ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
អាស៊ី

ជំនួបថ្នាក់រដ្ឋមន្រ្តី​​ទ្វេភាគី​បារាំង​-​ជប៉ុនដើម្បីពង្រឹងទំនាក់ទំនងយោធា

media នាវាចម្បាំង​បារាំង​នៅឯ​មូលដ្ឋាន​ទ័៍ពជើងទឹក Brest ដែល​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​ប្រទេស​បារាំង FRED TANNEAU / AFP

បារាំង និង​ជប៉ុន បាន​បើក​ធ្វើ​ជំនួបទ្វេភាគី​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារជាតិ នៅថ្ងៃ​សុក្រនេះ នៅ​ឯ​ទីក្រុង​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​បារាំង (Brest) ដែល​ជា​ទីតាំង​ទ័ព​ជើងទឹក​ដ៏​ធំ​លំដាប់​ទីពីរ​របស់​បារាំង។ កិច្ចប្រជុំ​នេះ​​គឺ​ជា​ផ្នែក​មួយ​នៃ​យន្តការ​ពង្រឹង​ភាព​ជាដៃគូ​ខាង​ផ្នែក​យោធា នៅ​ក្នុង​ពេល​ដែល​បារាំង​កំពុងតែ​ស្វះស្វែង​បង្កើន​វត្តមាន នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

ជំនួប​ទ្វេភាគី​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​និង​ការពារជាតិ នៅ​ក្នុង​រូបមន្ត “២+២” ដែល​បារាំង និង​ជប៉ុន បើក​ធ្វើនៅថ្ងៃ​សុក្រនេះ គឺ​ជា​ជំនួប​លើកទី៥​ហើយ ចាប់តាំង​ពី​យន្តការ​នេះ​ត្រូវ​បាន​បង្កើតឡើង កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ។ យន្តការ​នេះ​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ឆ្លើយតប​ទៅតាម​គោលដៅ​ជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​ទាំងពីរ ស្របទៅតាម​ការ​វិវឌ្ឍ​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក ជាពិសេសក្នុង​​​តំបន់ ដែល​គេ​តែងនាំគ្នា​ហៅថា “ឥណ្ឌូប៉ាស៊ីហ្វិក”។

​បារាំង ក៏ដូចជា​ប្រទេស​មហាអំណាច​ជាច្រើន​ផ្សេងទៀត​ដែរ កំពុងតែ​ព្យាយាម​បង្កើន​វត្តមាន​ នៅ​ក្នុង​តំបន់​អាស៊ី ដែល​​បច្ចុប្បន្ន​កំពុងក្លាយ​ជា​ចំណុច​ដ៏​សំខាន់​មួយ​នៃ​​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក។ សម្រាប់​បារាំង ដែល​ជា​ប្រទេស​មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​​នៅ​ទីសមុទ្រ​ធំជាង​គេលំដាប់​ទីមួយ​នៅលើ​ពិភពលោក តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​រឹតតែ​មាន​សារៈសំខាន់​ទៅទៀត ពីព្រោះ​ថា នៅ​ក្នុង​តំបន់​នេះ បារាំង​មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​រហូតដល់​ទៅ​ជិត ៩លាន​គីឡូម៉ែត្រ​ក្រឡា​ឯណោះ។

​ជប៉ុនវិញ​ក៏​មាន​បំណង​ចង់​ឃើញ​បារាំង​បង្កើន​វត្តមាន​នៅ​អាស៊ី​នេះ​ដែរ ដើម្បី​ជួយ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។ បន្ថែម​ពីលើ​នេះ​ទៅទៀត ការ​រឹតចំណង​ទាក់ទង​ខាង​ផ្នែក​ការទូត​និង​យោធា​ជាមួយ​បារាំង គឺ​ជា​ចំណុច​គន្លឹះ​មួយ​ទៀត នៅ​ក្នុង​នយោបាយ​ការបរទេស​ជប៉ុន ដែល​កំពុងតែ​ព្យាយាម​កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​តែ​ទៅលើ​សហរដ្ឋ​អាមេរិក ស្រប​នឹង​ពេល​ដែល​ជប៉ុន​ខ្លួន​ឯង​ក៏​កំពុងតែ​ចង់​​បង្កើន​ឥទ្ធិពល​​​នៅលើ​ឆាកអន្តរជាតិ ជាពិសេស ទាក់ទង​នឹង​ប្រតិបត្តិការ​រក្សា​សន្តិភាព និង​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម និង​ចោរសមុទ្រ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​ថា ការពង្រឹង​ភាព​ជាដៃគូ​យោធា​បារាំង-ជប៉ុន​នេះ នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ ជាពិសេស ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ខាង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​គ្រឿង​បរិក្ខា​យោធា។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ប្រទេស​ទាំងពីរ​គ្រោង​នឹងពង្រឹង​ទំនាក់ទំនង​ខាង​ផ្នែក​ប្រតិបត្តិការ​សឹក តាមរយៈ​​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា ដែល​គេ​គ្រោង​ធ្វើ​នៅ​ដើមឆ្នាំ២០១៩​ខាងមុខនេះ។

​ក្រសួង​ការពារជាតិ​បារាំង​បាន​ឲ្យដឹង​ថា សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា​បារាំង-ជប៉ុន​នេះ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​នាវាផ្ទុកយន្តហោះ​របស់​បារាំង ហើយ​​​ត្រូវ​បាន​គេ​គ្រោង​​ធ្វើនៅ​ឯ​តំបន់​សមុទ្រ​ក្បែរ​ប្រទេស​ជីប៊ូទី (តំបន់មជ្ឈិមបូព៌ា) ដែល​ទាំង​បារាំង ទាំង​ជប៉ុន សុទ្ធតែ​មាន​មូលដ្ឋាន​ទ័ព​នៅ​ទីនោះ ហើយ​សមយុទ្ធ​មួយ​ទៀត​អាច​នឹង​ត្រូវ​បើក​ធ្វើ នៅ​ប៉ែក​ខាង​កើត​មហាសមុទ្រ​ឥណ្ឌា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ