខំ​ចេញ​មុខ​មាត់​ខ្លាំង ព្រោះ​​ក្នុង​នាម​ជា​មហាអំណាច​មួយ​ បារាំង​ដឹងថា​ខ្លួន​​ត្រូវ​មាន​ភារកិច្ចការពារក្រុម​អ្នក​កាន់​សាសនាកាតូលិក​នៅ​អ៊ីរ៉ាក់​ផង ត្រូវ​ការ​រក្សាមុខ​មាត់​លើ​ឆាក​អន្តរជាតិ​ផង និង​ម្យ៉ាងទៀត បារាំង​ហាក់​ដូច​ជាមានពាក់ព័ន្ធ​ខ្លាំង​ ក្នុង​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​នេះ ព្រោះ​យុវជន​បារាំង​ច្រើន​បាន​លង់​ខ្លួន​ចូល​ធ្វើ​ជា​ជីហាត។

បារាំង​លេច​មុខ​ខ្លាំង តែ​ក៏​រង​ការ​បន្ទោស​ខ្លាំង​ ក្នុង​សំណុំ​រឿង​ចំណាប់​ថ្នូរ

ថ្វីបើ​អាមេរិក​រីករាយ​នឹង​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​បារាំង​ក្នុង​យុទ្ធ​នាការ​កម្ទេច​​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​មែន ប៉ុន្តែ​នេះ​មិនមែន​​មាន​ន័យ​ថា​បារាំង​និង​អាមេរិកមាន​នយោបាយ​ដូច​គ្នា​ទាំង​ស្រុង​ឡើយ។

ក្នុង​នយោបាយ​អាមេរិក គឺកម្រ​មាន​ណាស់​ការ​ចរចា​បង់​ប្រាក់​លួស​យក​ចំណាប់​ថ្នូរ ! ក្នុង​ករណី​ជនជាតិ​អាមេរិក ​ដែល​ពួក​ជីហាត​​បាន​អារ-ក កាលពី​ខែ​មុន និង​ដែល​ជំរុញ​ឱ្យ​អាមេរិក​សម្រេច​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​នៅអ៊ីរ៉ាក់​នោះ តាមការពិត​អាមេរិក​ប្រើ​កម្លាំង​ទៅ​រំដោះ​ដែរ​ តែ​ត្រូវ​បរាជ័យ ! រដ្ឋបាល​អាមេរិក​ហាមប្រាម​គ្រួសារ​មិន​ឱ្យ​ប្រើ​លុយ​ជា​ដំណោះស្រាយ​ទេ ពុំ​នោះ​ទេ​នឹង​ត្រូវ​ទទួល​​ទោស​ព្រហ្មទណ្ឌ​នៅ​តុលាការ​។​

អង់គ្លេស​ក៏​ដូច​គ្នា​ មិន​ងាយ​ប្រើ​លុយ​សម្រាប់​ដោះដូរ​ជីវិត​មនុស្ស​ទេ។ ចំណាប់​ថ្នូរ​ជនជាតិ​អ៊ីតាលី​ម្នាក់ ដែលបាន​​ធ្លាក់​ក្នុង​ដៃ​ពួក​ជីហាតដូច​អង់គ្លេស​និង​អាមេរិក​​ដែរ​ ទើប​នឹង​ត្រូវ​បាន​ដោះស្រាយ​មុន​នេះ​ប៉ុន្មាន​ថ្ងៃ ដោយ​សារ​រដ្ឋាភិបាល​បាន​ទៅ​ចរចា​បង់​លុយ​ ដោះដូរ។

​ដូច្នេះ​នេះ​ជា​ប្រការ​ធម្មតា​ទេ ដែល​វីដេអូ ​អារ-ក សម្លាប់​​ជនជាតិ​អង់គ្លេស​ កាលពី​ថ្ងៃ​សៅរ៍​​ បាន​​​ធ្វើ​ឱ្យ​សំណុំ​រឿង​ចំណាប់​ខ្មាំង​ ​ត្រដែត​ឡើង និង​នាំ​ លោកអូបាម៉ា ឱ្យ​​បន្ទោស​សម្ព័ន្ធ​មិត្ត នាពេល​នេះ ព្រោះចង់​ឬ​មិន​ចង់​ ​អ្នក​បង់​លុយ​បាន​រួច​ជីវិត ឯ​អ្នក​មិន​បាន​បង់​ត្រូវ​រងគ្រោះ​ គួរ​ឱ្យ​ឈឺ​ចាប់។ ​លោក​អូបាម៉ាត្រូវ​ឆ្លៀត​ឱកាស​នេះ​បន្ទោស​សម្ព័ន្ធ​ខ្លះ ព្រោះ​បើ​តាម​លោកប្រធានាធិបតី​ ពួក​​អ៊ីស្លាម​ដែល​មាន​កម្លាំង​ រហូតមក​ទល់​ពេលនេះ​ គឺ​ដោយ​សារ​តែ​ក្រុមប្រទេស​បស្ចឹម​ជា​អ្នក​ចិញ្ចឹម តាម​រយៈ​ការ​ផ្តល់​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង ក្នុង​នោះ​គឺ​មាន​បារាំង​ដែរ។ ​សេរីភាព​របស់​ចំណាប់​ខ្មាំងបារាំង​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​​ ជា​ផ្លូវការ​ថា​មិន​បា​ន​ប្រើ​លុយ​ទេ តែ​តាមពិត​គឺ​បាន​ចំណាយ​រាប់​លាន​អឺរ៉ូ។ បើ​តាម​កាសែត​ញូវយ៉ក​ថែមស៍ បារាំង​បាន​ចំណាយ​អស់​ជាង​៥៨​លាន​អឺរ៉ូ នៅ​ឆ្នាំនេះ ​សម្រាប់​​រំដោះ​​​​ពលរដ្ឋ​បារាំង​ឱ្យ​ផុត​ពី​កណ្តាប់​ដៃ​ពួក​អាល់កៃដា​នៅតំបន់​ម៉ាហ្ក្រេប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ