ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
មជ្ឈិមបូព៌ា

លោក​ម៉ះមូតអាបាស៉​សុំទោស​ចំពោះ​អ្វី​ដែល​លោក​និយាយ​ពី​រឿង​សម្លាប់រង្គាល​ជនជាតិជ្វីហ្វ

media  
លោក​ម៉ះមូត អាបាស់ ប្រមុខដឹកនាំ​ប៉ាឡេស្ទីន កាលពីថ្ងៃទី១ ឧសភា ២០១៨ REUTERS/Mohamad Torokman

លោក​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន ម៉ះមូត អាប៉ាស់ បាន​ថ្លែង​សុំទោស​ជាសាធារណៈ នៅថ្ងៃ​សុក្រ អំពី​អ្វី​ដែល​លោក​បាន​និយាយ​ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ពួកជ្វីហ្វ។ ពាក្យសម្តី​ដែល​លោ​កបាន​និយាយ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជាតិ​ប៉ាឡេស្ទីន កាល​ពីថ្ងៃ​ចន្ទ ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​រិះគន់​ស្ទើរពី​គ្រប់​មជ្ឈដ្ឋាន ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ។

“ប្រសិនបើ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជាតិ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​បណ្តាជន ជាពិសេស បណ្តាជន​ជ្វីហ្វ ខ្ញុំ​សូម​ទោស!” នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក​ម៉ះមូត អាបាស់ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះផ្សាយ​នៅថ្ងៃ​សុក្រ ដោយ​នៅ​ក្នុង​នោះ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ផងដែរ​ថា លោក​ថ្កោលទោស​ចំពោះ​ទង្វើ​សម្លាប់​រង្គាល​ពួក​ជ្វីហ្វ ក៏ដូចជា​ការ​រើសអើង​ប្រឆាំង​ជនជាតិជ្វីហ្វ ក្នុង​គ្រប់រូបភាព​ទាំងអស់។

គួរបញ្ជាក់ថា នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជាតិ ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​​ប៉ាឡេស្ទីន លោក​ម៉ះមូត អាបាស់ បាន​លើកឡើង​ថា ការ​សម្លាប់​រង្គាល​ជនជាតិជ្វីហ្វ​មិនមែន​ទើប​នឹង​កើតមាន នៅ​ក្នុង​សម័យសង្រ្គាម​លោកលើកទី២​ប៉ុណ្ណោះទេ តែ​ធ្លាប់​បាន​កើតមាន​ជាច្រើន​លើករួចមកហើយ តាំង​ពី​សតវត្សរ៍​ទី១១​មក ហើយ​ថា ហេតុផលចម្បង​ដែល​នាំ​ឲ្យ​មាន​ការសម្លាប់​រង្គាល​ជនជាតិជ្វីហ្វ​នេះ គឺ​មិនមែន​ដោយសារ​តែ​ជំនឿ​សាសនា​របស់​ពួកគេ​នោះទេ តែ​ភាគច្រើន​គឺ​ដោយសារ​តែ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​សង្គម ជាពិសេស នៅ​ក្នុង​វិស័យ​ធនាគារ ឬ​ក៏​នៅ​ក្នុង​របររកស៊ី​យកការប្រាក់ ក្នុង​រូបភាព​ផ្សេងទៀត។

ការថ្លែងបែបនេះ​របស់​លោក​ម៉ះមូត អាបាស់ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​តបខ្លាំងៗ ពី​សំណាក់​អ៊ីស្រាអែល ក៏ដូចជា​ពីសំណាក់​សហរដ្ឋ​អាមេរិក បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អ.ស.ប។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ បេនយ៉ាមីន នេតាន់យ៉ាហ៊ូ បាន​ឆ្លើយតប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​ម៉ះមូត អាបាស់​ ដោយ​សរសេរ​នៅលើ​ធ្វីតធ័រ​របស់​លោក​ថា អ្នក​ដែល​បដិសេធ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​លើ​ពួកជ្វីហ្វ​ទោះទៅដល់​ទីណា ឬ​ធ្វើ​អ្វី ក៏​នៅតែមិនព្រម​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​លើ​ពួកជ្វីហ្វនោះដែរ។

ប្រេសិតពិសេស​របស់​អ.ស.ប សម្រាប់​តំបន់​មជ្ឈិមបូព៌ា​​បាន​លើកឡើង​ថា អ្វី​ដែល​លោក​ម៉ះមូត អាបាស់ បាន​លើកឡើង គឺ​ជា “ពាក្យសម្តី​រើសអើង​ប្រឆាំង​នឹង​ពួកជ្វីហ្វ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើមបំផុត”។ ចំណែក​មន្រ្តី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅ​អឺរ៉ុបវិញ ជាពិសេស នៅ​បារាំង បាន​លើកឡើងថា ការថ្លែង​របស់​លោក​ម៉ះមូត អាបាស់ គឺ​អាច​នឹង​នាំ​ឲ្យ​ខាតបង់​ផលប្រយោជន៍​របស់​ប្រជាជន​ប៉ាឡេស្ទីន​ទៅវិញ​ទេ ពីព្រោះ​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ចោទប្រកាន់​ ទម្លាក់​កំហុស​ទៅលើ​ប៉ាឡេស្ទីន​ថា ដោយសារ​តែ​ពួកគេ​មាន​គំនិត​ស្អប់​ពួកជ្វីហ្វ ទើប​ធ្វើ​ឲ្យ​ជម្លោះ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ចេះតែ​អូសបន្លាយ​រ៉ាំរ៉ៃ មិន​អាច​រកដំណោះស្រាយ​ឃើញ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃ​សុក្រ លោក​ម៉ះមូត អាបាស់ បាន​បញ្ជាក់ថា លោក​មិនមាន​ចេតនា​ប្រមាថ​ដល់​ជនជាតិ​ជ្វីហ្វនោះទេ ផ្ទុយទៅវិញ លោក​​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​បាន​សង្កត់ធ្ងន់ថា លោក​មាន​ការគោរព​​ចំពោះ​​សាសនា​ជ្វីហ្វ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ