បារាំងគ្រោងដាក់ទណ្ឌកម្មសហគ្រាសដែលមានគម្លាតប្រាក់បៀវត្សរ៍រវាងស្រ្តីនិងបុរស
នៅបារាំងក្នុងពេលបច្ចុប្បន្ននេះ គេប៉ាន់ស្មានថា រវាងបុរស និងស្រ្តី ដែលធ្វើការក្នុងមុខងារប្រហាក់ប្រហែលគ្នា ស្រ្តីទទួលបានប្រាក់បៀវត្សរ៍ទាបជាងបុរស គិតជាមធ្យមរហូតដល់ទៅប្រមាណជា ៩%។ រដ្ឋាភិបាលបារាំង ឆ្លៀតក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៨មីនានេះ បានប្រកាសចាត់វិធានការយ៉ាងតឹងរ៉ឹង ដោយគ្រោងនឹងដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនសហគ្រាសណា ដែលមិនខ្នះខ្នែងកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
គម្លាតប្រាក់បៀវត្សរ៍ ៩% រវាងស្រ្តីនិងបុរស នៅក្នុងប្រទេសបារាំង នាពេលបច្ចុប្បន្ននេះ ត្រូវបានគេរកឃើញថាជាគម្លាតដែលមិនមានមូលដ្ឋានលើកត្តាសមហេតុផលណាទាំងអស់ ពោលគឺ មិនមែនគម្លាតដោយសារសញ្ញាបត្រ, សមត្ថភាព, ការទទួលខុសត្រូវ ឬក៏ពេលវេលានិងទំហំការងារ។ កាលពីពេលកន្លងមក បារាំងក៏ធ្លាប់បានបង្កើតច្បាប់ជាច្រើនមកហើយដែរ ដើម្បីព្យាយាមលុបបំបាត់គម្លាតប្រាក់បៀវត្សរ៍នេះ ក៏ប៉ុន្តែ មិនមានប្រសិទ្ធភាព ដោយសារតែច្បាប់ទាំងនេះមិនត្រូវបានអនុវត្តជាក់ស្តែង នៅតាមសហគ្រាស។
ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ រដ្ឋាភិបាលបារាំងបានប្រកាសឲ្យដឹងពីវិធានការថ្មី តាមរយៈការបង្កើតនូវយន្តការតាមដានគម្លាតប្រាក់បៀវត្សរ៍នៅតាមក្រុមហ៊ុនសហគ្រាស។ យន្តការតាមដាននេះនឹងត្រូវធ្វើតាមរយៈកម្មវិធីកុំព្យូទ័រ ដែលនឹងត្រូវដំឡើង ចាប់ពីពេលនេះ រហូតទៅដល់ឆ្នាំ២០១៩ខាងមុខ នៅតាមបណ្តាសហគ្រាសទាំងអស់ ដែលមានបុគ្គលិកចាប់ពី ៥០នាក់ឡើងទៅ។
យន្តការនៃការតាមដានគម្លាតប្រាក់បៀវត្សរ៍នេះនឹងត្រូវធ្វើដោយគិតទៅលើលក្ខណៈវិនិច្ឆ័យមួយចំនួន (រួមមានដូចជា សញ្ញាបត្រ អាយុ និងអតីតភាពការងារ ជាដើម) ដែលនឹងត្រូវកំណត់រួមគ្នាជាមួយសហជីពតំណាងនយោជិក និងសហជីពតំណាងនយោជក។ ប្រសិនបើនៅក្នុងសហគ្រាសណាមួយ គេសង្កេតឃើញមានគម្លាតប្រាក់បៀវត្សរ៍ខុសពីប្រក្រតី សហគ្រាសនោះចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីលុបបំបាត់គម្លាតនេះ ហើយប្រសិនបើគម្លាតនេះនៅតែបន្តកើតមាន សហគ្រាសនោះអាចនឹងត្រូវទទួលទណ្ឌកម្ម ដោយពិន័យជាប្រាក់រហូតទៅដល់ប្រមាណជា ១% នៃការចំណាយលើបៀវត្សរ៍សរុបរបស់សហគ្រាស។
រដ្ឋាភិបាលគ្រោងនឹងរៀបចំដាក់បញ្ចូលវិធានការខាងលើនេះ ទៅក្នុងច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធសង្គមកិច្ចនិងការងារ ដែលនឹងត្រូវដាក់ឲ្យសភាពិភាក្សានិងអនុម័ត នៅអំឡុងពាក់កណ្តាលខែមេសាខាងមុខ។ ដើម្បីធានានូវការអនុវត្តវិធានការនេះ រដ្ឋាភិបាលក៏គ្រោងនឹងបង្កើនប្រតិបត្តិការអធិការកិច្ចនៅតាមក្រុមហ៊ុនសហគ្រាសផងដែរ ជាពិសេស ប្រតិបត្តិការត្រួតពិនិត្យគម្លាតប្រាក់បៀវត្សរ៍រវាងស្រ្តីនិងបុរសនេះនឹងត្រូវបង្កើនមួយជាបួន ធៀបនឹងពេលបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ