អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ភេរវនិយម​​ជីហាត ៖ គោ​បាត់​ទើប​ធ្វើ​របង ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពេល​ដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​ប្រើ​​​អាវុធយុទ្ធភ័ណ្ឌ​​ និង​ខ្វល់​ខ្វាយ​បង្កើត​សម្ព័ន្ធ​អន្តរជាតិ​ ដើម្បី​កម្ទេច​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាមនៅ​អ៊ីរ៉ាក់​​ នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​កំពុង​​​រួសរាន់​បង្កើត​ច្បាប់​​ដើម្បី​ទប់​ស្កាត់​ចរន្ត​ចេញ​ទៅ​ធ្វើ​ជីហាត។​ ​ គម្រោង​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយមជីហាត​​ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​​បាន​ដាក់​ជូន​សភា​ពិភាក្សា​ និង​អនុម័ត ជា​បន្ទាន់​ នៅ​ថ្ងៃ​អង្គារ​ទី១៦​កញ្ញា​ ព្រោះ​បើ​តាម​លោក​​រដ្ឋមន្ត្រី​ ហានិភ័យ​មាន​កាន់​តែ​ខ្លាំង ចំនួន​យុវជន​បារាំង​​កាន់​តែ​ច្រើន​ឡើងៗ បាន​ផ្តាច់​ខ្លួន​ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី។​ តើគម្រោង​ច្បាប់​ប្រឆាំង​នឹង​ដង្កូវ​ចេញ​សាច់​ឯង​នេះ​​មានខ្លឹមសារ​ និង​​វិធានការ​យ៉ាងណា​ខ្លះ ?

រូប​ថត​វីដេអូ​បង្ហាញ​ពី​ការ​ហ្វឹកហ្វឺន​យុវជន​ជីហាត​
រូប​ថត​វីដេអូ​បង្ហាញ​ពី​ការ​ហ្វឹកហ្វឺន​យុវជន​ជីហាត​ Internet
ផ្សាយពាណិជ្ជកម្ម

ចំនួន​យុវជន​ជាតិ​បារាំង និង​អ្នក​ស្នាក់​​នៅ​ក្នុងស្រុក​​បារាំង ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី​បាន​កើន​ឡើង​ឥត​ឈប់។ កាលពីមួយ​ឆ្នាំ​មុន (មីនា ២០១៣) មាន​​បារាំង​តែ​៥០​នាក់​ប៉ុណ្ណោះ​បាន​លង់​ខ្លួន​ចូល​ជីហាត។ ដល់​ខែ​មេសា​២០១៤ ចំនួន​ជីហាត​បារាំង​បាន​ឡើង​ដល់​ ៥០០​នាក់។ នៅ​ខែ​កក្កដា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង​ បាន​វាយ​តម្លៃ​ថា​​ចំនួន​ជីហាត​បារាំង​បាន​ឡើង​ដល់​៨០០​នាក់។ មក​ដល់​ខែ​កញ្ញា ចំនួន​ជីហាត​បារាំង​បាន​ឡើង​ដល់​៩៣០​នាក់ ! ពោល​គឺ​មាន​កំណើន​ជាង​៧០%។ នេះ​ជា​តួលេខ​ផ្លូវការ​ផ្តល់​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ កាលពី​ថ្ងៃ​អាទិត្យ។ បើ​តាមទិន្នន័យ​របស់​កាសែត​ The Economist បារាំង​​ជា​ប្រទេស​នាំ​មុខ​នៅ​អឺរ៉ុប​ខាង​ផ្នែក​មាន​ចំនួនពលរដ្ឋ​ចូល​​ជីហាត​ច្រើន​ជាង​គេ​ បន្ទាប់​មក​គឺ​អង់គ្លេស (៤០០នាក់) អាល្លឺម៉ង់ (២៧០​នាក់) បែលហ្សិក (២៥០នាក់)… ជា​សរុប​មាន​ពលរដ្ឋ​អឺរ៉ុប​ប្រមាណ​ពីរ​ពាន់​បាន​ចូល​ទៅ​បំរើ​ពួក​ជីហាត​នៅ​ស៊ីរី​។

 
ចំនួន​ជន​ស្ម័គ្រ​ចិត្ត​ចូល​ជីហាត​ ​កើន​ឡើង​ជា​លំដាប់ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ទប់​ស្កាត់​ដំណើរ​​ចេញចូល​ទៅ​ស៊ីរី​ ឬ​ទៅ​អ៊ីរ៉ាក់របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។ ការ​គំរាម​កំហែង​ជីហាត​ មាន​សណ្ឋាន​កាន់​តែ​គ្រោះ​ថ្នាក់ ដែល​​​ចាំបាច់​ត្រូវ​មាន​វិធានការ និង​ច្បាប់​ជា​បន្ទាន់​មួយ។ ការ​ទប់​ស្កាត់​មិន​ឱ្យ​យុវជន​ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី ឬ​អ៊ីរ៉ាក់ ជា​កាតព្វកិច្ច​មួយ ឯ​ការ​សំខាន់មួយ​ទៀត​ដែលគួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​​ គឺ​​សួរ​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ពេល​ពួក​ជីហាត​នោះ​ត្រលប់​ចូល​ប្រទេស​​វិញ។

​នៅ​ពេល​បានក្លាយ​ជា​​​ជីហាត និង​នៅ​ពេល​ត្រលប់​មក​វិញ​ ភេរវជន​ជីហាត អាច​បង្ក​សកម្មភាព​ ជា​លក្ខណៈ​ទោល ដូច​ចចក​ឯកា ឬ​ជា​បណ្តាញ​។ ជា​ឧទាហរណ៍​ជាក់​ស្តែង ថ្មីៗ​កន្លង​ទៅ​នេះ ក្នុងហេតុការណ៍​បាញ់​សម្លាប់​ជនជាតិ​ជីហ្វ​នៅ​ក្រុង​ព្រុចសែល​ ប្រទេស​ប៊ែលហ្សិក​ ភេវជន​សង្ស័យ​ ​នេម៉ូស គឺ​ជា​សកម្មជន​ជីហាត នៅ​ស៊ីរី ធ្លាប់​ធ្វើ​ជា​ឆ្មាំ​គុក​យាម​អ្នក​ទោស​ជា​ចំណាប់​ខ្មាំង​ជនជាតិ​បារាំង​ដូចគ្នា។ នៅ​ក្នុង​ខ្សែ​អាត់​វីដេអូពួក​ជីហាត​រដ្ឋ​អ៊ីស្លាម អារ​ក ជនជាតិ​អាមេរិក កាលពី​ដើម​ខែ​សីហា សំឡេង​ជនជីហាត​ត្រូវ​បាន​គេស​ង្ស័យ​ថា​ មាន​សំនៀង​ជាជន​ជាតិ​អង់គ្លេស។ រដ្ឋាភិបាល​អង់គ្លេស​បាន​សិក្សា​ភ្លាម​​​វិធានការ​ក្តៅ​ ចង់​​​ ​ប្រើ​សិទ្ធិ​រឹប​អូស​លិខិត​ឆ្លង​ដែន​ជន​សង្ស័យ​អ៊ីស្លាម​ជីហាត។ សម្រាប់​អាល្លឺម៉ង់​វិញ​ តាំង​ពី​ថ្ងៃ​សុក្រ​មក ក៏​បាន​ចេញ​ច្បាប់​យក​មក​ធ្វើ​ជា​អាវុធ​​ សម្រាប់ប្រយុទ្ធ​ប្រឆាំ​ងនឹង​រដ្ឋ​អ៊ីស្លាម​ ដោយ​ហាម​ឃាត់​​មិន​ឱ្យ​មាន​សកម្មភាព​គាំទ្រ​ ជ្រើសរើស ឬ​ឃោសនា​​បម្រើ​ប្រយោជន៍​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ជីហាត​ក្នុង​ទឹក​ដី​អាល្លឺម៉ង់ទេ។ រាល់​ស្លាក​ឬ និមិត្តសញ្ញា​​រដ្ឋអ៊ីស្លាម ជា​សារ​សរសេរ ជា​រូបភាព ជា​សំឡេង ក្នុង​ពេល​មាន​ប្រមូល​ផ្តុំ​ នៅក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​ ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក​ជា​ដើម​ ។ល។ ត្រូវ​ហាមឃាត់​ទាំង​អស់។ ការ​ហាមឃាត់ដែល​អាច​ទប់​ស្កាត់​ការ​ជ្រើសរើស​យុទ្ធជន​ជីហាត និង​បិទ​ខ្ទប់​ប្រភព​ហិរញ្ញប្បទាន ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​ ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ដល់​ពួក​និង​ក្រុម​បង្ក​សកម្មភាព​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ផ្ទុយ​នឹង​មូលដ្ឋាន​រស់​នៅ​របស់​ពលរដ្ឋ។ ពោល​គឺ​ត្រូវ​បញ្ចៀស​ឱ្យ​បាន​ ការ​នាំ​ឥទ្ធិពល​អ៊ីស្លាមជ្រុល​និយម​ចូល​ស្រុក។

ឥលូវ​ដល់​វេន​ប្រទេស​បារាំង​ម្តង​ ដែល​ត្រូវ​បង្កើត​ច្បាប់​ប្រឆាំងនឹង​ភេរវនិយម។ ថ្វី​ដ្បិត​បាន​ចំណាយ​ពេល​យូរ​បន្តិច​ និង​មាន​ការ​ប្រទាញ​ប្រទង់​ខ្លាំង​ លើ​គ្រោះ​រំលោភ​សេរីភាព​បុគ្គល តែ​ទី​បំផុត ​ច្បាប់​បន្ទាន់​ដែល​មាន​សុពលភាព​៦​ខែ និង​អាច​ពន្យារ​បាន​ដល់​២​ឆ្នាំ​ ត្រូវ​បាន​សភា​អនុម័ត​នៅ​ថ្ងៃអង្គារ​ទី ១៦កញ្ញា។

តាម​រយៈ​ច្បាប់​ប្រឆាំងនឹង​ភេរវនិយម ច្បាប់​​​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ចាក​ចេញ​ពីទឹក​ដី​បារាំង ទៅ​ទិសដៅ​ស៊ីរី ឬ​អ៊ីរ៉ាក់ អាជ្ញាធរ​អាច​នឹងសិទ្ធិ​​​​ដក​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​ ជន​ជាប់​ពាក់ព័ន្ធ បាន​ដោយ​ភ្លាមៗ។ មិន​តែ​ប៉ុណ្ណោះ​ ព័ត៌មាន​ទាក់ទង​នឹង​ជន​សង្ស័យ​ ត្រូវ​បញ្ជូន​ទៅ​ឱ្យ​គ្រប់​ប្រទេស​ក្នុង​តំបន់​Schengen ជា​សមាជិក​អឺរ៉ុប​ដែល​គ្មាន​ព្រំដែន អាច​​ធ្វើ​​ដំណើរ​ឆ្លង​គ្នា​​សេរី​។ ក្រុមហ៊ុន​ដឹកជញ្ជូន​ក៏​គ្មាន​សិទ្ធិ​ដឹក​ជន​ជាប់​សង្ស័យ​ជីហាត​នេះ​ដែរ។ គម្រោង​ច្បាប់​បារាំងនេះ ក៏​មាន​ផែនការ​​វាយប្រហារ​មនោគមន៍វិជ្ជា​ភេរវនិយម​ជីហាត​ តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ដែរ។ អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​បញ្ជា​ឱ្យ​នឹង​​បិទ​ខ្ទប់​វិបសៃត៍​​ដែល​ឃោសនា​ឱ្យ​បម្រើ​នយោបាយ​ភេរវនិយម​អ៊ីស្លាមជ្រុល​និយម​ជីហាត ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង ដូច​ករណី​បិទ​ខ្ទប់​វិបសៃត៍​អាសអាភាស​បម្រើ​ផ្លូវភេទ​លើ​កុមារ។ ប៉ុន្តែ​ចំណុចច្បាប់​នេះ មាន​ភាព​​ដ៏​ចម្រូង​ចម្រាសខ្លាំង ​សភា​បារាំងកំពុង​ពិភាក្សា​​អនុម័តនៅ​ថ្ងៃពុធ​នេះទៀត។​

បើ​ច្បាប់​មាន​ហើយ ​សួរ​ថា​តើ​​​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា ? ​បណ្តាញ​ជីហាត​បារាំង ​ភាគ​ច្រើន​មាន​វ័យ​ក្មេង មាន​​គ្រួសារ​ជា​អន្តោប្រវេសន៍ជីវភាព​យ៉ាប់​យឺន​ ជិត​ពាក់​កណ្តាល​គ្មាន​ដាន​ក្នុងបញ្ជី​​ភ្នាក់ងារ​ស៊ើប​អង្កេត​សោះ។ ឯ​ចំណែក​ពួក​រដ្ឋ​អ៊ីស្លាម មាន​លុយ និង​​បន្ត​ជ្រើស​រើស​បុគ្គលិក​ថ្មី​រហូត។ បុគ្គលិក​​អ៊ីស្លាមណា​​​ដែល​បាន​ឆ្លង​ព្រំ​ដែន​ដល់​ប្រទេស​តួកគី មិន​បាច់​ចាំ​ទៅ​ដល់​ប្រទេស​ស៊ីរី​ផង។ ប៉ុន្តែបើ​តាមរដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​បារាំង គ្រាន់​តែ​បារាំង​បាន​ដាក់ឱ្យ​ដំណើរ​ការ​វិធានការ​តាម​ចាប់​និង​ផ្តល់​សញ្ញា​ នៅ​ខែ​មេសា​មក បារាំង​បាន​បញ្ចៀស​ដំណើរ​ចេញ​ទៅ​ធ្វើជីហាតនៅ​ស៊ីរី​និងអ៊ីរ៉ាក់​​បានយ៉ាង​ហោច​​៧០​ករណី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ