អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្វីទៅ​ជា Bitcoin?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុងមួយរយៈកាល​ចុងក្រោ​យនេះ យើងតែងតែ​ឮ​គេ​និយាយ​ស្ទើរឥតដាច់​ពី​ព័ត៌​មាន​ទាក់ទង​នឹង​ប៊ីតខ័ញ (Bitcoin)៖ ប៊ីតខ័ញ​ឡើងថ្លៃ​កប់ពពក, ប្រទេស​​នេះ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ដោះដូរ​ដោយ​ប្រើ​​ប៊ីតខ័ញ, ប្រទេសនោះ​មាន​ចោរអ៊ីនធ័រនែត​ចូ​លលួច​ប៊ីតខ័ញ​ក្នុង​តម្លៃ​រាប់រយលានដុល្លារ ។ល។ និង​ ។ល។ ក៏ប៉ុន្តែ សំណួរ​សួរ​ថា តើ​ប៊ីតខ័ញនេះ​ជា​អ្វី? ហេតុអ្វី​បាន​ជា​វា​ត្រូវ​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​តែងតែ​និយាយ​ឥតដាច់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

រដ្ឋាភិបាល​ប្រទេស​កាន់តែ​ច្រើន​នាំគ្នា​ចង់​បង្កើត​ច្បាប់​គ្រប់គ្រង​ប៊ីតខ័ញ ដែល​ជា​រូបិយវត្ថុ​ឌីជីថល​ បច្ចុប្បន្ន​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​ធនាគារ​កណ្តាល​នៃ​ប្រទេស​ណា​ទាំងអស់
រដ្ឋាភិបាល​ប្រទេស​កាន់តែ​ច្រើន​នាំគ្នា​ចង់​បង្កើត​ច្បាប់​គ្រប់គ្រង​ប៊ីតខ័ញ ដែល​ជា​រូបិយវត្ថុ​ឌីជីថល​ បច្ចុប្បន្ន​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​ធនាគារ​កណ្តាល​នៃ​ប្រទេស​ណា​ទាំងអស់ ROSLAN RAHMAN / AFP
ផ្សាយពាណិជ្ជកម្ម

ប៊ីតខ័ញ​ត្រូវ​បាន​គេ​បង្កើតឡើង​ កាល​ពីឆ្នាំ២០០៨ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​មនុស្ស​ម្នាក់ (ឬ​​ក៏​អាច​ជា​មនុស្ស​មួយក្រុម) ដែល​ប្រើ​រហស្សនាមថា “Satoshi Nakamoto” ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេនៅតែ​មិនទាន់​ស្គាល់​ច្បាស់​នៅឡើយ​ពី​អត្តសញ្ញាណ​ពិតប្រាកដ​នៃ​បុគ្គល​ ឬ​ក្រុម​បុគ្គល​នៅ​ពី​ក្រោយរហស្សនាមនេះ។

ប៊ីតខ័ញ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ធ្វើ​ចរាចរ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ជា​ដំបូង នៅ​ឆ្នាំ២០០៩ ដោយ​នៅ​ពេលនោះ ១ប៊ីតខ័ញ​មាន​តម្លៃ​មិនដល់ ១សេន​ដុល្លារ​អាមេរិក​ផង។ ក៏ប៉ុន្តែ ប្រមាណ​ជា ៨ឆ្នាំក្រោយ​មក ប៊ីតខ័ញ​បាន​ឡើង​ថ្លៃ​កប់ពពក ដោយ​ ១ប៊ីតខ័ញ​មាន​តម្លៃ​ដល់​ទៅ​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក កាល​ពីខែ​ធ្នូ​កន្លងទៅ មុន​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១ម៉ឺន​១ពាន់​ដុល្លារ នៅ​ដើមសប្តាហ៍​នេះ។

តាមពិត ប៊ីតខ័ញ​​ក៏​ជា​ប្រភេទ​រូបិយវត្ថុ​មួយដែរ គ្រាន់តែ​វា​ជា​​រូបិយវត្ថុ​​ដែល​អរូបិយ ហើយ​ដែល​មិនមែន​ចេញ​ដោយ​ធនាគារ​កណ្តាល​នៃ​ប្រទេសណាមួយ ប៉ុន្តែ​អាច​ត្រូវ​គេ​យក​ទៅ​​​ប្រើ​ជា​មធ្យោបាយ​ដោះដូរ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដូចជា​រូបិយវត្ថុ​ធម្មតា​ដែរ។

នៅ​ក្នុង​ករណី​រូបិយវត្ថុ​ធម្មតា ការ​ផ្ទេរ​លុយ​​ពី​ធនាគារ​មួយ​ទៅ​ធនាគារមួយ​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ីនធ័រនែត​ត្រូវ​ធ្វើឡើង​ក្រោម​ការ​ចាត់ចែង​និង​ត្រួតពិនិត្យ​ពី​ធនាគារ។ ធនាគារ​ជា​អ្នក​ពិនិត្យ​មើល​ថា​តើ​អ្នក​ផ្ញើ​មាន​លុយ​ក្នុង​គណនី​គ្រប់គ្រាន់ដែរ​ឬទេ។ បើ​សិន​ជា​មាន ធនាគារ​​គឺ​ជា​អ្នក​ ​ដក​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផ្ញើ​ចេញ​​ពី​គណនី​អ្នក​ផ្ញើ ហើយ​យក​ចំនួន​ទឹកប្រាក់​នេះ​ទៅ​ដាក់​បញ្ចូល​ក្នុង​​​គណនី​របស់​អ្នក​​ដែលត្រូវ​ទទួល។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ អតិថិជន​ត្រូវ​ដាក់​ទំនុកចិត្ត​ទៅលើ​ធនាគារ​ក្នុង​ការ​ផ្ទេរ​ទឹកប្រាក់ (ចំនួន​ទឹកប្រាក់​ដែល​ដកចេញ​ពី​គណនី​អ្នក​ផ្ញើ និង​ចំនួន​ទឹកប្រាក់​ដែល​​ដាក់​បញ្ចូល​ទៅ​ក្នុង​គណនី​អ្នក​ទទួល) ពិតជា​​​ត្រឹមត្រូវ​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់។ ចំណែក​ធនាគារ​ក៏​នឹង​ធ្វើការ​ត្រួតពិនិត្យ​មើល​ផងដែរ​ថា អ្នក​ផ្ញើ​​មិន​អាច​យក​​ចំនួន​ទឹកប្រាក់​ដដែល​ ដែល​ខ្លួន​ផ្ញើ​ចេញ​រួចទៅហើយ​នេះ ទៅ​ចាយ​ ឬ​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ណា​មួយ​ផ្សេងទៀត។ ជា​ថ្នូរ​នឹង​ការ​ចាត់ចែង និង​ត្រួតពិនិត្យ​ប្រតិបត្តិការ​នេះ​ ធនាគារ​យក​កម្រៃ​ជើងសា​ពី​អតិថិជន។

ការផ្ទេរ ឬ​ទូទាត់​ដោយ​ប្រើ​ប៊ីតខ័ញ​ក៏​មាន​យន្តការ​ប្រហាក់ប្រហែល​នេះ​ដែរ គ្រាន់តែ​មិនមាន​អន្តរាគមន៍​ពី​ធនាគារ ហើយ​ក៏​មិន​ចាំបាច់​ត្រូវ​បង់​កម្រៃ​ជើងសា​ទៅ​ឲ្យ​ធនាគារ។ ការត្រួតពិនិត្យ ​ផ្ទៀងផ្ទាត់ និង​កត់ត្រា​នូវ​រាល់​​ការ​ដោះដូរ​ប៊ីតខ័ញ​ត្រូវ​ធ្វើឡើង​​ដោយ​អ្ន​កប្រើប្រាស់ប៊ីតខ័ញ​ខ្លួនឯង​ផ្ទាល់ តាមរយៈ​​​ប្រព័ន្ធកុំព្យូទ័រ​ដែល​ភ្ជាប់គ្នា​ជា​បណ្តាញ​នៅ​ទូទាំង​ពិភពលោក និង​ដោយ​ប្រើ​កម្មវិធី​កុំព្យូទ័រ និង​យន្តការ​ស្មុគស្មាញ ដើម្បី​ធានា​​ពី​សុវត្ថិភាព​នៃ​ដំណើរការ​ដោះដូរ។

សំណួរសួរថាតើ​ហេតុអ្វី​បាន​ជា​ប៊ីតខ័ញ​ឡើងថ្លៃ​កប់ពពក តាំង​ពី​ក្រោម​មួយសេន រហូតដល់​ទៅ​រាប់ម៉ឺន​ដុល្លារ១ប៊ីតខ័ញ?

តាមការពិត ប៊ីតខ័ញ​ក៏​ដូចជា​រូបិយវត្ថុ​ធម្មតាដែរ គឺ​គោរព​ទៅតាម​ច្បាប់​នៃ​ទីផ្សារ​សេរី ពោលគឺ តម្លៃ​ឡើងចុះ​អាស្រ័យ​ទៅតាម​តម្រូវការ​ទីផ្សារ។ គេ​អាច​យក​លុយ​ធម្មតា ដូចជា ដុល្លារ ឬ​អឺរ៉ូ ជាដើម ទៅ​ទិញ​ប៊ីតខ័ញ ហើយ​នៅ​ពេល​ដែល​មាន​អ្នក​ស្វែងរក​ទិញ​កាន់តែ​ច្រើន តម្លៃ​ប៊ីតខ័ញ​នឹង​ត្រូវ​កើនឡើង។

មាន​កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​តម្រូវការ​ប៊ីតខ័ញ​នៅលើ​ទីផ្សារ​កើនឡើង។

ទីមួយ គឺ​តម្រូវការ​ជាក់ស្តែង នៅ​ក្នុង​ការ​ផ្ទេរ​លុយ​ ឬ​ការ​​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ ប៊ីតខ័ញ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ចំណោម​អ្នកចូល​ចិត្ត​ធ្វើការ​ទិញដូរ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដោយសារ​តែ​ប៊ីតខ័ញ​​ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រភេទ​រូបិយវត្ថុ​ឌីជីថល ដែល​មាន​សុវត្ថិភាព​ខ្ពស់។ ហេតុដូច្នេះហើយ​បាន​ជា​មាន​មនុស្ស​កាន់តែ​ច្រើន​ប្រើ​ប៊ីតខ័ញ​ក្នុងការ​ទូទាត់។ នេះ​នៅ​មិនទាន់​រាប់​អ្នក​នៅ​ក្នុង​សង្គម​ងងឹត ដែល​ចូលចិត្ត​ផ្ទេរលុយ ឬ​ទូទាត់​ដោយ​ប្រើ​ប៊ីតខ័ញ​នេះ​ដែរ ដោយសារ​តែ​គេ​អាច​លាក់​បាំង​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ពួកគេ​។

ក៏ប៉ុន្តែ បើមាន​តែ​​ត្រឹមតែ​តម្រូវការ​ទូទាត់​ ក៏​ប៊ីតខ័ញ​មិន​គួរ​នឹង​ឡើងថ្លៃ​កប់ពពក​​ដូច​អ្វី​ដែល​គេ​សង្កេតឃើញ​កន្លងមក​នោះដែរ។ នៅ​មាន​កត្តា​មួយ​ទៀត ដែល​រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ការ​ជួញដូរ​ប៊ីតខ័ញ ក្នុង​លក្ខខណៈ​ជា​ការ​ជួញដូរ​មូលបត្រ ពោលគឺ មាន​អ្ន​កវិនិយោគ ដែល​នាំគ្នា​ទិញ​ប៊ីតខ័ញ មិនមែន​ដើម្បី​ទុក​ធ្វើ​ជា​មធ្យោបាយ​ទូទាត់​នោះទេ តែ​ទុក​លក់​ ដើម្បី​យក​ចំណេញ។

គេ​សង្កេតឃើញ​ថា ចលនា​នៃ​ការ​ជួញដូរ​ប៊ីត​ខ័ញ​នេះ មាន​ការ​កើនឡើង​ខ្លាំង ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ជប៉ុន​បាន​ចេញ​សេចក្តីសម្រេច​ដ៏សំខាន់​មួយ កាល​ពីខែ​មេសា ឆ្នាំ២០១៧ គឺ​ការ​សម្រេច​​ទទួលស្គាល់​ប៊ីតខ័ញ​ជា​មធ្យោបាយ​ទូទាត់​ផ្លូវការ។ ចាប់តាំង​ពីពេលនោះមក គេ​សង្កេតឃើញ​ថា តម្លៃ​ប៊ីតខ័ញ​មាន​ការ​ប្រែប្រួល​ឡើងចុះ ក្នុង​គម្លាត​ដ៏​ធំបំផុត ដោយ​ពេល​ខ្លះ​ឡើងថ្លៃ​រហូតដល់​ទៅ​ជិត ២ម៉ឺន​ដុល្លារ ហើយ​ពេល​ខ្លះ​ក៏​ធ្លាក់​ចុះ​មក​នៅ​ក្រោម ១ម៉ឺន​ដុល្លារ។ អ្នក​ជំនាញ​ជាច្រើន​បាន​នាំគ្នា​ក្រើន​រំឭក​ពី​ហានិភ័យ​នៃ​ការ​​ជួញដូរ​ប៊ីតខ័ញ​នេះ ដោយ​អ្នក​ខ្លះ​​គិត​ថា នៅ​ពេលមួយ​​តម្លៃ​របស់​វា​នឹង​ធ្លាក់​ដាំដូង ហើយ​បង្កើត​ឲ្យ​មាន​វិបត្តិ​ ដូចជា​ករណី​​វិបត្តិ​​ទីផ្សារ​​មូលបត្រ​ ដែល​គេ​ធ្លាប់​ឃើញ​កាល​ពី​ពេលមុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ