ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
អាស៊ី

ប្រមុខ​កងទ័ព​ភូមា​ដាក់​លក្ខខណ្ឌ​លើ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

media ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ប្រមុខកងទ័ព​ភូមា (រូបថតឯកសារ) ©HLA HLA HTAY / AFP

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​អាច​វិលត្រឡប់​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​វិញ ដរាបណា​ទាល់តែ​ “ពលរដ្ឋពិតប្រាកដ​របស់​ភូមា” សុខចិត្ត​ទទួល​យក​ពួកគេ។ នេះ​គឺ​ជា​ការ​លើកឡើង​របស់​ប្រមុខដឹកនាំ​កងទ័ព​ភូមា នៅថ្ងៃ​ព្រហស្បតិ៍​ ដែល​មើលទៅហាក់ដូច​​ជា​ផ្ទុយ​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសានស៊ូជី ដែល​ចង់​ចាប់ផ្តើម​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពី​បង់ក្លាដែស​នៅ​ក្នុង​ពេល​ឆាប់ៗ។

បើ​តាម​តួលេខ​ផ្តល់​ដោយ​អ.ស.ប. នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៦០ម៉ឺននាក់ ដែល​កំពុងរស់​នៅ​ក្នុង​ជំរំជនភៀសខ្លួន​នៅ​បង់ក្លាដែស ហើយ​ជនជាតិ​រ៉ូហ៊ីងយ៉ា​អស់ទាំងនេះ រត់គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​កងទ័ព​ភូមា តាមរយៈ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ដែល​បើក​ធ្វើ​តាំង​ពី​ចុងខែ​សីហា​កន្លងទៅ។

អ.ស.ប ក៏ដូចជា​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​ ក៏​ធ្លាប់​បាន​លើកឡើង​ផងដែរ​ថា ទង្វើ​ឃោរឃៅ​របស់​កងទ័ព​ភូមា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺ​អាច​រាប់បញ្ចូល​ថា​ជា​អំពើ​បោសសម្អាត​ជាតិសាសន៍ និង​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។​

ក៏ប៉ុន្តែ ប្រមុខដឹកនាំ​កងទ័ព​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ​តែងតែ​បាន​ចេញមុខ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​អស់ទាំងនេះ។ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ថែម​ទាំង​បានបង្ហើប​ឲ្យដឹង​ថា ការវិលត្រឡប់​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាពី​បង់ក្លាដែស ចូល​ទៅ​កាន់​ស្រុក​កំណើត​នៅ​រដ្ឋរ៉ាក់ឃីន​នោះ ទំនង​ជា​នឹង​មិន​អាច​កើតឡើង​ឆាប់ៗ​នេះ​ទេ ដោយ​លោក​បាន​លើកឡើង​ថា ពួកគេ​អាច​វិលត្រឡប់​ទៅកាន់​ប្រទេស​ភូមា​វិញ​បាន​ ដរាបណា​តែទាល់តែ​អ្នក​ស្រុក​រ៉ាក់ឃីន ដែល​លោក​ហៅថា​ជា “ពលរដ្ឋ​ពិតប្រាកដ​របស់​ភូមា” សុខចិត្ត​ទទួល​យក​ពួកគេ​ជាមុនសិន។

ការលើកឡើង​របស់​ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង ត្រូវ​បាន​ធ្វើឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដែល​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ភូមា កាលពីថ្ងៃ​ពុធ ដោយ​នៅ​ពេលនោះ លោក​រ៉ិច ធីល័រសុន បាន​ស្នើសុំ​ដោយ​ទទូច​ឲ្យ​កងទ័ព​ភូមា​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា អាច​វិលត្រឡប់​ចូល​ទៅ​កាន់ប្រទេស​ភូមាវិញ។ នៅ​ពេលនោះ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ក៏​បាន​លើកឡើង​ផងដែរ​ថា របាយការណ៍​ដែល​និយាយ​ពី​អំពើ​ឃោរឃៅ​របស់​កងទ័ព​ភូមា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺ​ជា​របាយការណ៍​ដែល​គួរ​ឲ្យ​គេ​អាច​ជឿទុកចិត្ត​បាន។

ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង វិញ បាន​លើកឡើង​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជនជាតិរ៉ូហ៊ីងយ៉ា​ដែល​រត់ភៀសខ្លួន​ចេញ​ទៅ​ក្រៅប្រទេស​នោះ គឺ​សុទ្ធសឹង​ជា​ “ភេរវជន” ដែល​រត់គេច​ខ្លួន​ដោយ​នាំយក​ទៅ​ជាមួយ​ទាំង​ក្រុ​មគ្រួសារ ហើយ​ថា ភូមា​នឹង​មិន​អាច​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទាំងអស់ ទៅតាម​ការ​ស្នើឡើង​ដោយ​រដ្ឋាភិបាល​បង់ក្លាដែស​នោះទេ។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​បាន​សន្យា​ថា​នឹង​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​មកវិញ រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសានស៊ូជី កំពុងតែ​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​បង់ក្លាដែស ជុំវិញ​រឿងនេះ ក៏ប៉ុន្តែ ការចរចា​នេះ​ត្រូវ​រអាក់រអួល​ច្រើន ដោយ​ភាគី​ទាំងពីរ​ខ្វែងគំនិតគ្នា​ទៅលើ​លក្ខខណ្ឌ​ទាក់ទង​នឹង​ការ​កំណត់​អត្តសញ្ញាណ​ជនភៀសខ្លួន និង​ទៅលើ​ចំនួន​ជនភៀសខ្លួន​ដែល​ភូមា​ត្រូវ​ទទួល​យក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ