អានតួអត្ថបទ
បារាំង-ហ្វីលីពីន

ហ្វីលីពីន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ​បារាំង​ក្នុងពេល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន

នៅ​ក្នុង​សប្តាហ៍​នេះ ហ្វីលីពីន​និង​បារាំង​ទើប​នឹង​​បាន​ចុះ​កិច្ចព្រមព្រៀង​​​នឹង​គ្នា ស្តីពី​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​។ នេះ​បើ​តាម​ការប្រកាស​ឲ្យដឹង​របស់​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ម៉ានីល នៅថ្ងៃ​សៅរ៍​នេះ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ​បារាំង​នឹង​ជួយ​ហ្វីលីពីន នៅ​ក្នុងការ​ធ្វើ​ទំនើបកម្ម​វិស័យ​កងទ័ព​របស់​ខ្លួន។

រូបថត​នៅលើ​វិបសៃត៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ម៉ានីល បង្ហាញ​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ​បារាំង-ហ្វីលីពីន
រូបថត​នៅលើ​វិបសៃត៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ម៉ានីល បង្ហាញ​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ​បារាំង-ហ្វីលីពីន www.ambafrance-ph.org
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ការពារជាតិ​ រវាង​បារាំង និង​ហ្វីលីពីន ត្រូវ​បាន​ចុះហត្ថលេខា កាល​ពីថ្ងៃ​ពុធ ពោលគឺ ២ថ្ងៃ ក្រោយ​ពី​ជោគជ័យ​របស់​លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅថ្ងៃ​សៅរ៍​នេះ ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ម៉ានីល បាន​ឲ្យដឹង​ថា កិច្ចព្រមព្រៀង​ការពារជាតិ​នេះ គឺ​ជា​ក្របខ័ណ្ឌ​​គតិយុត្តមួយ សម្រាប់​ឈានទៅ​ពង្រឹង​ទំនាក់ទំនង​ រវាង​កងទ័ព​បារាំង និង​កងទ័ព​ហ្វីលីពីន និង​ជាងនេះ​ទៅទៀត គឺ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ខាង​ផ្នែក​​ភស្តុភា គ្រឿងសព្វាវុធ និង​ឧស្សាហកម្ម​យោធា ជាពិសេស គឺ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទ័ព​ជើងទឹក។

ការចុះ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ការពារជាតិ​ រវាង​ប្រទេស​ទាំងពីរ​នៅពេលនេះ ទោះចង់ឬ​មិនចង់ ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​គិតទៅដល់​បរិបទ​នៃ​ភាពតានតឹង ដែល​ចេះតែកើនឡើង​ឥតឈប់ រវាង​ហ្វីលីពីន និង​ចិន នៅ​ក្នុង​ជម្លោះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ក្នុង​បរិបទ​នេះ គេ​សង្កេតឃើញ​ថា ហ្វីលីពីន​កំពុងតែ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​បណ្តា​ប្រទេស​ដែល​ជាប់ជម្លោះ​ជាមួយ​ចិន​ដូចគ្នា ដូចជា វៀតណាម និង​ជប៉ុន ជាដើម និង​​ជាមួយ​​ប្រទេស​មហាអំណាច​ផ្សេងទៀត ដែល​អាច​ជួយ​ជា​ខ្នងបង្អែក​ទប់ទល់​ជាមួយ​ចិន ឬ​ជួយ​ក្នុងការ​ធ្វើ​ទំនើបកម្ម​កងទ័ព​របស់​ហ្វីលីពីន។ គួរបញ្ជាក់ថា ក្រៅពី​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ​បារាំង ហ្វីលីពីន​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ពង្រឹង​សម្ព័ន្ធភាព​យោធា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផងដែរ កាលពីពេលថ្មីៗ​កន្លងទៅនេះ។

ចំណែកឯ​បារាំង​វិញ ក៏កំពុងតែ​ព្យាយាម​ឆ្លៀត​ឱកាស​ទាញ​យក​ផលប្រយោជន៍ ពី​ភាព​តានតឹង និង​ការ​ប្រកួតប្រជែង​ផ្នែក​​សព្វាវុធ ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ​ដែរ ពីព្រោះ​ថា បារាំង​​គឺ​ជា​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ​ដ៏ធំ​មួយ​ ហើយ​នៅ​ក្នុង​ពេល​ដែល​​សេដ្ឋកិច្ច​កំពុង​តែ​ស្ថិត​ក្នុង​ភាពត្រដាបត្រដួស​ បារាំង​កំពុងតែ​ស្វះស្វែង​រក​ទីផ្សារ ដើម្បីលក់គ្រឿងសព្វាវុធ​របស់​ខ្លួន។ ជាក់ស្តែង កាល​ពីពេល​ថ្មីៗ​នេះ បារាំង​ទើប​នឹង​ចុះ​កិច្ចសន្យា​លក់​គ្រឿងសព្វាវុធ​ដ៏​ធំមួយ នៅ​អាស៊ី គឺ​ការ​លក់​នាវាមុជទឹក​ចំនួន ១២គ្រឿង ក្នុងទឹកប្រាក់​រហូតដល់​ទៅ​ ៥០ពាន់លាន​ដុល្លារ​អូស្រ្តាលី (ប្រមាណ​ជា ៣៤ពាន់លាន​អឺរ៉ូ) ទៅ​ឲ្យ​ប្រទេស​អូស្រ្តាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ