អានតួអត្ថបទ
បារាំង

មនុស្ស​ជំនិត​អតីត​ប្រធានាធិបតី​បារាំងជាប់​ចោទធ្វើ​វិក្ក័យប័ត្រ​ក្លែងក្លាយ

មន្ត្រី​ជាន់​ខ្ពស់បី​នាក់​នៃ​​គណបក្ស​UMP និង​ជា​ជំនិត​របស់​អតីត​ប្រធានាធិបតី​បារាំង​​​លោក​នីកូឡា សាកូហ្ស៊ី ត្រូវ​តុលាការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​សៅរ៍​ទី ៤ តុលា នេះ​ពី​បទ​​​ធ្វើ​វិក្ក័យប័ត្រ​ក្លែង​បន្លំ​ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ​២០១២ ដែល​លោក​នីកូឡា សាកូហ្ស៊ី បានជា​បេក្ខជន​ប្រធានាធិបតីសម្រាប់​​អាណត្តិ​ទីពីរ។ តើ​សំណុំ​រឿង​បន្លំ វិក្ក័យប័ត្រ ដែល​តុលាការ​ដាក់​ឈ្មោះ​ថា សំណុំ​រឿង​​ប៊ីម៉ាលីយ៉ុង (Bygmalion) មាន​ដំណើរ​ដើម​ទង​យ៉ាងណា ? លោក​នីកូឡា សាកូហ្ស៊ី អាច​ពាក់​ព័ន្ធ​ប្រលាក់​ប្រលូស​យ៉ាង​ណា ?

លោក​ Nicolas Sarkozy ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ខែ​មេសា ឆ្នាំ​២០១២
លោក​ Nicolas Sarkozy ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ខែ​មេសា ឆ្នាំ​២០១២ AFP PHOTO LIONEL BONAVENTURE
ផ្សាយពាណិជ្ជកម្ម

 

ដំណើរ​ការតុលាការ​ក្នុង​សំណុំ​រឿង​Bygmalion ហាក់​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​ នារយៈ​ពេល​ចុង​ក្រោយ​​នេះ។ ក្រោយ​ពី​បានឃាត់​ខ្លួន​សួរ​ចម្លើយ​អស់​ពេល​បី​ថ្ងៃ​ នៅទីបំផុត តុលាការ​បារាំង​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​​អតីតមន្ត្រី​ជាន់​ខ្ពស់​បក្ស​UMP (បក្ស​ស្តាំ​និយម ដែល​លោក​នីកូឡា​សាកូហ្ស៊ី កំពុង​ត្រៀម​ប្រកួត​ប្រជែង​ដណ្តើម​យក​តួនាទី​ប្រធាន​បក្ស) បីនាក់ ក្នុង​សំណុំរឿង​អង្កេត​ធ្វើ​វិក្ក័យប័ត្រ​ក្លែងក្លាយ។ ​ជា​មនុស្ស​ជំនិត​ ជា​ភ្នែក​ជា​ច្រមុះ​របស់​អតីត​ប្រធានាធិបតី​បារាំង -​ជា​អតីត​នាយក​ផ្នែក​ហិរញ្ញវត្ថុ -និង​ជា​អតីត​នាយក​ផ្នែក​ទំនាក់ទំនង -ទាំង​បី​នាក់​ត្រូវ​ជាប់​ចោទ​ពី​បទ​លួច​បន្លំ ក្លែង និង​រំលោភ​ច្បាប់ ព្រមទាំង​​ត្រូវ​ស្ថិត​ក្រោម​កា​រ​តាមដាន​នៃ​ច្បាប់ ដោយ​ជាប់​បម្រាម​មិន​ឱ្យ​ទាក់ទង​នឹង​ជន​ជាប់​ចោទ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​នេះ​។

មូលហេតុ​នៃ​ការ​ស្រាវជ្រាវ​​ធ្វើ​អង្កេតសំណុំ​រឿង​Bygmalionនេះ​​ គឺ​មក​ពី​តុលាការ​សង្ស័​យ​ថា មានការ​​លួច​បន្លំ​ធ្វើ​វិក្ក័យប័ត្រ​ក្លែងក្លាយ នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ​២០១២។ ដោយ​មាន​ការ​ព្រមព្រៀង​ស៊ុំ​គ្រលំ​គ្នា ក្រុមហ៊ុន Bygmalion ដែល​ជា​ក្រុមហ៊ុន​ឯកជន បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ បាន​ទទួល​រៀប​ចំ​គម្រោង​កម្មវិធីនិងមិទ្ទិញ​​ផ្សេងៗឱ្យ​លោក សាកូហ្ស៊ី​ តែ​ដល់​ពេល​​ធ្វើ​​វិក្ក័យប័ត្រ​​ទារ​លុយ​ក្នុងទំហំ​ទឹក​ប្រាក់​ ប្រមាណ​ជា ១៨,៥​លាន​អឺរ៉ូ ស្រាប់​តែ​ទៅ​យក​ពី​គណបក្ស​UMP មិន​មែន​ទារពី​​​ហិប​ឃោសនា​របស់​បេក្ខជន​សាកូហ្ស៊ី​ទេ។ ការ​ធ្វើ​វិក្ក័យប័ត្រ​បន្លំ​ឈ្មោះ​ដូច្នេះ គឺ​ដើម្បី​បិទ​បាំង​​ចំណាយ​ពិតៗ​របស់​បេក្ខជន​ប្រធានាធិបតី​ នីកូឡា សាកូហ្ស៊ី​។ ​តាម​ច្បាប់​ ដើម្បី​មានសមភាព បេក្ខជន​ម្នាក់ៗ​​មាន​សិទ្ធិ​ប្រើ​ប្រាស់​ថវិកា​សម្រាប់​ឃោសនា ត្រឹម​តែ​២២,៥លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​លោក​នីកូឡា សាកូហ្ស៊ី ទំនង​ជា​បាន​ចាយ​ហួស​ច្បាប់​កំណត់ ដល់​ទៅ​ជិត​ពីរ​ដង នៅ​ពេល​ឃោសនា​​សម្រាប់​បោះឆ្នោត​ជុំ​ទីពីរ។

សំណុំ​រឿង​វិក្ក័យប័ត្រ​ក្លែង​ក្លាយ​ អាច​ជា​ឧបសគ្គ​រាំង​ស្ទះ​​មហិច្ឆតា​នយោបាយ​​របស់​លោក​អតីត​​ប្រធានាធិបតី​ នីកូឡា សាកូហ្ស៊ី ព្រោះ​កាលពី​ដើម​សប្តាហ៍​មនុស្ស​បី​នាក់​ជា​អតីត​​ប្រធាន​ក្រុមហ៊ុន​Bygmalion ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដែរ។ រូប​លោក​នីកូឡា សាកូហ្ស៊ី​ ផ្ទាល់​ក៏​មាន​ជាប់​ឈ្មោះ​ក្នុង​សំណុំរឿង​តុលាការ​ផ្សេង​ៗ​ជា​ច្រើន​​ទៀត មាន​ជា​អាទិ៍​បទ​ចោទ​ប្រកាន់ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​រំលោភ​ការ​សម្ងាត់​វិជ្ជាជីវៈ​កាលពី​ខែ​កក្កដា។ ពីរ​ឆ្នាំ​កន្លះ​ក្រោយ​ពី​បរាជ័យ​នៅ​ចំពោះ​មុខ​លោក ហ្វ្រង់ស័រ ហូឡង់ លោក​នីកូឡា​សាកូហ្ស៊ី ទើប​បាន​ប្រកាស​ចូល​ប្រលូក​នយោបាយ​ជា​ថ្មី​ កាលពី​ពីរ​សប្តាហ៍​មុន​ តាម​រយៈ​ការ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ដណ្តើម​តួនាទី​ ជា​ប្រធាន​គណបក្ស​UMP៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ