ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អឺរ៉ុប

បារាំង​និង​អាល្លឺម៉ង់​ សម្រេច​ផ្អាកការលក់អាវុធយុទ្ធភណ្ឌទៅឲ្យតួកគី

media នៅក្នុងប្រទេសក្រិក ក្រុមគួដឌីស្ថានកាន់បដាប្រឆាំងនឹងសកម្មភាពវាយប្រហាររបស់តួកគី នៅក្នុងប្រទេសស៊ីរី នាថ្ងៃទី ១២ តុលា ឆ្នាំ២០១៩។ REUTERS/Alkis Konstantinidis

បន្ទាប់ពីលោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ប្រកាសបន្តសកម្មភាពវាយប្រហារនៅក្នុងទឹកដីនៃប្រទេសស៊ីរី ប្រទេសបារាំង និងអាល្លឺម៉ង់ នៅថ្ងៃសៅរ៍ ទី១២ តុលា ម្សិលមិញ បានសម្រេចផ្អាកការលក់អាវុធ ទៅឲ្យប្រទេសតួកគីភ្លាម។ ក្រៅពីនេះ ប្រទេសអឺរ៉ុបជាច្រើនទៀតរួមមាន ហ្វាំងឡង់ ហូឡង់ និងន័រវែស ក៏បានប្រកាសផ្អាកលែងលក់អាវុធយុទ្ធភណ្ឌ ទៅឲ្យតួកគីដូចគ្នាដែរ។

ការប្រកាសផ្អាកលក់អាវុធ របស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោយពីតួកគី នៅបន្តធ្វើគថ្លង់ មិនអើមិនពើ អំពីការអំពាវនាវរបស់ពួកគេ ឲ្យតួកគីបញ្ឈប់នូវរាល់ប្រតិបត្តិការយោធា នៅក្នុងប្រទេសស៊ីរី។

តាមរយៈសេចក្តីថ្លែងការរួមមួយ ចេញដោយក្រសួងការពារជាតិ និងក្រសួងការបរទេស បារាំងបានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចផ្អាក នូវរាល់ការលក់អាវុធគ្រប់ប្រភេទ ទៅឲ្យតួកគី ដែលជាអតិថិជន។ អាវុធយុទ្ធភណ្ឌ ដែលបារាំង គិតថា តួកគី អាចយកទៅប្រើប្រាស់ ក្នុងប្រតិបត្តិការសឹក ប្រឆាំងនឹងពួកគួដឌីស្ថាន នៅស៊ីរី។

ទន្ទឹមគ្នានេះ ប្រទេសបារាំង ក៏បានប្រកាសនូវជំហរដាច់ណាត់ និងថ្កោលទោសយ៉ាងពេញទំហឹងផងដែរ ចំពោះ សកម្មភាពវាយលុក ដោយអត្តនោម័តិ របស់តួកគី ដែលបានបង្កជាផលវិបាកយ៉ាងច្រើន។

មិនខុសពីបារាំងឡើយ ក្រៅតែពីបានសម្រេចផ្អាកការលក់អាវុធ ប្រទេសអាល្លឺម៉ង់ បានព្រមានតួកគី អំពីផលលំបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរ បង្កឡើងដោយសកម្មភាពលុកលុយរបស់តួកគី នៅមួយរយៈពេលចុងក្រោយនេះ។

បន្ទាប់ពីទទួលរងនូវការរិះគន់កាន់តែខ្លាំង ព្រមទាំងលែងអាចទិញអាវុធបាន តួកគីបានចេញមុខការពារថា ប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងប្រទេសស៊ីរី មិនមែនជាសកម្មភាពឈ្លានពាននោះទេ។ ទាំងនោះ គឺជាសកម្មភាពការពារសន្តិសុខជាតិ។ នេះ គឺជាការ អះអាង របស់លោករដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu។

សម្តីរបស់រដ្ឋមន្ត្រីការបរទេសតួកគី មានន័យថា ការវាយប្រហារទៅលើ កងកម្លាំងគួដឌីស្ថាន គឺជារឿងត្រឹមត្រូវ។ សម្រាប់តួកគី ពួកគួដឌីស្ថាន គឺជាសត្រូវ ជាក្រុមភេវរជន ដែលបានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលតួកគី អស់រយៈពេលប្រមាណជា ៣ ទសវត្សរ៍ កន្លងមកហើយ។

ជាមួយគ្នានេះ តួកគី ក៏បានអះអាងដែរថា ខ្លួននៅតែបន្តការវាយប្រហារ ទៅលើកងកម្លាំង គួដឌីស្ថាន ទោះជាសម្ព័ន្ធមិត្តអឺរ៉ុប ឈប់លក់អាវុធ និងបន្តរិះគន់-បរិហារ តួកគី ខ្លាំងក្លាយ៉ាងណាក៏ដោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ