ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

បារាំងព្រួយបារម្ភ បន្ទាប់ពីសាច់ញាតិពួកជីហាតរាប់រយនាក់ រត់ចេញពីជំរំនៅស៊ីរី

media លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង។ REUTERS/Charles Platiau

នៅថ្ងៃអាទិត្យ ទី១៣ តុលាម្សិលមិញនេះ អាជ្ញាធរគួដឌីស្ថាន បានរាយការណ៍ឲ្យដឹងថា សាច់ញាតិរបស់ពួកជីហាត ប្រមាណជិត ៨០០ នាក់ បានរត់ចេញពីជំរំមួយ នៅឯភាគខាងជើងប្រទេសស៊ីរី។ ជាជំរំ ដែលគ្មានអ្នកនៅយាមកាមដូចមុន ដោយសារតែសកម្មភាពលុកលុយរបស់កងទ័ពតួកគី។ ក្រោយពេលបានឮដំណឹងនេះ បារាំង ​ដែលជាប្រទេសមានជនជាតិរបស់ខ្លួនមួយចំនួនដែរ ជាជនជីហាត បានចេញមុខសម្តែងនូវក្តីព្រួយបារម្ភភ្លាមមួយរំពេច។

“ពិតណាស់ យើងមានចិត្តភ័យព្រួយបារម្ភតាំងពីដំបូង ថារឿងនេះ អាចកើតមានឡើង ហើយនេះជាមូលហេតុ ដែលយើងចង់ឲ្យប្រទេសតួកគី បញ្ឈប់នូវសកម្មភាពវាយប្រហារ នៅស៊ីរី តាំងតែពីដំបូងអឺយ”។ នេះគឺជាការលើកឡើងរបស់ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោកស្រី ស៊ីបេដ អេនឌីយ៉ាយេ (Sibeth Ndiaye)។

ទន្ទឹមគ្នានេះ លោកស្រី ស៊ីបេដ បន្ថែមថា រដ្ឋាភិបាលបារាំង មិនបានដឹងនោះទេ អំពីអត្តសញ្ញាណ របស់សាច់ញាតិពួកជីហាតសរុបជិត ៨០០ នាក់ ដែលបានរត់គេចខ្លួន ចេញពីជំរំ នៅឯភាគខាងជើង នៃប្រទេសស៊ីរី។

ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងរូបនេះ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី១១ តុលា លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង បានតេទូរសព្ទ ទៅលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដើម្បីនិយាយពីការខ្វល់ខ្វាយរបស់បារាំង ពាក់ព័ន្ធនឹងសកម្មភាពចុងក្រោយរបស់តួកគី។ វាជា សកម្មភាព ដែលលោកម៉ាក្រុង គិតថាអាចធ្វើឲ្យពួកជីហាត ងើបកក្រើកខ្លាំងឡើងវិញ។

មុនការបើកប្រតិបត្តិការយោធារបស់តួកគី គេដឹងថា មានពួកសកម្មប្រយុទ្ធជីហាត ចំនួនប្រមាណ ១ ម៉ឺន ២ ពាន់នាក់ ជាប់ឃុំឃាំងនៅក្នុងប្រទេសស៊ីរី។ ក្នុងចំណោមពួកសកម្មប្រយុទ្ធទាំងនោះ មានជនជាតិស៊ីរី អ៊ីរ៉ាក់ និង ៥៤ ជាតិសាសន៍ផ្សេងគ្នាដទៃទៀត។

គួរជ្រាបថា បារាំង ដែលបានទទួលរងការវាយប្រហារយ៉ាងច្រើន ពីពួកជីហាត ចាប់តាំងពីឆ្នាំ ២០១៥ មក មានចិត្តព្រួយខ្លាំងចំពោះ ការវាយប្រហាររបស់តួកគី ទៅលើពួកគួដឌីស្ថាន ដែលជាកងកម្លាំងជួរមុខ ក្នុងការប្រយុទ្ធនឹងពួកជីហាត។

ទាក់ទងរឿងនេះដែរ គួររំឭកជូនថា បច្ចុប្បន្ននេះ មានពួកជីហាត ជាជនជាតិបារាំង ចំនួនប្រមាណ ១៣០ នាក់ កំពុងជាប់ឃុំ ក្នុងទីតាំងផ្សេងៗគ្នា នៅឯតំបន់ភាគឦសានប្រទេសស៊ីរី ដែលជាតំបន់ ស្ថិតក្រោយការគ្រប់គ្រងរបស់ក្រុមគួដឌីស្ថាន និង កងកម្លាំងប្រជាធិបតេយ្យស៊ីរី។ ហើយទីតាំងទាំងនោះហើយ គឺជាគោលដៅវាយប្រហាររបស់កងទ័ពតួកគីនាបច្ចុប្បន្ននេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ