អានតួអត្ថបទ
លីបង់-អារ៉ាប៊ីសាអូឌីត

ប្រមុខ​ចលនា​អេបូឡាលីបង់​ចោទ​អារ៉ាប៊ីសាអូឌីត​ពី​បទ​ចិញ្ចឹម​វិបត្តិ​នៅ​ស៊ីរី និង​យេម៉ែន

នៅ​ថ្ងៃ​សុក្រ ទី៦ ឧសភា ប្រមុខ​ចលនា​អេបូឡាលីបង់​លោក​ហាសាន ណាស្រាឡា​បាន​ចោទ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពី​បទ​ដឹកមុខ​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ដោយ​បាន​ទៅ​រួម​សហការណ៍​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ ទន្ទឹម​គ្នា​នេះ ប្រមុខ​ចលនា​អេបូឡាលីបង់​អ្នកកាន់សាសនា​អ៊ីស្លាមនិកាយ​ឈីអ៊ីត​ក៏​បាន​ទម្លាក់​កំហុស​ដាក់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ថា​ជា​អ្នក​បន្ត​ចិញ្ចឹម​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន និង​ជា​អ្នក​បំផ្លាញ​បទ​ឈប់​បាញ់​នៅ​ស៊ីរី។

ប្រមុខ​ចលនា​អេបូឡា​លីបង់​លោក Hassan Nasrallah (រូបស្តាំ)
ប្រមុខ​ចលនា​អេបូឡា​លីបង់​លោក Hassan Nasrallah (រូបស្តាំ) Hezbollah Media Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រមុខ​ចលនា​អេបូឡាលីបង់​ហាសាន ណាស្រាឡា​គឺ​ច្បាស់​ណាស់ អារ៉ាប៊ីសាអូឌីត​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​សង្រ្គាម​ដែល​កំពុង​ហែកហួរ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នា​ថ្ងៃ​សុក្រ ទី៦ ឧសភា លោក​ហាសាន ណាស្រាឡា​បាន​ចង្អុល​ចំ​មុខ​ទីក្រុង​រីយ៉ាដ​ថា​ជា​អ្នក​បំផ្លាញ​បទឈប់​បាញ់​នៅ​ស៊ីរី ដោយ​បាន​ជួយ​គាំទ្រ និង​លើក​ទឹកចិត្ត​ក្រុមឧទ្ទាម​ឲ្យ​បន្ត​វាយប្រហារ​នៅ​ក្នុង​ទីក្រុង​អាឡិប។

យោង​តាម​លោក​ហាសាន ណាស្រាឡា អារ៉ាប៊ីសាអូឌីត​ពិត​ជា​មាន​ឆន្ទៈ​ចង់​ឲ្យ​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ផ្ទៃក្នុង​ស៊ីរី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស និង​កិច្ចចរចា​សន្តិភាព​រវាង​ភាគីផ្ទៃក្នុង​យេម៉ែន​រៀបចំ​ក្នុង​ប្រទេស​កូវ៉ែតទទួល​បរាជ័យ។ ប្រមុខ​ចលនា​អេបូឡាលីបង់​បាន​បន្ថែម​ដោយ​អះអាង​ថា ការ​លូកដៃ​ជ្រៅ​របស់​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី និង​យេម៉ែន​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ឡើយ ព្រោះ​លក្ខខណ្ឌ​ដែល​ស្នើ​ឡើង​ដោយ​ទីក្រុង​រីយ៉ាដ ជា​លក្ខខណ្ឌ​ដើម្បី​ញុះញង់ ពោល​មិន​មែន​លក្ខខណ្ឌ​ដើម្បី​សម្របសម្រួល​ទេ។

នៅ​ក្នុង​ន័យ​នេះ លោក​ហាសាន ណាស្រាឡា​បាន​ទាយទុក​ជាមុន​ពី​ស្ថានការណ៍​យ៉ាប់យឺន និង​អូសបន្លាយ​នៅ​ស៊ីរី ក៏​ដូច​ជា​នៅ​យេម៉ែន​ដែល​អារ៉ាប៊ីសាអូឌីត​ចង់​បាន​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​អាមេរិក។ អ្វី​ដែល​ទីក្រុង​រីយ៉ាដ​សង្ឃឹម​នោះ គឺ​ប្រធានាធិបតី​ថ្មី​នៅ​អាមេរិក​ដែល​ប្រកាន់​ជំហរ​តឹងតែង​ជាង​លោក​អូបាម៉ា​បច្ចុប្បន្ន ពិសេស​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់។

យ៉ាង​ណា​ក៏​ដោយ សារ​របស់​ប្រមុខ​ចលនា​អេបូឡា​លីបង់​ដែល​មាន​ទំនោ​រក​អ៊ីរ៉ង់​រូប​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​សង្រ្គាម​ដណ្តើម​ឥទ្ធិពល​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​រវាង​អារ៉ាប៊ីសាអូឌីត​និកាយស៊ុយនីត និង​អ៊ីរ៉ង់​និកាយឈីអ៊ីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ